ដោយ ថាច់ ប្រីជា គឿន
ក្រមួនស គឺជាខេត្តមួយ នៅដែនដីកម្ពុជាក្រោម ត្រូវបាន រដ្ឋាភិបាលយួនប្តូរ ឈ្មោះទៅជាភាសាយួនថា ខេត្ត កៀង យ៉ាង ( Kiên Giang ) ។ មជ្ឈមណ្ឌលរបស់ខេត្តគឺទីក្រុង ក្រមួនស (Thanh Pho Rach Gia) ឆ្ងាយពីទីក្រុងព្រៃនគរ ប្រមាណ ២៥០ គីឡូម៉ែត្រឆ្ពោះទៅទិសខាងជើង។ ទិសឦ- សាន នៃខេត្តក្រមួនស ជាប់នឹងខេត្តមាត់ជ្រូក, ទិសខា កើត ជាប់ នឹងទីក្រុងព្រែកឫស្សី, ទិសអាគ្នេយ៍ជាប់នឹងខេត្តពលាវ, ទិសខាងត្បូងជាប់នឹងខេត្តទឹកខ្មៅ, ទិសខាងជើងជាប់ព្រំដែន ប្រទេសកម្ពុជា ដែលមានបន្ទាត់ព្រំដែនប្រវែង ៥៤គីឡូម៉ែត្រ ទិសខាងលិចជាប់នឹងឈូងសមុទ្រថៃ ដែលមានបន្ទាត់ ព្រំដែន ប្រវែង ២០០ គីឡូម៉ែត្រ ។ ខេត្តក្រមួនសមានកោះតូចធំជាង ១០០ នៅក្នុងសមុទ្រ ។ ខេត្តក្រមួនសមានផ្ទៃដី ៦.២៩៩ គីឡូម៉ែត្រ ក្រឡា ។

អំពីពាក្យ ក្រមួនស៖
ពាក្យថា ក្រមួនស មកពី ក្រមួន និង ស។
ក្រមួន (នាម) វត្ថុមានព៌ណលឿង, លឿងចាស់, លឿងខ្ចីឬព៌ណសក៏មាន ជាវត្ថុមានអាការៈទន់ល្អិត ធ្វើជាទៀនអុជបាន, កើតពីទឹក ឃ្មុំ ។ ក្រមួនមាត់ គឺក្រមួនស្លលាយនឹងប្រេង និងគ្រឿងក្រ អូបឯទៀតសម្រាប់លាបបបូរមាត់ ។សាច់ខ្យង ដែលមានពណ៌លឿងដូចក្រ មួនក៏ហៅថា ក្រមួន ដែរ ។
ស៖ ( គុណនាម ) ដែលមានពណ៌សម្បុរដូចសំឡីកប្បាស, ពណ៌ស,សំពត់ស, សក្បុស, សណាស់ ។ សរុបមក ខេត្តក្រមួនស មានន័យថា ខេត្តដែលមាន ក្រមួន ពណ៌ ស ។
ប្រវត្តិ៖
ឆ្នាំ ១៨៣២ ក្រមួនសឋិតនៅក្នុងខេត្តពាម ( Hà Tiên ) ដែលជាអតីតខេត្តខ្មែរមួយ ក្នុងចំណោមខេត្តទាំង ៦ នៅកម្ពុជាក្រោម នាសម័យនោះ ។
ឆ្នាំ ១៨៧៦ បារាំងបានចែកភូមិ សាស្ត្រនៅកម្ពុជាក្រោម ជា ៥ តំបន់រដ្ឋបាលធំៗ ហើយនៅក្នុងតំបន់នីមួយ គេចែកចេញជា និគមតូចៗ មួយទៀត បានជាខេត្តពាម (Hà Tiên ) ពីដើមត្រូវបានចែកជា ២ គឺ ៖
១.ពាម ( Hà Tiên )
២.ក្រមួនស ( Rach Gia )
នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគមទាំងពីរគឺ ពាម និង ក្រមួនស ត្រូវបានក្លាយជាខេត្តទាំង ២ គឺ ខេត្តពាម និងខេត្តក្រមួនស ។
ពេលដែលកម្ពុជាក្រោម នៅក្រោមការកាន់កាប់ នៃរបបសាធារណរដ្ឋវៀតណាម (Việt Nam Cộng Hoà) ខេត្តពាម និង ខេត្តក្រមួនស រដ្ឋាភិបាលវៀតណាមមួយនេះ បានច្របាច់បញ្ចូល ខេត្តទាំងពីរនេះឲ្យចូលគ្នាទៅជាខេត្តមួយ ហើយផ្លាស់ឈ្មោះថ្មី ទៅជាភាសាយួនមួយទៀតថា ខេត្តកៀងយ៉ាង (Kiên Giang ) ចំណែកខ្មែរក្រោមវិញ នៅតែហៅថាខេត្តក្រមួនស តាមភាសាជាតិ របស់ខ្លួន ។

រដ្ឋបាលភូមិសាស្ត្រ៖
បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាម បានកែប្រែឈ្មោះភូមិ ឃុំ ស្រុក នៃខេត្តក្រមួនសទៅភាសាយួន និងបានបែងចែករដ្ឋភូមិសាស្ត្រ ចេញជាច្រើនភូមិ ឃុំនិងស្រុក ។
ភូមិសាស្ត្រខេត្តក្រមួនស ពេលនេះ ត្រូវបានបែងចែកចេញជា ១២ ស្រុក (Huyện) និងមានទីក្រុង ១ គឺទីក្រុង ក្រមួនស (Rạch Giá) និងទីរួមខេត្ត ១ គឺទីរួមខេត្តពាម (Hà Tiên) ។ ខេត្តក្រមួនសមាន ១០ ទីរួមស្រុក, ៩៧ ឃុំ និង ១៣ សង្កាត់ ។
ឈ្មោះស្រុកទាំង ១២ និងទីរួមខេត្តទាំង ២ ដែលរដ្ឋាភិបាលវៀតណាម បានប្តូរឈ្មោះទៅជាភាសាយួន៖
- ១.ទីរួមខេត្តពាម (Hà Tiên)
- ២.ទីក្រុង ក្រមួនស (RạchGiá)
- ៣.ស្រុក ភ្នំម្លូ (Kiên Lương)
- ៤.ស្រុក ភ្នំដី (Hòn Đất)
- ៥.ស្រុក ឃ្លាំងមឿង (Châu Thành)
- ៦.ស្រុក ក្រសាំង (Tân Hiệp)
- ៧.ស្រុក ព្រៃរំដេង (Giồng Riềng)
- ៨.ស្រុក អំពាចវែង (Gò Quao)
- ៩.ស្រុក ព្រែកបី (An Biên)
- ១០.ស្រុក អូរមិញ (An Minh)
- ១១.ស្រុក កោះត្រល់ (Phú Quốc)
- ១២.ស្រុក ប្រជុំកោះ (Kiên Hải)
- ១៣.ស្រុក ខ្វែងទទឹង (Vĩnh Thuận)
- ១៤.ស្រុក ទួលអូរមិញ (U MinhThượng)
ទីតាំងប្រវត្តិសាស្ត្រ៖
ក្រមួនស ជាខេត្តមួយសម្បូរទៅដោយទីតាំងប្រវត្តិសាស្ត្រ ដែលទាក់ទិននឹងរឿងរ៉ាវខ្មែរក្រោម ដូចជា ជំនីកព្រែកតែង (Kênh Đào Vĩnh Tế) កំពង់ផែអន្តរជាតិអូរកែវ (Oc Eo) នៃមហាណាចក្រនគរភ្នំ ( ភាសាយួនៈ Phù Nam) និងវត្តអារាមព្រះពុទ្ធសាសនា ថេរវាទខ្មែរមានចំនួន ៧៦ វត្ត ក្នុងនោះមាន វត្តរតនរង្សី ហៅ វត្តចំការត្រើយត្បូង បានកកើតឡើងក្នុង គ. ស. ១៤១២ ៕
ឯកសារយោង៖
វចនានុក្រមខ្មែរ រៀងរៀងដោយ សម្តេច ព្រះសង្ឃរាជ គណៈមហានិកាយ ជួន ណាត ជោតញ្ញាណោ បោះពុម្ពដោយពុទ្ធសាសន បណ្ឌិត្យ ឆ្នាំ ១៩៦៨ ។