ព្រះសង្ឃ​អន្តោ​ប្រវេសន៍​ខ្មែរ​ក្រោម​ល្បីល្បាញ​ នៅ​អាមេរិក​ដោយ​ការ​បង្រួប​បង្រួម​ពុទ្ធសាសនា

ដោយ សុខ ខេមរា និង សាយ មុន្នី | VOA Khmer

រដ្ឋ​មីនី​សូ​តា​ — ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​ មក​ពី​បណ្តា​វត្តអារាម​នានា​ទាំង​នៅ​សហរដ្ឋអាមេរិក​ កាណាដា​ កម្ពុជា​ និង​កម្ពុជាក្រោម​ផង​នោះ​ ព្រះ​តេជគុណ​ឥទ្ធិ​មុនី​ ម៉ឹង​ សាង​ ព្រះគ្រូចៅអធិការ​វត្ត​មុនី​សុតា​រាម​ បានសម្រេច​ដល់​គោលដៅ​ជោគជ័យ​ដ៏​សំខាន់​ ដែល​មិនធ្លាប់​មាន​ពីមុន​ក្នុង​ប្រវត្តិសាស្ត្រ​វិស័យ​ពុទ្ធសាសនា​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​។

ព្រះឥទ្ធិមុនី ម៉ឹង សាង ប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក និងជាព្រះគ្រូចៅអធិការវត្តមុនីសុតារាម រដ្ឋមីនីសូតា បានផ្តល់បទសម្ភាសន៍ដល់ VOA កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA) Photo: VOA Khmer
ព្រះឥទ្ធិមុនី ម៉ឹង សាង ប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក និងជាព្រះគ្រូចៅអធិការវត្តមុនីសុតារាម រដ្ឋមីនីសូតា បានផ្តល់បទសម្ភាសន៍ដល់ VOA កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA) Photo: VOA Khmer

ព្រះអង្គ​បាន​ចងក្រង​រចនាសម្ព័ន្ធ​ព្រះសង្ឃ​ខ្មែរ​ នៅក្នុង​វត្ត​ជាច្រើន​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ឲ្យ​ក្លាយជា​សមាគម​មួយ​ ដែល​ហៅថា​ «ពុទ្ធិកសមាគម​ព្រះសង្ឃ​ខ្មែរ​ សហរដ្ឋអាមេរិក‍​» ហើយ​ព្រះអង្គ​ផ្ទាល់​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ក្លាយជា​ប្រធាន​ដឹកនាំ​អង្គការ​សាសនា​មួយ​នេះ​ ជាមួយនឹង​អនុប្រធាន​ពីរ​អង្គ​ផ្សេងទៀត​ គឺ​ព្រះ​តេជគុណ​ ព្រះ​បញ្ញា​បទី​បោ​ ប៉ាត​ សុផល​ ជា​អនុប្រធាន​ទី១​ និង​ព្រះ​តេជគុណ​ព្រះពុទ្ធ​ញ្ញាណ​ ហេង​ ស៊ី​ថុង​ ជា​អនុប្រធាន​ទី២​ ។

មាន​ថេរ​ដីកា​ទៅកាន់​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ជាច្រើន​ ដែល​ចូលរួម​ក្នុង​មហាសន្និបាត​ពុទ្ធិកសមាគម​ព្រះសង្ឃ​ខ្មែរ​ សហរដ្ឋអាមេរិក​ បុណ្យ​វិសាខបូជា​ និង​បុណ្យ​សូត្រ​ព្រះ​ត្រៃបិដក​ ក្នុង​វត្ត​មុនី​សុតា​រាម​ ក្នុង​រដ្ឋ​មីនី​សូ​តា​ ព្រះ​តេជគុណ​ ម៉ឹង​ សាង​ បាន​ប្តេជ្ញា​ជាមួយនឹង​គម្រោង​ជាច្រើន​ ក្នុង​ការ​ធ្វើឲ្យ​វិស័យ​ពុទ្ធសាសនា​មានការ​រីកចម្រើន​លូតលាស់​ដល់​កូនចៅ​ជំនាន់​ក្រោយ​។

ព្រះ​តេជគុណ​មាន​ថេរ​ដីកា​ថា​ បេសកកម្ម​របស់​សមាគម​នេះ​នឹង​ផ្តោត​ទៅលើ​ការអប់រំ​អំពី​សីល​ សមាធិ​ បញ្ញា​វិន័យ​ សម្រាប់​ប្រកាន់​ខ្ជាប់​ដើម្បី​ស្តារ​ឡើងវិញ​ ដើម្បី​រក្សា​ និង​ដើម្បី​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​កិត្យានុភាព​ល្បីល្បាញ​នៃ​ព្រះសង្ឃ​ខ្មែរ​ ដែល​ជនានុជន​ទូទៅ​ តែងតែ​គោរព​យ៉ាង​ខ្ពង់ខ្ពស់​ ខំប្រឹង​ប្រែង​បន្តវេន​ រក្សា​ព្រះពុទ្ធ​សាសនា​ ទំនៀមទម្លាប់​ប្រពៃណី​ ព្រះ​ត្រៃបិតក​ សម្រាប់​កូនចៅ​ជំ​នាន់​ក្រោយ​ៗទៀត‍​ ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់ទុក​តាំងពី​ដើម​រៀងមក​។

«ពុទ្ធិកសមាគម​ព្រះសង្ឃ​ខ្មែរ​ សហរដ្ឋអាមេរិក​យើង​ បាន​ប្រកាស​ជា​ផ្លូវការ​នូវ​លក្ខន្តិកៈ​ និង​គោលការណ៍​សម្រាប់​អនុវត្ត​ ហើយ​សមាគម​របស់​ព្រះសង្ឃ​យើង​បង្កើត​ហ្នឹង​ ថា​គឺ​មានបំណង​និង​បេសកកម្ម​ ទិសដៅ​បង្កើត​ការ​សាមគ្គីភាព​ សហប្រតិបត្តិ​ការ​គ្នា​រវាង​ព្រះសង្ឃ​និង​វត្តអារាម​នៅក្នុង​សហរដ្ឋអាមេរិក​នេះ​ ជាពិសេស​គឺថា​គោលដៅ​របស់​យើង​ដើម្បី​បង្កើន​ចំណេះ​ចេះដឹង​ និង​ការអភិវឌ្ឍន៍​ដល់​ព្រះសង្ឃ​យើង​ អភិវឌ្ឍ​តាម​វត្ត​ផង​ ហើយនឹង​ជួយការ​ផ្សព្វផ្សាយ​ព្រះពុទ្ធ​សាសនា​ផ្នែក​ខាង​សីល​ សមាធិ​ បញ្ញា‍​»។

ព្រះ​តេជគុណ​បាន​សង្កត់ធ្ងន់​ដែរ​ទៅលើ​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​អន្តរ​សាសនា​ និង​រដ្ឋាភិបាល​អាមេរិក​ដើម្បីឲ្យ​មានការ​ទទួលស្គាល់​ព្រះពុទ្ធ​សាសនា​ខ្មែរ​ អរិយធម៌​ខ្មែរ​ ដូច​ពូជសាសន៍​ដទៃទៀត​ ដែលគេ​បាន​ធ្វើ​ទំនាក់ទំនង​នោះ​។

«ហើយ​ជាពិសេស​ទៀត​គោលដៅ​របស់​យើង​ដើម្បី​លើកស្ទួយ​ព្រះពុទ្ធ​សាសនា​ក្នុង​ សហរដ្ឋអាមេរិក​ហ្នឹង​ជាមួយនឹង​សាសនា​ដទៃ​ អន្តរ​សាសនា​ហ្នឹង​ណា​ មាន​មហាយាន​ក្តី​ ហិន​យាន​ក្តី​ យើង​មាន​ទំនាក់ទំនង​ ឲ្យ​គេ​ដឹងឮ​ស្គាល់​ព្រះពុទ្ធ​សាសនា​ខ្មែរ​ យើង​នៅ​សហរដ្ឋអាមេរិក​ទៀត​ សូម្បី​រដ្ឋាភិបាល​អាមេរិក​សព្វថ្ងៃ​គេ​ដឹង​ហើយ​ គេ​ជ្រាប​ថា​មាន​ហើយ​ ប៉ុន្តែ​ឲ្យ​ថា​សំឡេង​អង្គការ​ សមាគម​ ព្រះសង្ឃ​ខ្មែរយើង​ហ្នឹង​គឺ​បាន​ទៅ​ ធ្វើ​ទំនាក់ទំនង​ដល់​សេតវិមាន​ក្តី​ ឬទៅ​ដល់​ចូល​ទៅ​ផ្លូវការ​នៅក្នុង​អង្គការសហប្រជាជាតិ​ក្តី​ ក៏​មិនទាន់​សូវ​មាន​សំឡេង​ដូចជា​ប្រទេស​ដទៃ​ទេ​។ ដូច្នេះ​យើង​ធ្វើ​នេះ​ដើម្បីឲ្យ​មានការ​ធ្វើ​ម៉េច​ឲ្យ​អន្តរជាតិ​ក្តី​គេ​ដឹង​ គេ​ឮព្រះពុទ្ធ​សាសនា​ ព្រះសង្ឃ​ខ្មែរយើង​នៅ​សហរដ្ឋអាមេរិក​នេះ​ មានការ​ចង​ផ្តុំគ្នា​ មានការ​រួបរួម​គ្នា​រក្សា​ប្រពៃណី​ រក្សា​ព្រះ​ត្រៃបិដក​ ហើយ​រក្សា​ធម៌​វិន័យ​របស់​យើង​ហ្នឹង​ផង‍​»។

ព្រះសង្ឃមកពីវត្តផ្សេងៗក្នុងសហរដ្ឋអាមេរិក កាណាដា កម្ពុជា ដែនដីកម្ពុជាក្រោម ហែប្រទក្សិណ ក្នុងថ្ងៃបុណ្យវិសាខបូជា នៅថ្ងៃ សៅរ៍ ទី២៥ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយ មុន្នី/VOA)
ព្រះសង្ឃមកពីវត្តផ្សេងៗក្នុងសហរដ្ឋអាមេរិក កាណាដា កម្ពុជា ដែនដីកម្ពុជាក្រោម ហែប្រទក្សិណ ក្នុងថ្ងៃបុណ្យវិសាខបូជា នៅថ្ងៃ សៅរ៍ ទី២៥ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយ មុន្នី/VOA)
ព្រះសង្ឃមកពីវត្តផ្សេងៗក្នុងសហរដ្ឋអាមេរិក កាណាដា កម្ពុជា ដែនដីកម្ពុជាក្រោម ហែប្រទក្សិណ ក្នុងថ្ងៃបុណ្យវិសាខបូជា នៅថ្ងៃ សៅរ៍ ទី២៥ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយ មុន្នី/VOA)
ព្រះសង្ឃមកពីវត្តផ្សេងៗក្នុងសហរដ្ឋអាមេរិក កាណាដា កម្ពុជា ដែនដីកម្ពុជាក្រោម ហែប្រទក្សិណ ក្នុងថ្ងៃបុណ្យវិសាខបូជា នៅថ្ងៃ សៅរ៍ ទី២៥ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយ មុន្នី/VOA)

ពុទ្ធិកសមាគម​ព្រះសង្ឃ​ខ្មែរ​ សហរដ្ឋអាមេរិក​ បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី២៤​ ខែ​ ឧសភា​ ឆ្នាំ២០១៩​ នៅក្នុង​ពេល​ដែល​វត្ត​មុនី​សុតា​រាម​ បាន​ធ្វើពិធី​បុណ្យ​វិសាខបូជា​ រំលឹក​គុណព្រះពុទ្ធ​និង​ពិធីបុណ្យ​សូត្រ​ព្រះ​ត្រៃបិដក​ ក្នុង​ពេល​តែមួយ​ជា​ប្រវត្តិសាស្ត្រ​ផង​ដែរ​នោះ​។

ព្រះ​តេជគុណ​ ម៉ឹង​ សាង​ ក្នុង​ព្រះជន្ម៦០​ ព្រះវស្សា​ ត្រូវ​បាន​ធានា​មកស​ហរ​ដ្ឋ​អាមេរិក​ ជា​ព្រះសង្ឃ​កាលពី​ឆ្នាំ១៩៩៦​ ដែល​មាន​រយៈពេល២៣ឆ្នាំ​មក​ហើយ​ ហើយ​ព្រះអង្គ​បាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​វត្ត​ ព្រះសង្ឃ​នានា​ ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដើម្បី​រួម​កម្លាំង​កសាង​វត្ត​មុនី​សុតា​រាម​ បង្កើត​មូលនិធិ​ជាតិ​ដើម្បី​អភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា​និង​បង្កើត​ពុទ្ធិកសមាគម​ព្រះសង្ឃ​ខ្មែរ​ សហរដ្ឋអាមេរិក​ ដែល​មានការ​អបអរសាទរ​ខ្លាំង​ពី​ក្រុម​អ្នកចូលរួម​និង​ពលរដ្ឋ​នៅក្នុង​រដ្ឋ​មីនី​សូ​តា​ និង​ពលរដ្ឋ​នៅ​ប្រទេស​ផ្សេង​ៗទៀត​រួម​ទាំង​នៅ​កាណាដា​ កម្ពុជា​ និង​ដែនដី​កម្ពុជាក្រោម​ផង​ដែរ​ បន្ថែម​លើ​គម្រោង​ការ​ផ្សេង​ៗទៀត​សម្រាប់​ព្រះពុទ្ធ​សាសនា​នៅ​តាម​រដ្ឋ​នានា​នៃ​សហរដ្ឋអាមេរិក​ និង​កម្ពុជា​ ក្រៅពី​ការ​ធ្វើ​បុ​ណ្យ​ធំៗ​ រួមបញ្ចូល​គ្នា​ក្នុង​ពេល​តែមួយ​ជា​រៀងរាល់​ឆ្នាំ​ ដូចដែល​បាន​ធ្វើ​រួមគ្នា​នៅក្នុង​វត្ត​មុនី​សុតា​រាម​នេះ​។

«ហើយ​យើង​មាន​គម្រោង៥យ៉ាង​ទៀត​។ ទី១​ យើង​នឹង​រៀបចំ​ឲ្យ​មាន​ទិវា​សម្តេច​ព្រះសង្ឃ​រាជ​ជួន​ ណាត​ ដែល​ជា​ព្រះបិតា​សង្ឃ​ បិតា​អក្សរសាស្ត្រ​ ព្រះពុទ្ធ​សាសនា​ដែល​មាន​កិត្តិគុណ​កត្តិ​សព្ទ​ដ៏​ខ្ពង់ខ្ពស់​នៅ​លើ​ឆាក​ជាតិ​ និង​អន្តរជាតិ​ ឲ្យ​មាន​ទិវា​សម្តេច​ព្រះសង្ឃ​រាជ​ហ្នឹង​ជា​រៀងរាល់​ឆ្នាំ​ ហើយ​ឲ្យ​មាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ សូមឲ្យ​អនុម័ត​ធ្វើ​ទិវា​បុណ្យ​សម្តេច​ព្រះសង្ឃ​រាជ​ជួន​ ណាត​ហ្នឹង​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ទៀត​ បាន​ឬមិន​បាន​យើង​មាន​គោលការណ៍​ ហើយ​ទី២​ គឺ​យើង​មាន​គម្រោង​ទំនាក់ទំនង​សាម​ណនិស្សិត​ដែល​រៀន​នៅ​ឧត្តម​សិក្សា​ហ្នឹង​ដើម្បី​មក​សិក្សា​នៅ​សហរដ្ឋអាមេរិក​ផង​ មួយ​ជួយ​កិច្ចការ​សមាគម​ផង​ ជួយ​កិច្ចការ​តាម​វត្ត​នានា​ ហើយ​ទី៣​ យើង​គម្រោង​ធ្វើ​សិក្ខាសាលា​ ឲ្យ​ព្រះសង្ឃ​នៅក្នុង​សហរដ្ឋអាមេរិក​ឲ្យបាន​យល់ដឹង​ពី​ច្បាប់​សហរដ្ឋអាមេរិក​ ច្បាប់​រស់នៅ​សហរដ្ឋអាមេរិក​ និង​ច្បាប់​ BR​, B1​, B2​ ច្បាប់​ R1​ ច្បាប់​អន្តោប្រវេសន៍​ ការរស់នៅ​យ៉ាងដូច​ម្តេច​ដើម្បីឲ្យ​សមស្រប​ ហើយ​ទី៤​ យើង​គម្រោង​ធ្វើ​មនុស្សធម៌​ សមាគម​ព្រះសង្ឃ​យើង​អាច​ធ្វើ​ពិ​ធី​ផ្សេង​ៗរៃ​បច្ច័យ​ហ្នឹង​ជួយ​ជា​មនុស្សធម៌​ ជួយ​ជា​សង្គមកិច្ច​ ជួយ​ដល់​អ្នក​ក្រីក្រ​ ឬក៏​យ៉ាង​ណាៗ​ យើង​អាច​ជួយ​ដូចជា​សាលារៀន​ជាដើម​ ហើយ​ទី៥ទៀត​ យើង​មាន​គម្រោង​ធ្វើបុណ្យ​ផ្កា​ក្តី​ បុណ្យកថិន​ទាន​ក្តី​ ដើម្បី​ប្រមូល​បច្ច័យ​ខ្លះ​ៗដើម្បី​ជួយ​តាម​វត្ត​នៅក្នុង​សហរដ្ឋអាមេរិក​ វត្ត​ដែល​ខ្វះខាត​ វត្ត​ដែល​កំពុង​ជួបប្រទះ​នូវ​ការសាងសង់​ជាដើម​ រឿង​ហ្នឹង​ក៏​ជា​គម្រោង​នៅក្នុង​ឆ្នាំ២០២០ដែរ‍​»។

ព្រះ​តេជគុណ​ ម៉ឹង​ សាង​៖ ប្រវត្តិ​តស៊ូ​ដើម្បី​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​ក្នុង​ព្រះពុទ្ធ​សាសនា​

ទោះជា​មាន​សកម្មភាព​ច្រើន​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​ព្រះពុទ្ធ​សាសនា​ និង​ការ​លះបង់​ខ្ពស់​ដូច្នេះ​ក្តី​ ព្រះ​តេជគុណ​ ម៉ឹង​ សាង​ បាន​កើត​ក្នុង​ត្រកូល​កសិករ​ ហើយ​ខិតខំ​តស៊ូ​ក្នុង​វ័យ​កុមារភាព​ ដោយ​បាន​ចាប់ផ្តើម​ធ្វើ​ជា​សក្ខ​លោក​ ដើម្បី​សិក្សា​រៀនសូត្រ​អក្សរសាស្ត្រ​ខ្មែរ​ គម្ពីរ​សាស្ត្រា​ស្លឹករឹត​នៅ​វត្ត​វេឡុវ័ន​ ក្នុង​ស្រុកកំណើត​ក្នុង​ភូមិ​និង​ឃុំ​ឫស្សីស្រុក​ ស្រុក​កំពង់ស្ពាន​ ខេត្ត​ព្រះត្រពាំង​ ជា​ទឹកដី​កម្ពុជាក្រោម​ ដែល​គ្រប់គ្រង​ដោយ​វៀតណាម​សព្វថ្ងៃ​ ចាប់តាំងពី​បារាំង​បាន​កាត់​ឲ្យ​វៀតណាម​ កាលពី​ថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ១៩៤៩​ ។

«ពេល​ដែល​ខ្ញុំ​ព្រះករុណា​ អាត្មាភាព​អាយុ​ ៦ឆ្នាំ​ ពេលនោះ​គឺ​ញោមស្រី​ បាន​ធ្វើ​មរណកាល​ទៅ​ នៅតែ​ញោមប្រុស​ ហើយនឹង​បង​ ហើយនឹង​លោកយាយ​ដែល​បាន​ថែទាំ​ ថែរក្សា​នៅក្នុង​វត្ត​ នៅក្នុង​ផ្ទះសម្បែង​នោះ​ ហើយ​អាយុ៧ឆ្នាំ​ បាន​ចូល​ទៅ​សិក្សា​នៅក្នុង​វត្ត​ ដែល​បើក​ ដែល​នៅ​កាលនោះ​ គេ​ហៅថា​ថ្នាក់​កុមារដ្ឋាន​ បរិវច្ចនដ្ឋាន​ អធិក​ដ្ឋាន​ មជ្ឈឹ​មដ្ឋា​ន ឧត្តម​ដ្ឋាន​ជាដើម‍​»។

ព្រះតេជគុណ ម៉ឹង សាង កាលពីពេលដែលព្រះអង្គគង់នៅក្នុងទឹកដីកម្ពុជាក្រោម។ (រូបភាពផ្តល់ឲ្យ)
ព្រះតេជគុណ ម៉ឹង សាង កាលពីពេលដែលព្រះអង្គគង់នៅក្នុងទឹកដីកម្ពុជាក្រោម។ (រូបភាពផ្តល់ឲ្យ)

ព្រះ​តេជគុណ​ ដែល​មាន​រាងកាយ​មាំមួន​ តាំងចិត្ត​ខ្ពស់​ ម៉ត់ចត់​ និង​ទឹកមុខ​ញញឹម​អង្គ​នេះ​បាន​បួស​ជា​សា​មណេ​នៅ​វត្ត​ ពោធិ​នាគ​ ហៅ​វត្ត​ រាជ​មល់​ កាលពី​ឆ្នាំ១៩៧៥​ ក្នុង​វ័យ១៦​ ឆ្នាំ​រហូត​មក​ ហើយ​បន្ត​រៀន​ក្នុង​ពុទ្ធិកវិទ្យាល័យ​ និង​បន្ត​ទៅ​សិក្សា​នៅ​សាលា​ គរុកោសល្យ​ចេះដឹង​ច្រើន​ហើយ​ ក៏បាន​ត្រូវ​គេ​ជ្រើសរើស​ឲ្យ​ធ្វើជា​គ្រូបង្រៀន​សាលា​បាលី​។

«ដូច្នេះ​ឆ្នាំ១៩៨២​ អាត្មាភាព​ក៏​សប្បាយរីករាយ​ បាន​ទៅ​បង្ហាត់បង្រៀន​សាលា​បាលី​ឆ្នាំទី២​ នៅ​វត្ត​ វេឡុវ័ន​ ឫស្សីស្រុក​ ហើយ​ឆ្នាំ១៩៨៣​ បង្ហាត់បង្រៀន​សាលា​បាលី​ថ្នាក់​ទី៣​ ហើយ​ឆ្នាំ១៩៨៤​ ឆ្នាំ១៩៨៥​ បង្ហាត់បង្រៀន​សាលា​ពុទ្ធិកវិទ្យាល័យ​ឆ្នាំទី១​ ទៀត​ជា​ឧទ្ទេសា​ចារ្យ​ ឬអាចារ្យ​បង្រៀន​ តែ​ដោយ​កាលៈទេសៈ​ទីនោះ​អាត្មាភាព​មិន​អាច​គង់នៅ​បាន​ក៏​សម្រេច​ចេញ​ចាក​អំពី​វត្ត​ វេឡុវ័ន​ ឫស្សីស្រុក​ ជាមួយ​មិត្តភក្តិ​ឈ្មោះ​ ញ៉ា​ សំណាង​ បច្ចុប្បន្ន​លាចាក​សិក្ខាបទ​ហើយ‍​»។

ព្រះ​តេជគុណ​ ម៉ឹង​ សាង​ បាន​ភៀសខ្លួន​ពី​ស្រុកកំណើត​ដែនដី​កម្ពុជាក្រោម​មក​គង់នៅ​ភូមិ​ព្រែកតានង់​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​ អស់​រយៈពេល៥ឆ្នាំ​ ដោយ​ព្រះ​តេជគុណ​មិនបាន​បញ្ជាក់​ថា​ជា​បញ្ហា​អ្វី​នោះ​ទេ​ តែ​ក្រោយមក​ព្រះ​តេជគុណ​និមន្ត​មក​គង់នៅ​ក្នុង​វត្ត​ដំបូកខ្ពស់​ និង​វត្ត​សន្សំ​កុសល​ ក្នុង​រាជធានី​ភ្នំពេញ​ចាប់តាំងពី​ឆ្នាំ១៩៩១​ មក​។

ទោះជាយ៉ាងណា​ក្តី​ ព្រះ​តេជគុណ​ក៏​ធ្លាប់​ជា​ជនរងគ្រោះ​ ដែល​នៅ​មានជីវិត​ពី​សង្គ្រាម​វៀតណាម​ដោយ​ផ្ទាល់​ផង​ដែរ​ ក្នុង​សម័យ​សង្គ្រាម​នៅ​ទសវត្សរ៍១៩៧០​ ដោយ​បាន​ឆ្លងកាត់​សង្គ្រាម​និង​រួចផុត​ជីវិត​ពី​គ្រាប់​ផ្លោង​ធ្លាក់​ជិ​តៗ​ ហើយ​ត្រូវរបួស​ និង​ឃើញ​ផ្ទាល់​ភ្នែក​នៅពេល​រត់លូន​ពេលនោះ​។

«ហើយ​ អាត្មាភាព​ជាកុសល​មួយ​ គឺ​គ្រាប់​ដែល​វា​ហើរ​ហ្នឹង​ បើ​ហើរ​ត្រូវ​ខ្លួន​វា​ស្លាប់​កាលពី​ពេលនោះ​ហើយ​ តែ​វា​ហើរ​ត្រូវ​ដាច់​ខ្នង​ គ្រាប់​គឺថា​ត្រូវ​ខ្នង​គឺ​ដាច់​ឈាម​ខ្នង​តែម្តង​។ ដល់ពេល​ត្រូវហើយ​ ត្រូវគ្រាប់​ហើយ​ហ្នឹង​អាត្មាភាព​គឺ​រត់​អត់​ដឹងខ្លួន​ទេ​ ពេល​ត្រូវគ្រាប់​រំសេវ​ អត់​ដឹងខ្លួន​ទេ‍​»។

ព្រះតេជគុណ ម៉ឹង សាង កាលពីពេលដែលព្រះអង្គគង់នៅក្នុងទឹកដីកម្ពុជាក្រោម។ (រូបភាពផ្តល់ឲ្យ)
ព្រះតេជគុណ ម៉ឹង សាង កាលពីពេលដែលព្រះអង្គគង់នៅក្នុងទឹកដីកម្ពុជាក្រោម។ (រូបភាពផ្តល់ឲ្យ)

ដោយឡែក​ក្នុង​សម័យ​ខ្មែរក្រហម​ ដែល​មាន​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ ព្រះ​តេជគុណ​ក៏បាន​ដឹង​ព័ត៌មាន​ពី​សង្គ្រាម​តាមរយៈ​វិទ្យុ​ VOA​ ផង​ដែរ​ ក្នុង​ពេល​គង់នៅ​ក្នុង​ស្រុកកំណើត​ដែនដី​កម្ពុជាក្រោម​ពេលនោះ​។

«ហើយ​ស្តាប់​តាម​ VOA​ ហ្នឹងឯង​ អាត្មា​ចូលចិត្ត​តាំងពី​នៅក្មេង​ម្ល៉េះ​ស្តាប់​គេ​ហៅថា​ វិទ្យុ​សំឡេង​ (សហរដ្ឋអាមេរិក​) ជា​ខេមរភាសា​ ផ្សាយ​នៅ​ (រដ្ឋធានី​) វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក​ហ្នឹង​ណាស់​ គឺ​តាំងពី​លោកស្រី​ អាំង​ ខេន​ លោក​ មាស​ ចន​ ហើយ​លោក​ ឈឹម​ សុ​ម៉េ​ធ ជាដើម​ហ្នឹង​ គឺ​ស្តាប់​វិទ្យុ​ព័ត៌មាន​ហ្នឹង​តាំងពី​នៅ​កម្ពុជាក្រោម​តាំងពី​នៅ​តូច​មក​ ដឹង​ព័ត៌មាន‍​»។

ការ​តស៊ូ​ក្នុង​ជីវិត​ ការ​លះបង់​ និង​សកម្មភាព​ចម្រុះ​ផ្នែក​សាសនា​របស់​ព្រះ​តេជគុណ​ឥទ្ធិ​មុនី​ ម៉ឹង​ សាង​ មិន​អាច​មានការ​មើល​រំលង​ ឬបំភ្លេច​បានទេ​ ពីសំណាក់​ព្រះសង្ឃ​ ពុទ្ធបរិស័ទ​ និង​ពលរដ្ឋ​ជាច្រើន​បានទេ​។ ជា​សក្ខីភាព​ ព្រះ​តេជគុណ​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​ព្រះគ្រូចៅអធិការ​វត្ត​ មុនី​សុតា​រាម​ និង​ជា​ប្រធាន​ពុទ្ធិកសមាគម​ព្រះសង្ឃ​ខ្មែរ​សហរដ្ឋអាមេរិក​។

ពុទ្ធបរិស័ទចូលរួមពិធីបញ្ចប់ការតែងតាំងជាប្រធាន និងអនុប្រធាន ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និងទទួលការប្រោះព្រំព្រះសុគន្ធវារី នៅថ្ងៃ សុក្រ ទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយ មុន្នី/VOA)
ពុទ្ធបរិស័ទចូលរួមពិធីបញ្ចប់ការតែងតាំងជាប្រធាន និងអនុប្រធាន ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និងទទួលការប្រោះព្រំព្រះសុគន្ធវារី នៅថ្ងៃ សុក្រ ទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយ មុន្នី/VOA)
ពុទ្ធបរិស័ទអាននិងផ្ទៀងគម្ពីរព្រះត្រៃបិតក នៅពេលព្រះសង្ឃសូត្រក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៦ ខែ ឧសភា ឆ្នាំ ២០១៩ ។ (សាយ មុន្នី/VOA)
ពុទ្ធបរិស័ទអាននិងផ្ទៀងគម្ពីរព្រះត្រៃបិតក នៅពេលព្រះសង្ឃសូត្រក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៦ ខែ ឧសភា ឆ្នាំ ២០១៩ ។ (សាយ មុន្នី/VOA)

ការ​ជឿ​ទុកចិត្ត​លើ​សមត្ថភាព​របស់​ព្រះអង្គ​ពី​ពុទ្ធបរិស័ទ​

ថ្លែងប្រាប់​ VOA​ ក្នុង​ពេល​និមន្ត​ចូលរួម​ ពិធីបុណ្យ​វិសាខបូជា​ នៅ​វត្ត​មុនី​សុតា​រាម​ កាលពី​ចុងខែ​ឧសភា​ ព្រះ​តេជគុណ​ ស ស៊ុម​ និមន្ត​មក​ពី​វត្ត​សន្សំ​កុសល​ រាជធានី​ភ្នំពេញ​ ស្គាល់​ព្រះ​តេជគុណ​ ម៉ឹង​ សាង​ តាំងពី​កុមារភាព​ ដោយសារ​រស់នៅ​ក្នុង​ស្រុកភូមិ​កំណើត​តែមួយ​ និង​ធ្លាប់​ជា​កូនសិស្ស​សាលា​បាលី​នៅ​វត្ត​សន្សំ​កុសល​។ ព្រះ​តេជគុណ​ ស ស៊ុម​ បាន​មាន​សង្ឃដីកា​ថា​៖

«តាម​ការសង្កេត​របស់​អាត្មា​ លោក​មាន​អធ្យាស្រ័យ​ច្រើន​ មានគុណ​ធម៌​ច្រើន​ ហើយ​ការរាប់​អាន​ពីសំណាក់​ព្រះអង្គ​គ្រូ​គ្រប់​ឋានានុក្រម​ទាំងអស់​ ទាំង​ប្រស​ក់​ក្តី​ ទាំង​ព្រះសង្ឃ​ក្តី​ លោក​អត់​ប្រកាន់​ទេ​ ស្រឡាញ់​រាប់​អាន​ស្មើ​ៗគ្នា​ទាំងអស់​។ អីចឹង​លោក​ទៅដល់​ទីកន្លែង​ណា​ក្តី​ក៏​លោក​ មាន​ញាតិ​ ទាំង​ផ្នែក​ព្រះសង្ឃ​ក្តី​ ទាំង​ផ្នែក​បរិស័ទ​ គ្រហស្ថ​ស្រឡាញ់​រាប់អាន​លោក​គ្រប់កន្លែង​ ហើយ​លោក​តែងតែ​ជួយ​ដល់​ការសិក្សា​ព្រះសង្ឃ​ដែល​ខ្វះខាត​ ប្រស​ក់​ក្តី​ដែល​មានការ​ខ្វះខាត​ដូចជា​នៅ​តាម​សាលារៀន​ មន្ទីរពេទ្យ​ លោក​តែងតែមាន​ការ​បរិច្ចាគ​ដូចជា​ សៀវភៅ​ កុំព្យូទ័រ​ជាដើម‍​»។

នៅក្នុង​វត្ត​សន្សំ​កុសល​ក៏ដូចជា​វត្ត​ផ្សេង​ៗទៀត​ ព្រះ​តេជគុណ​ ម៉ឹង​ សាង​ ត្រូវ​បាន​ចាត់តាំង​ឲ្យ​បង្រៀន​ធម៌​ វិន័យ​ បាលី​ ពី​សម្តេច​ព្រះធម្មលិខិត​ លាស់​ ឡាយ​ ដែល​ជា​ព្រះគ្រូចៅអធិការ​វត្ត​សន្សំ​កុសល​ និង​ជា​សង្ឃ​កំពូល១​ ព្រះអង្គ​ចេះដឹង​ធម៌​វិន័យ​ជ្រៅជ្រះ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

«លោក​ជា​ឧទ្ទេសា​ចារ្យ​ បង្រៀន​នៅក្នុង​វត្ត​សន្សំ​កុសល​ ជំនួស​សម្តេច​ព្រះធម្មលិខិត​។ សម្តេច​ព្រះធម្មលិខិត​ លាស់​ ឡាយ​ ជា​ព្រះគ្រូចៅអធិការ​វត្ត​សន្សំ​កុសល​ ហើយ​លោក​ក៏​ជា​ប្រធាន​ថេរសភា​សង្ឃ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ព្រះ​គ្រូ​អនុគណ​ខណ្ឌមានជ័យ​ និង​ជា​ព្រះគ្រូចៅអធិការ​ ហើយ​ព្រះអង្គ​ឥទ្ធិ​មុនី​ ម៉ឹង​ សាង​ លោកនិមន្ត​ទៅ​ស្នាក់នៅ​វត្ត​សន្សំ​កុសល​ ហើយក៏​មានការ​ចាត់តាំង​ពី​សម្តេច​ព្រះធម្មលិខិត​ លាស់​ ឡាយ​ ព្រះអង្គ​ឲ្យ​បង្រៀន​ជំនួស​ព្រះអង្គ‍​»។

ព្រះ​តេជគុណ​ ស ស៊ុម​ បាន​មាន​សង្ឃដីកា​បន្ថែម​ថា​ តួនាទី​ជា​ប្រធាន​ពុទ្ធិកសមាគម​ព្រះសង្ឃ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ គឺ​សាក​សមនឹង​ព្រះ​តេជគុណ​ ម៉ឹង​ សាង​ ដែល​មានការ​ជ្រើសរើស​ក្នុងចំណោម​បេក្ខភាព​ជាច្រើន​ ដោយ​ព្រះសង្ឃ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។

ព្រះតេជគុណ ស ស៊ុម គង់នៅវត្តសន្សំកុសល ចូលរួមពិធីបុណ្យសាសនាធំៗនៅវត្តមុនីសុតារាម រដ្ឋមីនីសូតា។ (សុខ ខេមរា/VOA)
ព្រះតេជគុណ ស ស៊ុម គង់នៅវត្តសន្សំកុសល ចូលរួមពិធីបុណ្យសាសនាធំៗនៅវត្តមុនីសុតារាម រដ្ឋមីនីសូតា។ (សុខ ខេមរា/VOA)

«ចំពោះ​អាត្មា​ជា​កូនសិស្ស​ផ្ទាល់​របស់​ព្រះអង្គ​ក៏​មាន​សេចក្តី​ត្រេកអរ​ ហើយ​មោទនភាព​ដែរ​ ដែល​ព្រះអង្គ​បាន​លះបង់​ពេលវេលា​ចេញ​ចាក​ពី​ភូមិកំណើត​ ពី​ស្រុកកំណើត​យ៉ាង​ឆ្ងាយ​ រសាត់​អណ្តែត​ តាំងពី​ទឹកដី​កម្ពុជាក្រោម​ រហូតមកដល់​ដែនដី​កម្ពុជា​ រហូត​រសាត់​មកដល់​ប្រទេស​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​ជឿនលឿន​មួយ​ ហើយ​ព្រះ​ អង្គ​ក៏បាន​ទទួល​តួនាទី​ជាច្រើន​សព្វថ្ងៃ‍​»។

សមាជិក​គណៈ​កម្មា​ការ​វត្ត​ដែល​ជា​ក្រុមអភិបាល​វត្ត​មុនី​សុតា​រាម​មួយ​រូប​ គឺ​លោក​ អ៊ូ​ ប៉េង​ សាន​ បាន​ថ្លែងប្រាប់​ VOA​ ថា​ ព្រះ​តេជគុណ​ ម៉ឹង​ សាង​ ជា​ព្រះសង្ឃ​មានការ​តាំង​ព្រះទ័យ​មុត​ស្រួច​។

«និយាយដោយសង្ខេប​គឺ​លោក​ជា​អ្នក​ស្វាហាប់​ មិន​រាថយ​ ក្នុង​ការ​បំពេញ​គោលបំណង​ គោលដៅ​ ឲ្យ​មានការ​រីកចម្រើន​នៅក្នុង​ទីវត្ត​ គោលដៅ​ធំ​មួយទៀត​គឺ​ការ​រីកចម្រើន​ផ្នែក​ព្រះពុទ្ធ​សាសនា​នៅក្នុង​សង្គម​ខ្មែរ​ លោក​មាន​មេត្តាករុណា​ខ្ពស់​ លោក​មិនសូវ​ខឹងច្រឡោត​ លោក​ជា​អ្នក​ញញឹមញញែម​ទៅ​រក​ពុទ្ធបរិស័ទ​ផង​ទាំងពួង​ ជា​អ្នក​ទន់ភ្លន់​ប្រកបដោយ​ចិត្តមេត្តា​ករុណា‍​»។

លោក​ អ៊ូ​ ប៉េង​ សាន​ បាន​អះអាង​ថា​ ព្រះ​តេជគុណ​ ម៉ឹង​ សាង​ បាន​ធ្វើសកម្មភាព​ច្រើន​ចាប់តាំងពី​បាន​និមន្ត​មកដល់​វត្ត​មុនី​សុតា​រាម​ ដែល​ពេលនោះ​ពុទ្ធបរិស័ទ​បាន​ទិញ​ដី​ ចំនួន​ប្រមាណ​ ៤២​ acres​ ឬស្មើនឹង​ ១៧​ ហិ​កតា​ រួមមាន​ទាំង​ផ្ទះ​ចាស់​ និង​រោង​មួយ​តែប៉ុណ្ណោះ​។

លោក អ៊ូ ប៉េងសាន សមាជិក​គណៈកម្មាការ​វត្ត​ដែល​ជាក្រុម​អភិបាល​វត្ត​មុនីសុតារាម ផ្តល់បទសម្ភាសន៍ដល់ VOA កាលពីថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៩ រដ្ឋមីនីសូតា។ (សាយ មុន្នី/VOA)
លោក អ៊ូ ប៉េងសាន សមាជិក​គណៈកម្មាការ​វត្ត​ដែល​ជាក្រុម​អភិបាល​វត្ត​មុនីសុតារាម ផ្តល់បទសម្ភាសន៍ដល់ VOA កាលពីថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៩ រដ្ឋមីនីសូតា។ (សាយ មុន្នី/VOA)

«ដូច្នេះ​គឺ​លោក​ចាប់​និមន្ត​មកដល់​ភ្លាម​គឺ​លោក​ចាប់ធ្វើការ​កសាង​ពី​ត្រឹម​ហ្នុង​មក​។ ការ​កសាង​របស់​លោក​ គឺថា​មុនដំបូង​បង្អស់​គឺ​កសាង​ព្រះវិហារ​ និយាយ​ឲ្យ​ខ្លី​ទៅ​លោក​មានដំណើរ​ការ​កសាង​តាំងពី​និមន្ត​មកដល់​ភ្លាម​ លោក​ធ្វើ​ធម្មយាត្រា​ទៅ​ណេះ​ទៅណោះ​ សុទ្ធតែ​ក្នុង​កិច្ចការ​ស្វែងរក​កិច្ចការ​រីកចម្រើន​ក្នុង​ទីវត្ត​ទាំងអស់​ ចាប់ផ្តើម​ធ្វើ​វត្ត​បាន​ហើយ​ លោក​ស្រ​ម័យ​ឃើញថា​ បាន​ជាទី​តាំង​ជា​ព្រះវិហារ​ធំដុំ​សម​ ជាវ​ត្ត​ដើម្បី​ឆ្លើយ​ទៅតាម​សេចក្តី​ត្រូវការ​របស់​ពុទ្ធបរិស័ទ​ទាំងឡាយ​ ដោយ​ត្រូវការ​ធ្វើបុណ្យ​ធ្វើទាន​រួចហើយ​ នឹកឃើញ​ថា​ទីវត្ត​អារាម​ បើ​មានតែ​ប៉ុណ្ណឹង​មិនទាន់​សព្វគ្រប់​ លោក​ធ្វើការ​ទាក់ទង​ឲ្យបាន​ជា​ព្រះបរមសារីរិកធាតុ​ សក្យមុនី​ហ្នឹង​ និមន្ត​មក​តាំង​ដម្កល់​នៅក្នុង​វត្ត​មុនី​សុតា​រាម​ ដូច្នេះ​លោក​ក៏បាន​និមន្ត​ទៅ​ប្រទេស​ស្រីលង្កា​ ដើម្បី​ធ្វើការ​ទាក់ទង​ជាមួយ​ព្រះសង្ឃ​ជាន់ខ្ពស់​ អាជ្ញាធរ​ព្រះសង្ឃ​នៅ​ទីនោះ​ ដើម្បីឲ្យ​បាន​ព្រះបរមសារីរិកធាតុ​ ហើយ​ខ្ញុំ​បាន​ដង្ហែ​លោក​ទៅ​ប្រទេស​ស្រីលង្កា​ដែរ​ បាន​នាំ​ព្រះបរមសារីរិកធាតុ​មក​ដង្កល់​នៅ​ទីនេះ​។ ព្រះបរមសារីរិកធាតុ​នឹង​ដម្កល់​នៅ​លើ​ចេតិយ​ដ៏​ប្រណិត​ តែសព្វថ្ងៃ​ធ្វើ​ចេតិយ​ហ្នឹង​មិនទាន់​ហើយ​ លោក​បានឃើញ​ស្រាប់​ តែ​ប្រហែល​ហើយស្រេច​នៅ​ឆ្នាំ​ក្រោយ​ៗ‍​»។

លោក​ ស្រ៊ុ​ន តាំង​ហ៊ា​ង ដែល​ជា​ពុទ្ធសាសនិក​ជន​មួយ​រូប​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វត្ត​មុនី​សុតា​រាម​ រដ្ឋ​មីនី​សូ​តា​ បាន​កោតសរសើរ​ពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​តេជគុណ​ ម៉ឹង​ សាង​ ដែល​លោក​ធ្លាប់​និមន្ត​ទៅ​សូត្រ​មន្ត​ ធ្វើពិធី​បុណ្យ​តាម​ព្រះពុទ្ធ​សាសនា​នៅផ្ទះ​របស់​លោក​ និង​បរិច្ចាគ​ជាច្រើន​រួមចំណែក​ក្នុង​ការ​កសាង​វត្ត​ដូចជា​ក្លោងទ្វារ​វត្ត​ រូបសំណាក​ព្រះអង្គ​ចូល​បរិនិព្វាន​ជាដើម​។

លោក ស្រ៊ុន តាំងហ៊ាង ម្ចាស់រោងចក្រ និង​ក្រុមហ៊ុន​ឈ្មោះ Quality Tech Services ក្នុង​សង្កាត់ Bloomington រដ្ឋមីនីសូតា ផ្តល់បទសម្ភាសន៍ដល់ VOA កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
លោក ស្រ៊ុន តាំងហ៊ាង ម្ចាស់រោងចក្រ និង​ក្រុមហ៊ុន​ឈ្មោះ Quality Tech Services ក្នុង​សង្កាត់ Bloomington រដ្ឋមីនីសូតា ផ្តល់បទសម្ភាសន៍ដល់ VOA កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

«ទី១​ ដោយ​យល់ឃើញ​ថា​ វត្ត​មុនី​សុតា​រាម​ អ្នកស្រុក​មុនី​សូ​តា​ គឺជា​តំណាង​ (culture​) វប្បធម៌​ខ្មែរយើង​ តំណាង​ខ្មែរយើង​នៅ​សហរដ្ឋអាមេរិក​ គឺថា​ការ​ជោគជ័យ​ក្នុង​ការ​កសាង​វត្ត​មុនី​សុតា​ គឺជា​ស្នាដៃ​របស់​លោក​ ព្រះ​តេជគុណ​ ម៉ឹង​ សាង​ ហើយ​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត​និង​នៅ​រដ្ឋ​ដទៃ​ គឺ​មាន​ជំនឿ​លើ​លោក​ ដល់​អីចឹង​គេ​នាំគ្នា​ឧបត្ថម្ភ​ដើម្បី​កសាង​។ ដល់​អីចឹង​យើង​អាច​ធ្វើជា​មជ្ឈមណ្ឌល​ ជា​តំណាង​ខ្មែរ​មួយ​ (culture​) វប្បធម៌​ខ្មែរ​មួយ​ ដែល​ថា​ខ្មែរយើង​មានការ​លូតលាស់​ ខ្មែរយើង​មិនមែន​ជា​មនុស្ស​ព្រៃ​ទេ​ ឲ្យ​ឃើញថា​ ឃើញ​ទេ​ ខ្មែរយើង​មាន​វប្បធម៌​មួយ​ខ្លាំង​ណាស់​។ អីចឹង​ទេ​បើ​យើង​កសាង​មាន​ដូច​ជា​ក្លា​ងទ្វារ​វត្ត​ព្រោះថា​ វា​មាន​រូបចម្លាក់​ចេញ​ជាខ្មែរ​មក​ ដើម្បីឲ្យ​ឃើញថា​ គេ​មើល​មកឃើញ​ថា​ អូ​!នេះ​ជា​របស់​ខ្មែរ​ ហេតុ​ដូចនេះ​ជា​តំណាង​ខ្មែរ​រយៈពេល១០០ឆ្នាំ​ ២០០ឆ្នាំទៅ​មុខ​ទៀត​ គឺថា​ខ្មែរ​នៅ​ទីនេះ‍​»។

លោក​ ខេង​ គឹ​មស្រ៊ា​ន ជា​ពុទ្ធបរិស័ទ​វត្ត​មុនី​សុតា​រាម​ ហើយ​ជា​អ្នក​ធ្លាប់​បួស​ជាច្រើន​ ឆ្នាំ​ដែរ​នោះ​ បាន​ថ្លែង​ថា​ ព្រះ​តេជគុណ​ ម៉ឹង​ សាង​ មាន​ព្រះទ័យ​សម្បុរស​ រាក់ទាក់​ប្រកបដោយ​សមត្ថភាព​ ដែល​អាច​ដឹកនាំ​វត្ត​និង​ពុទ្ធិកសមាគម​ថ្មី​មួយ​ឲ្យ​មានការ​រីកចម្រើន​ទៅមុខ​ ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​។

លោក ខេង គឹមស្រ៊ាន ពុទ្ធបរិស័ទប្រចាំវត្តមុនីសុតារាម ផ្តល់បទសម្ភាសន៍ដល់ VOA នៅរដ្ឋមីនីសូតា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
លោក ខេង គឹមស្រ៊ាន ពុទ្ធបរិស័ទប្រចាំវត្តមុនីសុតារាម ផ្តល់បទសម្ភាសន៍ដល់ VOA នៅរដ្ឋមីនីសូតា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

«ខ្ញុំ​គិតថា​ នឹងអាច​ព្រោះ​តាម​សមត្ថភាព​ព្រះ​តេជគុណ​ម៉ឹង​ សាង​ ផ្ទាល់​ ហើយ​ព្រះ​តេជគុណ​ក៏​ធ្វើជា​គំរូ​ដល់​ព្រះ​សង្ឃ​ផ្សេង​ៗទៀត​ ហេតុដូច្នេះ​ ខ្ញុំ​ក៏​ជឿជាក់​ថា​ ព្រះ​សង្ឃ​ផ្សេង​ៗទៀត​ ដែល​និមន្ត​មកស​ហរ​ដ្ឋ​អាមេរិក​សុទ្ធតែ​មាន​សមត្ថ​ភាព​ខ្ពស់​ៗ តែ​ហេតុអ្វីបានជា​រើស​រើស​ព្រះ​តេជគុណ​ម៉ឹង​ សាង​ ឲ្យ​ធ្វើជា​ប្រធាន​ពុទ្ធិកសមាគម​នេះ​ ដោយសារ​ខ្ញុំ​គិតថា​ ដូច​ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា​ សម្លឹង​ទៅ​មើល​សមត្ថភាព​ផ្ទាល់ខ្លួន​ទី២​ លើ​ប្រជាប្រិយ​ភាព​ បានន័យ​ថា​ ទាល់តែ​លោក​មាន​សមត្ថភាព​គ្រប់គ្រាន់​បាន​អាច​ដឹកនាំ​វត្ត​នេះ​បាន​រីកចម្រើន​ប៉ុណ្ណេះ​។ ប្រសិនបើ​លោក​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ ប្រហែលជា​មិន​អាច​ដឹកនាំ​វត្ត​មុនី​សុតា​រាម​នេះ​ឲ្យបាន​រីកចម្រើន​ទេ​ ដូច​អស់លោក​ឃើញ​ហើយ​ ការ​រីកចម្រើន​នេះ​បាន​មក​ពី​ស្នាដៃ​របស់​ព្រះ​តេជគុណ​ឥទ្ធិ​មុនី​ ម៉ឹង​ សាង​ ផ្ទាល់​ហើយក៏​ខ្ញុំ​ជឿជាក់​ថា​ ព្រះ​តេជគុណ​នឹងអាច​ដឹកនាំ​ឲ្យ​ពុទ្ធិកសមាគម​ហ្នឹង​ឲ្យ​រីកចម្រើន​បាន​ដែរ‍​»។

វត្ត​ព្រះពុទ្ធ​សាសនា​ខ្មែរ​មាន​ចំនួន១៤១​ ដែល​មានការ​ទទួលស្គាល់​តាមច្បាប់​ពេញ​ លេញ​នៅ​លើទឹក​ដីស​ហរ​ដ្ឋ​អាមេរិក​ ដែលគេ​ចាត់ទុកថា​ជា​ប្រទេស​មាន​សេរីភាព​ ពេញលេញ​ខាង​ផ្នែក​ជំនឿ​សាសនា​នេះ​៕