ខេត្តកំពង់គោ

ដោយ ថាច់ ប្រីជា គឿន

កម្ពុជាក្រោម គឺជាដែនដីដែលមានប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងអរិយធម៌ដ៏សម្បូរបែប ដែលមានទំនាក់ ទំនង យ៉ាងជ្រាលជ្រៅជាមួយប្រវត្តិសាស្ត្រខ្មែរ តាំងពីសម័យបុរាណមក ។ ដែនដីនេះធ្លាប់ជាទីតាំងនៃអាណាចក្របុរាណរបស់ខ្មែរ និងជាតំបន់សំខាន់មួយសម្រាប់ការរីក ចម្រើនផ្នែក នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសាសនា ។ ក្នុងចំណោមតំបន់នានានៃដែនដីកម្ពុជាក្រោម ខេត្តកំពង់គោ គឺជាតំបន់មួយដែលមានប្រវត្តិសាស្ត្រយូរលង់ និងមានសារៈសំខាន់គួរឱ្យចាប់អារម្មណ៍ ។ កំពង់គោ គឺជាឈ្មោះខ្មែររបស់តំបន់មួយដែលស្ថិតនៅភាគខាងកើតនៃដែនដីកម្ពុជាក្រោម ។ តំបន់នេះមានភូមិសាស្ត្រភ្ជាប់ជាមួយប្រព័ន្ធទន្លេ ព្រែក និងវាលទំនាបនៃតំបន់សណ្ដទន្លេមេគង្គ ហើយជាតំបន់ដែលមានសំណល់បុរាណវិទ្យាជាច្រើន ។ ការរកឃើញវត្ថុបុរាណ និងស្ថានីយ៍ វប្បធម៌បុរាណនៅតំបន់នេះ បានផ្តល់ព័ត៌មានសំខាន់ៗអំពីការរស់នៅ និងការរីកចម្រើន នៃសង្គមមនុស្សនៅតំបន់នេះតាំងពីសម័យបុរាណ ។
ក្នុងដំណើរវិវត្តន៍ប្រវត្តិសាស្ត្រ ដែនដីកំពង់គោបានឆ្លងកាត់ការផ្លាស់ប្តូររដ្ឋបាលជាច្រើនសម័យកាល ។ ចាប់ពីសម័យបុរាណក្រោមការគ្រប់គ្រងដោយអាណាចក្រខ្មែរ រហូតដល់សម័យរាជវង្ស ង្វៀន សម័យអាណានិគមបារាំង និងសម័យរដ្ឋបាលវៀតណាមនៅសតវត្សទី ២០ ព្រំប្រទល់ ឈ្មោះ និងរចនា សម្ព័ន្ធរដ្ឋបាលរបស់តំបន់នេះត្រូវបានកែប្រែជាបន្តបន្ទាប់ ។ ក្នុងចំណោមការផ្លាស់ប្តូរទាំងនោះ ការបង្កើតខេត្តតឹងអាង (Tân An) និងការប្តូរឈ្មោះទៅជា ឡុងអាង (Long An) គឺជាផ្នែកមួយនៃ ប្រវត្តិសាស្ត្ររដ្ឋបាលសម័យទំនើបរបស់តំបន់នេះ ។
លក្ខណៈភូមិសាស្ត្រទាំងនេះបានចូលរួមចំណែកដល់ការរស់នៅ ការធ្វើកសិកម្ម ការធ្វើដំណើរ និងការផ្លាស់ ប្តូរពាណិជ្ជកម្មរបស់ប្រជាជននៅក្នុងតំបន់តាំងពីអតីតកាលមក ។
ដោយហេតុនេះ ការសិក្សាអំពីខេត្តកំពង់គោ មិនមែនសំដៅត្រឹមតែការស្គាល់ឈ្មោះ និងទីតាំងភូមិសាស្ត្រ របស់ខេត្តមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសិក្សាអំពីប្រវត្តិសាស្ត្រ បុរាណវិទ្យា វប្បធម៌ ប្រជាសាស្ត្រ និងការប្រែប្រួលរដ្ឋបាលនៃតំបន់មួយក្នុងដែនដីកម្ពុជាក្រោម ។ ដូច្នេះ ការរៀបរាប់អំពីប្រវត្តិ និងស្ថានភាព របស់ខេត្តកំពង់គោ នឹងជួយឱ្យយល់កាន់តែច្បាស់អំពីដំណើរវិវត្តន៍របស់ដែនដីនេះតាមរយៈ សម័យកាលនីមួយៗ ។
ទីតាំងភូមិសាស្ត្រ៖
កំពង់គោ គឺជាខេត្តខ្មែរមួយនៅដែនដីកម្ពុជាក្រោម ។ បច្ចុប្បន្ន ខេត្តនេះត្រូវបានរដ្ឋាភិបាលវៀតណាមដាក់ឈ្មោះជាភាសាវៀតណាមថា ឡុងអាង (Long An) ។
ខេត្តកំពង់គោមានព្រំប្រទល់ភូមិសាស្ត្រដូចតទៅ ខាងជើងជាប់ខេត្តរោងដំរី (Tây Ninh) និងព្រះរាជាណាចក្រកម្ពុជា មានប្រវែងព្រំដែនប្រមាណ ១៣៧.៥ គីឡូម៉ែត្រ ។ ខាងកើតជាប់ខេត្តមេ-ស (Tiền Giang) ខាងលិចជាប់ខេត្តផ្សារដែក (Đồng Tháp) និងខាងត្បូងជាប់ទីក្រុងព្រៃនគរ (Thành phố Hồ Chí Minh) ។
លក្ខណៈភូមិសាស្ត្រ៖
ទោះបីខេត្តកំពង់គោស្ថិតនៅក្នុងតំបន់វាលទំនាបនៃដែនដីសណ្ដទន្លេមេគង្គក៏ដោយ ក៏តំបន់នេះមានលក្ខណៈភូមិសាស្ត្រភ្ជាប់រវាងតំបន់ដូនណៃ និងតំបន់វាលទំនាបនៃដែនដីកម្ពុជាក្រោម ។ ដូច្នេះ ផ្ទៃដីមានលក្ខណៈសំយុងទាបចុះបន្តិចម្តងៗពីទិសឦសានឆ្ពោះទៅទិសនិរតី ។
នៅភាគខាងជើង និងភាគឦសាននៃខេត្ត មានដំបូក និងភ្នំទាបៗមួយចំនួន ។ តំបន់ភាគកណ្តាលភាគច្រើនជាតំបន់ខ្ពង់រាប ខណៈតំបន់ភាគនិរតីស្ថិតនៅក្នុងតំបន់វាលទំនាបប្រសាទមណ្ឌប (Đồng Tháp Mười) ។
តំបន់ភូមិសាស្ត្ររបស់ខេត្តកំពង់គោត្រូវបានបែងចែកជាច្រើនផ្នែកដោយបណ្តាញព្រែក និងស្ទឹងដែលហូរឆ្លងកាត់គ្នាជាក្រឡាចត្រង្គ មានប្រវែងសរុបប្រមាណ ៨.៩១២ គីឡូម៉ែត្រ ។
ក្នុងចំណោមបណ្តាញទឹកទាំងនេះ ទន្លេពាមស្មៅខាងកើត (Sông Vàm Cỏ Đông) គឺជាទន្លេធំមួយ ។ ទន្លេនេះជាផ្នែកមួយនៃប្រព័ន្ធទន្លេពាមស្មៅ (Sông Vàm Cỏ) ដែលមានប្រភពទឹកពាក់ព័ន្ធនឹងប្រព័ន្ធទន្លេដូនណៃ (Sông Đồng Nai) ។
គួរបញ្ជាក់ថា ទន្លេដូនណៃ (Sông Đồng Nai) គឺជាទន្លេដ៏ធំមួយនៅដែនដីកម្ពុជាក្រោម ហើយត្រូវបានចាត់ទុកថាមានទំហំធំជាងគេលំដាប់ទីពីរ បន្ទាប់ពីទន្លេមេគង្គ ។
ចំណែក ទន្លេពាមស្មៅខាងកើត (Sông Vàm Cỏ Đông) គឺជាទន្លេដែលហូរពីប្រទេសកម្ពុជាចុះមកដែនដីកម្ពុជាក្រោម ហើយឆ្លងកាត់តំបន់ខេត្តកំពង់គោ ។ ទន្លេនេះមានប្រវែងសរុបប្រមាណ ២២០ គីឡូម៉ែត្រ ក្នុងនោះផ្នែកដែលស្ថិតនៅលើដែនដីកម្ពុជាក្រោមមានប្រវែងប្រមាណ ១៥០ គីឡូម៉ែត្រ និងមានផ្ទៃអាងទឹកប្រមាណ ៨.៥០០ គីឡូម៉ែត្រការ៉េ (៣) ។
រដ្ឋបាល និងផ្ទៃដី៖
បច្ចុប្បន្ន ខេត្តកំពង់គោត្រូវបានរដ្ឋបាលវៀតណាមរៀបចំជាអង្គភាពរដ្ឋបាលចំនួន ១៣ ស្រុក និងទីរួមខេត្តមួយ ។ ខេត្តនេះមានផ្ទៃដីសរុបប្រមាណ ៤.៤៩១,៩ គីឡូម៉ែត្រការ៉េ ។
ប្រវត្តិ៖
ខេត្តកំពង់គោគឺជាផ្នែកមួយនៃដែនដីកម្ពុជាក្រោម ដែលមានប្រវត្តិរស់នៅរបស់ជនជាតិដើមខ្មែរក្រោម តាំងពីបុរាណកាលមក ។
នៅភាគឦសាននៃខេត្ត អ្នកបុរាណវិទ្យាបានរកឃើញវត្ថុធ្វើពីថ្ម ដែលមានអាយុកាលប្រមាណ ៣.០០០ ឆ្នាំ ។ នៅភាគអាគ្នេយ៍នៃខេត្ត ក៏មានការរកឃើញវត្ថុធ្វើពីដែក ដែលមានអាយុកាលជាង ២.៧០០ ឆ្នាំផងដែរ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀត គឺនៅក្នុងតំបន់ខេត្តកំពង់គោ មានស្ថានីយ៍បុរាណវប្បធម៌អូរកែវ (Oc Eo) ប្រមាណ ១០០ កន្លែង ។ ក្នុងចំណោមនោះ មានវត្ថុបុរាណប្រមាណ ១២.០០០ មុខ ដែលត្រូវបានរកឃើញពីការធ្វើកំណាយ ហើយភាគច្រើនត្រូវបានចាត់ទុកថាជាកេរដំណែលនៃវប្បធម៌បុរាណក្នុងអាណាចក្រនគរភ្នំ ដែលមានអាយុកាលចាប់ពីសតវត្សទី១ ដល់សតវត្សទី៧ នៃគ្រិស្តសករាជ ។
ភស្តុតាងបុរាណវិទ្យាទាំងនេះបង្ហាញពីប្រវត្តិសាស្ត្រដ៏ចំណាស់របស់តំបន់ខេត្តកំពង់គោនាពេលបច្ចុប្បន្ន និងបង្ហាញពីសារៈសំខាន់របស់ដែនដីកម្ពុជាក្រោមទាំងមូល ក្នុងនាមជាតំបន់ដែលធ្លាប់មានមជ្ឈមណ្ឌលនយោបាយ វប្បធម៌ និងសាសនារបស់អាណាចក្រនគរភ្នំ និងចេនឡា ។
សម័យរាជវង្សង្វៀន
ក្នុងរាជកាលព្រះមហាក្សត្រវៀតណាម យ៉ាឡុង (Gia Long) ដែលសោយរាជ្យពីឆ្នាំ ១៨០២ ដល់ ១៨២០ និងព្រះមហាក្សត្រ ម៉ិញ ម៉ាង (Minh Mạng) ដែលសោយរាជ្យពីឆ្នាំ ១៨២០ ដល់ ១៨៤០ រដ្ឋអំណាចវៀតណាមបានពង្រីកការគ្រប់គ្រងមកលើដែនដីកម្ពុជាក្រោម ហើយបានរៀបចំរដ្ឋបាល និងប្តូរឈ្មោះតំបន់មួយចំនួនទៅជាភាសាវៀតណាម ។
ខេត្តទាំង ៦ ដែលត្រូវបានរៀបចំឡើងនៅកម្ពុជាក្រោម មាន៖

  • មេ-ស — Định Tường
  • ចង្វាត្រពាំង — Biên Hòa
  • ព្រៃនគរ — Gia Định
  • លង់ហោរ — Vĩnh Long
  • មាត់ជ្រូក — An Giang
  • ពាម — Hà Tiên

នៅពេលបារាំងចូលកាន់កាប់ដែនដីកម្ពុជាក្រោម ខេត្តទាំង ៦ នេះត្រូវបានរៀបចំ និងបែងចែកជាអង្គភាពរដ្ឋបាលច្រើនជាងមុន រហូតដល់មានខេត្តចំនួន ២១ ។

ការបង្កើតខេត្តកំពង់គោ៖

នៅខែធ្នូ ឆ្នាំ ១៨៨៩ ខេត្តព្រៃនគរ (Gia Định) ត្រូវបានបែងចែកចេញជា ៣ ខេត្ត គឺ៖

  • កំពង់គោ — Tân An
  • ផ្សារធំ — Chợ Lớn
  • រោងដំរី — Tây Ninh

ចំណែកខេត្តមេ-ស (Định Tường) ត្រូវបានបែងចែកចេញជា ៣ ខេត្តទៀត គឺ៖

  • មេ-ស — Mỹ Tho
  • ដំបូកកោង — Gò Công
  • ផ្សារដែក — Sa Đéc

នៅខែតុលា ឆ្នាំ ១៩៥៦ រដ្ឋាភិបាលសាធារណរដ្ឋវៀតណាមបានបញ្ចូលផ្នែកដីមួយភាគធំនៃនិគមផ្សារធំ (Chợ Lớn) ទៅក្នុងខេត្តកំពង់គោ ហើយបានប្តូរឈ្មោះខេត្ត តឹងអាង (Tân An) ទៅជា ឡុងអាង (Long An) វិញ (៤) ។
ចាប់ពីពេលនោះមក ឈ្មោះ ឡុងអាង (Long An) ត្រូវបានប្រើជាឈ្មោះផ្លូវការសម្រាប់ខេត្តនេះ ហើយនៅបច្ចុប្បន្ន រដ្ឋបាលវៀតណាម និងប្រជាជនវៀតណាមហៅខេត្តនេះថា ខេត្តឡុងអាង ។
ប្រជាជន៖
តាមស្ថិតិជំរឿនដែលបានចេញផ្សាយដោយរដ្ឋាភិបាលវៀតណាម នៅឆ្នាំ ២០០៤ ខេត្តកំពង់គោមានប្រជាជនសរុបប្រមាណ ១.៣៧៦.៦០២ នាក់ ។
ជនជាតិ និងសាសនា៖
តំបន់ខេត្តកំពង់គោមានប្រជាជនដែលមានប្រភពជនជាតិចម្បងពីរគឺ ជនជាតិដើមខ្មែរក្រោម និងជនជាតិវៀតណាម ។
ជនជាតិដើមខ្មែរក្រោមភាគច្រើនប្រតិបត្តិតាមព្រះពុទ្ធសាសនា ។ ចំណែកប្រជាជនវៀតណាមមានជំនឿ និងសាសនាចម្រុះ រួមមានសាសនាគ្រឹស្ត ព្រះពុទ្ធសាសនា សាសនាដំណឹងល្អ (Tin Lành) និងសាសនាកាវដាយ (Cao Đài) ជាដើម ៕