គ្រា ដែលបងជួបសែនចៃដន្យ បងតែងគយគន់មិនជិនណាយ ។
បូង សំរូងសូមជួបស្រស់ឆោមឆាយ តែយើងពីរកាយសែនឆ្ងាយគ្នា ។

វិបុលគឺជាអតីតនិស្សិតមហាវិទ្យាល័យវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រមួយរូប ដែលទើបតែប្រឡងចេញពីមហាវិទ្យាល័យនេះ នាចុងឆ្នាំ ១៩៦៩ គឺមុនពេលដែលលោកឧត្តមសេនីយ៍ លន់-ណុល ធ្វើរដ្ឋប្រហារ សម្តេចព្រះ នរោត្ដម សីហនុ តែប៉ុន្មានខែប៉ុណ្ណោះ ។
ក្រោយពីប្រឡងចេញរួចហើយ វិបុលរកការងារមិនទាន់បានធ្វើផង គាប់ជួនជាពេលនោះ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងសភាព ជ្រួលច្របល់ ដោយសង្គ្រាមរវាងកងទ័ពរដ្ឋាភិបាលលោក លន់ ណុល និងកងទ័ពឧទ្ទាម ដែលមានពីរអង្គភាព គឺអង្គភាពខ្មែរក្រហម និងអង្គភាពវៀតកុង និងវៀតណាមខាងជើង ។
នាពេលនោះ វិបុលក៏សម្រេចចិត្តចូលបំរើក្នុងជួរកងទ័ព នៃ កងយោធពលខេមរជាតិ (FANK) របស់លោក លន់-ណុល ក្នុងឋានៈជាពេទ្យ ទាហានមួយរូបតាមសេចក្តីអំពាវនាវរបស់ប្រទេសជាតិ ។
គេពុំបានដឹងថា ឪពុកម្តាយរបស់វិបុលមានជាប់ឈាមជ័រជាមួយនិងខ្មែរកម្ពុជាក្រោមដែរឬអត់នោះទេ?
ប៉ុន្តែចំពោះ វិបុល វិញមានដើមកំណើតនៅខេត្តបាត់ដំបង ។ និស្ស័យរបស់ វិបុល ចូលចិត្តរាប់អាន និងចូលចិត្តសិក្សាស្រាវជ្រាវអំពីប្រវត្តិភូមិសាស្ត្រ និងព្រឹត្តិការណ៍ផ្សេងៗ នៅដែនដីកម្ពុជាក្រោមណាស់ ។
ស្របពេលដែលវិបុលចូលបំរើការនៅក្នុងអង្គភាពពេទ្យទាហានក្នុងសម័យ លន់-ណុល (សាធារណរដ្ឋខ្មែរ) ហើយពេលនោះទាហានម៉ៃហ្វក របស់ឯកឧត្តម សឺន ង៉ុក ថាញ់ ដែលសុទ្ធតែជាខ្មែរកម្ពុជា ក្រោមត្រូវបញ្ជួនមកស្រុកខ្មែរ ដើម្បីជួយប្រយុទ្ធតទល់ជាមួយកងទ័ពយួនយៀកកុងយៀកណាមខាងជើងផងនោះ ធ្វើឲ្យ វិបុល បានស្គាល់ និងបានដឹងនូវព្រឹត្តិការណ៍ផ្សេងៗនៅកម្ពុជាក្រោម កាន់តែច្បាស់ និងធ្វើឲ្យគេកាន់តែចង់ស្គាល់នូវទឹកដីកម្ពុជាក្រោមកាន់តែខ្លាំងឡើង ។
ទន្ទឹមនោះដែរ វិបុល មានមិត្តភ័ក្តិយ៉ាងជិតដិតមួយរូបជាខ្មែរ មកពីកម្ពុជាក្រោម ឈ្មោះ សឺន សំណាង មានដើមកំណើតនៅខេត្ត ព្រះត្រពាំង បច្ចុប្បន្ន ជាភ្នាក់ងារយកព័ត៌មានជូនសារព័ត៌មាន «ទុក្ខខ្មែរកម្ពុជាក្រោម» ។
លោក សឺន សំណាង បានចាកចេញពីស្រុកកំណើត តាំងពីឆ្នាំ ១៩៦០ គឺ តាំងពីតរុណវ័យមកម្លេះ ដោយមកស្នាក់នៅក្នុងកុដិរបស់ព្រះតេជព្រះគុណ ព្រះបាឡាត់ កែវ នាវត្តឧណ្ណាលោម ។
មានវេលាល្ងាចថ្ងៃមួយ វិបុល និងសំណាងបានបបួលគ្នាទៅ ពិសារភេសជ្ជៈនៅក្នុងហាងតូចមួយ ។ ក្នុងពេលពិភាក្សាលេងពីនេះពីនោះ វិបុល ក៏គេចាប់ផ្ដើមប្រយោគទៅកាន់សំណាងថា៖
វិបុល៖ សំណាង! គ្នាដូចជាចង់ស្គាល់ទឹកដីកម្ពុជាក្រោមបាន ម្តង តើត្រូវធ្វើដំណើរដោយវិធីណា សម្លាញ់ឯងជួយបង្ហាញផ្លូវគ្នាផងមើល!
សំណាងគេអង្គុយសញ្ជឹងមួយភ្លែត ទើបគេងើបឡើង ហើយឆ្លើយទៅវិបុលវិញថា៖
អូ! គ្នានឹកឃើញហើយសម្លាញ់ ពេលនេះរដ្ឋសភាជាតិកំពុងរៀបចំ ជាគណៈប្រតិភូរបស់រដ្ឋសភាមួយ ដែលដឹកនាំដោយលោក ដាញ់ សាង (១) ដើម្បីចុះទៅធ្វើទស្សនកិច្ច និងសាកសួរសុខទុក្ខបងប្អូនខ្មែរនៅដែនដីកម្ពុជាក្រោមនៅខែខាងមុខនេះ ។
ចំណែកសារព័ត៌មាន «ទុក្ខខ្មែរកម្ពុជាក្រោម» ក៏ត្រូវបានគណៈប្រតិភូនេះអញ្ជើញសមាជិកចំនួន៣រូបចូលរួមដំណើរ ក្នុងនាមជាអ្នកយកព័ត៌មានផងដែរ ។ ប៉ុន្តែពេលនេះ លោកចាងហ្វាងទើបតែជ្រើសរើសបានរូបខ្ញុំម្នាក់ ជាមួយនឹងលោកប៉ុណ្ណោះ ។ ដូច្នេះចាំខ្ញុំទៅជម្រាបគាត់ឲ្យបញ្ចូលឈ្មោះសម្លាញ់ឯងម្នាក់ទៀត ច្បាស់ជាគាត់មិនបដិសេធទេ ព្រោះលោកចាងហ្វាង និងវិបុលឯងក៏ធ្លាប់ស្គាល់គ្នាជិត ដិតដែរ មិនថាអញ្ចឹងហី?
ពេលនោះ វិបុល គេសើចសប្បាយក្នុងក្តីសង្ឃឹមថានឹងបានស្គាល់ទឹកដីកម្ពុជាក្រោម បានយល់អ្វីៗដែលគេធ្លាប់ស្រមៃឃើញក្នុងដួងចិត្តរបស់គេ ។
ថ្ងៃកំណត់នៃការធ្វើទស្សនកិច្ចរបស់សមាជិករដ្ឋសភា នៃសាធារណរដ្ឋខ្មែរទៅកាន់ដែនដីកម្ពុជាក្រោមបានមកដល់ ដោយមានលោក ដាញ់ សាង ជាតំណាងរាស្ត្រមានដើមកំណើតនៅខេត្តក្រមួនស ជាអ្នកដឹកនាំ និងមានសមាជិកគណៈប្រតិភូសរុប ២០ រូប ដែលសមាជិកខ្លះមានដើមកំណើតនៅកម្ពុជា និងខ្លះមានដើមកំណើតនៅកម្ពុជាក្រោម ដោយចម្រុះគ្នា ក្នុងនោះក៏មាន វិបុល និង សំណាង ផងដែរ ។
គណៈប្រតិភូនេះបានអញ្ជើញទៅធ្វើទស្សនកិច្ច សួរសុខទុក្ខបងប្អូនខ្មែរកម្ពុជាក្រោមក្នុងខេត្តមួយចំនួនជាអាទិ៍ គឺខេត្តព្រះត្រពាំង ខេត្តក្រមួនស និងខេត្តឃ្លាំង ជាដើម ។
អាស្រ័យដោយរូបគេ (វិបុល) ចង់ស្គាល់ចង់ដឹងឲ្យបានច្រើនអំពី ទឹកដី និងប្រជារាស្ត្រខ្មែរនៅដែនដីកម្ពុជាក្រោមនោះ គេតែងតែសុំការអនុញ្ញាតពីលោកប្រធានគណៈប្រតិភូ ដើម្បីចុះទៅខេត្តផ្សេងៗទៀត ដែលមានខ្មែរក្រោមរស់នៅ ហើយដែលគណៈប្រតិភូគ្មានគម្រោងចុះទៅទីនោះ ។
ដូចជាថ្ងៃមួយ ពេលដែលគណៈប្រតិភូបញ្ចប់ទស្សនកិច្ចចំនួនមួយថ្ងៃនៅក្នុងខេត្តឃ្លាំង (វត្តផ្នោរការ ឃុំកំពង់ធំ ស្រុកខ្សាច់) ហើយត្រូវវិលត្រឡប់មកសម្រាកនៅទីក្រុងព្រៃនគរចំនួន ២ ថ្ងៃ ដើម្បីជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីអ្នកមុខអ្នកការនៃយូន ខាងត្បូងនោះ វិបុល និងសំណាង គេបានសុំការអនុញ្ញាតពីលោក ដាញ់ សាង ដើម្បីទៅទស្សនានៅខេត្តពលលាវ ដែលមានចម្ងាយ ៥០ គីឡូ ម៉ែត្រពីទីប្រជុំជនខេត្តឃ្លាំង ។ ក្រោយពីបានទទួលការអនុញ្ញាតពីលោក ប្រធានហើយ ពួកគេក៏បានធ្វើដំណើរតាមរថយន្តឈ្នួលមួយគ្រឿង បានទៅដល់ទីរួមខេត្តពលលាវនៅវេលាម៉ោង ១១ ថ្ងៃត្រង់ ។
វិបុល និង សំណាង បានចូលទៅដល់ហាងលក់បាយមួយ ដើម្បី ទទួលទានអាហារថ្ងៃត្រង់ មុននឹងបន្តដំណើរទៅកាន់ភូមិសាស្ត្រមួយចំនួនទៀត ដែលជាទីកន្លែងយួនបានសម្លាប់ខ្មែរក្រោម កាលពីឆ្នាំ ១៩៤៥ ដូចជា កោះម្ហត្ថស្រែអំបិល (យ៉ារ៉ាយ) និងហូផុងជាដើម ដែលស្ថិតនៅចម្ងាយ ប្រហែលជា ៥០ គីឡូម៉ែត្រ ពីទីប្រជុំជនខេត្តពលលាវ និងបន្តដំណើរទៅកាន់ខេត្តទឹកខៅ្មទៀត ។
ពេលចូលក្នុងហាងបាយ ដោយ វិបុល គឺជាខ្មែរដែលមានដើម កំណើតនៅកម្ពុជាកណ្តាល ដូច្នេះ អ្នកកម្លោះយើងមិនចេះភាសាវៀតណាមទេ ។
ឯចំណែកកម្លោះ សំណាង វិញ ថ្វីបើគេមានដើមកំណើតនៅ កម្ពុជាក្រោមមែន ប៉ុន្តែដោយគាត់បានចាកចេញពីស្រុកកំណើត មករស់នៅក្នុងប្រទេសកម្ពុជាតាំងពីក្មេងមកនោះ ដូច្នេះភាសាវៀត- ណាមរបស់អ្នកកម្លោះ យើងក៏មិនពូកែដែរ ។
ដោយឃើញអ្នកកម្លោះទាំង ២ និយាយភាសាវៀតណាមបែបបិះ បើសយ៉ាងនេះ ទើបម្ចាស់ហាងបានតម្រូវឲ្យនារីខ្មែរកម្ពុជាក្រោមម្នាក់ក្នុងវ័យប្រហែលជា ១៨ ឬ ១៩ ឆ្នាំ មានឫកពាររម្យទម មានសម្រស់ស្រស់ស្អាត និងមានសំឡេងពីរោះ ប្រកបដោយសំដីទន់ភ្លន់មកសួរនាំភ្ញៀវ ។
ក្រមុំកម្ពុជាក្រោម៖ លោកមាពិសារអី? (២) ។
ដោយគ្រាន់តែឃើញភក្ត្រាដ៏ស្រស់ប្រិមប្រិយ នៃបុប្ផាមួយទង ដែលកំពុងរីកនៅលើទឹកដីដ៏កំសត់នោះ ធ្វើឲ្យវិបុលហាក់ដូចជាមានអារម្មណ៍ចម្លែកនៅក្នុងចិន្ដាភ្លាម ។ ប៉ុន្តែអ្នកនិពន្ធមិនបានដឹងថា អារម្មណ៍របស់គេពុះកញ្ជ្រោលដល់ថ្នាក់ណា ហើយក្នុងផ្លូវណានោះឡើយ ។ ពេលនេះអ្នកនិពន្ធ អាចជំរាបមិត្តអ្នកអាន និងជនរួមជាតិបានត្រឹមតែពាក្យថា៖ «គេមានអារម្មណ៍ចម្លែកនៅក្នុងហឫទ័យរបស់គេតែប៉ុណ្ណោះ» ។
ពេលនោះដោយ វិបុល បានឮសូរនារីតូចតន់ ដ៏ស្រស់សោភា និយាយភាសាខ្មែរ (តាមសំនៀងខ្មែរខេត្តពលលាវ) ផងនិងជាឱកាសផ្តើម អនុស្សាវរីយ៍ផងនោះ គេលែងត្រូវការឲ្យសំណាងជួយគេដូចជាពេលមុនៗ ទៀតហើយ គឺពេលនេះ គេប្រញាប់សួរទៅនាងក្រមុំ តូចតន់នោះភ្លាមថា៖
វិបុល៖ មានម្ហូបអីខ្លះអាម៉ុម? (អាម៉ុមក៏ជាពាក្យខ្មែរកម្ពុជាកណ្ដាល និយមហៅក្មេងស្រីដែលមានអាយុតិចជាងខ្លួនដែរ) ។
ក្រមុំកម្ពុជាក្រោម៖ ចា! លោកមា មានម្ហូបច្រើនមុខណាស់ ជា ពិសេសប្រខឿចៀន, ប្រហុកអោបជាដើមក៏មាន ។
ពេលឮសូរនារីខ្មែរកម្ពុជាក្រោមប្រាប់មុខម្ហូប ប្រខឿចៀន និង ប្រហុកអោប ធ្វើឲ្យវិបុលគេមានការងឿងឆ្ងល់យ៉ាងខ្លាំង បែរមកសួរសំណាងថា៖
-សម្លាញ់! ប្រខឿចៀន និងប្រហុកអោបនោះ ជាម្ហូបអ្វីទៅ? ហើយមានរសជាតិយ៉ាងណាដែរ?
សំណាង៖ ត្រីប្រខឿចៀន ជាត្រីទឹកប្រៃម្យ៉ាងយ៉ាងពិសេស និងមានរសជាតិឆ្ងាញ់ពិសារលើសត្រីនានាទាំងអស់នៅកម្ពុជាក្រោម ។ ឯប្រហុកអោប ក៏ជាប្រហុកដ៏កម្រមាននៅដែនដីកម្ពុជាក្រោមដែរ ។ ហើយម្ហូបទាំងពីរមុខនេះនៅកម្ពុជាមិនដែលមានទេ សម្លាញ់ឯងសាកល្បងម្ដងទៅ!
វិបុល គេងាកទៅសម្លឹងភ៍័ក្ត្រដ៏ស្រស់ស្រទន់របស់នារីខ្មែរ កម្ពុជាក្រោមរូបនោះ រួចពោលទៅកាន់នាងថា៖
-សូមនាងដាក់ប្រខឿចៀនមួយមុខ ប្រហុកអោបមួយមុខ និងសម្លរទឹកមួយមុខផងណា!
ក្រមុំកម្ពុជាក្រោម៖ ចា!
ដោយឃើញវិបុលចេះតែលួចសម្លឹង និងញញឹមញញែមទៅរកនារី កម្ពុជាក្រោមញយៗនោះ សំណាងគេព្យាយាមពញ្ញាក់វិបុលដោយយកដៃ កេះភ្លៅវិបុល ធ្វើឲ្យវិបុលភ្ញាក់ព្រើត រួចហើយសំណាងគេនិយាយទៅកាន់ វិបុលថា៖
សំណាង៖ វិបុល អ៊ីក៏សម្លឹងមុខនាងមិនដាក់ភ្នែកម្ល៉េះ ស្រឡាញ់នាងឬ?
វិបុល៖ សម្លាញ់ឯងនិយាយអីអញ្ចឹងទៅទេវ៉ី ។
សំណាង៖ បើបានជាជុ្រលស្រឡាញ់នាងហើយ គួរតែភ្ជាប់ និស្ស័យ ឬសាងអនុស្សាវរីយ៍ជាមួយនារីខ្មែរកម្ពុជាក្រោមមួយរូបទៅអី?
វិបុល៖ គ្នាក៏មានគំនិតដូចសម្លាញ់ឯងនិយាយនេះដែរ ប៉ុន្តែគ្នាគិត ឃើញថានឹងមិនបានសម្រេចដូចបំណងទេ ព្រោះយើងនៅឆ្ងាយពីគ្នា ណាស់ ដូច្នេះការកសាងអនុស្សាវរីយ៍ជាមួយនាង ប្រសិនបើនាងជ្រុលជា ស្រឡាញ់ខ្ញុំហើយ ហើយយើងត្រឡប់ទៅកម្ពុជាវិញ មិនធ្វើឲ្យនាងតូចចិត្តទេឬ?
សំណាង៖ ប៉ុន្តែបើផែនដីនេះវិលមែននោះ គ្នាជឿថាគង់តមានថ្ងៃជួបនាងទេ ដូចជាពាក្យចាស់លោកថា «បើពិតជាគូព្រេងមែន លែងអីនឹងជួប» ។
កំពុងតែជជែកគ្នា កញ្ញាតូចទន់បានយកតែទឹកកកមកជូន ពេល នោះវិបុលបានឃាត់នាង ដោយផ្តើមសំណួរទៅកាន់នាងថា៖
វិបុល៖ អត់ទោសអាម៉ុមជាខ្មែរកម្ពុជាក្រោមឬ?
ក្រមុំកម្ពុជាក្រោម៖ ចាស់! ខ្ញុំខ្មែរ (៣) ។
វិបុល៖ នាងឈ្មោះអ្វីដែរ?
ក្រមុំកម្ពុជាក្រោម៖ ចាស់! ខ្ញុំឈ្មោះ បុប្ផា ។
វិបុល៖ ស្រុកកំណើតនៅឯណា?
ក្រមុំកម្ពុជាក្រោម៖ នៅព្រៃជាប់ (៤) ។
វិបុល៖ ឆ្ងាយពីពលលាវនេះប៉ុន្មានដែរ?
ក្រមុំកម្ពុជាក្រោម៖ ចាស់! ប្រាំដណ្តប់គីឡូ (១៥ គម) សូមទោសលោកមាខ្ញុំរវល់ទៅធ្វើការសិន ។
ដោយប្រញាប់បន្តដំណើរទៅទៀតនោះ វិបុល និងសំណាង បាន ហៅម្ចាស់ហាងមកទូទាត់លុយ ។ ម្ចាស់ហាងនៅតែបញ្ញាឲ្យ បុប្ផា (ក្រមុំកម្ពុជាក្រោម) មកទទួលលុយពីភ្ញៀវទៀត ។
វិបុល៖ អស់ប៉ុន្មាន បុប្ផា? (ព្រោះគេបានស្គាល់ឈ្មោះនាងរួចហើយ) ។
បុប្ផា៖ ចាស់! អស់ប្រាំពាន់ដុងលោកមា
វិបុលគេហូតកាបូបចេញពីហោប៉ៅ និងហូតយកលុយចំនូនមួយ ម៉ឺនប្រាំពាន់ដុងហុចទៅឲ្យបុប្ផា ដោយពោលពាក្យទៅកាន់នាងថា៖
-ប្រាំពាន់នេះថ្លៃបាយ ឯមួយម៉ឺនទៀតខ្ញុំជូនបុប្ផា ទុកគ្រាន់ចាយវាយ តាមសេចក្តីត្រូវការ ។
បុប្ផាទទួលលុយពីវិបុល ដោយសម្ដែងទឹកមុខភ្ញាក់ផ្អើល និងមាន ចម្ងល់ក្នុងចិត្ត ទីបំផុតនាងក៏សួរទៅវិបុលថា៖
-ហេតុម្តេចក៏លោកមាជូនលុយខ្ញុំអីក៏ច្រើនម្លេះ?
វិបុលឆ្លើយតបទៅនាងវិញថា៖
-សូមបុប្ផាទទួលយកទៅប្រើប្រាស់តាមតម្រូវការចុះ ដោយមិនបាច់គិតគូរអ្វីច្រើនពេកទេ ។
បុប្ផា៖ ចាស់! អរគុណហើយលោកមា
ក្រោយពីកម្លោះទាំងពីរ បានចាកចេញពីហាងបាយនោះមិនបាន ប៉ុន្មានផង ភាពសប្បាយរីករាយ និងប្រាក់ចំនួនមួយម៉ឺនដុងដែលបុប្ផាខ្មែរ ក្រោមទើបតែទទួលបានពីកម្លោះភ្នំពេញនោះ បានក្លាយទៅជាទុក្ខសោកក្រៀមក្រំមួយរំពេច ។
សូមបញ្ជាក់ថា បុប្ផាដែលនៅបម្រើគេក្នុងហាងបាយនេះបានទទួល ប្រាក់ខែតែ ១៤.០០០ ដុង ប៉ុណ្ណោះក្នុងមួយខែ ។
មុននឹងបន្តរឿងរ៉ាវរបស់វិបុល និង សំណាងតទៅទៀតនោះ សូម មិត្តអ្នកអាន បង្វែរអារម្មណ៍មកតាមដានអំពីស្ថានភាពនៅក្នុងគ្រួសាររបស់ បុប្ផាម្តងវិញ ។
បុប្ផាជាកូនស្រីទោលរបស់លោក សម្បូណ៌ និងមីង សយ នៅភូមិ ព្រៃជាប់ ឃុំទឹកសាប ស្រុកជ្រោយញ ខេត្តពលលាវ ។
អតីតភាពរបស់ពូសម្បូណ៍គឺជាទាហានជើងចាស់មួយរូបមានឋានៈ ជាអស្តង់សេហ្វ ជំនាន់បារាំង ។ ក្រោយពីធ្លាក់ខ្លួនពិការមក គាត់ក៏ត្រូវបាន បញ្ចេញពីអង្គភាព ហើយវិលត្រឡប់មកស្រុកកំណើតវិញ ប្រកបមុខរបរធ្វើ ស្រែជាមួយនិងទឹកដីដ៏តិចតួច គឺ ៥ កុងដែលជាកេររបស់មីងសយ ។ ប៉ុន្តែ អាស្រ័យដោយពូសម្បូណ៍មានអាជីពធ្វើតែទាហាន មិនសូវប៉ិនប្រសប់ក្នុង ការងារធ្វើស្រែចំការនេះផង និងដោយធ្លាប់មានចរិតជាអ្នកចូលចិត្តផឹក-ស៊ី គ្មានគិតពីពេលវេលានោះផង មួយថ្ងៃៗគាត់គិតតែពីផឹកស្រាស្រវឹងរៀង រាល់ថ្ងៃ មិនសូវបានធ្វើការរកស៊ីអ្វីឡើយ ។
ចំណែកមីង សយ ក៏មានជំងឺជាច្រើននៅក្នុងខ្លួន – អាស្រ័យដោយ លោកប្តីរបស់គាត់ចេះតែធ្វើបាបផ្លូវចិត្តផង និងធ្វើបាបផ្លូវកាយផង ដូចជា ការវាយដំច្រំធាក់ទៅលើរាងកាយរបស់គាត់ ដែលធ្វើឲ្យគាត់មិនសូវមាន កម្លាំងកំហែងក្នុងការរកស៊ីដើម្បីទប់ទល់ក្នុងជីវភាពគ្រួសារ ទីបំផុតដីស្រែដែលមានចំនួនតិចតួចនោះត្រូវលក់បង្ហើយតែម្ដង ។ ហើយគ្រួសារត្រូវស្ថិត នៅក្នុងចំណោមគ្រួសារដ៏ក្រីក្របំផុតនៅក្នុងភូមិនេះ ដែលតម្រូវឲ្យវាសនា នាងបុប្ផាត្រូវទៅរកស៊ីឈ្នួលគេ ដើម្បីយកលុយកាក់បន្តិចបន្តួចមកទប់ទល់ ជីវភាពក្នុងគ្រួសារ ។
ថ្ងៃមួយ នៅក្នុងផ្ទះពូសម្បូណ៌ មានការផឹកស៊ីមួយដែលមានមនុស្ស បីបួននាក់ រួមទាំងពូសម្បូណ៍ជាម្ចាស់ផ្ទះផង ។
ចំណែកឯនៅលើគ្រែរនាបឫស្សី ក្រាលកន្ទេលនបកញ្ចាស់ឯណោះ វិញ មីងសយ កំពុងតែសម្រាន្តដកដង្ហើមហត់គឃូរ ដោយជំងឺខ្សោយបេះដូងកំពុងរើ ។
រីឯនៅលើកន្ទេលនប (កន្ទេលចចូត) ឃាំងកញ្ចាស់ដែលក្រាល ផ្ទាល់ដីឯណោះវិញ ក្រុមប្រមឹកទាំងបី-បួននាក់កំពុងស្រែកអាឡូអាឡា ដោយពុលស្រាយ៉ាងសម្បើមដៃ គ្មានបានគិតកោតរអែង ឬអាណិតអាសូរ ដល់អ្នកមានជំងឺ ឬក៏មិនទុកឲ្យអ្នកជំងឺបានសម្រាន្តដោយស្រួលឡើយ ។ ពេលនោះ ពូសម្បូណ៌ ដោយកំពុងស្រវឹងជោកទន់បបូរមាត់ហើយនោះ បានស្រែកជំទាលទារស្រាពីប្រពន្ធ ដែលកំពុងដេកដកដង្ហើមហត់គឃូរនោះថា៖
-នែ! ម៉ែបុប្ផា ទៅទិញស្រាឲ្យម៉ាលីត្រទៀតមើល៍!
មីងសយ៖ ឪវាអើយ ខ្ញុំគ្មានលុយឯណាទៀតទេ ទើបតែទៅទិញថ្នាំ បណ្តាក់ (ជឿ) គេ អម្បាញ់មិញនេះ រង់ចាំបីបួនថ្ងៃទៀត បុប្ផាមកពីពលលាវ ទើបមានលុយសងគេ ។ ឪវាឯងក៏ល្មមឈប់ដែរហើយ ។
គ្រាន់តែឮមីង សយ ឆ្លើយតបទៅពូសម្បូណ៌ មិនទាន់ទាំងចប់ប្រយោគផង ជនប្រមឹកមួយរូបបានបន្លឺសំដីក្នុងភាពទន់ជ្រាយ ដោយស្រវឹងជោគស្លាបនោះថា៖
យើ! តាបូ ហ្នឹងប្រពន្ធ ក៏ម៉ែវ៉ើយ បើប្រពន្ធអញវិញណា អញមិនទុក អោយឆ្លើយប៉ប៉េះដូចនេះទេវ៉ើយ ហើយបើហ៊ានឆ្លើយ អញវ៉ៃទាល់តែងាប់អញប្រាប់ ។
(នៅមានត)
អត្ថបទនេះ បានចុះផ្សាយលើ ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៥ ខែកញ្ញា ឆ្នាំ ២០២៦ ទំព័រ ៥៤–៥៨





