ដោយ ស៊ឺន ចែងចើន
អាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង និងខេត្តឃ្លាំង បានកោះហៅយុវជនម្នាក់ និងអតីតព្រះចៅអធិការវត្តម្នាក់ទៀត ទៅសាកសួរករណីដោយឡែកពីគ្នា ជុំវិញការប្រើប្រាស់បណ្ដាញសង្គម ដោយអាជ្ញាធរវៀតណាម ចាត់ទុកថា ជាករណីខុសច្បាប់ ។
អាជ្ញាធរយួន នៅថ្ងៃទី ១៥ និង ១៦ ខែឧសភា ឆ្នាំ ២០១៩ នេះ បានចេញលិខិតកោះហៅយុវជនខ្មែរក្រោម ១ រូប ទៅសួរចម្លើយ បន្ទាប់ពីយុវជនរូបនេះ ពាក់អាវយឺតខ្មែរក្រោម ដែលមានដាក់អក្សរ «៧០ ឆ្នាំ កម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន» ។ អាវយឺតនេះ បោះពុម្ពសម្រាប់ផ្សព្វផ្សាយ នៅក្នុងពិធីរំឭកដល់ខួប ៧០ ឆ្នាំ ថ្ងៃកម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន និងសន្និសីទអន្តរជាតិ ក្រោមប្រធានបទ «សិទ្ធិរបស់ខ្មែរក្រោម ក្នុងការទទួលបាននូវសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ដែល នឹងធ្វើនៅក្នុងវិមានសន្តិភាព (Peace Palace) នាទីក្រុងឡាអេ នៃប្រទេសហូឡង់ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ ។

លោក តោ ហ្វាង ចឿង (To Hoang Chuong) នៅភូមិមេរងថ្មី ឃុំមេរងថ្មី ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង នៃដែនដីកម្ពុជាក្រោម បានបង្ហោះសារ និងវីដេអូឃ្លិប នៅថ្ងៃទី ១៥ ខែឧសភា ថា អាជ្ញាធរមូលដ្ឋានក្នុងភូមិរបស់លោក បានយកលិខិតកោះហៅមួយច្បាប់ បង្គាប់ឲ្យលោកទៅជួបប្រធានការិយាល័យនគរបាលសន្តិសុខឃុំមេរងថ្មី ដើម្បីសួរនាំនូវរឿងរ៉ាវមួយចំនួន ដែលទាក់ទាង នឹងសាមីខ្លួន ។ ប៉ុន្តែ លោក តោ ហ្វាង ចឿង បានបដិសេធមិនទទួលយកលិខិតកោះហៅនោះទេ ដោយលោកអះអាងថា ខ្លឹមសារក្នុងលិខិតកោះហៅនោះ មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ។

យ៉ាងនេះក្តី នៅព្រឹកថ្ងៃ ទី ១៦ ខែឧសភា លោក តោ ហ្វាង ចឿង បានបង្ហោះវីដេអូផ្សាយផ្ទាល់ (LIVE) បង្ហាញពីសកម្មភាពក្រុមអាជ្ញាធរយួនមានគ្នា ២ នាក់ ក្នុងនោះមានខ្មែរម្នាក់ផង បានមកដល់ផ្ទះរបស់លោកម្តងទៀត ដើម្បីបង្ខំឲ្យលោក ចុះហត្ថលេខាលើលិខិតកោះហៅដដែលនោះ និងជំរុញឲ្យលោកទៅតាមការកោះហៅរបស់អាជ្ញាធរ តាមកាលកំណត់ ។ ទោះជាយ៉ាងណាក៏ដោយ លោក តោ ហ្វាង ចឿង នៅតែបដិសេធដាច់អហង្ការ ដោយមិនអញ្ជើញទៅតាមការកោះហៅរបស់អាជ្ញាធរឡើយ ដែលបញ្ហានេះ បានឈានដល់ការប៉ះទង្គិចគ្នាដោយពាក្យសម្តីមួយប្រាវ ។
តាមខ្លឹមសារសំឡេងនៃការសួរដេញដោលខាងលើនេះ លោក តោ ហ្វាង ចឿង ទាមទារឲ្យអាជ្ញាធរយួន ដាក់មូលហេតុឲ្យបានច្បាស់លាស់ថា ការកោះហៅនេះ គឺពាក់ព័ន្ធ នឹងករណីលោក «ពាក់អាវយឺតខ្មែរក្រោម» ។ ដោយលោកសំអាងហេតុផលថា អាជ្ញាធរកោះហៅរូបលោក គ្មានអ្វីផ្សេងក្រៅពីរឿងលោកពាក់អាវយឺតខ្មែរក្រោមនោះទេ ។
សូមបញ្ជាក់ថា អំឡុងពេលចូលឆ្នាំ ប្រពៃណីខ្មែរ ៣ ថ្ងៃ យុវជនខ្មែរក្រោមមួយក្រុម នៅដែនដីកម្ពុជាក្រោម បាននាំគ្នាពាក់អាវយឺតខ្មែរក្រោម ដែលមានរូបសញ្ញា (Logo) និងអក្សរថា «៧០ ឆ្នាំ កម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន» ដើរលេងកម្សាន្តនៅតាមវត្តអារាមមួយចំនួន និងបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់ខ្លួន ។ ប៉ុន្តែ នៅបន្ទាប់ពីបុណ្យចូលឆ្នាំរួច ពួកគេរងការព្រមាន និងកោះហៅទៅសួរនាំ នៅការិយាល័យនគរបាលជាបន្តបន្ទាប់ រហូតមកទល់ នឹងពេលនេះ ។

ចំណែកករណី អតីតព្រះចៅអធិការវត្ត លោក លីវ នី វិញ អាជ្ញាធរស្រុកជ្រោយ ញ នៃខេត្តឃ្លាំង ក៏បានកោះហៅឲ្យទៅជួប កាលពីថ្ងៃទី ១៧ ឧសភា ប៉ុន្តែមិនបានបញ្ជាក់មូលហេតុនោះទេ គ្រាន់តែប្រាប់ថា លោកមានពាក់ព័ន្ធ នឹងករណីមួយចំនួន ។
លោក លីវ នី ធ្លាប់ជាប់ពន្ធនាគារ រយៈពេល ៤ ឆ្នាំ ដោយសារតែរដ្ឋាភិបាលវៀតណាមចោទថា បានផ្ដល់ព័ត៌មានឲ្យអាស៊ីសេរី និងសមាគមខ្មែរកម្ពុជាក្រោម នៅបរទេស មានសសហព័ន្ធខ្មែរកម្ពុជាក្រោម ជាដើម ។
គួរជម្រាបជូនផងដែរថា កាលពីឆ្នាំ ២០១៧ យុវជនខ្មែរក្រោមមួយក្រុម មានគ្នា ៤ ទៅ ៥ នាក់ក៏ត្រូវបានអាជ្ញាធរយួន ឃុំមេរងថ្មី ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង កោះហៅទៅសួរចម្លើយម្តងជា ២ ដង រួចមកហើយដែរ ដោយកាលណោះក៏ពាក់ព័ន្ធ នឹងករណីពាក់អាវយឺតរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានរូបសញ្ញាដៃទ្រព្រះវិហារ រូបរាហូចាប់ចន្ទ ជាសញ្ញារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម មានអក្សរ «ខ្មែរក្រោម» ទាំងភាសាអង់គ្លេស និងខ្មែរ មានអាយដ្ឋានគេហទំព័ររបស់គណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (kkfyc.org) និងមានអក្សរអង់គ្លេសមួយឃ្លាថា “Revitalization of our Khmer -Krom identity through the implementation of UNDRIP” មានន័យជាភសាខ្មែរថា «ការធ្វើឲ្យរស់ឡើងវិញនូវអត្តសញ្ញាណខ្មែរក្រោមតាម រយៈការអនុវត្តសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម» ។

ភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលវៀតណាម បានកោះហៅក្រុមយុវជនជនជាតិដើមខ្មែរក្រោម នៅភូមិមេរងថ្មី ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង ទៅសួរចម្លើយ ជាលើកទី ២ កាលពីឆ្នាំ ២០១៧ នោះ គណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបទៅ នឹងការបំភិតបំភ័យ និងថ្កោលទោស ចំពោះការគំរាមកំហែងទៅលើសិទ្ធិខ្មែរក្រោម ពីសំណាក់រដ្ឋាភិបាលវៀតណាម ។

នៅក្នុងសេចក្ដីថ្លែងការណ៍នោះ គណៈកម្មាធិការយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានដកស្រង់នូវមាត្រាទី ១១ នៃសេចក្ដីប្រកាសជាសកលរបស់ អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ដែលមានសេចក្តីថា “ជនជាតិដើមគ្រប់រូបមានសិទ្ធិប្រតិបត្តិ និងធ្វើឲ្យរស់ឡើងវិញនូវប្រពៃណី និងទំនៀមទម្លាប់ជាវប្បធម៌របស់ខ្លួន ។ សិទ្ធិនេះ រួមមានទាំងសិទ្ធិក្នុងការថែរក្សា ការពារ និងអភិវឌ្ឍន៍ អ្វីដែលបង្ហាញអំពីអត្តសញ្ញាណ វប្បធម៌របស់ខ្លួន ដែលមានពីអតីតកាល បច្ចុប្បន្ន និងអនាគត ដូចជា បុរាណវិទ្យា និងស្ថានីយប្រវត្តិសាស្ត្រ បុរាណវត្ថុ រចនាបទ្ម ពិធីបុណ្យ បច្ចេកវិទ្យា និងសិល្បៈ ទស្សនីយភាព និងការសម្ដែងសិល្បៈ និងអក្សរសាស្ត្រ ។
គួររំឭកផងដែរថា វៀតណាមមានកាតព្វកិច្ចអនុវត្តតាមសេចក្ដីប្រកាស ជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ដើម្បីជួយការពារជនជាតិដើម វប្បធម៌ និង អត្តសញ្ញាណរបស់ពួកគេ ។ ដោយមើលឃើញ ពីសារៈសំខាន់នៃសិទ្ធិជនជាតិដើមនេះ ក្រុមយុវជនខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម យល់ឃើញថាអាវយឺតមានលក្ខណៈលើកកម្ពស់ នូវអត្តសញ្ញាណជនជាតិដើមរបស់ខ្លួន ក៏បានយកបោះពុម្ព ដើម្បីចែកគ្នាពាក់ ។ ផ្ទុយទៅវិញ គំនិតផ្ដួចផ្ដើមគួរឲ្យកោតសរសើររបស់ក្រុមយុវជនជនជាតិដើម ក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយនូវ សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ដែលរដ្ឋាភិបាលវៀតណាម មានកាតព្វកិច្ចត្រូវធ្វើដោយខ្លួនឯងនោះ បែរជារដ្ឋាភិបាលវៀតណាម តបមកវិញ ដោយជ្រើសរើសវិធីដាក់ពិន័យក្រុមយុវជនតាមរយៈកោះហៅទៅសួរចម្លើយ នៅការិយាល័យនគរបាល ដើម្បីគំរាមកំហែង ។

បន្ទាប់ពីបារាំងបានផ្ទេរដែនដីកម្ពុជាក្រោម ឬដែនដីកូស័ងស៊ីនទៅឲ្យវៀតណាមបន្តធ្វើអាណានិគមលើពលរដ្ឋខ្មែរក្រោម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ មក សិទ្ធិសេរីភាពរបស់ជនជាតិដើមខ្មែរក្រោម ត្រូវរដ្ឋាភិបាលយួនរំលោភបំពានជាបន្តបន្ទាប់ ក្នុងនោះ មានការចាប់ព្រះសង្ឃ និងពលរដ្ឋដាក់ពន្ធនាគារ ដោយចោទថា ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល ជាដើម ៕