ដោយ ថាច់ ប្រីជា គឿន
ការមានទីស្នាក់ការផ្ទាល់ខ្លួននៅរដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី. សហរដ្ឋអាមេរិក គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏សំខាន់របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ទីស្នាក់ការនេះបានបង់ថ្លៃទិញផ្ដាច់ជាកម្មសិទ្ធិនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ និងសម្ពោធជាផ្លូវការនៅថ្ងៃទី ១២ និង ១៣ ខែកក្កដា ឆ្នាំ២០២៥ ។ ក្រៅពីជាកន្លែងបំពេញការងារ ទីនេះក៏ជាកន្លែងតម្កល់ និងបង្ហាញប្រវត្តិសាស្ត្រ វប្បធម៌ និងស្មារតីតស៊ូរបស់ខ្មែរក្រោម ដោយមានរូបសំណាក ឧកញ៉ាសេនាបតី សឺន គុយ នៅមុខទីស្នាក់ការជានិមិត្តរូបដ៏សំខាន់ ។
សមិទ្ធផលនេះ កើតចេញពីការរួមចំណែករបស់ថ្នាក់ដឹកនាំ សមាជិក ព្រះសង្ឃ ប្រជាពលរដ្ឋ និងអ្នកគាំទ្រទូទាំងពិភពលោក ដែលបានឧបត្ថម្ភថវិកាជាង ៣៧០,០០០ ដុល្លារក្នុងរយៈពេលមិនដល់ពីរឆ្នាំ ។ ក្នុងនោះ ប្រមាណ ២៨០,០០០ ដុល្លារសម្រាប់សងថ្លៃទិញអគារ ប្រមាណ ៨០,០០០ ដុល្លារសម្រាប់ជួសជុលកែលម្អ និងនីតិវិធីពាក់ព័ន្ធ និងប្រមាណ ១០,០០០ ដុល្លារសម្រាប់ដឹកជញ្ជូន និងរៀបចំការកសាងរូបសំណាក ។ ការរួមចំណែកនេះ បានធ្វើឲ្យ សហព័ន្ធខ្មែរកម្ពុជាក្រោម មានទីស្នាក់ការអចិន្ត្រៃយ៍ និងមានមូលដ្ឋានតស៊ូយូរអង្វែង ដើម្បី «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» នៃប្រជាជាតិខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។
១ . សាវតារនៃការបង្កើតទីស្នាក់ការ ស.ខ.ក.៖
ការបង្កើត ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី វ៉ាស៊ីងតោន ឌី.ស៊ី. សហរដ្ឋអាមេរិក គឺជាគម្រោងសំខាន់មួយ កើតចេញពីតម្រូវការជាក់ស្តែងក្នុងការពង្រឹងការងាររបស់ ស.ខ.ក. នៅលើឆាកអន្តរជាតិ ជាពិសេស ក្នុងវិស័យការទូត និងការតស៊ូមតិដោយសន្តិវិធី ។ គំនិតនេះត្រូវបាន លោក ម៉ៅ មុនី ដែលកាលនោះជាអនុប្រធានទីមួយ នៃ ស.ខ.ក. លើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការនាយក ស.ខ.ក. អំពីតម្រូវការចាំបាច់ និងសារៈសំខាន់របស់ទីស្នាក់ការ ។ គណៈកម្មការនាយក ស.ខ.ក. បានបើកកិច្ចប្រជុំទូរសន្និបាតនៅថ្ងៃទី ២៤ ខែសីហា និងថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៤ បានសម្រេចជាឯកច្ឆន្ទអនុម័តឱ្យសហព័ន្ធទិញអគារមួយខ្នងតម្លៃ $១០០.០០០ (មួយសែនដុល្លារសហរដ្ឋអាមេរិក) សម្រាប់ធ្វើជាទីស្នាក់ការរបស់ខ្លួននៅរដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី. ។ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ ស.ខ.ក. បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការមួយស្ដីពីគម្រោងទិញទីស្នាក់ការ និងបានអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រនៅជុំវិញពិភពលោក ឲ្យចូលរួមចំណែកតាមលទ្ធភាព ដើម្បីឱ្យគម្រោងនេះសម្រេចបានជោគជ័យ ។
ការសម្រេចទិញទីស្នាក់ការនេះ ក៏ជាការឆ្លើយតបទៅនឹងការងារដែល ស.ខ.ក. ត្រូវបំពេញជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី. នៃសហរដ្ឋអាមេរិក ។ ថ្នាក់ដឹកនាំសហព័ន្ធ តែងតែធ្វើដំណើរទៅក្រុង វ៉ាស៊ីងតោន ឌី.ស៊ី. ដើម្បីជួបមន្ត្រីរដ្ឋាភិបាល តំណាងស្ថាប័ន និងភាគីពាក់ព័ន្ធដើម្បីលើកឡើងពីស្ថានភាពសិទ្ធិមនុស្ស សិទ្ធិជនជាតិដើម និងបញ្ហាពាក់ព័ន្ធនឹងពលរដ្ឋខ្មែរក្រោនៅដែនដីកម្ពុជាក្រោម ។
ដូច្នេះ ការមានទីស្នាក់ការផ្ទាល់ខ្លួននៅទីក្រុងនេះ ត្រូវបានចាត់ទុកថា ជាមូលដ្ឋានសម្រាប់សម្រួលការងារ និងបង្កើនភាពជាប់លាប់ នៃសកម្មភាពការទូត និងការតស៊ូមតិយូរអង្វែងរបស់សហព័ន្ធ ។
២. គោលបំណងនៃការបង្កើតទីស្នាក់ការ៖
ទីស្នាក់ការបង្កើតឡើង មានគោលបំណងសំខាន់ៗជាច្រើន ។ ទីមួយ គឺធ្វើជាមជ្ឈមណ្ឌលសម្រាប់ការងាររបស់ ស.ខ.ក. នៅសហរដ្ឋអាមេរិក ជាពិសេស ការងារតស៊ូមតិដោយសន្តិវិធី និងអហិង្សាផ្ដោតលើវិស័យការទូត និងការចូលរួមនៅក្នុងវេទិកាអន្តរជាតិ ។ ទីពីរ សម្រួលដល់ការងាររបស់ថ្នាក់ដឹកនាំ និងតំណាងសហព័ន្ធ ដែលត្រូវធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីងតោន ដើម្បីជួបពិភាក្សា និងរាយការណ៍ជូនមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងស្ថាប័នពាក់ព័ន្ធអំពីស្ថានភាពប្រជាជននៅកម្ពុជាក្រោម ។ ទីបី ទីស្នាក់ការត្រូវបានរៀបចំជាមជ្ឈមណ្ឌលឯកសារ និងបណ្ណាល័យសម្រាប់រក្សាទុកឯកសារ ប្រវត្តិសាស្ត្រ ឯកសារការទូត ឯកសារតស៊ូមតិ និងស្នាដៃនានារបស់ ស.ខ.ក. ។ ឯកសារទាំងនេះមានគោលបំណងបម្រើដល់និស្សិត អ្នកសិក្សា អ្នកស្រាវជ្រាវ អ្នកតស៊ូមតិសិទ្ធិមនុស្ស អ្នកនយោបាយ និងសាធារណជន ដែលមានបំណងសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ និងបញ្ហារបស់ខ្មែរក្រោម ។ ទីបួន រក្សាទុកជាមរតកឯកសារនៃការងាររបស់ ស.ខ.ក. ដើម្បីឱ្យមនុស្សជំនាន់ក្រោយអាចសិក្សា និងឈ្វេង យល់ពីដំណើរវិវត្តនៃការតស៊ូមតិរបស់ ស.ខ.ក. ។
៣. ការចូលរួមគាំទ្រ និងការបរិច្ចាគថវិកា៖
គម្រោងបង្កើតទីស្នាក់ការនេះ មិនមែនជាស្នាដៃរបស់បុគ្គល ឬក្រុមណាមួយតែម្នាក់ឡើយ ប៉ុន្តែជាលទ្ធផលនៃការចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រ ស.ខ.ក. នៅជុំវិញពិភពលោក ។ ក្នុងនោះ មានការចូលរួមគាំទ្រពីមហាជន និងបានបរិច្ចាគថវិកាសរុបប្រមាណ ៣៧០,០០០ ដុល្លារអាមេរិក ត្រូវបានប្រើប្រាស់សម្រាប់គម្រោងទីស្នាក់ការនេះ ដោយរួមមាន៖
២៨០,០០០ ដុល្លារ សម្រាប់បង់ថ្លៃពេញ ឬបង់ផ្ដាច់ថ្លៃទិញទីស្នាក់ការ ។ ៨០,០០០ ដុល្លារ សម្រាប់ការជួសជុលកែលម្អ និងនិធីវិធីពាក់ព័ន្ធ ផ្សេងៗ ។ ១០,០០០ ដុល្លារ សម្រាប់ការកសាងរូបសំណាក និងដឹកជញ្ជូនរូបសំណាក ឧកញ៉ា សឺន គុយ មកពីប្រទេសកម្ពុជា ។
សកម្មភាពនៃការចូលរួមទាំងនេះ បានបង្ហាញឲ្យឃើញពីការ គាំទ្ររួមដល់ការតស៊ូមតិរបស់ ស.ខ.ក. និងសុឆន្ទៈចំពោះការបង្កើតមូលដ្ឋានការងារជាអចិន្ត្រៃយ៍មួយនៅក្នុងរដ្ឋធានីសហរដ្ឋអាមេរិក ។
ក្នុងរយៈពេលមិនដល់ពីរឆ្នាំផង ថ្នាក់ដឹកនាំ សមាជិក សមាជិកានិងអ្នកគាំទ្រ ស.ខ.ក. បានរួមគ្នាបរិច្ចាគថវិកាតាមលទ្ធភាពរៀងៗខ្លួន ដើម្បីធ្វើឱ្យគម្រោងដែលបានចាប់ផ្ដើមពីគំនិតក្នុងកិច្ចប្រជុំមួយ បានក្លាយទៅជាទីតាំងជាក់ស្តែងសម្រាប់បម្រើការងារដល់ការតស៊ូមតិ ។
៤. ទីតាំង និងនិមិត្តសញ្ញានៃទីស្នាក់ការ៖
ទីស្នាក់ការ ស.ខ.ក. ស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី. ដែលជាមជ្ឈមណ្ឌលរដ្ឋបាល និងនយោបាយរបស់សហរដ្ឋអាមេរិក និង ជាទីតាំងប្រមូលផ្ដុំដោយស្ថានទូត និងស្ថាប័នការទូតជាច្រើនពីជុំវិញពិភពលោក ។
ដោយសារតែទីស្នាក់ការ មានទីតាំងនៅតាមបណ្ដោយផ្លូវតភ្ជាប់ទៅកាន់តំបន់សំខាន់ៗជាច្រើនក្នុងរដ្ឋធានី ទីស្នាក់ការត្រូវបានមើលឃើញថា មានភាពងាយស្រួលសម្រាប់ការទំនាក់ទំនង និងការងារតស៊ូមតិជាមួយស្ថាប័នពាក់ព័ន្ធ ។
តាមការបកស្រាយរបស់សហព័ន្ធ ទីតាំងនេះក៏មាននិមិត្តសញ្ញាដែលភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រ និងគោលបំណងរបស់ខ្លួនផងដែរ ។ ក្នុងនោះ គេឃើញផ្លូវមួយដែលអាចតភ្ជាប់ពីទីស្នាក់ការទៅកាន់សេតវិមាន មានឈ្មោះ Independence ដែលមានន័យថា «ឯករាជ្យ» ។ ពាក្យនេះ ត្រូវបានសហព័ន្ធយកមកភ្ជាប់ជាមួយគោលគំនិតអំពីសិទ្ធិរបស់ប្រជាជាតិមួយក្នុងការកំណត់អនាគតរបស់ខ្លួនគឺ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ។
មួយទៀត គឺលេខអាសយដ្ឋាន 4953 របស់ទីស្នាក់ការ ។ តាមការបកស្រាយរបស់សហព័ន្ធ លេខ 49 ត្រូវបានភ្ជាប់ទៅនឹងឆ្នាំ១៩៤៩ ដែលជាឆ្នាំបារាំងផ្ទេរដែនដីកម្ពុជាក្រោមឲ្យទៅយួនបន្តធ្វើអាណានិគមលើខ្មែរក្រោម ខណៈលេខ 53 ត្រូវបានភ្ជាប់ទៅនឹងឆ្នាំ១៩៥៣ ដែលជាឆ្នាំកម្ពុជាទទួលបានឯករាជ្យពីបារាំង ។
លើសពីនេះ ការបូកលេខ ៤ + ៩ + ៥ + ៣ = ២១ ត្រូវបាន សហព័ន្ធយកមកធ្វើជានិមិត្តសញ្ញាមួយទៀត ដោយភ្ជាប់ទៅនឹងចំនួន២១ ខេត្ត នៅដែនដីកម្ពុជាក្រោម ។
ដោយហេតុនេះ ទីស្នាក់ការនេះត្រូវបានផ្ដល់នូវអត្ថន័យលើសពីការជាអគារសម្រាប់ធ្វើការរដ្ឋបាល ។ តាមទស្សនៈរបស់សហព័ន្ធ វាក៏ជានិមិត្តរូបនៃការរក្សាអត្តសញ្ញាណ ប្រវត្តិសាស្ត្រ ឯកសារ និងការបន្តការងារតស៊ូមតិរបស់ ស.ខ.ក. នៅលើឆាកអន្តរជាតិ ។
៥. ការទិញជាកម្មសិទ្ធិ ការសម្ពោធ និងការសងផ្ដាច់ប្រាក់កម្ចី៖
ស.ខ.ក. ត្រូវបានតំណាងដោយលោកអធិបតី សឺន ហួរ ចុះហត្ថលេខាការទិញទីស្នាក់ការនេះ និងបានបង់ថ្លៃពេញផ្ដាច់ជាកម្មសិទ្ធិនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ។
បន្ទាប់មក ទីស្នាក់ការត្រូវបានជួសជុល និងកែលម្អឲ្យប្រសើរឡើង ដើម្បីឱ្យអគារអាចប្រើប្រាស់បានជាកន្លែងធ្វើការរបស់សហព័ន្ធ ក្នុងនោះ មានប្រជុំ ទទួលភ្ញៀវអន្តរជាតិ អ្នកសិក្សា និងអ្នកស្រាវជ្រាវ ជាដើម ។
ក្រោយការរៀបចំរួចរាល់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំពិធីសម្ពោធជាផ្លូវការ និងមានកិច្ចអភិសេករូបសំណាក ឧកញ៉ា សឺន គុយ នៅថ្ងៃទី ១២ និង ១៣ ខែកក្កដា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក អ្នកគាំទ្រ ព្រះសង្ឃ និងភ្ញៀវពាក់ព័ន្ធ ជា ឱឡារិកអធិកអធមក្រៃលែង ។
ការសម្ពោធនេះបានក្លាយជាចំណុចសំខាន់មួយក្នុងប្រវត្តិ នៃការបង្កើតទីស្នាក់ការ ស.ខ.ក. នៅរដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី. ព្រោះវាបានបង្ហាញថា គម្រោងដែលចាប់ផ្ដើមពីការពិភាក្សា និងការអំពាវនាវឱ្យមានការចូលរួមពីមហាជន បានឈានដល់ដំណាក់កាលដែលអគារអាចប្រើប្រាស់ជាផ្លូវការ ។
នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ នៅក្នុងមហាសន្និបាតពិភពលោកលើកទី ១២ ស.ខ.ក. បានទូទាត់សងផ្ដាច់ប្រាក់កម្ចីទាំងស្រុង ចំពោះថវិកាដែលខ្លួនបានខ្ចីសមាជិក ដើម្បីបង់ពេញផ្ដាច់ថ្លៃអគារនៅ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ។ នេះចំណុចដ៏សំខាន់មួយ ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់សហព័ន្ធស្អាតស្អំនៅក្នុងអភិបាលកិច្ចផ្នែកហិរញ្ញវត្ថុ និងធ្វើឱ្យទីស្នាក់ការក្លាយជាទ្រព្យសម្បត្តិរួមមួយ ដែលអាចបម្រើការងាររបស់សហព័ន្ធក្នុងរយៈពេលយូរអង្វែង ។
សរុបសេចក្ដីមក ការបង្កើតទីស្នាក់ការនេះ គឺជាដំណើរមួយដែលចាប់ផ្ដើមពីការពិភាក្សារបស់គណៈកម្មការនាយក នៃ ស.ខ.ក. តាំងឆ្នាំ ២០២៤ បន្តទៅការអំពាវនាវ និងមានការចូលរួមបរិច្ចាគពី ជុំវិញពិភពលោក រហូតសម្រេចបាននូវការទិញអគារ ធ្វើការជួសជុលកែលម្អ ហើយសម្ពោធជាផ្លូវការ និងបានទូទាត់សងផ្ដាច់ប្រាក់កម្ចីជាស្ថាពរនៅក្នុងឆ្នាំ ២០២៦ ។
ជាមួយនឹងថវិកាប្រមាណ ៣៧០,០០០ ដុល្លារអាមេរិក ដែលបានប្រើប្រាស់សម្រាប់ការទិញ និងជួសជុលកែលម្អ ព្រមទាំងកសាងរូបសំណាកឧកញ៉ា សឺន គុយ ទីស្នាក់ការនេះ បានក្លាយជាមូលដ្ឋានសម្រាប់ការងាររបស់ ស.ខ.ក. នៅរដ្ឋធានីសហរដ្ឋអាមេរិក ។
លើសពីតម្លៃជាអគារធម្មតា ទីស្នាក់ការនេះ ត្រូវបានសហព័ន្ធកំណត់អត្ថន័យជាទីតាំងសម្រាប់បម្រើការងារការទូត ការតស៊ូមតិ ការរក្សាទុកឯកសារ និងការផ្សព្វផ្សាយចំណេះដឹងអំពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណខ្មែរក្រោម ។ និមិត្តសញ្ញានៃទីតាំង ដូចជាពាក្យ «Independence» និងលេខអាសយដ្ឋាន 4953 ក៏ត្រូវបានសហព័ន្ធភ្ជាប់ជាមួយប្រវត្តិសាស្ត្រ និងគោលគំនិតស្តីពី «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ៕
អត្ថបទនេះ បានចុះផ្សាយលើ ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៥ ខែកញ្ញា ឆ្នាំ ២០២៦ ទំព័រ ២៥–២៧





