UNPO ធ្វើមហាសន្និបាតលើកទី ២១ នៅទីក្រុងឡាអេ បញ្ជាក់ជាថ្មីអំពីជំហរសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង

អង្គការប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង (UNPO) បានរៀបចំមហាសន្និបាតលើកទី ២១ នៅទីក្រុងឡាអេ ប្រទេសហុល្លង់ កាលពីថ្ងៃទី ២៩ និង ៣០ ខែសីហា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីតំណាងប្រជាជាតិ និងប្រជាជនជាសមាជិក ដើម្បីពិភាក្សាអំពីសិទ្ធិមនុស្ស ការតំណាង និង «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ព្រមទាំងអនុម័តសេចក្ដីសម្រេច និងជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មី សម្រាប់អាណត្តិ ២០២៦ – ២០៣០ ។ ក្នុងឱកាសនេះ តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានចូលរួម និងលើកឡើងអំពីស្ថានភាព និងបញ្ហារបស់ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម រាយការណ៍ដល់អង្គមហាសន្និបាត ផងដែរ ។ មហាសន្និបាតបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ UNPO ក្នុងការលើកកម្ពស់សិទ្ធិរបស់ប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង និងបន្តជំរុញឲ្យមានការចូលរួម តស៊ូដោយសន្តិវិធី ដើម្បីសមភាព សេចក្ដីថ្លៃថ្នូរ និង «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» នៅក្នុងប្រព័ន្ធអន្តរជាតិ ។

ទីក្រុងឡាអេ ប្រទេសហុល្លង់ – អង្គការប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង (Unrepresented Nations and Peoples Organization — UNPO) បានរៀបចំមហាសន្និបាតលើកទី ២១ នៅទីក្រុងឡាអេ ប្រទេសហុល្លង់ កាលពីថ្ងៃទី ២៩ និង ៣០ ខែសីហា ឆ្នាំ ២០២៦ ដោយ មានការចូលរួមពីតំណាងប្រជាជាតិ និងប្រជាជនជាសមាជិករបស់ UNPO ដើម្បីពិនិត្យសកម្មភាពការងារ ពិភាក្សាពីបញ្ហាដែលប៉ះពាល់ដល់សហគមន៍នានា អនុម័តសេចក្តីសម្រេច និងជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មី ។ មហាសន្និបាតលើកនេះ បានប្រព្រឹត្តទៅក្នុងបរិបទដែល UNPO ពិពណ៌នាថា ពិភពលោកកំពុងប្រឈមនឹងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយយ៉ាងឆាប់រហ័ស សម្ពាធកាន់តែខ្លាំងលើប្រព័ន្ធពហុភាគី និងបញ្ហាហិរញ្ញប្បទានសម្រាប់អង្គការដែលធ្វើការលើសិទ្ធិមនុស្ស និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ។ ក្នុងឱកាសនេះ សមាជិកបានបញ្ជាក់ជាថ្មីថា ប្រជាជនគ្រប់រូបមានសិទ្ធិកំណត់អនាគតនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ខ្លួន ។

លោក ម៉ៅ មុនី ជាប្រធានប្រតិបត្តិ និង លោក ត្រឹង សារ៉ុង ជាប្រធានសភាព្រឹទ្ធាចារ្យ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងនាមជាសមាជិក គណៈកម្មការនាយក នៃ UNPO ក៏ត្រូវបានអញ្ជើញឲ្យចូលរួមប្រជុំនៅក្នុងមហាសន្និបាតនេះ ផងដែរ ដើម្បីរាយការណ៍អំពីស្ថានភាពរបស់ខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម និងពិភាក្សាលើកិច្ចការរបស់ UNPO ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក UNPO នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ និងនៅក្នុងមហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានរៀបចំនៅរដ្ឋធានី Washington ឌី.ស៊ី. សហរដ្ឋអាមេរិក កាលពី ខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅនេះ ក៏បានរំឭកដល់ខួប ២៥ ឆ្នាំ ដែលខ្លួនបានចូលជាសមាជិក UNPO ផងដែរ ។

ថ្នាក់ដឹកនាំថ្មី អាណត្តិ ២០២៦–២០២៨ របស់ UNPO៖

មហាសន្និបាតបានបោះឆ្នោតជ្រើសរើសអ្នកស្រី Rubina Greenwood មកពី Sindh ជាប្រធាន UNPO សម្រាប់អាណត្តិ ២០២៦–២០២៨ ។ លោក Abdirahman Mahdi មកពី Ogaden និង លោកស្រី Sofia Amini មកពី Iranian Kurdistan ត្រូវបានជ្រើសរើសជាអនុប្រធាន ខណៈលោកស្រី Tammy Breedt មកពី Afrikaners ត្រូវបានជ្រើសរើសជាហេរញ្ញិក ។

សមាជិកនៃគណៈនាយកផ្សេងទៀត រួមមាន លោកសមាជិក ព្រឹទ្ធសភា Paul Strauss មកពី District ofColumbia សហរដ្ឋ អាមេរិក លោក Mourad Amellal មកពី Kabylia អ្នកស្រីសមាជិកព្រឹទ្ធសភា Tina MunaBarnes មកពីកោះ Guam សហរដ្ឋ អាមេរិក នាង Zumretay Arkin មកពី East Turkestan អ្នកស្រី Nancy Sinay មកពី South Moluccas និង Deedagh Jamalzhi មកពី West Balochistan និងអ្នកស្រី Ariadna Heinz មកពី Catalonia ។

យោងតាម UNPO គណៈកម្មការនាយកថ្មីនឹងបន្តយកប្រធានបទ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ជាចំណុចស្នូលនៃការងារ និងបន្តការតស៊ូមតិដោយសន្តិវិធី ដើម្បីលើកយកបញ្ហា និងបំណងប្រាថ្នារបស់ ប្រជាជាតិ និងប្រជាជនដែលគ្មានតំណាងជូនទៅអ្នកធ្វើសេចក្តីសម្រេចចិត្ត និងស្ថាប័នអន្តរជាតិ ។

ជំរុញការពិភាក្សាអំពី «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ៖

មហាសន្និបាតនេះ បានធ្វើឡើងបន្ទាប់ពីសន្និសីទក្រោមប្រធានបទ «បញ្ជាក់ឡើងវិញអំពីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» (Re-Imagining Self-Determination) លើកទី ២ ដែលប្រព្រឹត្តទៅ នៅ ទីក្រុងឡាអេ នាថ្ងៃទី ២៧ និង ២៨ ខែសីហា ក្នុងឱកាសគម្រប់ខួប ៣៥ ឆ្នាំរបស់ UNPO ។ សន្និសីទបានផ្តោតលើបញ្ហាតំណាង និងការរួបរួមសាមគ្គីភាពរបស់ប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង ។ ក្នុងសេចក្តីប្រកាសរបស់សន្និសីទ UNPO បានបញ្ជាក់ឡើងវិញអំពីសិទ្ធិស្មើគ្នារបស់ប្រជាជនគ្រប់រូបក្នុងការ «សម្រេចវាសនាខ្លួន» និងសិទ្ធិកំណត់អនាគត នៃនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ។ ការពិភាក្សាក៏បានលើកឡើងពីសារៈសំខាន់នៃការចូលរួម និងការតំណាងប្រកបដោយអត្ថន័យ ការការពារប្រវត្តិសាស្ត្រ អត្តសញ្ញាណ និង វប្បធម៌ ព្រមទាំងការរួបរួមគ្នារវាងប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង ។

ជាមួយគ្នានេះ UNPO ក៏បានកត់សម្គាល់ពីទាំងឱកាស និង ហានិភ័យដែលបច្ចេកវិទ្យាឌីជីថលបង្កើតឡើង សម្រាប់ការតស៊ូមតិ ដោយរួមមានការឃ្លាំមើល ការបំភិតបំភ័យ និងព័ត៌មានមិនពិត ។

បន្តការងាររួម ដើម្បីពង្រឹងសំឡេងរបស់ប្រជាជាតិគ្មានតំណាង៖

មហាសន្និបាតលើកទី ២១ បានបញ្ចប់ដោយការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ UNPOចំពោះ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» និងសិទ្ធិរបស់ប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង ។

UNPO បានអំពាវនាវឱ្យអង្គការក្នុងតំបន់នានា នៅអាហ្វ្រិក អាស៊ី អឺរ៉ុប អាមេរិក មជ្ឈិមបូព៌ា និងតំបន់ប៉ាស៊ីហ្វិក បង្កើតយន្តការ និងវេទិកាអចិន្ត្រៃយ៍ដែលមានអត្ថន័យ ដើម្បីឱ្យប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង អាចលើកឡើងពីបញ្ហារបស់ខ្លួនដោយសន្តិវិធី ការ ពារសិទ្ធិ និងចូលរួមក្នុងការសម្រេចចិត្តដែលប៉ះពាល់ ដល់អនាគតរបស់ពួកគេ ស្របតាមគោលការណ៍សិទ្ធិមនុស្ស សមភាព សេចក្តីថ្លៃថ្នូរ និង «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ។

ជាមួយគ្នានេះ មហាសន្និបាតក៏បានថ្លែងអំណរគុណដល់ លោកស្រី Mercè Monje Cano សម្រាប់ការបម្រើការងារជាមួយ UNPOអស់រយៈពេល ៧ ឆ្នាំ ក្នុងនោះជិត ៤ ឆ្នាំក្នុងតួនាទីអគ្គលេខាធិការ និងបានជូនពរឱ្យលោកស្រីទទួលបានជោគជ័យក្នុងដំណើរ បន្ទាប់របស់ខ្លួន ។

ការប្រជុំនៅទីក្រុងឡាអេបានក្លាយជាចំណុចសំខាន់មួយសម្រាប់ UNPO ក្នុងឆ្នាំដែលអង្គការនេះ ប្រារព្ធខួប ៣៥ ឆ្នាំ ដោយបន្តផ្តោតលើការលើកកម្ពស់ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ការតំណាង និងសាមគ្គីភាពរបស់ប្រជាជាតិ និងប្រជាជនដែលមិនទទួលបានតំណាងពេញលេញនៅក្នុងប្រព័ន្ធអន្តរជាតិ ៕

អត្ថបទនេះ បានចុះផ្សាយលើ ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៥ ខែកញ្ញា ឆ្នាំ ២០២៦ ទំព័រ ៧–៨