ក្រឡេក​មើល​ កម្ពុជាក្រោម​ ឆ្នាំ​ ២០១៩​

ដោយ​ ថាច់​ ប្រីជា​ គឿន​

នៅក្នុង​ខែមេសា​ កម្មករ​ខ្មែរក្រោម​ដែល​ធ្វើការ​នៅក្នុង​ទីក្រុង​ព្រៃនគរ​ បាន​រួមគ្នា​ចុះហត្ថលេខា​នៅ​លើ​ញត្តិ​រួម​មួយ​ ស្នើ​ទៅ​ក្រុមហ៊ុន​ និង​ រោងចក្រ​ដែល​ខ្លួន​កំពុងធ្វើការ​ ដើម្បី​សុំ​ឈប់សម្រាក​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​របស់​ខ្មែរ​ ឆ្នាំកុរ​ ឯកស័ក​ ពុទ្ធសករាជ​ ២៥៦៣​ តែ​កម្មករ​ទាំងនោះ​ មិន​ត្រូវ​បាន​រោងចក្រ​អនុញ្ញាត​ឲ្យ​ឈប់​តាម​សំណូមពរ​ឡើយ​ ។

យោង​តាម​ញត្តិ​រួម​មួយ​ ចុះ​ថ្ងៃទី​ ១៤​ ខែមីនា​ ឆ្នាំ​ ២០១៩​ តំណាងដោយ​ លោក​ ថាច់​ កឿង​ បាន​ផ្ញើ​ទៅ​ ប្រធាន​សហជីព​ពលកម្ម​វៀតណាម​ នៅ​ទីក្រុង​ព្រៃនគរ​ ឲ្យ​ស្នើ​ទៅ​ក្រុមហ៊ុន​ និង​ រោងចក្រ​ទាំងអស់​នៅក្នុង​ទីក្រុង​ព្រៃនគរ​ និង​ នៅ​ទូទាំង​ដែនដី​កម្ពុជាក្រោម​ អនុញ្ញាត​ឲ្យ​កម្មករ​ខ្មែរក្រោម​ បាន​ឈប់សម្រាក​ ៤ ថ្ងៃ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​របស់​ជនជាតិ​ខ្មែរ​ ចាប់ពី​ថ្ងៃទី​ ១៣​ ដល់​ ១៦​ ខែមេសា​ ជា​រៀងរាល់​ឆ្នាំ​ ។

រហូតមកដល់​ពេលនេះ​ គេ​នៅ​មិនទាន់​ឃើញ​មាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​វៀតណាម​ និង​ ក្រុមហ៊ុន​ នៅឡើយ​ ។ តំណាង​កម្មករ​នៅ​កម្ពុជាក្រោម​ បាន​ប្រកាស​ថា​ ពួកគេ​នឹង​បន្ត​ទាមទារ​រហូតដល់​រដ្ឋាភិបាល​វៀតណាម​ចេញច្បាប់​ឲ្យ​មាន​ថ្ងៃឈប់​សម្រាក​ក្នុង​ថ្ងៃបុណ្យ​ឆ្នាំ​ខ្មែរ​ និង​ ថ្ងៃបុណ្យ​សែនដូនតា​ របស់​ខ្លួន​ ។

នៅ​ថ្ងៃទី​ ១៥​ និង​ ១៦​ ខែឧសភា​ អាជ្ញាធរ​យួន​ នៃ​ ខេត្ត​ព្រះត្រពាំង​ បាន​ចេញ​លិខិត​កោះហៅ​ លោក​ តូ​ ហ្វាង​ ចឿង​ ជា​យុវជន​ខ្មែរក្រោម​ នៅ​ភូមិ​មេ​រង​ថ្មី​ ឃុំ​មេ​រង​ថ្មី​ ស្រុក​ផ្នោ​ដាច់​ ខេត្ត​ព្រះត្រពាំង​ ទៅ​សួរចម្លើយ​ បន្ទាប់ពី​យុវជន​រូប​នេះ​ និង​ យុវជន​ផ្សេងទៀត​ បាន​ពាក់អាវ​យឺត​ខ្មែរក្រោម​ ដែល​មាន​ដាក់​អក្សរ​ «៧០​ ឆ្នាំ​ កម្ពុជាក្រោម​ នៅ​ក្រោម​នឹម​អាណានិគម​យួន​» ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង​ បាន​ផ្ទេរ​ ដែនដី​កម្ពុជាក្រោម​ ឬ ដែនដី​កូស័ងស៊ីន​ ដែល​មាន​ទំហំ​ ៦៧​.៧០០​ គីឡូម៉ែត្រ​ក្រឡា​ ឲ្យ​ទៅ​យួន​បន្ត​ធ្វើអាណានិគម​លើ​ជនជាតិ​ដើម​ខ្មែរក្រោម​ កាលពី​ថ្ងៃទី​ ៤ ខែមិថុនា​ ឆ្នាំ​ ១៩៤៩​ ។

លោក​ តូ​ ហ្វាង​ ចឿង​ បាន​យល់ព្រម​ទៅ​ទីស្នាក់ការ​នគរបាល​យួន​ បន្ទាប់ពី​គាត់​បាន​បដិសេធ​ជាច្រើនលើក​ ។ អាជ្ញាធរ​យួន​បាន​គំរាម​ និង​ បង្ខំឲ្យ​ លោក​ តូ​ ហ្វាង​ ចឿង​ ចុះហត្ថលេខា​សន្យា​ថា​ នឹង​ឈប់​ពាក់អាវ​យឺត​ ដែល​មាន​ដាក់​អក្សរ​ «៧០​ ឆ្នាំ​ កម្ពុជាក្រោម​ នៅ​ក្រោម​នឹម​អាណានិគម​យួន​» តទៅទៀត​ ។

នៅ​ថ្ងៃទី​ ២១​ ខែឧសភា​ ព្រះតេជព្រះគុណ​ ថាច់​ ធឿន​ ជា​អតីត​ ព្រះ​គ្រូ​ពហូ​ស្សូ​ត នៃ​ វត្ត​សិរី​តា​សេក​ ឋិតនៅ​ក្នុង​ ខេត្ត​ឃ្លាំង​ ត្រូវ​បាន​អាជ្ញាធរ​យួន​ដោះលែង​ចេញពី​ពន្ធនាគារ​ បន្ទាប់ពី​ព្រះអង្គ​ ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក​ និង​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ ៦ ឆ្នាំ​ ចាប់ពី​ឆ្នាំ​ ២០១៣​ មក​ ។

ព្រះតេជព្រះគុណ​ ថាច់​ ធឿន​ និង​ ព្រះសង្ឃ​ខ្មែរក្រោម​មួយ​អង្គ​ទៀត​ ជា​ព្រះចៅ​អធិការ​ វត្ត​សិរី​តា​សេក​ ព្រះតេជព្រះគុណ​ លីវ​ នី​ ត្រូវ​អាជ្ញាធរ​យួន​ ចាប់​ផ្សឹក​ នៅក្នុង​ព្រឹត្តិ​ការណ៍​មួយ​ ដែល​អាជ្ញាធរ​យួន​បាន​បង្ក្រាប​ព្រះសង្ឃ​ខ្មែរក្រោម​យ៉ាង​ព្រៃផ្សៃ​ កាលពី​ឆ្នាំ​ ២០១៣​ ។ ព្រះតេជព្រះគុណ​ ថាច់​ ​ធឿន​ ត្រូវ​តុលាការ​វៀតណាម​កាត់ទោស​ឲ្យ​ជាប់ពន្ធ​នា​គារ​រយៈពេល​ ៦ ឆ្នាំ​ ពី​បទ​ទាក់ទង​ខ្មែរក្រោម​ នៅ​ក្រៅប្រទេស​ និង​ផ្ដល់​ព័ត៌មាន​ឲ្យ​ វិទ្យុ​អាស៊ី​សេរី​ និង​សមាគម​ខ្មែរ​កម្ពុជាក្រោម​នៅ​បរទេស​ មាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជាដើម​ ។ ចំណែក​ ព្រះតេជព្រះគុណ​ លីវ​ នី​ ជា​ព្រះចៅ​អធិការ​វត្ត​សេរី​តា​សេក​ ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធ​នា​គារ​ ៤ ឆ្នាំ​ ពី​បទ​មិនព្រម​ផ្សឹក​ ព្រះតេជព្រះគុណ​ ថាច់​ ធឿន​ តាម​បញ្ជា​របស់​អាជ្ញាធរ​យួន​ ​។ ក្រៅពី​នេះ​ ពលរដ្ឋខ្មែរ​ក្រោម​ ២ រូប​ទៀត​ គឺ​លោក​ ថាច់​ ភូមិ​រិទ្ធ​ ត្រូវ​ជាប់ពន្ធ​នា​គារ​ ៣ ឆ្នាំ​ ពី​បទ​ “ភៀសខ្លួន​ទៅ​ប្រទេសក្រៅ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​” និង​ លោក​ ត្រា​ វណ្ណ​ថា​ ត្រូវ​ជាប់ពន្ធ​នា​គារ​ ២ ឆ្នាំ​ ពី​បទ​ «ចាត់តាំង​នាំ​មនុស្ស​រត់​ភៀសខ្លួន​ចេញទៅ​ប្រទេស​កម្ពុជា​» គឺ​បាន​នាំ​ ព្រះតេជព្រះគុណ​ ថាច់​ ធឿន​ និង​ លីវ​ នី​ គេច​ចេញពី​ វត្ត​សិរី​តា​សេក​ ដើម្បី​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ ខណៈ​ដែល​អាជ្ញាធរ​យួន​កំពុង​ឡោមព័ទ្ធ​ វត្ត​សិរី​តា​សេក​ កាលពី​ឆ្នាំ​ ២០១៣​ ។

នៅក្នុង​ខែមិថុនា​ ពលរដ្ឋខ្មែរ​ក្រោម​ នៅ​ទីរួមខេត្ត​ព្រះត្រពាំង​ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​យួន​សង​សំណង​ថ្លៃ​ដីស្រែ​ចម្ការ​របស់​ខ្លួន​ ដែល​ពួកគាត់​ចាត់ទុកថា​ អាជ្ញាធរ​យួន​បាន​រឹបយក​ទៅ​ធ្វើជា​ព្រែក​សាធារណៈ​ កាលពី​ឆ្នាំ​ ១៩៨៤​ ។ ការ​ទាមទារ​នេះ​ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​យួន​ នា​ពេល​បច្ចុប្បន្ន​ បាន​លុប​ព្រែក​នេះ​ ហើយ​ពុះ​ជា​ដី​ឡូត៍​លក់​ដើម្បី​យក​លុយ​ ។ អាជ្ញាធរ​យួន​បាន​ឆ្លើយតប​ថា​ ខ្លួន​នឹង​មិន​ពិនិត្យ​ឡើងវិញ​នូវ​សំណើ​របស់​ម្ចាស់ដី​ទេ​ ។

យោង​តាម​លិខិតស្នើ​លើក​ទី​ ៣ របស់​ លោកយាយ​ ស៊ើង​ ធី​ ព្រឹក្ស​ (Son​ Thi​ Pruc​) អាយុ​ ៧៨​ ឆ្នាំ​ នៅ​ ភូមិ​ម៉ី​កឹង​ (My​ Can​) ឃុំ​ង្វៀ​កហ្វា​ (Nguyet​ Hoa​) ស្រុក​កំពង់ធំ​ ដែល​យួន​ហៅថា​ ស្រុក​ចូវ​ថាញ់​ (Chau​ Thanh​) ខេត្ត​ព្រះត្រពាំង​ បច្ចុប្បន្ន​ ជា​ សង្កាត់​ទី​ ៩ ទីក្រុង​ ព្រះត្រពាំង​ ដែល​បាន​ផ្ញើ​ទៅ​អាជ្ញាធរ​យួន​ឲ្យ​សង​សំណង​ថ្លៃ​ដី​នោះ​ បាន​រៀបរាប់​ថា​ អាជ្ញាធរ​យួន​បាន​រឹបយក​ដី​របស់​គាត់​ប្រមាណ​ ២.២០០​ ម៉ែត្រការ៉េ​ ទៅ​ធ្វើជា​ព្រែក​សាធារណៈ​ ។ លិខិត​របស់​លោកយាយ​ ស៊ើង​ ធី​ ព្រឹក្ស​ បាន​បញ្ជាក់​ថា​ គាត់​ឈឺចាប់​យ៉ាង​ខ្លាំង​ ដោយ​បានឃើញ​អាជ្ញាធរ​យួន​ នា​ពេល​បច្ចុប្បន្ន​ បាន​លុប​ព្រែក​នេះ​ ហើយ​ពុះ​ដី​ជា​ឡូត៍​លក់​ តែ​មិនបាន​សង​សំណង​ថ្លៃ​ដី​ឲ្យ​គាត់​ឡើយ​ ។

អាជ្ញាធរ​យួន​ខេត្ត​ព្រះត្រពាំង​ បាន​ឆ្លើយតប​ថា​ គេ ​នឹង​មិន​ពិនិត្យ​ឡើងវិញ​នូវ​សំណើ​របស់​ម្ចាស់​ដី​ទេ​ ។ យោង​តាម​លិខិត​របស់​គណៈកម្មការ​ប្រជាជន​ទីក្រុង​ព្រះត្រពាំង​ របស់​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម​ ចុះ​ថ្ងៃទី​ ៧ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ឆ្លើយតប​ទៅ​ លោកយាយ​ ស៊ើង​ ធី​ ព្រឹក្ស​ ថា​ អាជ្ញាធរ​យួន​ពិតជា​បាន​រឹបយក​ដីស្រែ​ប្រមាណ​ ២.២០០​ ម៉ែត្រការ៉េ​ របស់​ លោកយាយ​ ស៊ើង​ ធី​ ព្រឹក្ស​ មែន​ ដើម្បី​ជីក​ជា​ព្រែក​សាធារណៈ​ កាលពី​ឆ្នាំ​ ១៩៨៤​ ។ លិខិត​ឆ្លើយតប​នេះ​ដដែល​ បាន​បញ្ជាក់​ថា​ ក្រៅពី​បាន​យក​ដី​របស់​លោកយាយ​ ស៊ើង​ ធី​ ព្រឹក្ស​ អាជ្ញាធរ​យួន​ក៏បាន​រឹបយក​ដី​របស់​ពលរដ្ឋខ្មែរ​ក្រោម​ប្រមាណ​ ៥៥​ គ្រួសារ​ផ្សេងទៀត​ ដែល​សរុប​ផ្ទៃដី​ប្រមាណ​ជាង​ ៤៨.០០០​ ម៉ែត្រការ៉េ​ ។

អាជ្ញាធរ​យួន​បាន​បញ្ជាក់​នៅក្នុង​លិខិត​ដដែល​ថា​ គេ​ នឹង​មិន​សង​សំណង​ថ្លៃ​ដីធ្លី​ទៅ​លោកយាយ​ ស៊ើង​ ធី​ ព្រឹក្ស​ ទេ​ ដោយ​សំអាង​លើច្បាប់​ដីធ្លី​ ឆ្នាំ​ ២០០៣​ របស់​រដ្ឋាភិបាល​វៀតណាម​ បាន​ចែងថា​ រដ្ឋ​មាន​សិទ្ធិ​ដកហូត​ដីធ្លី​ពី​ប្រជាជន​ ដើម្បី​យក​ទៅ​ធ្វើជា​សម្បត្តិ​សាធារណៈ​ និង​រដ្ឋ​មាន​សិទ្ធិ​លុប​ព្រែក​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ សង្គម​បាន​ ដោយ​មិន​ខុសច្បាប់​អ្វី​ឡើយ​ ។

នៅ​ថ្ងៃទី​ ១១​ ខែកក្កដា​ ពលរដ្ឋខ្មែរ​ក្រោម​ប្រមាណ​ ២០​ គ្រួសារ​ ដែល​រស់នៅ​ជាប់​របង​វត្ត​នាគ​វនា​រាម​ (ខ្ទឹង​) ឋិតនៅ​ភូមិ​ប្រាសាទ​ ឃុំ​សំរោង​ ស្រុក​កំពង់ធំ​ ខេត្ត​ព្រះត្រពាំង​ បច្ចុប្បន្ន​ ជា​សង្កាត់​ទី​ ៧ ទីក្រុង​ព្រះត្រពាំង​ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ដោះស្រាយ​បញ្ហា​ដីធ្លី​ ដែល​រង​ការខូចខាត​ពី​គម្រោង​សាងសង់​អគារ​សុខាភិបាល​ថ្មី​មួយ​ នៅក្នុង​តំបន់​មួយ​នេះ​ ។ ករណីនេះ​ ពលរដ្ឋខ្មែរ​ក្រោម​អះអាង​ថា​ រដ្ឋាភិបាល​វៀតណាម​ មិនបាន​ដោះស្រាយ​ជូន​ពួកគាត់​ ដែល​រង​ផល​ប៉ះពាល់​ឡើយ​ មុន​ពេល​ចាប់ផ្ដើម​អនុវត្ដ​នូវ​គម្រោង​នេះ​ ។

ការ​តវ៉ា​របស់​តំណាង​ប្រជាពលរដ្ឋ​ខខ្មែរក្រោម​ ធ្វើឡើង​តាមរយៈ​វីដេអូ​ឃ្លិប​ បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក នៅ​ថ្ងៃទី​ ១១​ បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​ ធ្វើសកម្មភាព​ចាក់​ដី​ និង​បូម​ខ្សាច់​លប់​ដីស្រែ​ចំការ​ ព្រមទាំង​យក​គ្រឿងចក្រ​មក​ឈូស​កម្ទេច​ផលដំណាំ​ស្រូវ​របស់​ពួកគេ​ផង​ ។ បន្ថែម​ពីលើ​នេះ​ អាជ្ញាធរ​យួន​ក៏បាន​ចុះទៅ​ដក​បង្គោល​កំណត់​ព្រំ​ដី​របស់​ពួកគេ​ និង​ដក​បដា​រត​វ៉ា​ដាក់ជា​អក្សរខ្មែរ​ថា​ «សូម​រដ្ឋាភិបាល​វៀតណាម​ដោះស្រាយ​ដីធ្លី​ឲ្យ​យើងខ្ញុំ​» និង​ «ដី​ប្រឡាយ​មិនទាន់​ដោះស្រាយ​ កុំអាល​ធ្វើ​» ដើម្បី​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ និង​ស្នើសុំ​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​វៀតណាម​ ជួយ​អន្តរាគមន៍​ដោះស្រាយ​ឲ្យបាន​សមស្រប​ ។

គួរ​ជម្រាប​ជូន​ថា​ គម្រោង​សាងសង់​មន្ទីរពេទ្យ​ពហុ​ព្យាបាល​មជ្ឈិម​ថ្មី​ នៅ​ខេត្ត​ព្រះត្រពាំង​នេះ​ ត្រូវ​បាន​អនុម័ត​ដោយ​នាយក​រដ្ឋមន្រ្តី​វៀតណាម​ កាលពី​ឆ្នាំ​ ២០១៧​ ។ មន្ទីរពេទ្យ​នេះ​ បាន​ចាប់ផ្ដើម​សាងសង់​នៅដើម​ឆ្នាំ​ ២០១៩​ និង​គ្រោង​បើក​ដំណើរការ​នៅ​ឆ្នាំ​ ២០២០​ ដោយ​ត្រូវ​ចំណាយ​ថវិកា​ក្នុង​ការសាងសង់​នេះ​ ចំនួន​ ១.៦០០​ ពាន់​លាន​ដុង​ លើ​ផ្ទៃដី​ទំហំ​ ៨,៩ ហិ​កតា​ មាន​ ៩ ជាន់​ និង​មាន​ចំនួន​ ៧០០​ គ្រែ​ ។

នៅ​ថ្ងៃទី​ ១៥​ ខែតុលា​ អ្នកស្រី​ ត្រឹង​ ធី​ សោភា​ (Tran​ Thi​ So​ Phia​) ជា​ស្ត្រី​ខ្មែរក្រោម​ នៅ​ភូមិ​ព្រៃ​ជាប់​ ឃុំ​ទឹកសាប​ ស្រុក​ជ្រោយ​ ញ ខេត្ត​ឃ្លាំង​ ត្រូវ​អាជ្ញាធរ​អាណានិគម​យួន​ ហៅ​ទៅ​សួរចម្លើយ​ ចោទ​ពី​បទ​ទាក់ទង​ នឹង​សហព័ន្ធ​ខ្មែរ​ កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន​ នៅ​ក្រៅប្រទេស​ ។

យោង​តាម​លិខិត​កោះហៅ​មួយ​ច្បាប់​ ចេញ​ដោយ​ការិយាល័យ​នគរបាល​យួន​ ឃុំ​ឡាយ​ហ្វា​ (Lai​ Hoa​) ស្រុក​វិញ​ចូវ​ (Vinh​ Chau​) នៃ​ ខេត្ត​ឃ្លាំង​ ចុះហត្ថលេខា​ដោយ​ លោក​ វិន​ ថាន់​ ហ្វឹក​ វៀត​ បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​កោះហៅ​ថា​ ដើម្បី​ “សួរនាំ​នូវ​រឿងរ៉ាវ​មួយចំនួន​ ដែល​ជាប់​ទាក់ទង​” នឹង​សាមីខ្លួន​ ។

យោង​តាម​ប្រភព​ពី​ ទំព័រ​ Facebook​ របស់​ នបា​លយួ​ននៃ​ស្រុក​ជ្រោយ​ញ ឬ ស្រុក​វិញ​ចូវ​ បាន​ផ្សាយ​ថា​ នៅ​ថ្ងៃទី​ ៣១​ ខែតុលា​ ឆ្នាំ​ ២០១៩​ ការិយាល័យ​នគរបាល​យួន​បាន​កោះហៅ​អ្នកស្រី​ ត្រឹង​ ធី​ សោភា​ កើត​ឆ្នាំ​ ១៩៨៥​ ទៅ​សួរចម្លើយ​ពី​បទ​អ្វីមួយ​ដែល​អាជ្ញាធរ​យួន​ហៅ​ “ចែករំលែក​ព័ត៌មាន​អាក្រក់​នៅ​លើ​បណ្ដាញ​សង្គម​ Facebook​” ។ ការចែក​រំលែក​ព័ត៌មាន​ដែល​អាជ្ញាធរ​យួន​ចាត់ទុកថា​ ព័ត៌មាន​អាក្រក់​នោះ​ គឺជា​ដំណឹង​ និង​ អត្ថបទ​ ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ។ នគរបាល​យួន​ ក៏បាន​ចោទប្រកាន់​ អ្នកស្រី​ សោភា​ ថា​ ត្រូវជា​ក្មួយ​របស់​ លោក​ ត្រឹង​ ម៉ាន់​ រិន្ទ​ ដែល​ជា​ប្រធាន​ផែនការ​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ជា​មេដឹកនាំ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស​ តែងតែ​ធ្វើសកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម​ ដូចជា​ បំផុស​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​វៀតណាម​នៅក្នុង​និង​ក្រៅប្រទេស​ ជាដើម​ ។ យោង​តាម​ប្រភព​ពី​នគរបាល​យួន​ស្រុក​ជ្រោយ​ញដដែល​ បាន​បញ្ជាក់​ថា​ ពួកគេ​កំពុងតែ​សន្សំ​សំណុំរឿង​ ដើម្បី​ចាត់វិធានការ​ អ្នកស្រី​ សោភា​ តាមច្បាប់​នៃ​របប​កុម្មុយនិស្ត​អាណានិគម​យួន​ ។

ប្រធាន​ផែនការ​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ លោក​ ត្រឹង​ ម៉ាន់​ រិន្ទ​ បាន​អះអាង​ថា​ អ្នកស្រី​ សោភា​ ​;គ្មាន​ទោសកំហុស​អ្វី​ទេ​ ព្រោះថា​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជា​ចលនាតស៊ូ​ដោយសន្តិវិធី​ និង​អហិង្សា​ នៅ​លើឆាកអន្តរជាតិ​ ហើយ​ពលរដ្ឋខ្មែរ​ក្រោម​ម្នា​ក់ៗ​មាន​សិទ្ធិ​បញ្ចេញមតិ​ស្នើ​នូវ​អ្វីមួយ​ដែល​ខ្លួន​ចង់បាន​ ។

នៅ​ថ្ងៃទី​ ២៧​ ខែវិច្ឆិកា​ អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ ខ្មែរក្រោម​ បាន​រំឭក​ ខួប​ ៥ ឆ្នាំ​ ដែល​ពួកគេ​ចាត់ទុកថា​ ជា​ថ្ងៃ​ដែល​អាជ្ញាធរ​យួន​ បាន​រំលាយ​ខ្លោងទ្វារ​ស្វាគមន៍​ចូល​ខេត្ត​ព្រះត្រពាំង​ ជា​សំណង់​បុរាណ​មួយ​មាន​រចនា​បទ្ម​ខ្មែរ​ ឋិតនៅ​ក្នុង​ខេត្ត​ព្រះត្រពាំង​ ។

នៅក្នុង​ឱកាស​ខួប​ ៥ ឆ្នាំនេះ​ ទំព័រ​ Facebook​ ឈ្មោះ​ Indigenous​ Khmer​ live​ in​ Vietnam​ បាន​បង្ហោះ​បដា​ពាក្យស្លោក​ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ខ្លោងទ្វារ​នេះ​ ត្រូវ​អាជ្ញាធរ​យួន​រំលាយ​ថា​ “ ខួប​ ៥ ឆ្នាំ​ នៃ​ការបាត់បង់​ខ្លោងទ្វារ​ ខេត្ត​ព្រះត្រពាំង​ ២៧​ វិច្ឆិកា​ ២០១៤​ – ២៧​ វិច្ឆិកា​ ២០១៩​” ។ អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ ផ្សេងទៀត​ បាន​ចែករំលែក​ (Share​) នូវ​ដំណឹង​នេះ​ ហើយ​បាន​សម្ដែង​នូវ​ការ​សោក​ស្ដាយ​រៀង​ៗខ្លួន​ ។

ខ្លោងទ្វារ​ខេត្ត​ព្រះត្រពាំង​ ឋិតនៅ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៥៣​ ចូល​ទៅកាន់​ផ្សារ​ ខេត្ត​ព្រះត្រពាំង​ ឬ ផ្សារ​កំពង់​ បាន​កសាង​ឡើង​ដោយ​បុព្វបុរស​ខ្មែរ​នៅ​កម្ពុជាក្រោម​ តាម​លំនាំ​រចនា​បទ្ម​ខ្មែរ​ជា​យូរលង់​មក​ហើយ​ ។ ក្រោយមក​ ខ្លោងទ្វារ​នេះ​ ត្រូវ​រដ្ឋាភិបាល​យួន​នៃ​របប​សាធារណរដ្ឋ​វៀតណាម​ កម្ទេច​ចោល​ជា​លើកទីមួយ​ ហើយ​បាន​សាងសង់​ឡើងវិញ​តាម​លំនាំ​រចនា​បទ្ម​កាត់​បី​សាសន៍​ ខ្មែរ​ ចិន​ និង​ យួន​ បន្ទាប់ពី​មានការ​តវ៉ា​ពី​ពលរដ្ឋខ្មែរ​ក្រោម​ជំនាន់​នោះ​ ។ នៅ​ថ្ងៃទី​ ២៧​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៤​ អាជ្ញាធរ​យួន​ខេត្ត​ព្រះត្រពាំង​ បាន​កម្ទេច​ខ្លោងទ្វារ​នេះ​ជា​លើក​ទីពីរ​ ហើយ​បាន​សន្យា​ថា​ នឹង​ធ្វើថ្មី​តាម​លំនាំ​រចនា​បទ្ម​ខ្មែរ​មកវិញ​ តែម​កដល់ពេល​នេះ​ គេ​នៅ​មិនទាន់​ឃើញ​សាងសង់​ឡើងវិញ​នៅឡើយ​ ។

ក្រៅពី​មានការ​តវ៉ា​តិចតួច​នៅ​លើ​បណ្ដាញ​សង្គម​ Facebook​ រហូត​មកទល់​ពេលនេះ​ គេ​នៅ​មិនទាន់​ឃើញ​មាន​ព្រះសង្ឃ​, ពលរដ្ឋ​ និង​ តំណាងរាស្ត្រ​ដើមកំណើត​ខ្មែរក្រោម​ ដែល​ធ្វើការ​នៅក្នុង​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​យួន​ នៅ​កម្ពុជាក្រោម​ ហ៊ាន​ចេញមុខ​តវ៉ា​ជា​សាធារណៈ​ទៅ​រដ្ឋាភិបាល​វៀតណាម​នៅឡើយ​ ។

កន្លងមក​រដ្ឋាភិបាល​យួន​ ក៏​ធ្លាប់​បាន​កោះហៅ​យុវជន​ខ្មែរក្រោម​ ទៅ​សួរចម្លើយ​ និង​គំរាមកំហែង​ផង​ដែរ​ ចំពោះ​អ្នក​ដែល​ហ៊ាន​បង្ហោះ​ពាក្យ​តវ៉ា​រឿង​ខ្លោងទ្វារ​នេះ​តាម​បណ្ដាញ​សង្គម​ Facebook​ ។ ចំណែក​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ក្រៅប្រទេស​វិញ​ ក៏បាន​យក​សំណុំរឿង​នេះ​ ទៅ​ជម្រាប​ដល់​ក្រសួង​ការបរទេស​មហាអំណាច​នានា​ និង​ អង្គការសហប្រជាជាតិ​ ដើម្បី​ដាក់​គំនាប​លើ​រដ្ឋាភិបាល​វៀតណាម​ អំពី​ការ​លុបបំបាត់​វប្បធម៌​ខ្មែរ​របស់​ជនជាតិ​ដើម​ខ្មែរក្រោម​ ផង​ដែរ​ ។

នៅ​ថ្ងៃទី​ ២៩​ ខែវិច្ឆិកា​ យុវជន​ខ្មែរក្រោម​ម្នាក់​ឈ្មោះ​ ហ្វិ​ញ ចុង​ (Huynh​ Chung​) ដែល​បាន​ចូល​បម្រើ​នៅក្នុង​ជួរ​ទាហាន​យួន​ ត្រូវ​ស្លាប់​យ៉ាង​ចម្រូងចម្រាស​ ។ ​;សាកសព​ជនរងគ្រោះ​ ត្រូវ​ទាហាន​យួន​វះកាត់​ពីពោះ​ដល់ក​ និង​ក្បាល​ ព្រមទាំង​មានស្នាម​ជាំ​ពេញ​ដងខ្លួន​ ។ ក្រុម​គ្រួសារ​សព​ និង​អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ បាន​ដាក់​ការសង្ស័យ​ថា​ យុវជន​រូប​នេះ​ អាច​ត្រូវ​គេ​សម្លាប់​ ហើយ​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ក្រុមទាហាន​យួន​ និង​ ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ និង​បកស្រាយ​ឲ្យបាន​ច្បាស់លាស់​នូវ​ករណី​ស្លាប់​ដ៏​អាថ៌កំបាំង​នេះ​ ។

យុវជន​ ហ្វិ​ញ ចុង​ កើត​នៅ​ថ្ងៃទី​ ១២​ ខែកុម្ភៈ​ ឆ្នាំ​ ២០០០​ អាយុ​ ១៩​ ឆ្នាំ​ នៅ​ភូមិ​អូ​រត្បាង​ ឃុំ​កំពង់ទូក​ ស្រុក​កំពង់ធំ​ ខេត្ត​ព្រះត្រពាំង​ ត្រូវ​រដ្ឋាភិបាល​យួន​ចាប់ទៅ​ធ្វើជា​ទាហាន​ក្នុង​គោលនយោបាយ​បំពេញ​កាតព្វកិច្ច​យោធា​នា​ អស់​រយៈពេល​មួយឆ្នាំ​កន្លងទៅ​នេះ​ ។

ខណៈ​ដែល​យុត្តិធម៌​នៅ​មិនទាន់​មាន​ពន្លឺ​ សព​របស់​យុវជន​ ហ្វិ​ញ ចុង​ ត្រូវ​បាន​គ្រួសារ​សព​ដង្ហែ​ទៅ​បូជា​នៅ​ វត្ត​ចម្ប៉ី​សោភ័ណ​ ហៅ​ វត្ត​ត្រោក​កើត​ ជាវ​ត្ត​ពុទ្ធសាសនា​ខ្មែរ​មួយ​ឋិតនៅ​ជិត​ផ្ទះ​គ្រួសារ​សព​ នា​ឃុំ​កំពង់ទូក​ ស្រុក​កំពង់ធំ​ ខេត្ត​ព្រះត្រពាំង​ នៅ​ថ្ងៃទី​ ២ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ ។

នៅ​ថ្ងៃទី​ ៧ ខែធ្នូ​ សង្គ្រាម​ពាក្យសម្ដី​រវាង​ពលរដ្ឋខ្មែរ​ក្រោម​ និង​ ជនជាតិ​យួន​បាន​ផ្ទុះឡើង​តាម​បណ្ដាញ​សង្គម​ Facebook​ ខណៈ​ដែល​ក្រុមបាល់ទាត់​នៃ​ប្រទេស​កម្ពុជា​ និង​វៀតណាម​ បាន​ប្រកួត​ជម្រើសជាតិ​អាយុ​ក្រោម​ ២២​ ឆ្នាំ​ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ នៃ​ ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​ ( SEA​ Games​ ) ។ ការប្រកួត​នេះ​ កម្ពុជា​បាន​ចាញ់​វៀតណាម​ ០ ទល់​ ៤ ។

សង្គ្រាម​ពាក្យសម្ដី​ទាំងនេះ​បាន​ផ្ទុះឡើង​ ដោយសារ​ពលរដ្ឋខ្មែរ​ក្រោម​បាន​គាំទ្រ​ក្រុមបាល់ទាត់​នៃ​ប្រទេស​កម្ពុជា​ និង​ជនជាតិ​យួន​បាន​គាំទ្រ​ក្រុមបាល់ទាត់​នៃ​ប្រទេស​វៀតណាម​ ។ ដោយ​មើលឃើញ​ ក្រុម​ជនជាតិ​យួន​ខ្លះ​បាន​ជេរប្រមាថ​មាក់ងាយ​តិះដៀល​ពូជ​អម្បូរ​ខ្មែរ​ ពលរដ្ឋខ្មែរ​ក្រោម​ក៏​នាំគ្នា​ចូល​បញ្ចេញមតិ​តតាំង​ជាមួយនឹង​យួន​យ៉ាង​ក្ដៅ​គគុក​នៅ​លើ​ទីលាន​សមរភូមិ​នៃ​បណ្ដាញ​សង្គម​ Facebook​ ។ ពេល​ឃើញ​ពលរដ្ឋខ្មែរ​ក្រោម​ នៅ​ដែនដី​កម្ពុជាក្រោម​ បាន​សរសេរ​នៅ​លើ​ Facebook​ របស់​ខ្លួន​ សម្ដែង​ការ​គាំទ្រ​ក្រុមបាល់ទាត់​នៃ​ប្រទេស​កម្ពុជា​ ក្រុម​ជនជាតិ​យួន​ក្ដៅក្រហាយ​យ៉ាង​ខ្លាំង​ និង​បាន​នាំគ្នា​ចូល​បញ្ចេញមតិ​តិះដៀល​ពលរដ្ឋខ្មែរ​ក្រោម​ថា​ ខ្លួន​នៅ​ប្រទេស​វៀតណាម​ទេ​ ​; ហេតុអ្វី​បែរជា​ទៅ​គាំទ្រ​ប្រទេស​កម្ពុជា​ ឯណោះ​ទៅវិញ​ ។