ដោយ ថាច់ ប្រីជា គឿន | VOKK
សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និសីទអន្តរជាតិដ៏ធំមួយ នៅប្រទេសបារាំង ស្ដីពីកម្ពុជាក្រោម នាខែ ឧសភា ឆ្នាំ ២០១៨ ខាងមុខនេះ ។ ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពជាក្រោម នៅជុំវិញពិភពលោក និង អ្នក ជំនាញបរទេសស្ដីពីកម្ពុជាក្រោម ជាច្រើនរូប នឹងចូលរួមធ្វើជាវាគ្មិននៅក្នុងសន្និសីទនេះ ។

យោងតាមប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ បានថ្លែងប្រាប់អ្នកគាំទ្រនៅក្នុងកិច្ចប្រជុំ មួយនៅទីក្រុង San Bernardino រដ្ឋ California កាលពីថ្ងៃទី ២៨ ខែមករា ថា សន្និសីទនេះ នឹងធ្វើ នៅទីក្រុងប៉ារិស ប្រទេសបារាំង នៅចុងខែឧសភា ខាងមុខនេះ ។
យោងតាម លោក ប្រាក់ សេរីវុឌ្ឍ ហេតុដែលនាំឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើសន្និសីទអន្តរជាតិនៅ ប្រទេសបារាំងនោះ ដោយសាររដ្ឋាភិបាលបារាំង ជាអ្នកដែលបានចុះហត្ថលេខាផ្ទេរដែនដីកូស័ងស៊ីន ឬ ដែនដីកម្ពុជាក្រោម ឲ្យវៀតណាមបន្តត្រួតត្រាលើខ្មែរក្រោមជាម្ចាស់ស្រុក នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ នៅពេលបារាំងបានដកនឹមអាណាគមចេញពីឥណ្ឌូចិន ។
សន្និសីទនេះ នឹងត្រូវបានរៀបចំដោយមានការជួយជ្រោមជ្រែងពីអង្គការប្រជាជាតិ និងប្រជាជនគ្មាន តំណាង ហៅកាត់ថា UNPO ដែលសព្វថ្ងៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិក នៃអង្គការមួយនេះ តាំងពីឆ្នាំ ២០០១ មក ។ សហព័ន្ធខ្មែរកម្ពុជាក្រោម រំពឹងថា ក្រោយពីសន្និសីទអន្តរជាតិមួយនេះ ពិភព លោកនឹងយល់ដឹងអំពីកម្ពុជាក្រោម កាន់តែច្បាស់ថែមមួយកម្រិតទៀត ដោយសហព័ន្ធខ្មែរកម្ពុជាក្រោម បានអញ្ជើញអ្នកជំនាញបរទេសសំខាន់ៗស្ដីពីកម្ពុជាក្រោម ទៅបកស្រាយអំពីរឿងរ៉ាវកម្ពុជាក្រោម ហើយ បានអញ្ជើញស្ថាប័ន សារព័ត៌មានអន្តរជាតិល្បីៗជាច្រើនទៅយកព័ត៌មាន ដើម្បីផ្សព្វផ្សាយ ផងដែរ ។
លោក ប្រាក់ សេរីវុឌ្ឍ បានមានប្រសាសន៍ថា៖ “ ខែឧសភា ឆ្នាំ ២០១៨ នេះ បើមិនថ្ងៃពុធ ទី ៣០ ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែឧសភា យើងនឹងធ្វើសន្និសីទស្ដីពីបញ្ហាខ្មែរកម្ពុជាក្រោម នៅប្រទេសបារាំង នៅទីក្រុងប៉ារិស ។ ឆ្លៀតក្នុងឱកាសនេះ សូមអញ្ជើញបងប្អូនយើង អញ្ជើញទៅចូលរួមនៅទីក្រុងប៉ារិសឲ្យ បានកុះករ ព្រោះអ៊ី ប្រទេសបារាំងហ្នឹងហើយ ដែលធ្វើឲ្យយើងមានបញ្ហារឿងទឹកដីកម្ពុជាក្រោម ។ ឥឡូវ យើងបានចូលទៅដល់បណ្ដូលប្រទេសបារាំង វិញហើយ ។ យើងខ្ញុំ មានការឧបត្ថម្ភពីអង្គការ UNPO នៅ ទីក្រុងព្រូសែល នៃប្រទេសបែលស្សិក គេជួយទាក់ទងឲ្យជាមួយនឹងអ្នកនយោបាយអន្តរជាតិ ទាំង សមាជិកព្រឹទ្ធសភាបារាំង …” ។
នេះជាលើកទី ២ ហើយ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើសន្និសីទអន្តរជាតិដ៏ធំ បន្ទាប់កាលពីឆ្នាំ ២០០៦ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើសន្និសីទអន្តរជាតិមួយស្ដីពី “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួន ឯង” នៅទីក្រុង ឡាអេ ប្រទេសហូឡង់ ដោយមានអ្នកច្បាប់អន្តរជាតិជាច្រើនធ្វើជាវាគ្មិន បកស្រាយអំពី ច្បាប់អន្តរជាតិផ្សេងៗដែលទាក់ទងនឹង “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” របស់ប្រជាជាតិខ្មែរ នៅ ដែនដីកម្ពុជាក្រោម ។
ក្រោយពីសន្និសីទអន្តរជាតិ ប្រតិភូ និងថ្នាក់ដឹកសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក នឹងនាំគ្នា ធ្វើដំណើរទៅប្រទេសហូឡង់ ដើម្បីចូលពិធីបុណ្យខួប ៦៨ ឆ្នាំ នៃទិវាបាត់បង់ទឹកដីកម្ពុជាក្រោម ដែល សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសហូឡង់ ទទួលធ្វើជាម្ចាស់ផ្ទះ ប្រារព្ធនៅក្នុងខែមិថុនា ឆ្នាំ ២០១៨ នេះ ។
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាចលនាតស៊ូរបស់ប្រជាជាតិខ្មែរក្រោម មានមូលដ្ឋាននៅ សហរដ្ឋអាមេរិក និងមានសាខានៅជុំវិញពិភពលោក ធ្វើការតស៊ូដោយសន្តិវិធី ដើម្បីស្វែងរកសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលកំពុងតែនៅក្រោមនឹមត្រួតត្រារបស់រដ្ឋាភិបាលយួន កម្មុយនិស្ត សព្វថ្ងៃ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិក នៃអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង ហៅកាត់ថា UNPO, ជាសមាជិក នៃនាយកដ្ឋានព័ត៌មានអង្គការសហប្រជាជាតិ (UNDPI) និងជាសមាជិក នៃវេទិកាអចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) ជាដើម ៕