ដោយ ថាច់ ប្រីជា គឿន
សពរបស់ទាហានយួនដើមកំណើតខ្មែរក្រោមម្នាក់ ដែលត្រូវស្លាប់ដ៏ចម្រូងចម្រាសនៅក្នុងបន្ទាយទាហានយួននោះ ត្រូវបានគ្រួសារសពយកទៅបូជាហើយ បន្ទាប់ពីបានធ្វើពិធីបុណ្យឈាបនកិច្ចទៅតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ និងពុទ្ធសាសនា នៅគេហដ្ឋានរបស់សពអស់រយៈពេល ៤ ថ្ងៃកន្លងមក ។ សពយុវជន ហ្វិញ ចុង ត្រូវបានគ្រួសារសពដង្ហែទៅបូជានៅ វត្តចម្ប៉ីសោភ័ណ ហៅ វត្តត្រោកកើត ជាវត្តពុទ្ធសាសនាខ្មែរមួយឋិតនៅជិតផ្ទះគ្រួសារសព នាឃុំកំពង់ទូក ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៩ នេះ ។ ទោះបីសាកសពត្រូវបានគេយកទៅបូជាហើយយ៉ាងណាក៏ដោយ តែការពិតនៅពីក្រោយករណីស្លាប់នេះនៅមិនទាន់មានពន្លឺនៅឡើយ ។ ករណីយុវជនខ្មែរក្រោមម្នាក់ដែលត្រូវយួនចាប់ទៅធ្វើទាហាន ហើយត្រូវស្លាប់ដោយវះពោះពុះក្បាលជាំរាលពេញប្រាណនេះ ត្រូវអ្នកប្រើបណ្ដាញសង្គម Facebook និងពលរដ្ឋខ្មែរក្រោមថ្កោលទោសសមត្ថកិច្ចយួន និងដាក់ការសង្ស័យថា នេះជាករណីស្លាប់ដោយត្រូវគេធ្វើទារុណកម្ម ។

នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ យុវជនខ្មែរក្រោមឈ្មោះ ហ្វិញ ចុង (Huynh Chung) អាយុ ១៩ ឆ្នាំ នៅ ឃុំកំពង់ទូក ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង ឬ ភាសាយួនហៅថា ភូមិហឿងពៅសេ (Huong Phu C) ឃុំដាឡុក (Da Loc) ស្រុកចូវថាញ់ (Chau Thanh) ខេត្តត្រាវិញ (Tra Vinh) ត្រូវស្លាប់ដោយមានស្នាមជាំនៅលើដងខ្លួន ហើយត្រូវសមត្ថកិច្ចយួនយកទៅវះពោះ និងក្បាល ដោយមិនមានការអនុញ្ញាតពីម្ដាយ ឱពុកជនរងគ្រោះឡើយ ។
រដ្ឋាភិបាលយួនមិនបានបកស្រាយឲ្យបានច្បាស់លាស់អំពីមូលហេតុនៃការស្លាប់នេះទេ បានត្រឹមតែហៅម្ដាយឱពុកទៅយកសាកសពកូនមកផ្ទះវិញ ដោយបានប្រាប់ថា ជនរងគ្រោះឈឺ និងកំពុងតែសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ ការណ៍នេះ ត្រូវបានតំណាងទាហានយួនបកស្រាយប្រាប់សាធារណជននៅគេហដ្ឋានរបស់សពនៅថ្ងៃទី ២៩ ខែវិច្ឆិកា ថា ដើម្បីកុំឲ្យគ្រួសារសពមានការតត់ស្លុត សមត្ថកិច្ចយួនមិនបានប្រាប់ចំៗទៅគ្រួសារសពថា ជនរងគ្រោះ ហ្វិញ ចុង បានស្លាប់ហើយទេ ដោយប្រាប់ពង្វាងថា ជនរង គ្រោះឈឺទៅវិញ ។ តំណាងនគរបាលយួនដដែលក៏បានថ្លែងថា គេនឹងពិនិត្យមើលនូវលក្ខខណ្ឌផ្សេងៗក្នុងការផ្ដល់ជាសំណងដល់គ្រួសារសពទៅតាមច្បាប់នៃប្រទេសវៀតណាម ។
ក្រុមទាហានយួនបានថ្លែងថា៖ “យើងខ្ញុំ នឹងគិតគូរផ្ដល់ជាសំណងដល់ ទាហាន ហ្វិញ ចុង ទៅតាមគោលនយោបាយរបស់រដ្ឋ និង គោលនយោបាយរបស់ទាហាន ។ ទាក់ទងនឹងបញ្ហាចិត្តសាស្ត្រ ទើបពេលទូរស័ព្ទមកផ្ទះដើម្បីជូនដំណឹងដល់គ្រួសារ ;ដំបូងយើងប្រាប់ថា ប្អូន ហ្វិញ ចុង ឈឺ ។ ទីពីប្រសិនបើជូនដំណឹងថា ប្អូន ហ្វិញ ចុង ស្លាប់ភ្លាមៗ វានឹងធ្វើឲ្យគ្រួសារមានការរន្ធត់យ៉ាងខ្លាំង” ។
នៅចំពោះមុខ ក្រុមទាហានយួន និង អ្នកស្រុក សមាជិកនៃក្រុមគ្រួសារសពចោទសួរទៅតំណាងក្រុមទាហានយួនថា ហេតុអ្វីសមត្ថកិច្ចហ៊ានយកសាកសពកូនរបស់ខ្លួនទៅវះកាត់ដោយគ្មានការចុះហត្ថលេខាយល់ព្រមពីម្ដាយឱពុកសព និងថា ហេតុអ្វីសមត្ថកិច្ចមិនផ្ដល់ដំណឹងអំពីការស្លាប់មកដល់ក្រុមគ្រួសារសព ជាដើម ។
បងប្រុសរបស់ យុវជន ហ្វិញ ចុង បានថ្លែងថា៖ “ហេតុអ្វី ពេលយកសាកសពទៅធ្វើកោសលវិច័យ មិនផ្ដល់ដំណឹងដល់ឱពុកម្ដាយជាមុន ត្រូវមានការចុះហត្ថលេខាពីម្ដាយឱពុកដែរ ទើបមានសិទ្ធិវះកាត់ នោះជាច្បាប់ ។ ហេតុអ្វីអស់លោកជានគរបាលព្រហ្មទណ្ឌដឹងច្បាប់ហើយនៅហ៊ានបំពានច្បាប់ទៀត ។ ឬអស់លោកនៅមានលាកបាំងនូវរឿងអ្វីផ្សេងទៀត” ។
ករណីស្លាប់របស់យុវជនខ្មែរក្រោមរូបនេះ បានធ្វើឲ្យពលរដ្ឋខ្មែរ និងយួននៅក្នុងពិភពលោករន្ធត់យ៉ាខ្លាំង ។ អ្នកប្រើបណ្ដាញសង្គម Facebook បានចែករំលែក (Share) ព័ត៌មាននេះពីម្នាក់ទៅម្នាក់ ភ្ជាប់ជាមួយនឹងវីដេអូ ឯកសារចាស់បង្ហាញពីទិដ្ឋភាពដែលមេកងនៃទាហានយួនធ្វើទារុណកម្មលើកូនទាហានយ៉ាងព្រៃផ្សៃ ។ ពលរដ្ឋខ្មែរក្រោមរាប់ម៉ឺននាក់បានរួមគ្នាបញ្ចេញមតិជាសាធារណៈតាមរយៈគណនេយ្យ Facebook របស់ខ្លួន សម្ដែងការមិនពេញចិត្តចំពោះទង្វើរបស់រដ្ឋាភិបាលយួន និងបានថ្ដោលទោសថា នេះជាទង្វើឃាតកម្មមួយ ដែលពលរដ្ឋខ្មែរក្រោមត្រូវគេធ្វើទារុណកម្មរហូតដល់ស្លាប់ យ៉ាងអយុត្តិធម៌ ។ មតិជាច្រើនរាប់មិនអស់ទាំងនោះ ត្រូវបានអ្នកប្រើបណ្ដាញសង្គម Facebook លើកឡើងថា យុវជន ហ្វិញ ចុង ស្លាប់នោះ ដោយសារត្រូវជនជាតិយួនព្រួតដៃគ្នាធ្វើទារុណកម្មរហូតដល់ស្លាប់ ។
ដើម្បីឆ្លើយតបនឹងមតិខាងលើ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ គណនេយ្យ Facebook ជាភាសាយួនមួយឈ្មោះ ដំណឹងត្រាវិញ ឬ ភាសាយួនហៅថា តិនទឹកត្រាវិញ (Tin Tuc Tra Vinh) ដែលជាទំព័រមួយមាននិន្នាការគាំទ្ររដ្ឋាភិបាលកុម្មុយនិស្តយួនបានប្រតិកម្មបំភ្លឺករណីនេះថា ទាហានយួនកំណើតខ្មែក្រោម ឈ្មោះ ហ្វិញ ចុង បានស្លាប់ដោយជំងឺដោកវៃ (đột quỵ) ឬជំងឺដាច់សរសៃឈាមខួរក្បាល ដែលភាសាអង់គ្លេសហៅថាស្ត្រូក (Stroke) នៅវេលាម៉ោង ២ ព្រឹកថ្ងៃ ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។ មកដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩ អត្ថបទបកស្រាយនេះ ; ត្រូវបាន គណនេយ្យ Facebook ប្រមាណជាងមួយពាន់ ;ដែលភាគច្រើនសុទ្ធតែជាពលរដ្ឋខ្មែរក្រោម បានចេញមុខជាសាធារណៈចែករំលែក (Share) ពីម្នាក់ទៅម្នាក់ និងបានរួមគ្នាបញ្ចេញប្រតិកម្មជាងមួយពាន់មតិ (Comment) នៅខាងក្រោមអត្ថបទនេះ ។ ;មតិភាគច្រើនបានលើកឡើងថា ហេតុអ្វីសមត្ថកិច្ចយួនយកសាកសពទៅវះកាត់ដោយមិនមានការអនុញ្ញាតពីក្រុមគ្រួសពសព្វ ? ធម្មតាជំងឺដាច់សរសៃឈាម ; វាកើតឡើងចំពោះតែមនុស្សដែលអាយុជាង ៣០ ឆ្នាំ ឡើងទៅ, បើជំងឺដាច់សរសៃឈាមមែន ហេតុអ្វីដងខ្លួន និងក្បាលពេញដោយស្នាមដែលគេវៃដំ និងថា ចុះកាលពីគេទៅធ្វើទាហានក្រែងសមត្ថកិច្ចបានពិនិត្យសុខភាពរួចហើយ ហេតុអ្វីបែរជាដាច់សរសៃឈាមទៅវិញ? ជាដើម ។
អ្នកខ្លះឈឺចាប់ខ្លាំងពេក ក៏បានតែងជាកំណាព្យដើម្បីឧទ្ទិសដល់សពជនរងគ្រោះ និងដើម្បីដាស់ស្មារតីកូនខ្មែរ ផងដែរ ។ នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ លោក សឺង សម្រេច ជាទីប្រឹក្សា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានសរសេរជាអត្ថបទកំណាព្យមួយមានចំណងជើងថា “បណ្ដាំសាកសព” ហើយបានបង្ហោះនៅលើគណនេយ្យ Facebook មានសេចក្ដីថា៖
“ខ្ញុំមានកំណើតកើតលើដីខ្មែរ តាំងពីបុព្វេកេរកោះដូនតា ពួកយួនរុករានឈ្លានពានត្រួតត្រា ធាក់ទាត់ប្រហារខេមរាម្ចាស់ស្រុក ។ បង្ខំឲ្យខ្ញុំត្រូវធ្វើទាហាន ប្រើច្បាប់បំពានជិះជាន់អុកឡុក ជាតិខ្ញុំរស់នៅមិនដែលបានសុខ ខ្មែរក្រោមរងទុក្ខក្នុងគុកអវជ័យ ។ ធ្វើទាហានយួនទាំងខ្លួនញាប់ញ័រ គ្មានជាប់ឈាមជ័រដេកដើរទាំងភ័យ ស្លៀកជាយោធាជីវិតគ្មានន័យ ឥឡូវត្រូវក្ស័យដោយគេប្រហារ ។ ខ្ញុំស្លាប់ទៅហើយខ្មែរអឺយកុំភ្លេច វាសនាខ្មែរស្រេចលើអ្នករាល់គ្នា សូមជួយប្តឹងផ្តល់ដល់ទ្វីបលោកា ឲ្យគេដឹងថាយួនធ្វើបាបខ្មែរ” ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ សព និងកំពុងតែតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ ហើយមានគំរោងនឹងធ្វើរបាយការណ៍នេះទៅសហគមន៍អន្តរជាតិឲ្យបានជ្រាបអំពីករណីរដ្ឋាភិបាលវៀតណាមរំលោភសិទ្ធិលើជនជាតិដើមខ្មែរក្រោម ។ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋានព័ត៌មាន និងជាគណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ដល់សម្ភាសន៍ដល់ លោក ថាច់ វឿង នៃទូរទស្សន៍ ព្រៃនគរ និង វិទ្យុសំឡេងកម្ពុជាក្រោម នៅថ្ងៃទី ១ ខែធ្នូ ម្សិលមិញថា សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើបុណ្យបង្សុកូលឧទ្ទិសកុសលជូន លោក ហ្វិញ ចុង នៅវត្តខេមររង្សី នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ស្របពេញដែល សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ផងដែរ ។
យុវជនឈ្មោះ ហ្វិញ ចុង កើតនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០០០ ជាកូនរបស់ លោក ហ្វិន ចិន (Huynh Chinh) និងអ្នកស្រី ប៉ៀង នៅភូមិអូរត្បាង ឃុំកំពង់ទូក ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង ។ យុវជនរូបនេះ ត្រូវរដ្ឋាភិបាលយួនចាប់ទៅធ្វើជាទាហានក្នុងគោលនយោបាយបំពេញកាតព្វកិច្ចយោធានា អស់រយៈពេលមួយឆ្នាំកន្លងទៅនេះ ហើយត្រូវស្លាប់នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្នុងអាយុ ១៩ ឆ្នាំ ៕