ដោយ ថាច់ ប្រីជា គឿន
ពលរដ្ឋខ្មែរក្រោមនៅទីរួមខេត្តព្រះត្រពាំង បានទាមទារឲ្យអាជ្ញាធរយួនសងសំណងថ្លៃដីស្រែចម្ការរបស់ខ្លួន ដែលពួកគាត់ចាត់ទុកថា អាជ្ញាធរយួនបានរឹបយកទៅធ្វើជាព្រែកសាធារណៈ កាលពីឆ្នាំ ១៩៨៤ ។ ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរយួន នាពេលបច្ចុប្បន្ន បានលុបព្រែកនេះ ហើយពុះជាឡូលក់ដើម្បីយកលុយ ។ អាជ្ញាធរយួនបានឆ្លើយតបថា ខ្លួន នឹងមិនពិនិត្យឡើងវិញនូវសំណើរបស់ម្ចាស់ដីទេ ។

យោងតាមលិខិតស្នើលើកទី ៣ របស់ លោកយាយ ស៊ើង ធី ព្រឹក្ស (Son Thi Pruc) អាយុ ៧៨ ឆ្នាំ នៅ ភូមិម៉ីកឹង My Can) ឃុំង្វៀតហ្វា (Nguyet Hoa) ស្រុកកំពង់ធំ ដែលយួនហៅថា ស្រុកចូវថាញ់ (Chau Thanh) ខេត្តព្រះត្រពាំង បច្ចុប្បន្នជា សង្កាត់ទី ៩ ទីក្រុងព្រះត្រពាំង បានផ្ញើទៅអាជ្ញាធរយួនឲ្យសងសំណងថ្លៃដីនោះ បានរៀបរាប់ថា អាជ្ញាធរយួនបានរឹបយកដីរបស់គាត់ប្រមាណ ២.២០០ ម៉ែត្រការ៉េ ទៅធ្វើជាព្រែកសាធារណៈ ។ លិខិតរបស់លោកយាយ ស៊ើង ធី ព្រឹក្ស បានបញ្ជាក់ថា គាត់ឈឺចាប់យ៉ាងខ្លាំង ដោយបានឃើញអាជ្ញាធរយួន នាពេលបច្ចុប្បន្ន បានលុបព្រែកនេះ ហើយពុះដីជាឡូលក់ តែមិនបានសងសំណងថ្លៃដីឲ្យគាត់ឡើយ ។

អាជ្ញាធរយួនខេត្តព្រះត្រពាំង បានឆ្លើយតបថា គេ នឹងមិនពិនិត្យឡើងវិញនូវសំណើរបស់ម្ចាស់ដីទេ ។ យោងតាមលិខិតរបស់គណៈកម្មការប្រជាជនទីក្រុងព្រះត្រពាំង (Uy Ban Nhan Dan Thanh Pho Tra Vinh ) របស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ចុះថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៩ ឆ្លើយតបទៅ លោកយាយ ស៊ើង ធី ព្រឹក្ស ថា អាជ្ញាធរយួនពិតជាបានរឹបយកដីស្រែប្រមាណ ២.២០០ ម៉ែត្រការ៉េ របស់ លោកយាយ ស៊ើង ធី ព្រឹក្ស មែន ដើម្បីជីកព្រែកសាធារណៈ កាលពីឆ្នាំ ១៩៨៤ ។ លិខិតឆ្លើយតបនេះដដែលបានបញ្ជាក់ថា ក្រៅពីបានយកដីរបស់លោកយាយ ស៊ើង ធី ព្រឹក្ស អាជ្ញាធរយួនក៏បានរឹបយកដីរបស់ពលរដ្ឋខ្មែរក្រោមប្រមាណ ៥៥ គ្រួសារផ្សេងទៀត ដែលសរុបផ្ទៃដីប្រមាណជាង ៤៨.០០០ ម៉ែត្រការ៉េ ។

អាជ្ញាធរយួនបានបញ្ជាក់នៅក្នុងលិខិតដដែលថា គេ នឹងមិនសងសំណងថ្លៃដីធ្លីទៅលោកយាយ ស៊ើង ធី ព្រឹក្ស ទេ ដោយសំអាងលើច្បាប់ដីធ្លី ឆ្នាំ ២០០៣ របស់រដ្ឋាភិបាលវៀតណាម បានចែងថា រដ្ឋមានសិទ្ធិដកហូតដីធ្លីពីប្រជាជន ដើម្បីយកទៅធ្វើជាសម្បត្តិសាធារណៈ និងរដ្ឋមានសិទ្ធិលុបព្រែកដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមបាន ដោយមិនខុសច្បាប់អ្វីឡើយ ៕