ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ញើសារចូលរួមរំលែកទុក្ខគ្រួសារ លោក ត្រាន់ឆាត-ប៊ុត

វ៉ាស៊ីនតោន, សហរដ្ឋអាមេរិក៖ លោក សឺន ហួរ ជាអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានផ្ញើសាររំលែកទុក្ខជាផ្លូវការទៅកាន់ក្រុមគ្រួសារ លោក ត្រាន់ឆាត ប៊ុត ដែលជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រកម្ពុជាក្រោម និងជាស្ថាបនិកមិត្តសមាគមខ្មែរកម្ពុជាក្រោមនៅប្រទេសបារាំង បន្ទាប់ពីលោកបានទទួលមរណភាព កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៨៦ ឆ្នាំ ។

ក្នុងលិខិតរំលែកទុក្ខ ចុះថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៦ លោក សឺន ហួរ បានសម្ដែងនូវក្ដីសោកស្ដាយយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់បញ្ញវន្តខ្មែរក្រោមមួយរូប ដែលបានលះបង់ពេលវេលាជាច្រើនក្នុងជីវិត ដើម្បីចងក្រងប្រវត្តិសាស្ត្រ និងលើកកម្ពស់ការយល់ដឹងអំពីដែនដីកម្ពុជាក្រោម ។

ដោយចាត់ទុកមរណភាពរបស់ លោក ត្រាន់ឆាត-ប៊ុត ជាការបាត់បង់ធនធានបញ្ញវន្តដ៏មានតម្លៃមួយរូបរបស់សង្គមខ្មែរក្រោម លោក សឺន ហួរ បានថ្លែងក្នុងលិខិតរំលែកទុក្ខយ៉ាងដូច្នេះថា៖

“មរណភាពរបស់ លោក ត្រាន់ឆាត-ប៊ុត បានធ្វើឱ្យខ្ញុំបាទ យើងខ្ញុំ ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក មានការសោកស្ដាយជាពន់ពេក បានបាត់បង់ធនធានបញ្ញវន្តខ្មែរក្រោមមួយរូបដ៏កម្រ និងបានចំណាយពេលវេលាជាច្រើនក្នុងជីវិត ដើម្បីចងក្រងប្រវត្តិសាស្ត្រ និងលើកកម្ពស់ការយល់ដឹងអំពីកម្ពុជាក្រោម” ។

ប្រសាសន៍នេះបានបង្ហាញពីការវាយតម្លៃរបស់ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ចំពោះគុណសម្បត្តិរបស់ លោក ត្រាន់ឆាត-ប៊ុត ជាពិសេសការចូលរួមចងក្រងឯកសារប្រវត្តិសាស្ត្រ និងផ្សព្វផ្សាយចំណេះដឹងអំពីកម្ពុជាក្រោម ដល់សាធារណជន និងកូនចៅខ្មែរក្រោមជំនាន់ក្រោយ ។

យោងតាមលិខិតដដែល លោក ត្រាន់ឆាត-ប៊ុត មានដើមកំណើតនៅភូមិព្រែកពិន្ទង ស្រុកកំពង់ធំ ខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ។ លោកត្រូវបានគេស្គាល់តាមរយៈសកម្មភាពសមាគម និង សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសបារាំង ព្រមទាំងការងារនិពន្ធពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រកម្ពុជាក្រោម ។

ក្នុងនាមជាស្ថាបនិក «មិត្តសមាគមខ្មែរកម្ពុជាក្រោមនៅប្រទេសបារាំង» និងជាអ្នកសរសេរប្រវត្តិសាស្ត្រ លោកតែងតែត្រូវបានអញ្ជើញធ្វើវាគ្មិន និងថ្លែងសុន្ទរកថាស្ដីពីរឿងរ៉ាវនៅដែនដីកម្ពុជាក្រោមជាញឹកញាប់ នៅក្នុងអង្គប្រជុំនានារបស់សមាគម និង សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសបារាំង ។ ចំណែកស្នាដៃនិពន្ធរបស់លោក ក៏ជាផ្នែកមួយនៃការរក្សាទុកឯកសារ និងការចងចាំអំពីប្រវត្តិសាស្ត្រកម្ពុជាក្រោមផងដែរ ។

ការបាត់បង់បញ្ញវន្តខ្មែរក្រោមមួយរូប ដែលបានចំណាយពេលវេលាសិក្សា និងចងក្រងប្រវត្តិសាស្ត្រជាតិ បានធ្វើឲ្យឱ្យមានការសោកស្ដាយក្នុងចំណោមថ្នាក់ដឹកនាំ និងសមាជិក សហព័ន្ធខ្មែរកម្ពុជាក្រោម ដូចដែលបានបញ្ជាក់ក្នុងលិខិតរំលែកទុក្ខនេះ ។

នៅក្នុងលិខិតដដែល លោក សឺន ហួរ ក៏បានបួងសួងសូមឲ្យ លោក ត្រាន់ឆាត-ប៊ុត បានទៅកាន់សុគតិភព និងសម្ដែងការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ចំពោះក្រុមគ្រួសារសព ។

សូមបញ្ជាក់ថា លោក ត្រាន់ឆាត – ប៊ុត បាននិពន្ធសៀវភៅប្រវត្តិសាស្ត្រមួយចំនួនជា «កម្ពុជាក្រោម អំណាចគ្មានខ្មែរក្រោម», «កម្ពុជាក្រោមខ្មែរ និងវិបត្តិអន្តរជាតិ» ដែលមានខ្លឹមសារ ពាក់ព័ន្ធដែនដីកម្ពុជាក្រោម និងសៀវភៅមួយទៀត មានឈ្មោះថា «វៀតណាម ឬស្រុកយួន ពីដើមកំណើតដល់ឆ្នាំ ១៩៧៥» ស្ដីពីប្រវត្តិស្ដីពីប្រទេសវៀតណាម ។ ស្នាដៃទាំងនេះ ជាឯកសារមួយដែលមានតម្លៃសម្រាប់អ្នកចាប់អារម្មណ៍សិក្សាស្រាវជ្រាវអំពីដែនដីកម្ពុជាក្រោម និងប្រវត្តិសាស្ត្ររបស់ជនជាតិដើមខ្មែរក្រោម ៕