ដោយ តាំង សារៈ
សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានចាប់ផ្ដើមមានតំណាងនៅព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ២០០០ ហើយបានពង្រឹងរចនាសម្ព័ន្ធ និងពង្រីកសកម្មភាពជាបន្តបន្ទាប់ ជាពិសេសចាប់ពីឆ្នាំ ២០០២ មក ។ សកម្មភាពមានដូចជា ការផ្សព្វផ្សាយគោលការណ៍ និងបេសកកម្ម ការភ្ជាប់ទំនាក់ទំនងជាមួយខ្មែរក្រោមនៅកម្ពុជា និងការចូលរួមក្នុងវេទិកាអន្តរជាតិរបស់ ស.ខ.ក. ។ នៅកម្ពុជាបានរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ អត្តសញ្ញាណ និងបញ្ហាប្រឈមរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម ព្រមទាំងពង្រឹងសាមគ្គីភាពជាមួយពលរដ្ឋខ្មែរក្រោមនៅជុំវិញពិភពលោក ។ ទោះបីប្រឈមនឹងកង្វះទីស្នាក់ការ ការមិនទាន់បានចុះបញ្ជី និងឧបសគ្គផ្សេងៗក្នុងការបំពេញការងារក៏ដោយ ស.ខ.ក. នៅកម្ពុជា បានបន្តសកម្មភាពផ្នែកសាសនា វប្បធម៌ សង្គម និងមនុស្សធម៌ ដោយសហការជាមួយព្រះសង្ឃ អង្គការ សមាគម និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ។ សកម្មភាពទាំងនេះរួមមានការឧបត្ថម្ភវត្តអារាម ការជួយជនភៀសខ្លួន និងជនរងគ្រោះ ព្រមទាំងការផ្ដល់អំណោយដល់កងទ័ពរងរបួស និងប្រជាពលរដ្ឋភៀសសឹក ។ អត្ថបទខាងក្រោមនេះ ជាការបង្ហាញអំពីប្រវត្តិសកម្មភាពសំខាន់ៗ និងការលំបាករបស់ ស.ខ.ក. នៅកម្ពុជា ចាប់ពីការកកើតដំបូង រហូតដល់ឆ្នាំ ២០២៦ ។
I. សេចក្ដីផ្ដើម
នៅពេលដែលមហាសន្និបាតសកលខ្មែរកម្ពុជាក្រោមលើកទី ៥ ដែលប្រព្រឹត្តទៅនៅទីក្រុងតូរ៉នតូ នៃប្រទេសកាណាដា នាខែសីហា ឆ្នាំ១៩៩៦ បានសម្រេចប្ដូរឈ្មោះ សភាធម្មនុញ្ញខ្មែរកម្ពុជាក្រោម ទៅជា សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលពេលនោះ សម្ដេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន ជាព្រះចៅអធិការវត្តសុវណ្ណមុនី សាគរ សំរោងណ្ដែត រាជធានីភ្នំពេញ ជាតំណាងអង្គការ សមាគមខ្មែរ កម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជា បាននិមន្ដទៅចូលរួមផងដែរនោះ គឺព្រះអង្គត្រូវបានចាត់ទុកថាជាតំណាង ស.ខ.ក. នៅទីនោះ (កម្ពុជា) ។ ប៉ុន្ដែអាស្រ័យដោយស្នានភាពនយោបាយនៅកម្ពុជាពុំទាន់មានស្ថេរភាពផង អាស្រ័យដោយប្រព័ន្ធឃោសនារបស់ ស.ខ.ក. នៅមានកម្រិតផង មន្រ្ដី ស.ខ.ក. ដែលធ្វើដំណើរទៅកាន់កម្ពុជា មានការយល់ដឹងពីគោលការណ៍ និងមាគ៌ារបស់ ស.ខ.ក. ពុំសូវច្បាស់លាស់ផង និងសកម្មភាពរបស់ ស.ខ.ក. ពុំទាន់បានទទួលលទ្ធផលគួរឲ្យកត់សម្គាល់ផង ទើបគេមើលឃើញថាក្នុងឋានៈជាតំណាង ស.ខ.ក. របស់ព្រះតេជព្រះគុណតំណាងនៅកម្ពុជាពុំទាន់អាចធ្វើសកម្មភាពក្នុងភាពសកម្មនៅឡើយ ។
តែទោះជាយ៉ាងណាក៏ដោយព្រះអង្គក៏គឺជាមូលដ្ឋាន សម្រាប់ការទំនាក់ទំនងរវាង ស.ខ.ក. នៅបណ្ដាប្រទេសនានាជាមួយនឹង ខ្មែរក្រោមនៅកម្ពុជា ហើយវត្តសុវណ្ណមុនីសាគរសំរោងអណ្ដែត គឺជាទីតាំងសម្រាប់បដិសណ្ឋារកិច្ចដល់មន្រ្ដី ស.ខ.ក. ដូចជាការផ្ដល់ទីកន្លែងស្នាក់នៅដល់មន្រ្ដី ស.ខ.ក. ដើម្បីឈានទៅទំនាក់ទំនងនឹងមនុស្ស ឬមជ្ឈដ្ឋានដទៃទៀតលើកិច្ចការ ស.ខ.ក. និងកិច្ចការដទៃទៀតជាដើម ។ និងនៅក្នុងដំណើរបេសកម្មជាលើកដំបូងរបស់ថ្នាក់ដឹកនាំ ស.ខ.ក. គឺលោក សឺន ទួន ដែលពេលនោះជាប្រធានប្រតិបត្តិ និងលោក ប្រាក់ សេរីវុឌ្ឍ ដែលកាលនោះជាអនុប្រធានប្រតិបត្តិ នៃ ស.ខ.ក. ទៅកម្ពុជាក្នុងចុងខែធ្នូ ឆ្នាំ ២០០០ បានពន្យល់ខ្មែរក្រោមនៅកម្ពុជាឲ្យបានជ្រួតជ្រាបពីសកម្មភាព និងបេសកកម្មរបស់ ស.ខ.ក. នៅលើឆាកអន្ដរជាតិ ។ បានធ្វើឲ្យខ្មែរក្រោមនៅកម្ពុជាចាប់ផ្ដើមជ្រួតជ្រាបនូវគោលការណ៍ និងមាគ៌ារបស់ ស.ខ.ក. បានខ្លះៗ ។
កិត្តិនាម និងកិត្តស័ព្ទរបស់ ស.ខ.ក. ចាប់ផ្ដើមមានការជ្រួតជ្រាបក្នុងមជ្ឈដ្ឋានខ្មែរក្រោម ខ្មែរកណ្ដាល រហូតដល់មជ្ឈដ្ឋានអ្នកនយោបាយខ្មែរនៅកម្ពុជាជាបណ្ដើរៗ និងកាន់តែខ្លាំងឡើងជាលំដាប់នៅក្នុងអំឡុងឆ្នាំ ២០០១ និង ២០០២ តាមរយៈសកម្មភាព ដ៏សំខាន់ ២ គឺ៖
១- សកម្មភាពចូលរួមប្រណាំងទូកក្នុងអង្គការប្រណាំងទូកអន្ដរជាតិ (IDBF) ប្រកបដោយជោគជ័យទទួលបានជ័យលាភីថ្នាក់លេខ ១ នៅទីក្រុងភីឡាដែលភៀ រដ្ឋផេនស្វីលវេននៀ (USA) នៅឆ្នាំ ២០០១ និងបានអង្គការ IDBF ទទួលស្គាល់ជាសមាជិកពេញសិទ្ធិពីពេលនោះមក ។
២- ត្រូវបានអង្គការ នៃប្រជាជាតិគ្មានតំណាងដែលហៅកាត់ថា UNPO ទទួលឲ្យចូលជាសមាជិកពេញសិទ្ធិនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០១ ។
នៅខែធ្នូ ឆ្នាំ ២០០០ នៅក្នុងដំណើរបេសកកម្មរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ KKF គឺលោក សឺន ទួន ប្រធានប្រតិបត្តិ និងលោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានទទួលបន្ទុកកិច្ចការអន្ដរជាតិ នៅកម្ពុជា ក៏បានតែងតាំងលោក ទៀ ថេន ចាងហ្វាងទស្សនាវដ្ដីឥន្រ្ទទេវី ជា អនុប្រធាន KKF ទទួលបន្ទុកទ្វីបអាស៊ី ។ ប៉ុន្ដែក្នុងរយៈពេលខ្លីមួយលោក ទៀ ថេន ក៏បានលាលែងពីតំណែងនេះទៅ ។
លុះដល់ឆ្នាំ ២០០២ លោក សឺន ទួន ជាប្រធានប្រតិបត្តិ បានតែងតាំងតំណាង KKF ថ្មីមួយប្រចាំនៅកម្ពុជាដែលមានសមាសភាពដូចខាងក្រោម៖
១-លោក តាំង សារៈ ជាប្រធានសាខា
២-លោក ថាច់ សាង (គ្រូម៉ាន់) ជាអនុប្រធាន
៣-លោក អ៊ុយ សុភ័ក្រ្ដ (ថាច់ ង៉ុក ផាក) ជាលេខាធិការ
៤-លោក គឹម សុងដា ហេរញ្ញិក ។
សមាសភាពនេះត្រូវបានកែប្រែសមាសភាពជាបន្ដបន្ទាប់ ។
ចាប់ពីពេលនោះមកទើបសកម្មភាពរបស់ KKF នៅកម្ពុជាមានភាពសកម្មគួរឲ្យកត់សម្គាល់រហូតមកដល់សព្វថ្ងៃ ។
II.សកម្មភាពរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅកម្ពុជា
នៅចុងខែធ្នូ ឆ្នាំ ២០០០ បានរៀបចំជាពិធីជួបជុំរវាងខ្មែរក្រោមនៅកម្ពុជា ដើម្បីស្ដាប់បាឋកថារបស់លោក សឺន ទួន ស្ដីពីគោលការណ៍ និងមាគ៌ារបស់ KKF ដែលរៀបចំឡើងនៅក្នុងវត្តសាមគ្គីរង្សី ហៅវត្តកម្ពុជាក្រោម ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ក្រោមការរៀបចំ និងចាត់ចែងរបស់ព្រះតេជព្រះគុណ វិជ្ជារតនប្បញ្ញា យឿន សិន ជាព្រះចៅអធិការ និងប្រធាន សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា លោក ទៀ ថេន អនុប្រធាន KKF ទទួលបន្ទុកទ្វីបអាស៊ី និង លោក តាំង សារៈ និពន្ធនាយក សារព័ត៌មាន ឧត្តមគតិខ្មែរ ។
នៅឆ្នាំ ២០០២ ដោយវត្តសាមគ្គីរង្សី ជាវត្តខ្មែរកម្ពុជាក្រោមតែ ១គត់នៅកម្ពុជាដែលទើបតែកសាងឡើងនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ១៩៩៧ មានកង្វះខាត និងក្រីក្រយ៉ាងខ្លាំង ។ ក្នុងឆ្នាំនោះ ពុំមានអ្នក ធ្វើជាអង្គកថិនដង្ហែទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តនេះទេ ទើបភិក្ខុ ថាច់ ឡែន ជាព្រះសង្ឃដែលមានវស្សាចាស់ជាងគេក្នុងវត្តនេះបន្ទាប់ពីព្រះចៅអធិការ បានស្នើលោក តាំង សារៈ ជាប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកអង្គកឋិនដង្ហែប្រគេនព្រះសង្ឃក្នុងវត្តនេះ ។ លោក តាំង សារៈ បានសម្រេចស្នើមកលោក ថាច់ តាន់តារា អធិបតី KKF ដើម្បីសាងជាអង្គកថិនមួយដង្ហែទៅប្រគេនព្រះសង្ឃក្នុងវត្តនេះ នៅក្នុងឆ្នាំនោះ ។ លោក ថាច់ តាន់តារា ក៏បានទទួលយកសំណើនេះ ។
ទើបនៅថ្ងៃ ១៣ កើត ខែកត្តិក ឆ្នាំមមី ចត្វាស័ក ព.ស. ២៥៤៦ គ.ស. ២០០២ អង្គកឋិនរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម មួយ បានដង្ហែទៅកាន់ព្រះរាជាណាចក្រកម្ពុជា (វត្តសាមគ្គីរង្សី) ជាលើកដំបូងដែលមានព្រះតេជព្រះគុណ ឡឹម ខៃ ដែលកាលនោះនៅជាគ្រហស្ថ និងលោក សឺន ថាញ់ ឡឹប (យូយ) ប្រធានសាខា KKF រដ្ឋញីវជេស៊ី (USA) ជាតំណាង KKF ទៅជាអធិបតី ក្រោមការរៀបចំ និងចាត់ចែងរបស់សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា ។
ឆ្នាំ ២០០២ លោក តាំង សារៈ ប្រធានសាខាសហព័ន្ធ នៅកម្ពុជាត្រូវបានលោក សឺន ទួន ប្រធានប្រតិបត្តិរបស់សហព័ន្ធ អញ្ជើញមកកាន់សហរដ្ឋអាមេរិកជាលើកដំបូង ដើម្បីទទួលការណែនាំស្ដីពីរបៀបរបបវិធានការណ៍ និងផែនការអនុវត្តសកម្មភាពរបស់សាខាសហព័ន្ធនៅកម្ពុជា ។
ឆ្នាំ ២០០៤ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅកម្ពុជា បានបញ្ជូនព្រះសង្ឃខ្មែរក្រោមចំនួន ២ ព្រះអង្គពីកម្ពុជា គឺ ព្រះតេជព្រះគុណ យ៉ានថាត ព្រះចៅអធិការវត្តអង្គតាមិញ និង ព្រះតេជព្រះគុណ កាន សុផានណារិទ្ធ ដែលកាលនោះ ជាព្រះចៅអធិការវត្តព្រែកប្រា រាជធានីភ្នំពេញ ចូលរួមសម័យប្រជុំនៃគណៈកម្មាធិការអចិន្ដ្រៃយ៍ អ.ស.ប. ស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅទីស្នាក់ការ អ.ស.ប. នាទីក្រុង ញីវយ៉ក (USA) ។
ឆ្នាំ ២០០៥ ថ្ងៃទី ៤ ខែសីហា នៅពេលដែលខ្មែរក្រោមបានភៀសខ្លួនពីដែនដីកម្ពុជាក្រោមមករស់នៅកម្ពុជា អាស្រ័យដោយការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលវៀតណាម បានធ្វើបាតុកម្មនៅខាងមុខទីស្នាក់ការឧត្តមស្នងការ អ.ស.ប. ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំកម្ពុជា សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម បានតាមដានយ៉ាងយកចិត្តទុកដាក់ និងស្វះស្វែងរកអំណោយឧបត្ថម្ភដល់ជនភៀសខ្លួនទាំងនោះទៀតផង ។
ក្រោយពេល (UNHCR) បានបដិសេធ មិនទទួលយកជនភៀសខ្លួនខ្មែរក្រោមទាំងនោះជាជនភៀសខ្លួន សាខា (KKF) នៅកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០០៥ ដោយបញ្ជាក់ថាចំណាត់ការរបស់ (UNHCR) ដែលបដិសេធមិនទទួលស្គាល់ជនភៀសខ្លួនខ្មែរក្រោមថាជាជនភៀសខ្លួននោះ គឺពុំមានភាពយុត្តិធម៌ ព្រោះផ្ទុយពីស្មារតីនៃសេចក្ដីសម្រេចរបស់អាជ្ញាធរបណ្ដោះអាសន្ន អ.ស.ប. (UNHCR) នៅកម្ពុជាកាលពីឆ្នាំ ១៩៩២ ដែលពេលនោះលោក ប៊ូទ្រុស ប៊ុទ្រុស ហ្គាលី អគ្គលេខាធិការ អ.ស.ប និងលោក យ៉ាស៊ូប្ស៉ី អាកាស៊ី ប្រធាន UNTAC មិនអនុញ្ញាតឲ្យខ្មែរក្រោមនៅ កម្ពុជាមានសិទ្ធិបោះឆ្នោតជ្រើសរើស សមាជិកសភាធម្មនុញ្ញដែលរៀបចំដោយ UNTAC នាឆ្នាំ ១៩៩៣ ឡើយដោយចាត់ទុកខ្មែរក្រោមថាមិនមែនជាជនជាតិខ្មែរ ។
ឆ្នាំ ២០០៦ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅកម្ពុជាបានប្រារព្ធធ្វើពិធីអបអរសាទរខួបគម្រប់ ៥ ឆ្នាំ ថ្ងៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកអង្គការ UNPO នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៦ នៅក្នុងវត្តសាមគ្គីរង្សីនារាជធានីភ្នំពេញ ។
ឆ្នាំ ២០០៧ លោកប្រធាន សាខា សហព័ន្ធកម្ពុជាក្រោម បានមកចូលរួមក្នុងសម័យប្រជុំ UNPFII ជាលើកទី ២ និងបានចូលរួមក្នុងក្បួនបាតុកម្មដែលរៀបចំឡើងដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងវ៉ាស៊ីងតោន ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមដែលបានចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោមនៅខេត្តឃ្លាំងចំនួន ៩ អង្គ ដែលបានធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិសេរីជំនឿរបស់ពលរដ្ឋខ្មែរក្រោមនៅខាងមុខស្នងការដ្ឋាននគរបាលខេត្តឃ្លាំង ។
នៅឆ្នាំ ២០០៧ នេះដែរ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅ កម្ពុជា បានរៀបចំពិធីបដិសណ្ឋារកិច្ចប្រតិភូ នៃ គណៈកម្មាធិការ អចិន្រ្ដៃយ៍ អ.ស.ប. ទទួលបន្ទុកជនជាតិដើម UNPFII ដែលដឹកនាំដោយលោកស្រី វិចគី ប្រធាន UNPFII ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម មួយចំនួនរួមមាន លោក ប្រាក់សេរីវុឌ្ឍ អនុប្រធាន លោកស្រី សឺន ធីនិត លោកស្រី កៀង សុធី ព្រះតេជព្រះគុណ ធីធី ធម្មោ លោក ថាច់ ប៊ីរ៉ុង ដែលកាលណោះនៅជាព្រះសង្ឃនៅឡើយ និង លោក ត្រឹង យ៉ាប ដោយបានរៀបចំជាពិធីសំណេះសំណាលយ៉ាងពិសេសមួយរវាងគណៈប្រតិភូ UNPFII និងព្រះសង្ឃព្រមទាំងបងប្អូនខ្មែរក្រោមនៅកម្ពុជា ។ ដែលពិធីនេះរៀបចំនៅក្នុងវត្តសាមគ្គីរង្សី ។
ក្នុងឆ្នាំដដែលនោះដែរ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅ កម្ពុជាបានជូនដំណើរអ្នកស្រី សឺន ធីនិត តំណាងឲ្យ KKF ចុះទៅជួបជនភៀសខ្លួនខ្មែរក្រោម ដែលត្រូវបានអាជ្ញាធរកម្ពុជារារាំងមិនឲ្យឆ្លងដែនចូលមកកម្ពុជានៅច្រករបៀងក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ ដើម្បីជូនជាអំណោយ សម្រាប់ចំណីអាហារ និងពិនិត្យស្ថានភាព ជាក់ស្ដែងនៃជនភៀសខ្លួនទាំងនោះផង ។
នៅខែវិច្ឆិកា ឆ្នាំ ២០១០ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម បាននាំយកអំណោយរបស់ KKF ហើយចាត់ចែងយកទៅចែកជូនជនរងគ្រោះដោយបាក់ស្ពាន កោះពេជ្រនៅក្នុងព្រះរាជពិធីបុណ្យ អកអំបុក អុំទូកសំពះព្រះខែ និងលយប្រទីប ជាច្រើនរយនាក់ដែលសម្រាក់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត និងមន្ទីរពេទ្យ ព្រះគន្ធមាលា រាជធានីភ្នំពេញ ។
ចុងឆ្នាំ ២០១៥ លោក សឺន ជុំជួន អគ្គលេខាធិការសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅកម្ពុជា បានទៅចូលរួមសម័យប្រជុំដំណាច់ឆ្នាំ ២០១៥ នៅរដ្ឋវ៉ាស៊ីងតោន (USA) ។
ឆ្នាំ ២០១៦ សាខា KKF នៅកម្ពុជាដែលរួមមានលោក តាំង សារៈ លោក សឺន យឿង លោក សឺន ជុំជួន និងសមាជិកមួយចំនួនទៀត បានទៅចូលរួមវគ្គសិក្ខាសាលាស្ដីពី SGJ នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមអធិបតីភាពរបស់ ចូហ្ស័រ កូហ្វើរ ទីប្រឹក្សាជាន់ខ្ពស់ និងលោក ម៉ៅ មុនី អនុប្រធាន KKF ។
ថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៧ តំណាង សាខា ស.ខ.ក. គឺ លោក តាំង សារៈ បានទៅចូលរួមសម័យប្រជុំប្រចាំឆ្នាំ ២០១៧ ដែលធ្វើឡើងនៅវត្តពុទ្ធិកខ្មែរនាទីក្រុងឡាស់វេហ្គាស់រដ្ឋ NEVADA (USA) ។
ឆ្នាំ ២០១៧ លោក ថាច់ កេវសារ៉ាង ឧបការីប្រធាន KKF តំបន់ព្រះរាជាណាចក្រកម្ពុជា បានទៅចូលរួមសម័យប្រជុំគណៈកម្មាធិការ អចិន្រ្ដៃយ៍ អ.ស.ប. ស្ដីពីជនជាតិដើម (UNPFII) នៅទីស្នាក់ការ អ.ស.ប. នាបូរីញីវយ៉ក (USA) ។
ខែមិថុនា ឆ្នាំ ២០១៨ ថ្នាក់ដឹកនាំសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅកម្ពុជារួមមាន លោក តាំង សារៈ លោក សឺន យឿង ព្រះតេជ ព្រះគុណ ប៉ាង សូដា និង លោក គឹម រម្យមុន្នី បានទៅចូលរួមសន្និសីទ អន្ដរជាតិស្ដីពីខ្មែរកម្ពុជាក្រោម ដែលរៀបចំដោយ ស.ខ.ក. នៅ វិមានព្រឹទ្ធសភាសាធារណរដ្ឋបារាំង ដោយមានការជ្រោមជ្រែងពីលោកព្រឹទ្ធសមាជិក អង់ដ្រេកាតុលីន សមាជិកព្រឹទ្ធសភាបារាំង ។
និងនៅថ្ងៃទី ៤ ខែមិថុនា ប្រតិភូនៃសាខា KKF ប្រចាំកម្ពុជា ក៏បានទៅចូលរួមពិធីរំឭកខួប ៦៩ ឆ្នាំ កម្ពុជាក្រោមមនៅក្រោមអាណានិគមយួន នៅវត្តពោធិវង្ស នាទីក្រុងបារីស ដែលរៀបចំឡើងដោយ ស.ខ.ក. ប្រចាំទ្វីបអឺរុប ក្រោយអធិបតីភាព ព្រះតេជព្រះគុណ ងិន ភេន ។
ខែមករា ឆ្នាំ ២០១៨ លោក សឺន យឿង អនុប្រធានសាខា KKFនៅកម្ពុជា បានទៅចូលរួមសន្និបាតដំណាច់ឆ្នាំ ២០១៩ របស់ KKF នៅទីក្រុង San Jore រដ្ឋកាលីហ្វ័រញ៉ា (USA) ។
ឆ្នាំ ២០២០ លោក សឺន យឿង បានទៅចូលរួមសន្និបាតប្រចាំឆ្នាំ២០២០ របស់ KKF នៅទីក្រុងឡាស់វេហ្គាស់រដ្ឋណេវ៉ាដា (USA) ។
ឆ្នាំ ២០២២ លោក តាំង សារៈ និង លោក សឺន យឿង បានទៅចូលរួមមហាសន្និបាតលើកទី ១១ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការនាយក សម្រាប់អាណត្តិ ឆ្នាំ២០២២ – ២០២៦ នៅទីក្រុងភីឡាដែលភៀ រដ្ឋផេនស៊ីលវេនញ៉ា (USA) ។
ឆ្នាំ ២០២៤ លោក តាំង សារៈ បានទៅចូលរួមពិធី រំឭកខួបគម្រប់១១៣ ឆ្នាំ ទិវានារីអន្ដរជាតិដែលរៀបចំដោយគណៈកម្មការស្រ្ដី នៃ KKF នៅទីក្រុងភីឡាដែលភៀ និងចូលរួមពិធីអនុស្សាវរីយ៍គម្រប់ខួប២០ ឆ្នាំថ្ងៃយុវជន KKF ធ្វើសកម្មភាព ក្នុងសម័យប្រជុំ UNPFII នៅ ទីក្រុងភីឡាដែលភៀ ដដែល ។
ខែកក្កដា ឆ្នាំ ២០២៥ តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម នៅ កម្ពុជាចំនួន ២ រូបគឺ លោក តាំង សារៈ ប្រធាន KKF ប្រចាំតំនប់កម្ពុជា និងលោក សឺន ជុំជួន អនុប្រធានសាខា KKF នៅកម្ពុជា បានទៅចូលរួមពិធីសម្ភោធការិយាល័យកណ្ដាលនៃ KKF ស្ថិតនៅរដ្ឋធានី វ៉ាស៊ីនតោន ឌី.ស៊ី. ។
នៅឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ KKF តំបន់ និងសាខា KKF នៅ កម្ពុជា បានរៀបចំចាត់ចែងនូវអំណោយរបស់ KKF ដោយការវិភាគទានពីសាខា KKF ជាច្រើនដូចជា សាខា នៃរដ្ឋ Fiorina Canada ទីក្រុង Philadelphia អឺរ៉ុប រដ្ឋ Washington វត្តចន្ទរង្សី ទីក្រុង TACOMA និងសប្បុរសជននៅក្រៅប្រទេសទៅចែកជូនដល់វិរកងទ័ព និងជនភៀសសឹកដោយសង្រ្គាមរវាងកម្ពុជា និងថៃក្នុងខេត្តសៀមរាប ឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់ ជាដើម ។
ក្រៅពីកិច្ចការដោយឡែករបស់ KKF តំបន់និងសាខា KKF ប្រចាំកម្ពុជាដូចរៀបរាប់សង្ខេបខាងលើនេះលោក តាំង សារៈ ដែលជាប្រធានតំបន់ បានសហការជាមួយអង្គការ សមាគមខ្មែរកម្ពុជាក្រោម ជាពិសេសលេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅ កម្ពុជា ធ្វើកិច្ចការជាច្រើនទៀត ដូចជាការចូលរួមប្រជុំរៀងរាល់កិច្ចប្រជុំរបស់លេខាធិការដ្ឋាន ការរៀបចំពិធីបុណ្យជាតិ អន្ដរជាតិ ពិធីបុណ្យទំនៀមទម្លាប់ប្រពៃណី និងពិធីបុណ្យព្រះពុទ្ធសាសនាជាដើម ។
I. អំពីការលំបាករបស់ KKF តំបន់ប្រចាំកម្ពុជា៖
ក—ដោយ KKF នៅកម្ពុជា មិនបានចុះបញ្ជី និងពុំមានទីស្នាក់ការនៅកម្ពុជា ដូច្នេះការធ្វើសកម្មភាពផ្សេងៗត្រូវធ្វើដោយការប្រុងប្រយ័ត្ន និងមានកម្រិត ។
ខ-ក្នុងតំណាក់កាលដំបូងៗ ជាពិសេសក្នុងពេលចាត់តាំងឲ្យមានបេសកជនរបស់ KKF ដំបូងៗ (រវាងឆ្នាំ ២០០២ – ២០០៤) KKF បានឆ្លងកាត់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំងដោយមានអង្គការ សមាគមខ្មែរកម្ពុជាក្រោមខ្លះនៅកម្ពុជាបានធ្វើសកម្មភាពដើម្បីរារាំង និងបន្ទុកបង្អាក់សកម្មភាពរបស់បេសកជន KKF នៅកម្ពុជាយ៉ាងខ្លាំងក្លាធ្វើយ៉ាងណាកុំឲ្យមានសកម្មភាពរបស់ KKF នៅកម្ពុជាបានដូចជា៖
១-សមាគមខ្មែរកម្ពុជាក្រោមខ្លះបានប្ដឹងទៅក្រសួងមហាផ្ទៃចោទប្រកាន់ជា KKF បានសហការជាមួយអង្គការអន្ដរជាតិ ដើម្បីប្រឆាំងទៅលើរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលជាមិត្តដែកថែបរបស់ព្រះរាជាណាចក្រកម្ពុជា ។
២- មានសមាគមខ្មែរក្រោមខ្លះទៀតមានបំណងប្ដឹង KKF នៅ កម្ពុជាថា បានយករូបសញ្ញា (គឺរូបរាហ៊ូចាប់ច័ន្ទ) ដែលជារូបសញ្ញារបស់សមាគមគេមកធ្វើជារូបសញ្ញារបស់ KKF ។
៣- ពេលនោះសកម្មជនខ្មែរក្រោមនៅកម្ពុជា ដោយជឿទៅលើពួកក្រុមនោះផង និងដោយមានបំណងលើកកម្ពស់ នៃសមាគមរបស់ពួកគេរៀងៗខ្លួនឲ្យបានស្មើឬខ្ពស់ជាង KKF ផងមិនសូវមានអ្នកគាំទ្រKKF ទេ ។
ថ្ងៃច័ន្ទ ៩ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព. ស. ២៥៧០
រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦
ជ. សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់កម្ពុជា
ប្រធានតំបន់ សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា
អត្ថបទនេះ បានចុះផ្សាយលើ ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៥ ខែកញ្ញា ឆ្នាំ ២០២៦ ទំព័រ ៣៥–៣៩





