នៅក្នុងសប្ដាហ៍នេះ ស្រ្តីខ្មែរក្រោមម្នាក់ទៀតហើយ នៅដែនដីកម្ពុជាក្រោម ទើបតែត្រូវរដ្ឋាភិបាលអាណានិគមយួន កោះហៅទៅសួរចម្លើយ ចោទពីបទទាក់ទង នឹងសហព័ន្ធខ្មែរ កម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅក្រៅប្រទេស ។

អ្នកស្រី ត្រឹង ធី សោភា (Tran Thi So Phia) នៅភូមិព្រៃជាប់ ឃុំទឹកសាប ស្រុកជ្រោយ ញ ខេត្តឃ្លាំង ត្រូវអាជ្ញាធរអាណានិគមយួន ហៅទៅសួរចម្លើយ កាលពីថ្ងៃអង្គារ៍ ទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ ។
យោងតាមលិខិតកោះហៅមួយច្បាប់ ចេញដោយការិយាល័យនគរបាលយួន ឃុំឡាយហ្វា (Lai Hoa) ស្រុកវិញចូវ (Vinh Chau) នៃ ខេត្តឃ្លាំង ចុះហត្ថលេខាដោយ លោក វិន ថាន់ ហ្វឹក វៀត បានបញ្ជាក់អំពីមូលហេតុនៃការកោះហៅថា ដើម្បី “សួរនាំនូវរឿងរ៉ាវមួយចំនួន ដែលជាប់ទាក់ទង” នឹងសាមីខ្លួន ។ ការសួរចម្លើយនេះ ធ្វើឡើងនៅក្នុងការិយាល័យនគរបាលអាណានិគមយួន នៃ ឃុំឡាយហ្វា ។
យោងតាមគណនី Facebook របស់ លោក ថាច់ ឡុក (Thach Loc) ជាអ្នកដែលបង្ហោះលិខិតកោះហៅនេះ បានបញ្ជាក់អំពីមូលហេតុនៃការកោះហៅទៅសួរចម្លើយនេះ ថា “ហៅទៅសួរចម្លើយចោទប្រកាន់ពីបទ មានទំនាក់ទំនងជាមួយ នឹងក្រុមសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស” ។ វិទ្យុសំឡេងកម្ពុជាក្រោម បានព្យាយាមទាក់ទងអ្នកស្រី សោភា ដើម្បីបញ្ជាក់អំពីព័ត៌មាននេះ តែមិនអាចទាក់ទងបាន ។
ជារឿយៗ ព្រះសង្ឃ និង ពលរដ្ឋខ្មែរក្រោម តែងតែត្រូវអាជ្ញាធរ នៃ អាណានិគមយួន កោះហៅទៅសួរចម្លើយជាបន្តបន្ទាប់ ចោទពីបទ ប្រឆាំង នឹងរដ្ឋភិបាល ឬ មានទំនាក់ទំនង នឹង សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅក្រៅប្រទេស ៕