ប្រវត្តិរូបសំណាកវីរបុរសជាតិកម្ពុជាក្រោម ឧកញ៉ា សឺន គុយ

បន្ទាប់ពីគណៈកម្មការនាយក នៃ ស.ខ.ក. បានសម្រេចជាផ្លូវការឱ្យទិញទីស្នាក់ការ នៅរដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី. អង្គប្រជុំបានសម្រេចផ្ដល់ភារកិច្ចជូនលោក ថាច់ ប្រីជា គឿន ឱ្យដឹកនាំការកសាងរូបសំណាកវីរបុរសជាតិកម្ពុជាក្រោម គឺ ឧកញ៉ាសេនាបតី សឺន គុយ ដើម្បីតម្កល់នៅមុខទីស្នាក់ការសហព័ន្ធ ។

បន្ទាប់ពីទទួលភារកិច្ច លោក ថាច់ ប្រីជា គឿន បានស្វែងរកសិល្បករដែលមានជំនាញ និងបទពិសោធន៍ផ្នែកសូនរូប និងចម្លាក់ ព្រមទាំងមានការបណ្តុះបណ្តាលត្រឹមត្រូវពីស្ថាប័នសិល្បៈ ។ ជាលទ្ធផល លោកបានជ្រើសរើស លោក គិន ចន្នី ដែលជាសិល្បករជំនាញផ្នែកសូនរូប និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រឯកទេសចម្លាក់ ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា ។ លោក គិន ចន្នី ក៏ធ្លាប់មានស្នាដៃសូន និងឆ្លាក់រូបសំណាកល្បីៗជាច្រើន រួមមានរូបសំណាកអតីតព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ដែលមានកាយវិការទ្រង់ឈរកាន់ព្រះរាជសារ និងចង្អុលបង្ហាញទៅមុខ ដាក់តាំងនៅក្នុងបរិវេណសាលាជាដើម ។

លោក ថាច់ ប្រីជា គឿន បានចាប់ផ្ដើមទាក់ទង និងពិភាក្សាជាមួយលោក គិន ចន្នី អំពីគម្រោងកសាងរូបសំណាក ឧកញ៉ា សឺន គុយ តាំងពីដើមខែមករា ឆ្នាំ ២០២៥ ។ ក្នុងដំណើរការនេះ មានការផ្ដល់រូបថត និងឯកសារជាច្រើនជាប្រភពយោង សម្រាប់គូររូបព្រាង រចនាទម្រង់ និងសូនពុម្ពរូបសំណាក ។ មុនពេលសូនរូប លោក ថាច់ ប្រីជា គឿន បានយកគម្រោងបង្ហាញ និងពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំ ស.ខ.ក. នៅទីក្រុង សាន ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា ក្នុងនោះរួមមាន ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា លោក ម៉ៅ មុនី និង លោក ថាច់ វឿង ជាដើម និងបានបង្ហាញគំរោងដល់ថ្នាក់ដឹកនាំ ស.ខ.ក. នៅក្នុងអង្គប្រជុំផងដែរ ដើម្បីសម្រេចរួមគ្នា ។

បន្ទាប់ពីការសូនពុម្ពត្រូវបានបញ្ចប់ លោក គិន ចន្នី បានប្រគល់ពុម្ពទៅ លោក សុខ ពិសិដ្ឋ ដែលជាជាងចម្លាក់ព្រះស្ពាន់ មានទីតាំងនៅខេត្តកំពង់ស្ពឺ ដើម្បីចាក់ជាស្ពាន់ ។ ដំណើរការកសាងរូបសំណាកត្រូវបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ ត្រូវនឹង ថ្ងៃអង្គារ ១ កើត ខែជេស្ឋ ឆ្នាំរោង សប្ដស័ក ព.ស. ២៥៦៩ បន្ទាប់ពីប្រើ រយៈពេលប្រមាណ ៥ ខែ ។

ប្រភព និងលំនាំសម្រាប់កសាងរូបសំណាក៖

ដើម្បីឱ្យរូបសំណាកមានលក្ខណៈប្រណីត និងរក្សាបាននូវអត្តសញ្ញាណសិល្បៈខ្មែរ លោក គិន ចន្នី បានយកប្រភពរូបភាព និង ឯកសារមួយចំនួនមកធ្វើជាគោលក្នុងការសូនរូប ។ ប្រភពសំខាន់ៗ រួមមានរូបគំនូរដែលគូរឡើងក្នុងឆ្នាំ ២០១៧ ដោយលោក ថៃ សាន វិចិត្រករមួយរូបនៅប្រទេសកម្ពុជា ព្រមទាំងរូបមុខឧកញ៉ា សឺន គុយ ដែលបង្ហាញនៅលើក្របសៀវភៅ «ចៅហ្វាយ គុយ» បោះពុម្ពនៅឆ្នាំ ១៩៧១ និពន្ធដោយលោក កែវ សុវត្ថិ ។ លើសពីនេះ ក៏មានការយោងតាមរូបគំនូររបស់លោក អ៊ុយ សុភ័ក្រ្ត ជាអតីតអគ្គលេខាធិការ នៃ មិត្តសមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា ។ ការយកប្រភពរូបភាពទាំងនេះមកធ្វើជាមូលដ្ឋាន បានជួយឱ្យសិល្បករអាចបង្កើតរូបសំណាកដែលព្យាយាមរក្សាទម្រង់ និងអត្តសញ្ញាណរបស់ឧកញ៉ា សឺន គុយ តាមប្រភពប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈដែលមានស្រាប់ ។

ភាពដូចបេះបិទ និងភាពអស្ចារ្យ៖

ព្រះឥទ្ធិមុនី ម៉ឹង សាង (ញាណសារោ) ជាប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក បានថ្លែងនៅក្នុងពិធីសម្ពោធ ទីស្នាក់ការ ស.ខ.ក. នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៥ ថា រូបសំណាកឧកញ៉ា សឺន គុយ ត្រូវបានវិចិត្រករឆ្លាក់ឡើងយ៉ាងប៉ិនប្រសប់ និងដូចនឹងរូបរាងពិតរបស់លោកយ៉ាងខ្លាំង រហូតដល់ធ្វើឱ្យអ្នកដែលបានឃើញរូបសំណាក មានអារម្មណ៍ ដូចជាបានឃើញ និងរំឭកដល់ព្រលឹងរបស់វីរបុរសឧកញ៉ា សឺន គុយ ដែលកំពុងស្ថិតនៅទីនោះ ។ តាមរយៈរូបសំណាកនេះ អ្នកទស្សនាអាចនឹកឃើញឡើងវិញនូវអតីតកាល និងការតស៊ូដ៏អង់អាចរបស់លោកឧកញ៉ា សឺន គុយ ក្នុងប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម ។ ព្រះអង្គថ្លែងយ៉ាងនេះថា៖

«ថ្ងៃនេះ បងប្អូនខ្មែរ ព្រះសង្ឃ និងប្រជាពលរដ្ឋយើង បានធ្វើពិធីរៀបចំដើម្បីរំឭកដ៏ក្រៃលែង នោះគឺ ពិធីអភិសេករូបបដិមា ដែលជាស្នាដៃនៃវិចិត្រករឆ្លាក់ដ៏ប៉ិនប្រសប់ ដូចបេះបិទ ដូចជាព្រលឹងរបស់លោកឧកញ៉ា សឺន គុយ មកស្ថិតនៅទីនេះ ដែលយើងបានឃើញរូបបដិមាហើយ យើងបានសម្លឹងមើលឃើញ បាននឹកឃើញនូវអតីតកាល នៃការតស៊ូដ៏អង់អាចរបស់លោកវីរបុរស សឺន គុយ»

 ។

នៅចំពោះមុខសមិទ្ធផលដ៏មានអត្ថន័យ ដែលកំពុងឈរត្រដែតនៅទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ជុន ច័ន្ទបុត្រ អតីតប្រធានការិយាល័យ អ្នកសម្របសម្រួលកិច្ចសម្ភាសន៍ និងអ្នកដឹកនាំកម្មវិធីផ្សាយផ្នែកភាសាខ្មែរ នៃវិទ្យុអាស៊ីសេរី បានសម្ដែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសមិទ្ធផលនេះ ។

លោកបានបញ្ជាក់ថា អ្វីដែលលោកមើលឃើញនៅចំពោះមុខ មិនមែនមានត្រឹមតែអគារទីស្នាក់ការ ស.ខ.ក. ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលលោកចាប់អារម្មណ៍ និងចាត់ទុកថាមានអត្ថន័យជ្រាលជ្រៅ គឺ រូបសំណាកឧកញ៉ា សឺន គុយ ដែលត្រូវបានតាំងយ៉ាងសមរម្យនៅខាងមុខទីស្នាក់ការ ។

តាមការយល់ឃើញរបស់លោក ជុន ច័ន្ទបុត្រ ការតាំងរូបសំណាកឧកញ៉ា សឺន គុយ នេះ គឺជាសមិទ្ធផលដ៏អស្ចារ្យមួយ ដែលមិនគួរត្រូវបានមើលឃើញត្រឹមជាស្នាដៃស្ថាបត្យកម្ម ឬជារូបសំណាកធម្មតាមួយឡើយ ។ ផ្ទុយទៅវិញ វាជានិមិត្តរូបនៃការគោរពចងចាំ និងរំឭកដល់វីរភាពរបស់បុព្វបុរសខ្មែរក្រោម ដែលបានបន្សល់ទុកនូវមរតកប្រវត្តិសាស្ត្រ និងស្មារតីតស៊ូសម្រាប់កូនខ្មែរជំនាន់ក្រោយ ។

លោកបានចាត់ទុកការតាំងរូបសំណាកនេះថាជា ការឧទ្ទិសដ៏ សក្ដិសមចំពោះ ឧកញ៉ា សឺន គុយ ដែលធ្វើឱ្យទីស្នាក់ការ ស.ខ.ក. មិនត្រឹមតែជាទីកន្លែងសម្រាប់ការងាររបស់អង្គការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាទីកន្លែងមួយសម្រាប់រំឭកដល់ប្រវត្តិសាស្ត្រ វីរភាព និងអត្តសញ្ញាណនៃពលរដ្ឋខ្មែរក្រោម ផងដែរ ។ នៅក្នុងពិធីសម្ពោធ ទីស្នាក់ លោកបានមានប្រសាសន៍យ៉ាងនេះថា៖

«ដោយគោរព និងសរសើរអស់ពីបេះដូងតែម្ដងចំពោះសមិទ្ធផលដ៏អស្ចារ្យមួយ ដែលតាំងពីមុខយើងនេះ ខ្ញុំមិនចង់និយាយត្រឹមតែអគារ នៃទីស្នាក់ការ ស.ខ.ក. តែប៉ុណ្ណោះទេ ខ្ញុំនិយាយអំពីការតាំងរូបសំណាកវីរបុរសខ្មែរកម្ពុជាក្រោម នោះគឺរូបសំណាករបស់ ឧកញ៉ា សឺន គុយ ដែលកំពុងតែឈរត្រដែតនៅចំពោះមុខយើងនេះតែម្ដង ។ ខ្ញុំគិតថា នេះគឺជាការឧទ្ទិសមួយដល់ ឧកញ៉ា សឺន គុយ ដ៏សក្ដិសមអ្វីម្លេះទេ ចំពោះ ទីស្នាក់ការខ្មែរកម្ពុជាក្រោម នាពេលនេះ»

 ។

ការដឹកជញ្ជូនរូបសំណាកមកសហរដ្ឋអាមេរិក៖

បន្ទាប់ពីសូនពុម្ព និងចាក់ជាស្ពាន់រួចរាល់ រូបសំណាកមានកម្ពស់ ១ ម៉ែត្រ ៧០ សង់ទីម៉ែត្រ និងទម្ងន់ ២២៣.៤០ គីឡូក្រាម ។ រូបសំណាកត្រូវបានរៀបចំដឹកជញ្ជូនចេញពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ ហើយបានមកដល់សហរដ្ឋអាមេរិក នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ ។

ក្នុងដំណើរការរៀបចំការដឹកជញ្ជូនរូបសំណាកនេះ លោក តាំង សារៈ ជាប្រធានតំបន់ នៃ ស.ខ.ក. នៅកម្ពុជា លោក សឺន យឿង លោក ស៊ឺន ចែងចើន លោក គិន ចន្នី និងលោក សុខ ពិសិដ្ឋ បានចូលរួមយ៉ាងសកម្មក្នុងការទាក់ទង និងសម្របសម្រួលជាមួយក្រុមហ៊ុនដឹកជញ្ជូន ក្នុងការដាក់សំណើទៅកាន់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីស្នើសុំការអនុញ្ញាត និងបំពេញនីតិវិធីពាក់ព័ន្ធនឹងការដឹកជញ្ជូនរូបសំណាកនេះ នាំចេញពី ប្រទេសកម្ពុជា ដោយមាន ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ឈរឈ្មោះក្នុងនាម ស.ខ.ក. ។

រូបសំណាកស្ពាន់មានកម្ពស់ ១ ម៉ែត្រ ៧០ សង់ទីម៉ែត្រ ខណៈ បល្លង្កស៊ីម៉ង់សម្រាប់តម្កល់ មានកម្ពស់ប្រមាណ ១ ម៉ែត្រ ។ ដូច្នេះ រូបសំណាកដែលតម្កល់នៅមុខទីស្នាក់ការសហព័ន្ធសព្វថ្ងៃ មានកម្ពស់ សរុបប្រមាណ ២ ម៉ែត្រ ៧០ សង់ទី ម៉ែត្រ ។

ការនាំរូបសំណាកទៅតម្កល់នៅទីស្នាក់ការ៖

នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥ បន្ទាប់ពីរូបសំណាកបានមកដល់សហរដ្ឋអាមេរិក ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ដែលពេលនោះជាប្រធានគណៈកម្មការព័ត៌មាន នៃ ស.ខ.ក. បានដឹកនាំក្រុមការងារទៅកាន់ក្រុមហ៊ុនដឹកជញ្ជូន ដើម្បីនាំរូបសំណាកមកកាន់ទីស្នាក់ការសហព័ន្ធ នៅរដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី. ។

ក្នុងដំណើរនាំរូបសំណាកដោយរថយន្តមកទីស្នាក់ការ ព្រះសង្ឃក៏បានស្វាធ្យាយធម៌ចម្រើនជយមង្គល តាមប្រពៃណីព្រះពុទ្ធសាសនា ផងដែរ ។ បន្ទាប់ពីរៀបចំពិធីសុំម្ចាស់ទឹកម្ចាស់ដីរួចរាល់ហើយ ក្រុមការងារបានចាប់ផ្ដើមលើក និងតម្កល់រូបសំណាកឡើងលើឈរលើ បល្លង្កនៅមុខទីស្នាក់ការ ។

អ្នកដែលបានរួមចំណែកក្នុងការធ្វើបល្លង្ក និងលើករូបសំណាក រួមមាន ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ព្រះតេជព្រះគុណ ថាច់ ខៃ ព្រះតេជព្រះគុណ ថាច់ សំណាង (ភារៈ) ព្រះតេជព្រះគុណ ថាច់ យាន់ គ្រួសារ លោក សឺន ថាយ ធន លោក ថាច់ ឡុង លោក ថាច់ ស៊ីវុត្ថា លោក រស់ ថៃ និងលោក លួន ចន្ដា ។

ការកសាង និងការតម្កល់រូបសំណាកលោកឧកញ៉ា សឺន គុយ នៅមុខទីស្នាក់ការ ស.ខ.ក. គឺជាការរួមចំណែកពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រះសង្ឃ និងអ្នកគាំទ្រជាច្រើនរូប ដែលបានចូលរួមទាំងផ្នែកគំនិត ការសម្របសម្រួល ការសាងសង់ ការដឹកជញ្ជូន ការតម្កល់ និងបានផ្ដល់ជាថវិកាប្រមាណ $១០,០០០ ដុល្លារសហរដ្ឋ អាមេរិក ក្នុងការកសាង និងដឹកជញ្ជូនផងដែរ ។ រូបសំណាកនេះ ត្រូវបានតម្កល់ជានិមិត្តរូបនៃការរំឭកដល់ជីវិត ស្នាដៃ និងវីរភាពរបស់ឧកញ៉ា សឺន គុយ ដែលជាបុគ្គលសំខាន់មួយរូបក្នុងប្រវត្តិសាស្ត្រ កម្ពុជាក្រោម និងជានិមិត្តរូបនៃស្មារតីស្នេហាជាតិរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក ក្នុងការតស៊ូដោយសន្តិវិធីដើម្បី «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» នៃប្រជាជាតិខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ៕

អត្ថបទនេះ បានចុះផ្សាយលើ ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៥ ខែកញ្ញា ឆ្នាំ ២០២៦ ទំព័រ ២៨–៣១