អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ រំឭក​ខួប​ ៥ ឆ្នាំ​ ថ្ងៃ​យួន​រំលាយ​ខ្លោងទ្វារ​ខេត្ត​ព្រះត្រពាំង​

ដោយ ថាច់ ប្រីជា គឿន

ថ្ងៃទី​ ២៧​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ ជា​ខួប​ ៥ ឆ្នាំ​ ដែល​ពលរដ្ឋខ្មែរ​ក្រោម​ចាត់ទុកថា​ ជា​ថ្ងៃ​ដែល​អាជ្ញាធរ​យួន​ នៃ​ ខេត្ត​ព្រះត្រពាំង​ បាន​រំលាយ​ខ្លោងទ្វារ​ ខេត្ត​ព្រះត្រពាំង​ ជា​សំណង់​បុរាណ​មួយ​មាន​រចនា​បទ្ម​ខ្មែរ​ ឋិតនៅ​ក្នុង​ខេត្ត​ព្រះត្រពាំង​ ។

ខ្លោងទ្វារចូលខេត្តព្រះត្រពាំង ត្រូវបានអាជ្ញាធរវៀតណាម រុះរើបំផ្លាញចោល នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។
ខ្លោងទ្វារចូលខេត្តព្រះត្រពាំង ត្រូវបានអាជ្ញាធរវៀតណាម រុះរើបំផ្លាញចោល នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។

នៅក្នុង​ឱកាស​ខួប​ ៥ ឆ្នាំនេះ​ ​ទំព័រ​ Facebook​ ឈ្មោះ​ Indigenous​ Khmer​ live​ in​ Vietnam​ បាន​បង្ហោះ​បដា​ពាក្យស្លោក​ ​ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ខ្លោងទ្វារ​នេះ​ត្រូវ​យួន​អាជ្ញាធរ​យួន​រំលាយ​ថា​ “ ខួប​ ៥ ឆ្នាំ​ នៃ​ការបាត់បង់​ខ្លោងទ្វារ​ ខេត្ត​ព្រះត្រពាំង​ ២៧​ វិច្ឆិកា​ ២០១៤​ – ២៧​ វិច្ឆិកា​ ២០១៩​” ។ អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ ផ្សេងទៀត​ បាន​ចែករំលែក​ (Share​) នូវ​ដំណឹង​នេះ​ ហើយ​បាន​សម្ដែង​នូវ​ការ​សោក​ស្ដាយ​រៀង​ៗខ្លួន​ ។

ខ្លោងទ្វារ​ខេត្ត​ព្រះត្រពាំង​ ឋិតនៅ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៥៣​ ចូល​ទៅកាន់​ផ្សារ​ខេត្ត​ព្រះត្រពាំង​ ឬ ផ្សារ​កំពង់​ បាន​កសាង​ឡើង​ដោយ​បុព្វបុរស​ខ្មែរ​នៅ​កម្ពុជាក្រោម​ តាម​លំនាំ​រចនា​បទ្ម​ខ្មែរ​ជា​យូរលង់​មក​ហើយ​ ។ ក្រោយមក​ ខ្លោងទ្វារ​នេះ​ ត្រូវ​រដ្ឋាភិបាល​យួន​នៃ​របប​សាធារណរដ្ឋ​វៀតណាម​ កម្ទេច​ចោល​ជា​លើកទីមួយ​ ហើយ​បាន​សាងសង់​ឡើងវិញ​តាម​លំនាំ​រចនា​បទ្ម​កាត់​បី​សាសន៍​ ខ្មែរ​ ចិន​ និង​ យួន​ បន្ទាប់ពី​មានការ​តវ៉ា​ពី​ពលរដ្ឋខ្មែរ​ក្រោម​ជំនាន់​នោះ​ ។ នៅ​ថ្ងៃទី​ ២៧​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៤​ អាជ្ញាធរ​យួន​ខេត្ត​ព្រះត្រពាំង​ បាន​កម្ទេច​ខ្លោងទ្វារ​នេះ​ជា​លើក​ទីពីរ​ ហើយ​បាន​សន្យា​ថា​ នឹង​ធ្វើថ្មី​តាម​លំនាំ​រចនា​បទ្ម​ខ្មែរ​មកវិញ​ តែម​កដល់ពេល​នេះ​ គេ​នៅ​មិនទាន់​ឃើញ​សាងសង់​ឡើងវិញ​នៅឡើយ​ ។

ក្រៅពី​មានការ​តវ៉ា​តិចតួច​នៅ​លើ​បណ្ដាញ​សង្គម​ Facebook​ រហូត​មកទល់​ពេលនេះ​ គេ​នៅ​មិនទាន់​ឃើញ​មាន​ព្រះសង្ឃ​, ពលរដ្ឋ​ និង​ តំណាងរាស្ត្រ​ដើមកំណើត​ខ្មែរក្រោម​ ដែល​ធ្វើការ​នៅក្នុង​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​យួន​ នៅ​កម្ពុជាក្រោម​ ហ៊ាន​ចេញមុខ​តវ៉ា​ជា​សាធារណៈ​ទៅ​រដ្ឋាភិបាល​វៀតណាម​នៅឡើយ​ ។

កន្លងមក​ រដ្ឋាភិបាល​វៀតណាម​ ក៏​ធ្លាប់​បាន​កោះហៅ​យុវជន​ខ្មែរក្រោម​ ទៅ​សួរចម្លើយ​ និង​ គំរាមកំហែង​ ផង​ដែរ​ ចំពោះ​អ្នក​ដែល​ហ៊ាន​បង្ហោះ​ពាក្យ​តវ៉ា​រឿង​ខ្លោងទ្វារ​នេះ​តាម​បណ្ដាញ​សង្គម​ Facebook​ ។ ចំណែក​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ក្រៅប្រទេស​វិញ​ ក៏បាន​យក​សំណុំរឿង​នេះ​ ទៅ​ជម្រាប​ដល់​ក្រសួង​ការបរទេស​មហាអំណាច​នានា​ និង​អង្គការសហប្រជាជាតិ​ ដើម្បី​ដាក់​គំនាប​លើ​រដ្ឋាភិបាល​វៀតណាម​ អំពី​ការ​ លុបបំបាត់​វប្បធម៌​ខ្មែរ​របស់​ជនជាតិ​ដើម​ខ្មែរក្រោម​ ផង​ដែរ​ ។