អាជ្ញាធរ​យួន​ដោះលែង ព្រះតេជព្រះគុណ លីវ នី បន្ទាប់ពី​ជាប់គុក ៤ ឆ្នាំ​

ដោយ ស៊ឺន ចែងចើន| VOKK

នៅ​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ នេះ ព្រះតេជព្រះគុណ លីវ នី ជា​អតីត​ព្រះចៅអធិការ​វត្ត សិរី​តាសេក នៅ​ខេត្ត​ឃ្លាំង បាន​អាជ្ញាធរ​យួន​ដោះលែង​ចេញពី​ពន្ធនាគារ​វិញ​ហើយ បន្ទាប់ពី​ព្រះអង្គ ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក​និង​ដាក់គុក កាលពី​ឆ្នាំ ២០១៣ អស់​រយៈពេល ៤ ឆ្នាំ​មក ។ មូលហេតុ ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​យួន​ចាប់​ព្រះតេជព្រះគុណ លីវ នី ផ្សឹក​នោះ ដោយសារ​ព្រះអង្គ​ចេះ​ការពារ មិន​ឲ្យ​អាជ្ញាធរ​យួន​ចាប់​ផ្សឹក ព្រះតេជព្រះគុណ ថាច់ ធឿន ជា​គ្រូ​ពហូស្សូត​វត្ត​សិរី​តាសេក ព្រោះ ព្រះតេជព្រះគុណ ថាច់ ធឿន មិនបាន​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​ដែល​អាច​ត្រូវ​ចាប់​ផ្សឹក ។ ចំណែក​ព្រះ តេជ​ព្រះ​គុណ ថាច់ ធឿន ដែល​ត្រូវ​តុលាការ​យួន​ប្រកាស​សាលក្រម​ឲ្យ​ជាប់គុក ៦ ឆ្នាំ ពីបទ​ទាក់ ទង​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​នោះ នៅ​មិនទាន់បាន​ចេញពី​គុក​នៅឡើយ ។​

អតីតព្រះចៅអធិការវត្តសិរីតាសេក លីវ នី (ឆ្វេង) ពេលចេញពីគុក ។
អតីតព្រះចៅអធិការវត្តសិរីតាសេក លីវ នី (ឆ្វេង) ពេលចេញពីគុក ។

​ដំណឹង ព្រះតេជព្រះគុណ លីវ នី បាន​ចេញពី​គុក​នេះ ត្រូវបាន​គេ​ដឹង​តាមរយៈ​រូបថត​ថ្មី​មួយ​សន្លឹក របស់ ព្រះតេជព្រះគុណ លីវ នី បង្ហោះ​នៅលើ​គណនេយ្យ Facebook ឈ្មោះ​វុត្ថា​សេរី​តាសេក (Vitha Sereytraset) ហើយ​សរសេរ​ពាក្យ​ថា “៤ ឆ្នាំ ហើយ​មិនបាន​ជួប​លោកគ្រូ នី តើ​បងប្អូន​នៅ ចាំ​មុខ​ព្រះអង្គ​ដែរឬទេ​?” ។ រូបថត​ដែល​ព្រះតេជព្រះគុណ លីវ នី ទើប​ចេញពី​គុក​នោះ គេ​ឃើញ លោក​ពាក់អាវ​ឆ្នូត​ស ស្លៀកខោ​វែង និង​កោរសក់​ខ្លី ។​

​សូមជម្រាបថា ថ្ងៃ ២១ ខែឧសភា ឆ្នាំ ២០១៣ ព្រះសង្ឃ ២ អង្គ គឺ ព្រះតេជព្រះគុណ លីវ នី ប្រសូត ឆ្នាំ ១៩៨៦ ជា​ព្រះចៅអធិការ​វត្ត​សេរី​តាសេក ព្រះតេជព្រះគុណ ថាច់ ធឿន ប្រសូត ឆ្នាំ ១៩៨៥ ជា​គ្រូសូត្រ​វត្ត​សេរី​តាសេក និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​គឺ លោក ថាច់ ភូមិ​រិ​ទ្ធ និង លោក ត្រា វណ្ណ ថា ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន ត្រូវ អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​នៅ​ច្រកព្រំដែន​កម្ពុជា​វៀតណាម ខណៈដែល​អ្នក​ទាំងនេះ​ព្យាយាម​ភៀសខ្លួន​ចេញទៅ ប្រទេស​កម្ពុជា ។​

​ក្រោយពី​បាន​ចាប់ខ្លួន​ព្រះសង្ឃ និង​អ្នកភូមិ​ដាក់ពន្ធនាគារ​ប៉ុន្មាន​ខែ​មក ថ្ងៃ ២៧ ខែកញ្ញា ២០១៣ តុលាការខេត្ត​ឃ្លាំង​សម្រេច​ផ្ដន្ទាទោស​ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​ខាងលើ ឲ្យ​ជាប់គុក​ពី ២ ឆ្នាំ ទៅ ៦ ឆ្នាំ ។ ជនរងគ្រោះ​ទាំងនេះ រួមមាន ព្រះតេជព្រះគុណ ថាច់ ធឿន ជាប់គុក ៦ ឆ្នាំ​, ព្រះតេជព្រះគុណ លីវ នី ជាប់ពន្ធនាគារ ៤ ឆ្នាំ​, លោក ថាច់ ភូមិ​រិ​ទ្ធ កើត ឆ្នាំ ១៩៨៩ ជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “​ភៀសខ្លួន​ទៅ​ប្រទេសក្រៅ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​” និង លោក ត្រា វណ្ណ ថា ជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ “​ចាត់តាំង​នាំ​មនុស្ស​រត់ចេញ​ទៅ​បរទេស​” ៕