អំពីកម្មវិធីផ្សាយ សំឡេងកម្ពុជាក្រោម – VOKK

«សំឡេងកម្ពុជាក្រោម» (Voice of Kampuchea-Krom) គឺជាកម្មវិធីផ្សាយព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត ដែលផលិត និងគ្រប់គ្រងដោយ គណៈកម្មការព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។

ឈ្មោះ «សំឡេងកម្ពុជាក្រោម» សំដៅលើ «ទឹកដីកម្ពុជាក្រោម» គឺផ្សាយព័ត៌មាន និងការបង្ហាញសំឡេងអំពី រឿងរ៉ាវ ព្រឹត្តិការណ៍ និងបញ្ហានានា ដែលកើតឡើងនៅលើទឹកដីកម្ពុជាក្រោម ព្រមទាំងបញ្ហាដែលពាក់ព័ន្ធនឹងជីវិត សិទ្ធិ  វប្បធម៌ ប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងស្ថានភាពរបស់ប្រជាជាតិខ្មែរក្រោម ទាំងនៅកម្ពុជាក្រោម និងនៅជុំវិញពិភពលោក ។

ពាក្យ «សំឡេង» នៅទីនេះ មិនមានន័យត្រឹមតែសំឡេងដែលត្រូវបានផ្សាយតាមវិទ្យុ ឬវីដេអូនោះទេ ប៉ុន្តែសំដៅលើ ព័ត៌មាន មតិ ទស្សនៈ បទពិសោធន៍ និងសក្ខីកម្មរបស់ប្រជាជាតិខ្មែរក្រោម ដែលគួរត្រូវបានឮ និងយល់ដឹងនៅក្នុងសង្គម និងសហគមន៍អន្តរជាតិ ។

ដូច្នេះ «សំឡេងកម្ពុជាក្រោម» គឺជាវេទិកាព័ត៌មានមួយ ដែលមានបំណងធ្វើជាស្ពានភ្ជាប់ ព្រឹត្តិការណ៍នៅកម្ពុជាក្រោម ជាមួយអ្នកស្តាប់ និងសាធារណជននៅទូទាំងពិភពលោក ។

បេសកកម្ម

«សំឡេងកម្ពុជាក្រោម» មានបេសកកម្មផ្តល់ព័ត៌មានដែលមានប្រភពច្បាស់លាស់ ទូលំទូលាយ និងមានការទទួលខុសត្រូវ ព្រមទាំងផ្សព្វផ្សាយសំឡេង និងទស្សនៈរបស់ប្រជាជាតិខ្មែរក្រោម ។   កម្មវិធីផ្សាយផ្តោតលើព័ត៌មាន និងបញ្ហាដែលពាក់ព័ន្ធ៖

  • សិទ្ធិ និងសេរីភាពរបស់ប្រជាជាតិខ្មែរក្រោម
  • ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណ
  • ភាសា និងវប្បធម៌
  • សាសនា និងប្រពៃណី
  • ជីវភាព និងសង្គម
  • ការអប់រំ និងព្រឹត្តិការណ៍នានានៅកម្ពុជាក្រោម
  • សកម្មភាពរបស់អង្គការ ឬសមាគម និង សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក

ក្នុងបរិបទដែលការទទួលបានព័ត៌មានឯករាជ្យ និងការបញ្ចេញមតិអាចប្រឈមនឹងឧបសគ្គ «សំឡេងកម្ពុជាក្រោម» មានបំណងផ្តល់ជាប្រភពព័ត៌មានមួយបន្ថែមទៀត ដើម្បីឱ្យប្រជាជាតិខ្មែរក្រោមអាចទទួលបានព័ត៌មានអំពីបញ្ហាដែលពាក់ព័ន្ធនឹងជីវិត និងសង្គមជាតិរបស់ខ្លួន ។

កំណើត និងគោលបំណង

«សំឡេងកម្ពុជាក្រោម» ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០០១ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាជាតិខ្មែរក្រោម ។ ចាប់តាំងពីពេលនោះមក កម្មវិធីផ្សាយបានបំពេញតួនាទីជាវេទិកាមួយ សម្រាប់ការចែករំលែកព័ត៌មាន បទពិសោធន៍ មតិយោបល់ និងទស្សនៈរបស់ប្រជាពលរដ្ឋខ្មែរក្រោម ដើម្បីជួយឱ្យសាធារណជន និងសហគមន៍អន្តរជាតិយល់ដឹងកាន់តែច្បាស់អំពីជីវិត និងបញ្ហាដែលប្រជាជាតិខ្មែរក្រោមកំពុងជួបប្រទះ ។

ស្ពានព័ត៌មានរបស់ខ្មែរក្រោម

«សំឡេងកម្ពុជាក្រោម» មានតួនាទីជាស្ពានព័ត៌មានភ្ជាប់ប្រជាជាតិខ្មែរក្រោមនៅកម្ពុជាក្រោម ជាមួយសហគមន៍ខ្មែរក្រោមនៅក្រៅប្រទេស ដូចជា នៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងបណ្តាប្រទេសនៅអឺរ៉ុប ។ តាមរយៈការផ្សព្វផ្សាយព័ត៌មាន ព្រឹត្តិការណ៍ និងបទពិសោធន៍ពីសហគមន៍នៅតំបន់ផ្សេងៗ «សំឡេងកម្ពុជាក្រោម» មានបំណងជួយពង្រឹងការយល់ដឹង ការទំនាក់ទំនង និងចំណងសាមគ្គីភាពរវាងប្រជាជាតិខ្មែរក្រោមនៅគ្រប់ទីកន្លែង ។

គោលការណ៍វិជ្ជាជីវៈសារព័ត៌មាន

គោលការណ៍សំខាន់មួយរបស់ «សំឡេងកម្ពុជាក្រោម» គឺការប្រកាន់ខ្ជាប់នូវស្តង់ដារ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ។

កម្មវិធីផ្សាយខិតខំប្រើប្រាស់ភាសាដែលមានភាពច្បាស់លាស់ ស្ងប់ស្ងាត់ និងមានការទទួលខុសត្រូវ ។ ការរាយការណ៍ត្រូវផ្តោតលើព័ត៌មាន និងផលប្រយោជន៍សាធារណៈ ដោយជៀសវាងការប្រើពាក្យសម្តីដែលមានលក្ខណៈញុះញង់ បង្កជម្លោះ ប្រមាថ ឬវាយប្រហារដោយគ្មានមូលដ្ឋានលើបុគ្គល ក្រុម ឬស្ថាប័នណាមួយ ។ «សំឡេងកម្ពុជាក្រោម» មិនគាំទ្រខ្លឹមសារដែលញុះញង់ឱ្យមានអំពើហិង្សា ការប្រព្រឹត្តអំពើខុសច្បាប់ ឬការប្រើប្រាស់កម្លាំង ដើម្បីដោះស្រាយបញ្ហានោះទេ ។ ការផ្សាយរបស់យើងប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិវិធី ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន ។ កម្មវិធីផ្សាយបើកវេទិកាសម្រាប់ការបញ្ចេញមតិ និងទស្សនៈពីមជ្ឈដ្ឋានផ្សេងៗ ដោយផ្តោតលើការផ្តល់ព័ត៌មាន ការយល់ដឹង និងការពិភាក្សាដែលមានប្រយោជន៍ដល់សាធារណជន ។

ភាពត្រឹមត្រូវ និងការទទួលខុសត្រូវ

«សំឡេងកម្ពុជាក្រោម» ទទួលស្គាល់ថា កំហុសអាចកើតមានឡើងក្នុងដំណើរការប្រមូល ពិនិត្យ ផលិត និងផ្សព្វផ្សាយព័ត៌មាន ។ ប្រសិនបើព័ត៌មាន ឬអត្ថបទដែលបានផ្សាយមានកំហុស ឬភាពមិនត្រឹមត្រូវ កម្មវិធីផ្សាយនឹងពិនិត្យឡើងវិញ និងធ្វើការកែតម្រូវឱ្យបានឆាប់រហ័ស តាមមធ្យោបាយសមស្រប ។ ការទទួលស្គាល់ និងកែតម្រូវកំហុស គឺជាផ្នែកសំខាន់នៃសុចរិតភាព និងការទទួលខុសត្រូវក្នុងវិជ្ជាជីវៈសារព័ត៌មាន ។

ប្រវត្តិសាស្ត្រ ភាសា និងអត្តសញ្ញាណខ្មែរក្រោម

ប្រជាជាតិខ្មែរក្រោមមានប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណដែលមានការវិវត្តតាមបរិបទនយោបាយ សង្គម និងភូមិសាស្ត្រនៃតំបន់កម្ពុជាក្រោម ។ ដោយសារការរស់នៅក្នុងបរិបទសង្គម និងរដ្ឋបាលខុសពីសង្គមខ្មែរនៅកម្ពុជា ភាសា សំនៀង និងរបៀបប្រើប្រាស់ពាក្យពេចន៍របស់ខ្មែរក្រោម មានលក្ខណៈខុសប្លែកខ្លះពីការប្រើប្រាស់ភាសាខ្មែរនៅប្រទេសកម្ពុជា ។ ហេតុនេះ ពាក្យពេចន៍ និងសំនៀងមួយចំនួនដែលប្រើប្រាស់ក្នុងការផ្សាយរបស់ «សំឡេងកម្ពុជាក្រោម» អាចមានលក្ខណៈខុសពីភាសាខ្មែរស្តង់ដារដែលអ្នកស្តាប់នៅកម្ពុជាស្គាល់។ ភាពខុសគ្នានេះ គឺជាផ្នែកមួយនៃភាពចម្រុះផ្នែកភាសា និងអត្តសញ្ញាណរបស់សហគមន៍ខ្មែរក្រោម ។

ចក្ខុវិស័យ

«សំឡេងកម្ពុជាក្រោម» មានចក្ខុវិស័យក្លាយជាប្រភពព័ត៌មានដែលមានភាពជឿទុកចិត្ត សម្រាប់ប្រជាជាតិខ្មែរក្រោមនៅកម្ពុជាក្រោម និងនៅជុំវិញពិភពលោក។ យើងជឿថា សារព័ត៌មានដែលមានវិជ្ជាជីវៈ និងការទទួលខុសត្រូវ អាចជួយបង្កើនការយល់ដឹងរបស់សាធារណជន ជួយអភិរក្សភាសា វប្បធម៌ និងអត្តសញ្ញាណ ព្រមទាំងជួយភ្ជាប់សហគមន៍ខ្មែរក្រោមនៅគ្រប់ទីកន្លែង។

ជោគជ័យរបស់ «សំឡេងកម្ពុជាក្រោម» មិនត្រូវបានវាស់វែងត្រឹមចំនួនកម្មវិធី ឬអត្ថបទដែលបានផ្សាយនោះទេ ប៉ុន្តែវាស់វែងតាមរយៈគុណភាព ភាពត្រឹមត្រូវ និងផលប្រយោជន៍សាធារណៈនៃព័ត៌មាន ព្រមទាំងសមត្ថភាពក្នុងការនាំព័ត៌មានទៅដល់អ្នកស្តាប់ និងអ្នកអានគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាជាតិខ្មែរក្រោមនៅកម្ពុជាក្រោម។

«សំឡេងកម្ពុជាក្រោម» ផ្តល់ព័ត៌មានពិត — បើកវេទិកាជូនពលរដ្ឋ — ភ្ជាប់ប្រជាជាតិខ្មែរក្រោមពីគ្រប់ទីកន្លែង ។