ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៦ ជាគម្រប់ ៧៧ ឆ្នាំ ដែលបារាំងបានផ្ទេរដែនដីកម្ពុជាក្រោម ឲ្យទៅវៀតណាមបន្តធ្វើអាណានិគមលើពលរដ្ឋរដ្ឋខ្មែរក្រោម ។ ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃទី ៤ ខែមិថុនា ពលរដ្ឋខ្មែរក្រោម វត្តអារាម អង្គការ សមាគម និង សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក តែងតែប្រារព្ធពិធីរំឭកដល់ថ្ងៃប្រវត្តិសាស្ត្រមួយនេះឥតដែលខាន ។ នៅក្នុងពិធីខួប ៧៧ ឆ្នាំនេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍មួយ (ពីរភាសាគឺ ខ្មែរ និងអង់គ្លេស) រំឭកពីការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម រយៈពេល ៧៧ ឆ្នាំ នៅក្រោមនឹមអាណានិគមយួន ក្នុងនោះ ការចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដាក់ពន្ធនាគារ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន នាប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ស.ខ.ក. ក៏បញ្ជាក់ថា ខួប ៧៧ ឆ្នាំ នៃព្រឹត្តិការណ៍ថ្ងៃទី ៤ ខែមិថុនា គឺជាឱកាសសម្រាប់រំឭកឡើងវិញនូវប្រវត្តិសាស្ត្រ អត្តសញ្ញាណជាតិ និងការតស៊ូរបស់ប្រជាជាតិខ្មែរក្រោម ក្នុងការការពារសិទ្ធិវប្បធម៌ ភាសា សាសនា និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ។ សេចក្ដីថ្លែងការណ៍នេះ ត្រូវបានតំណាងសាខា និងតំបន់ នៃ ស.ខ.ក. នៅជុំវិញពិភពលោក យកទៅអាននៅក្នុងអង្គប្រជុំនៃពិធីរំឭកខួបព្រឹត្តិការណ៍មួយនេះគ្រប់ទីកន្លែង មានដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អឺរ៉ុប កូរ៉ខាងត្បូង និងព្រះរាជាណាចក្រកម្ពុជា ។ ក្រៅពីនេះ ក៏បាន ផលិតជាវីដេអូ ហើយផ្សាយតាមបណ្ដាញ Facebook «ទូរទស្សន៍កម្ពុជាក្រោម» (Kampuchea Krom TV) និងកម្មវិធីផ្សាយ «សំឡេងកម្ពុជាក្រោម» (Voice of Kampuchea Krom – VOKK) មានអ្នកទស្សនាយ៉ាងច្រើន ។
សេចក្ដីថ្លែងការណ៍នេះ មានអត្ថន័យយ៉ាងណា? ព្រឹត្តិបត្រ កម្ពុជាក្រោម លេខនេះ សូមលើកយកមកចុះផ្សាយខ្លឹមសារជាភាសាខ្មែរទាំងស្រុងដូចតទៅ៖
៧៧ ឆ្នាំនៅក្រោមរបបអាណានិគមយួន
ភាពគង់វង្ស និងការតស៊ូមតិដើម្បីសិទ្ធិ នៃប្រជាជាតិខ្មែរក្រោម
(៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២៦)
ថ្ងៃនេះ យើងមកជួបជុំគ្នាដើម្បីរំឭកខួប ៧៧ ឆ្នាំ ដែលដែនដី កម្ពុជាក្រោមរបស់យើង ត្រូវអាណានិគមបារាំងផ្ទេរឲ្យទៅរបបយួនបន្តធ្វើអាណានិគមលើប្រជាពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ការផ្ទេរអំណាចដោយរបបអាណានិគមចាស់ផ្លាស់ចូលថ្មីបន្តវេនគ្នាត្រួតត្រានោះមិនបានជូនដំណឹង ឬមានការយល់ព្រមណាមួយពីជនជាតិដើមខ្មែរក្រោមជាម្ចាស់ទឹកដី នៃដែនដី កម្ពុជាក្រោមឡើយ ។
អស់រយៈពេល ៧៧ ឆ្នាំកន្លងមកនេះ ពលរដ្ឋខ្មែរក្រោមត្រូវប្រឈមនឹងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីរបបអាណានិគមថ្មី ដែលកើតចេញពីសេចក្ដីសម្រេចដ៏អយុត្តិធម៌មួយនេះ ។ ការរស់នៅក្រោមរបបអាណានិគមទម្រង់ថ្មី បានធ្វើឲ្យយើងមានការឈឺចាប់ ព្រោះការបាត់បង់នូវការគ្រប់គ្រងនៅលើទឹកដីកេរដូនតារបស់ខ្លួន និងត្រូវអាជ្ញាធរថ្មីធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ ។ ភាពឈឺចាប់បានធ្វើឲ្យពលរដ្ឋរបស់យើងក្រោកឈរជាបន្តបន្ទាប់ ដើម្បីសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ក្នុងនោះ មានសិទ្ធិរក្សានូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាសា និងអក្សរសាស្ត្រខ្មែរ ព្រមទាំងសិទ្ធិស៊ីវិល និងនយោបាយ ជាពិសេសគឺ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ។
ខ្មែរក្រោមមិនមែនជា «ជនជាតិភាគតិច» ដែលរស់នៅលើដី បរទេស ដូចអ្វីដែលរបបយួនឃោសនានោះទេ ។ យើងជា «ជនជាតិ ដើម» នៃដែនដីកម្ពុជាក្រោមដែលមានប្រវត្តិសាស្ត្រ និងវប្បធម៌ ដ៏ចំណាស់នៅលើទឹកដីរបស់ខ្លួន ជាយូរលង់ណាស់មកហើយ គឺមានវត្តមាន មុនការបង្កើតព្រំដែននយោបាយ និងការបង្កើតរដ្ឋទំនើបទាំងឡាយនាពេលបច្ចុប្បន្ននោះទៅទៀត ។
សេចក្តីប្រកាសរបស់ អ.ស.ប. ស្តីពីសិទ្ធិជនជាតិដើម (UNDRIP) និងវេទិកាអចិន្ត្រៃយ៍របស់ អ.ស.ប. ស្តីពីបញ្ហាជនជាតិដើម (UNPFII) បានទទួលស្គាល់សិទ្ធិរបស់ខ្មែរក្រោមក្នុងការកំណត់នូវអត្តសញ្ញាណ និង «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ជាជនជាតិដើមនៅលើដែនដីរបស់ខ្លួន ។
នៅពេលដែលយើងកំពុងរំឭកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ពលរដ្ឋរបស់យើងនៅកម្ពុជាក្រោម នៅតែបន្តត្រូវប្រឈមមុខនឹងការរំលោភបំពានជិះជាន់យ៉ាងទម្ងន់ពីរបបអាណានិគមយួន ។ បច្ចុប្បន្ននេះ ព្រះសង្ឃ និងពលរដ្ឋដែលជាអ្នកការពារវប្បធម៌ និងក្រោកឈរអនុវត្តនូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួនជាជនជាតិដើម ត្រូវអាណានិគមយួនចាប់យកទៅឃុំឃាំង និងផ្ដន្ទាទោសទាំងអយុត្តិធម៌ ។ ស.ខ.ក.បានធ្វើសកម្មភាពតស៊ូមតិនៅលើឆាកអន្តរជាតិយ៉ាងសស្រាក់សស្រាំ ដើម្បីទាមទារឱ្យមានការគោរពសិទ្ធិខ្មែរក្រោមជាជនជាតិដើម និងឲ្យរបបយួនដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមឲ្យមានសេរីភាពវិញដោយឥតលក្ខខណ្ឌ ។
នៅក្នុងឱកាសនេះដែរ យើងទាំងអស់គ្នាសូមរំឭកនឹកគុណគោរពចំពោះវីរភាព នៃព្រះតេជព្រះគុណ ថាច់ ចន្ទ តារា ព្រះតេជព្រះគុណ យឿង ខាយ ព្រះតេជព្រះគុណ គឹម សំរិន្ទ ជាព្រះសង្ឃគំរូ ដែលត្រូវរបបយួនផ្សឹក និងចាប់ព្រះកាយក្នុងបុព្វហេតុតស៊ូមតិដោយសន្តិវិធីសម្រាប់សិទ្ធិជនជាតិដើម សិទ្ធិសាសនា និងវប្បធម៌របស់យើង ។ យើងក៏សូមរំឭកដល់ លោក ថាច់ ង៉ា និងលោក ថាច់ ស្វឹង ដុង ដែលត្រូវឃុំខ្លួនដោយសារអនុវត្តសិទ្ធិសាសនា និងបង្ហាញនូវអត្តសញ្ញាណជាតិរបស់ខ្លួន ។
យើងសូមកោតសរសើរដល់ លោក តោ ហ្វាង ចឿង លោក ថាច់ កឿង និង លោក យ័ញ មិញ ក្វាង អ្នកដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារជាយូរឆ្នាំ ពីបទចែកចាយសេចក្តីប្រកាសរបស់ អ.ស.ប. ស្តីពីសិទ្ធិជនជាតិដើម (UNDRIP) និងការអនុវត្តសិទ្ធិជាជនជាតិដើម ។ យើងមានមោទនភាពចំពោះអ្នកស្រី រដ្ឋ វ៉ារី ជាស្ត្រីខ្មែរក្រោមម្នាក់ ដែលបានតស៊ូមតិសម្រាប់សិទ្ធិនារី ហើយត្រូវបានចាប់ខ្លួនដោយសាររៀបចំទិវានារីអន្តរជាតិ ដែលជាព្រឹត្តិការណ៍មួយដែលស្ត្រីជនជាតិយួនរបស់គេអាចប្រារព្ធបានដោយសេរី ។
យើងសូមកោតសរសើរដល់លោក ថាច់ ចិន្ត្រា និងគ្រួសារជា សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ដែលបានប្រើប្រាស់បណ្តាញសង្គមដ៏ក្លាហាន ដើម្បីផ្សព្វផ្សាយព័ត៌មានពិត និងការផ្សាយផ្ទាល់អំពីការរឹបអូសយកដីធ្លី អំពើអយុត្តិធម៌ ការគំរាមកំហែង ការបំភិតបំភ័យ និងការឃុំខ្លួនដោយបំពាន ដែលពលរដ្ឋខ្មែរក្រោមកំពុងតែត្រូវប្រឈមមុខនៅដែនដីកម្ពុជាក្រោម ។
តើការអានឯកសារដែលចេញផ្សាយដោយ អ.ស.ប. ជាបទឧក្រិដ្ឋមែនឬ? តើការបង្រៀនកូនចៅរបស់យើងឱ្យចេះភាសាខ្មែរ ឬការប្រតិបត្តិតាមមាគ៌ាព្រះពុទ្ធសាសនាថេរវាទ ដូចបុព្វបុរសរបស់យើង គឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់យួនមែនទេ? តើការប្រារព្ធទិវានារីអន្តរជាតិ ឬទិវាសិទ្ធិមនុស្សអន្តរជាតិ គួរត្រូវបានចាត់ទុកថាជាការរំខានដល់សង្គមមែនឬ? ហើយតើវាជាយុត្តិធម៌ដែរឬទេពេលដែលរបបយួនចោទប្រកាន់សកម្មជនខ្មែរក្រោមថា «កេងចំណេញលើសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» ហើយផ្តន្ទាទោសពួកគាត់ ដោយសារការចែករំលែកការពិតតាមបណ្តាញសង្គមនោះ?
ចម្លើយគឺ «មិនមែនទេ» យ៉ាងច្បាស់លាស់ ។ សកម្មភាពទាំងនេះមិនមែនជាបទល្មើសឡើយ ផ្ទុយទៅវិញ វាជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ ។ សហគមន៍ អន្តរជាតិត្រូវបានអំពាវនាវឱ្យថ្កោលទោសការរំលោភបំពានទាំងនេះ និងទាមទារឱ្យមានការដោះលែងភ្លាមៗ និងដោយគ្មានលក្ខខណ្ឌចំពោះព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំងអស់ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ។
របបអាណានិគមថ្មី ដែលបន្តត្រួតត្រាលើខ្មែរក្រោម ចាប់តាំងពី ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ មកនេះ មានគោលបំណងលុបបំបាត់ នូវអត្តសញ្ញាណរបស់យើង ។ ខេត្តរបស់យើងត្រូវបានប្តូរឈ្មោះ ភាសារបស់យើងត្រូវបានរឹតត្បិត ហើយស្ថាប័នសាសនារបស់យើងត្រូវបានដាក់ក្រោមការគ្រប់គ្រង ។ គោលបំណងគឺធ្វើឱ្យយើងក្លាយជាប្រជាជនដែលគ្មានអតីតកាល ។
សព្វថ្ងៃនេះ មិនថាយើងរស់នៅលើមាតុភូមិកម្ពុជាក្រោម ឬនៅបរទេសដូចជាសហរដ្ឋអាមេរិកកាណាដា អឺរ៉ុប អូសេអានី ឬអាស៊ី ក៏ដោយខ្មែរក្រោមនៅតែរក្សាគោលជំហរដ៏រឹងមាំ ។ ដរាបណាយើងនៅតែមានវត្តមាន យើងនៅតែបន្តនិយាយការពិត និងរួបរួមគ្នាតស៊ូដោយសន្តិវិធី ដើម្បីការពារសិទ្ធិជាមូលដ្ឋានរបស់យើងជានិច្ច ។
ក្នុងនាមជាពលរដ្ឋខ្មែរក្រោមដ៏មានមោទនភាព ការពង្រឹងអំណាចចាប់ផ្តើមពីការកំណត់នូវអត្តសញ្ញាណខ្លួនឯង ។ កុំអនុញ្ញាតឱ្យអ្នកដទៃកំណត់ថាអ្នកជានរណា ។ នៅពេលដែលអ្នកនិយាយភាសា សរសេរ អក្សរ និងស្លៀកពាក់សម្លៀកបំពាក់បែបប្រពៃណីជាតិរបស់អ្នកព្រមទាំងហ៊ានកំណត់អត្តសញ្ញាណខ្លួនឯងថាជា «ជនជាតិដើម» នោះគឺជាសកម្មភាពនៃការតស៊ូ ។ យើងក៏ត្រូវអនុវត្តនូវ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» របស់យើង ព្រមទាំងសិទ្ធិកំណត់នូវស្ថានភាពនយោបាយ សិទ្ធិកំណត់អនាគតសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់យើងផងដែរ ។ សិទ្ធិទាំងនេះរួមមានការគ្រប់គ្រងដីធ្លី ការការពារ បរិស្ថានពីសារធាតុគីមីពុល និងការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមកំហែងដល់អត្ថិភាពនៃមាតុភូមិរបស់យើង ។ ថ្ងៃនេះយើងចេញសេចក្តីអំពាវនាវជាសកល ។ យើងអំពាវនាវដល់ អ.ស.ប. និង សហគមន៍អន្តរជាតិ ទាមទារឱ្យរបបអាណានិគមយួនត្រូវទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ។ សមភាពពិតប្រាកដរវាងជនជាតិមិនអាចមានឡើយ ខណៈដែលសកម្មជនជនជាតិដើមត្រូវធ្វើទារុណកម្មក្នុងការឃុំខ្លួនមុនសវនាការ ហើយការកាត់ក្តីត្រូវបានធ្វើឡើងដោយបិទទ្វារ និងគ្មានមេធាវីការពារក្ដីឡើយ ។
អនាគតរបស់យើងស្ថិតនៅក្នុងដៃយុវជនទាំងអស់គ្នា ដែលជាអ្នកបន្តអុជបំភ្លឺភ្លើងគប់សេរីភាពនៃជាតិយើង ឲ្យបានភ្លឺសុសសាយ ទូទាំងដែនដីកម្ពុជាក្រោម ។ យើងត្រូវរៀន និងចងចាំនូវមេរៀនប្រវត្តិសាស្ត្រពីអតីតកាល ហើយរួមគ្នាក្រោកឈរអនុវត្តនូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួននាពេលបច្ចុប្បន្ន ដើម្បីបាននូវ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ដ៏ត្រចះត្រចង់នៅលើទឹកដីកំណើតរបស់ខ្លួន នាពេលអនាគត ។ យើងត្រូវចាំថា សិទ្ធិរបស់យើង មិនមែនរដ្ឋ ឬរបបអាណានិគមជាអ្នកកំណត់ ឬផ្ដល់ឲ្យនោះទេ ។ មនុស្សគ្រប់រូបមានសិទ្ធិមកពីកំណើត ។
កាលពី ៧៧ ឆ្នាំមុន ដែនដីកម្ពុជាក្រោមរបស់យើងត្រូវបានផ្ទេរពីអាណានិគមមួយទៅអាណានិគមមួយទៀតប៉ុន្តែអត្តសញ្ញាណ សេចក្តីថ្លៃថ្នូរ ពូជសាសន៍ និងស្មារតីរបស់យើង មិនដែលត្រូវបានផ្ទេរទៅជាមួយនោះឡើយ ។
ថ្ងៃនេះ យើងសូមគោរពនូវវីរភាពនៃបុព្វបុរសរបស់យើងគ្រប់រូបដែលបានបូជាជីវិត ក្នុងបុព្វហេតុរក្សាការពារជាតិ និងសាសនានៅដែនដីកម្ពុជាក្រោម ។ យើងជាថ្នាក់ដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រ ស.ខ.ក. ព្រមទាំងបងប្អូនជនរួមជាតិ រួមទាំងមិត្តអន្តរជាតិគ្រប់រូប គ្រប់ស្ថាប័ន ដែលជាអ្នកដែលស្រឡាញ់ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងយុត្តិធម៌ តែងតែឈរយ៉ាងរឹងមាំជានិច្ចជាមួយនឹងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមគ្រប់រូប ដែលកំពុងតែត្រូវរបបអាណានិគមយួនឃុំខ្លួន ទាំងអយុត្តិធម៌ ហើយយើងនៅ តែបន្តទាមទារជានិច្ច ដើម្បីបងប្អូនមានសេរីភាព និងបានជួបជុំគ្រួសារវិញ ។ យើងនឹងបន្តធ្វើការតស៊ូមតិនៅលើឆាកអន្តរជាតិជានិច្ច ដើម្បីការពារនូវសិទ្ធិជាមូលដ្ឋានរបស់បងប្អូនគ្រប់រូប ឲ្យទទួលបាននូវសិទ្ធិក្នុងការរស់រានមានជីវិតប្រកប ដោយសេចក្តីថ្លៃថ្នូរ សន្តិភាព និងសេរីភាពពេញលេញនៅលើទឹកដីកេរដូនតារបស់ខ្លួន ៕
សូមអរគុណ និងអរព្រះគុណ
អត្ថបទនេះ បានចុះផ្សាយលើ ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៥ ខែកញ្ញា ឆ្នាំ ២០២៦ ទំព័រ ៤៤–៤៦





