លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ធ្វើសិក្ខាសាលាស្ដីពី «សិទ្ធិស្វ័យសម្រេចរបស់ជនជាតិដើមខ្មែរក្រោម»

លេខាធិការដ្ឋាន អង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា បានរៀបចំប្រារព្ធជាសិក្ខាសាលាមួយក្រោមប្រធានបទ «សិទ្ធិស្វ័យសម្រេចរបស់ជនជាតិដើមខ្មែរខ្មែរក្រោម» កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីព្រះសង្ឃ និងខ្មែរក្រោមដែលក្នុងនោះរួមមានសមាជិក សមាជិកា នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោមនានា ចំណុះឲ្យលេខាធិការដ្ឋាន និងនិស្សិតខ្មែរក្រោម សរុបចំនួនប្រមាណជាជាង ៥០ អង្គនិងរូប ។

សិក្ខាសាលាបានប្រព្រឹត្តឡើងក្នុងគោលបំណងស្វែងយល់ពីសិទ្ធិស្វ័យសម្រេចរបស់ជនជាតិដើមខ្មែរក្រោម ដែលកំពុងតែរស់នៅក្នុងទឹកដីកម្ពុជាក្រោម ក្រោមការគ្រប់គ្រង និងត្រួតត្រាដោយរបប វៀតណាម ។

លោក តាំង សារៈ ប្រធាន ស.ខ.ក. ប្រចាំតំបន់កម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA) ដែលជាវាគ្មិន ១ រូបនៃអង្គសិក្ខាសាលា បានលើកឡើងថា អាស្រ័យការខកខានរបស់វៀតណាមពីជំនាន់មួយទៅជំនាន់មួយពុំបានអនុវត្ដទាល់តែសោះនូវកិច្ចព្រមព្រៀងស្ដីពីសិទ្ធិជនជាតិភាគតិចមិនមែនជាយួន ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមបច្ចុប្បន្ន ដែលបានចុះហត្ថលេខាដោយលោក ប៉ូល កុស្ដ ផ្លូវរ៉េត៌ រដ្ឋមន្រ្ដីនាយសមុទ្ររបស់អាណានិគមបារាំងជាមួយ និងលោក អង់សាំង អូរីយ៉ូ ប្រធានាធិបតី នៃសាធារដ្ឋបារាំង និង បាវ ដាយ ជាអធិរាជអាណ្ណាម ដែលកិច្ចព្រមព្រៀងនោះ តម្រូវឲ្យមានការផ្ដល់នូវលក្ខន្ដិកៈពិសេសចំពោះជនជាតិភាគតិច ដែលមិនមែនជាយួន ក្នុងនោះ និយាយរួមទាំងខ្មែរក្រោមផងដែរ ។

លោក តាំង សារៈ បានលើកឡើងទៀតថា អាស្រ័យដោយរដ្ឋាភិបាលវៀតណាម មិនបានផ្ដល់លក្ខន្ដិកៈណាមួយសម្រាប់ជនជាតិភាគតិចដែលរស់នៅក្នុងទឹកដីវៀតណាម ពិសេសគឺខ្មែរក្រោមនោះហើយទើបនៅឆ្នាំ ១៩៦៩ អ្នកតំណាងរាស្រ្ដខ្មែរក្រោមចំនួន ៦ រូបរួមមានលោក កៀង សូក លោក តាំង បា ស្វឹង លោក យ័ញ កឿង លោក ចៅ សូកកាន លោក ថាច់ ផែន និងលោក យ័ញ ណើ បានសរសេរ លក្ខន្ដិកៈសម្រាប់ខ្មែរក្រោម ដែលរស់នៅក្នុងប្រទេសវៀតណាម ស្នើ ទៅរដ្ឋសភាវៀតណាមឲ្យអនុម័តទៅលើលក្ខន្ដិកៈនោះ តែត្រូវរដ្ឋសភាវៀតណាមខាងត្បូងបដិសេធដោយចំនួនសមាជិករដ្ឋសភា ដែលមានវត្តមានក្នុងអង្គប្រជុំចំនួន ៨៧ នាក់គឺមានដល់ទៅ ៥២ សំឡេង បដិសេធទល់និង ២៩ សំឡេងគាំទ្រ អនុប្បវាទ ៤ សំឡេង និង ១សំឡេងយកជាការមិនបាន ។

ដោយពុំមានលក្ខន្ដិកៈ ចែងពីសិទ្ធិរស់នៅរបស់ខ្មែរក្រោម នៅក្នុងប្រទេសវៀតណាមច្បាស់លាស់នេះហើយ ដែលធ្វើឲ្យជនជាតិដើម ខ្មែរក្រោមត្រូវទទួលរងនូវការរំលោភសិទ្ធិជាបន្ដបន្ទាប់ ពីសំណាក់ រដ្ឋការវៀតណាមរហូតដល់បច្ចុប្បន្ន ។ កត្តានេះហើយដែលតម្រូវឲ្យយើងជាខ្មែរក្រោមត្រូវធ្វើជាសិក្ខាសាលាដើម្បីស្វែងយល់ពី «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ក្រោមប្រធានបទ «របស់ជនជាតិដើមខ្មែរក្រោម» នាពេលនេះ ។

លោកបណ្ឌិត សឺន ជុំជួន អនុប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម តំបន់កម្ពុជា និងជាអនុប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ក៏ជាវាគ្មិន ១ រូបទៀតក្នុងអង្គសិក្ខាសាលាបានធ្វើបទបង្ហាញអំពីច្បាប់ សន្ធិសញ្ញា កិច្ចព្រមព្រៀងនិងសេចក្ដីប្រកាស ផ្សេងៗរបស់អង្គការសហប្រជាជាតិ និងអង្គការអន្ដរជាតិនានា នៅលើពិភាពលោក ដូចជាសេចក្ដីប្រកាសជាសកលរបស់ អ.ស.ប. ស្ដីពីសិទ្ធិមនុស្ស និងសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម ជូនអង្គសិក្ខាសាលាដើម្បីធ្វើការសិក្សាស្វែងយល់ទៅតាមឯកសារទាំងនោះ សម្រាប់ជាមូលដ្ឋានក្នុងការតស៊ូទាមទារ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ដល់ខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅក្នុងទឹកដីកម្ពុជាក្រោម ក្រោមការគ្រប់គ្រង និងត្រួតត្រារបស់ រដ្ឋាភិបាលវៀតណាម ។

នៅក្នុងអង្គសិក្ខាសាលានេះដែរ អ្នកចូលរួមបានលើកជាសំណួរ មួយចំនួនសួរទៅវាគ្មិនទាំង ២ ដោយសំណួរទី ១ លោកស្រី ថាច់ ជីវ៉ាសួរថា តើរាល់ច្បាប់ និងសេចក្ដីប្រកាសផ្សេងៗពាក់ព័ន្ធដល់ការទាម ទារសិទ្ធិស្វ័យសម្រេចរបស់ខ្មែរក្រោម តើត្រូវអនុវត្តពីណាទៅមុន? ។

លោក សឺន ជុំជួន បានឆ្លើយថា ជាដំបូងយើងត្រូវធ្វើឲ្យអន្ដរជាតិបានស្គាល់ថាខ្មែរក្រោមជានរណា មានប្រភពមកពីណា កំពុងរស់នៅ ទីណា មានអរិយធម៌យ៉ាងដូចម្ដេច និងមានភស្ដុតាងអ្វីខ្លះជាសម្គាល់?

សំណួរទី ២ កញ្ញា ចៅ ដានី ជានិស្សិតឆ្នាំទី ៤ (វគ្គបញ្ចប់) បានសួរថា តាមឯកសាររបស់អាណានិគមបារាំងបានបញ្ជាក់ថាក្នុង ១៩៤៨ ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមមានចំនួន ៤៥០.០០០ នាក់ និងនៅឆ្នាំ១៩៨៩ តាមលិខិតរបស់តំណាងរាស្រ្ដខ្មែរក្រោមទាំង ៦ រូបផ្ញើប្រគេននឹងជូនព្រះសង្ឃនិងជនរួមជាតិខ្មែរក្រោមបញ្ជាក់ថា ខ្មែរក្រោមមានជាង ២ លាននាក់ ហេតុដូចម្ដេចតួលេខខ្មែរក្រោមរបស់រដ្ឋាភិបាលវៀតណាមបច្ចុប្បន្នថាខ្មែរក្រោមមានតែជាង ១ លាននាក់ទៅវិញ? ។

លោក តាំង សារៈ ឆ្លើយថា មានកត្តា ២ យ៉ាងគឺ៖

១ – ដោយរដ្ឋាភិបាលវៀតណាមមានបំណងបំបាត់តួលេខនៃចំនួនខ្មែរក្រោមពិតប្រាកដ ដើម្បីកុំឲ្យអន្ដរជាតិមើលឃើញថា ខ្មែរក្រោមមានចំនួនច្រើន នាំឲ្យមានសម្ពាធពីអន្ដរជាតិឲ្យវៀតណាមទទួលស្គាល់ ខ្មែរក្រោមជាជនជាតិដើម ។

២ – ឬអាចថាវៀតណាមទទួលស្គាល់តែខ្មែរក្រោមណា ដែលមាននាមត្រកូលចំនួន ៧ ត្រកូលដែលស្ដេចយ៉ាឡូងរបស់យួនបង្ខំឲ្យខ្មែរក្រោមទទួលយកតាំងពីឆ្នាំ ១៨១៦ គឺត្រកូល សឺន ថាច់ យ័ញ គីម កៀង ចៅ និងនាង តែប៉ុណ្ណោះ ឯត្រកូលដទៃទៀតត្រូវគេបដិសេធថា មិនមែនជា ខ្មែរក្រោម ទើបចំនួនខ្មែរក្រោមត្រូវថយចុះយ៉ាងដូច្នេះ ។

អង្គសិក្ខាសាលាត្រូវបានបញ្ចប់ទៅវិញនៅវេលាម៉ោង ៥ និង ១០ នាទី ក្នុងថ្ងៃនោះ ៕

អត្ថបទនេះ បានចុះផ្សាយលើ ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៥ ខែកញ្ញា ឆ្នាំ ២០២៦ ទំព័រ ៤២–៤៣