មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម

ប្រធានបទ «សាមគ្គីដើម្បីអនាគតរបស់យើង ផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋខ្មែរក្រោមគ្រប់រូប ការតស៊ូមតិដើម្បីសិទ្ធិនៃប្រជាជនរបស់យើង»

បាវចនា «សំឡេងនីមួយៗ សុទ្ធតែសំខាន់ ។ សកម្មភាពនីមួយៗ សុទ្ធតែមានតម្លៃ»

មហាសន្និបាតពិភពលោកលើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៦ នៅរដ្ឋធានីវ៉ាស៊ីនតោន ឌី.ស៊ី. សហរដ្ឋអាមេរិក ក្រោមប្រធានបទ «សាមគ្គីដើម្បីអនាគតរបស់យើង» ដោយមានថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រមកពីជុំវិញពិភពលោកចូលរួម ។ អង្គមហាសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈកម្មការនាយកសម្រាប់អាណត្តិ ២០២៦–២០៣០ កំណត់ផែនការសកម្មភាព និងអនុម័ត «សេចក្ដីប្រកាសក្រុងវ៉ាស៊ីនតោន ឌី.ស៊ី. ២០២៦» ដែលមានគោលការណ៍ ១០ ចំណុច សំដៅពង្រឹងសាមគ្គីភាព ការពារសិទ្ធិមនុស្ស និងអត្តសញ្ញាណជនជាតិដើមខ្មែរក្រោម ពង្រីកការតស៊ូមតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងធានានិរន្តរភាពនៃចលនាតស៊ូរបស់សហព័ន្ធ ។ នៅថ្ងៃទី ១៧ ខែកក្កដា សហព័ន្ធបានរៀបចំកិច្ចប្រជុំបិទទ្វារ ដើម្បីបូកសរុបចំណូលចំណាយ បញ្ចប់ការទូទាត់ប្រាក់កម្ចីសម្រាប់ការទិញ និងជួសជុលទីស្នាក់ការ បិទបញ្ជី «ក្រាំងមាសកត់ត្រា» និងពិនិត្យរបៀបវារៈមហាសន្និបាត ។

ខាងក្រោមនេះជា «កំណត់ហេតុ» ដែលបានកត់ត្រា និងរៀបរៀងដោយ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា លេខាធិការ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ៖

ថ្ងៃសៅរ៍ ទី ១៨ ខែកក្កដា ឆ្នាំ ២០២៦

ចាប់ពីម៉ោង ៩:០០ ព្រឹក

នៅទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នារដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិកអង្គមហាសន្និបាតលើកទី ១២ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក សឺន ហួរ អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម ។

អង្គមហាសន្និបាតលើកទី ១២ បានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានគ្រោងទុក រួមមានការចុះវត្តមាន ការគោរពទង់ជាតិកម្ពុជាក្រោម ការគោរពព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធព្រះវីរសមណៈ និងវីរបុរសជាតិ ព្រះសង្ឃស្វាធ្យាយជយន្តោពរជ័យ និងរាំរបាំជូនពរ ជូនអង្គមហាសន្និបាត ។

បន្ទាប់មក លោក សឺន ហួរ អធិបតី នៃ ស.ខ.ក. បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ រួចប្រកាសបើកអង្គមហាសន្និបាតលើកទី ១២ ជាផ្លូវការ ។

លោកបានថ្លែងថា ស.ខ.ក. បានពុះពារគ្រប់ឧបសគ្គ និងបន្តពង្រឹង ពង្រីកផែនការតស៊ូមតិ ដើម្បីទាមទារសិទ្ធិ និងសេរីភាពជូនបងប្អូនខ្មែរក្រោមនៅលើដែនដីកម្ពុជាក្រោម ឱ្យមានភាពច្បាស់លាស់ និងប្រសិទ្ធភាពខ្ពស់បំផុត ។

ពិធីករ លោក ថាច់ វឿង និងអ្នកស្រី ថាច់ សុម៉ាលីន បានប្រកាសសមាសភាពថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្រ ស.ខ.ក. នៅជុំវិញពិភពលោក និងវាគ្មិនកិត្តិយស ដែលបានចូលរួមមហាសន្និបាតពីប្រទេសនានា ដូចជា ប្រទេសកាណាដា ប្រទេសអូស្ត្រាលី សហគមន៍អឺរ៉ុប ប្រទេសអ៊ីតាលី កម្ពុជា និងរដ្ឋនានាជុំវិញសហរដ្ឋអាមេរិក សរុបប្រមាណជិត ១០០ អង្គ និងរូប ។

មុនពេលរំសាយគណៈកម្មការនាយក លោក សឺន ហួរ បានឡើងជូន «បណ្ណសរសើរ» ដល់បុគ្គល និងវត្តអារាម ដែលបានផ្ដល់ថវិកាឱ្យ ស.ខ.ក. ខ្ចី សម្រាប់ទិញទីស្នាក់ការរបស់ ស.ខ.ក. ។

អ្នកដែលបានផ្តល់ថវិកាឱ្យ ស.ខ.ក. ខ្ចី រួមមាន៖

លោក មៅ មុនី $110,000

វត្តខេមររង្សី $35,000

អ្នកស្រី អៀង សុខលីន $30,000

អ្នកស្រី នាង ណារី $20,000

លោក សឺន ហួរ $10,000

លោក ថាច់ ឡិន $5,000

សរុប៖ $210,000 (ពីរសែនមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក) ។

លោក ចៅ រៀប ប្រធានគណៈកម្មការបោះឆ្នោត បានឡើងថ្លែងប្រកាសរំសាយគណៈកម្មការនាយកចាស់ ដើម្បីបើកដំណើរការបោះឆ្នោតជ្រើសរើសគណៈកម្មការនាយកសម្រាប់អាណត្តិកាលថ្មី ក្នុងគោលបំណងបន្តនិរន្តរភាពនៃការដឹកនាំ និងដឹកនាំចលនាកម្ពុជាក្រោមឱ្យមានសាមគ្គីភាព និងប្រសិទ្ធភាពក្នុងការសម្រេចវាសនាខ្លួនដោយខ្លួនឯង ។

ព្រះតេជព្រះគុណ ថាច់ ធា បានឡើងអានជីវិប្រវត្តិសង្ខេប របស់ លោក ព្រឹទ្ធាចារ្យ ចៅ រៀប ជាប្រធាន គណៈកម្មការរៀបចំការបោះឆ្នោត នៃ សហព័ន្ធ ខ្មែរកម្ពុជាក្រោម (គ.ប.ស.) រួចហើយ អង្គមហាសន្និបាតបានជូន និងប្រគេន «ប័ណ្ណសរសើរ» ដល់ថ្នាក់ដឹកនាំជំនាន់ចាស់មួយចំនួន ដែលមានគុណសម្បត្តិ និងស្នាដៃដ៏ធំធេងនៅក្នុង ស.ខ.ក. នាពេលកន្លងមក ។ ក្នុងនោះរួមមាន៖

ព្រឹទ្ធាចារ្យ ចៅ រៀប អតីតប្រធានសភាព្រឹទ្ធាចារ្យ ស.ខ.ក.

ព្រឹទ្ធាចារ្យ សឺង សម្រេច ទីប្រឹក្សា ស.ខ.ក.

លោក ថាច់ សេ អតីតប្រធានសភាតំណាង ស.ខ.ក.

ព្រះតេជព្រះគុណ ឡឹម ខៃ ស្ថាបនិក ស.ខ.ក.

អ្នកស្រី សឺង ធី និត ប្រធានគណៈកម្មការស្ត្រី ស.ខ.ក.

លោក តាំង សារៈ ប្រធានតំបន់ប្រចាំប្រទេសកម្ពុជា ស.ខ.ក.

លោក ប្រាក់ សេរីវុឌ្ឍ អតីតប្រធានប្រតិបត្តិ ស.ខ.ក.

ព្រះតេជព្រះគុណ កាន សុផានណារិទ្ធ ដែលបានបរិច្ចាគធនធានយ៉ាងច្រើន ដើម្បីចូលរួមចំណែកក្នុងការទិញ ទីស្នាក់ការ ស.ខ.ក. នៅរដ្ឋធានីវ៉ាស៊ីនតោន ឌី.ស៊ី. សហរដ្ឋអាមេរិក ។

បន្ទាប់មក ព្រះតេជព្រះគុណ កាន សុផានណារិទ្ធ បានឡើងថ្លែងបិទប្រកាសបិទបញ្ជី «ក្រាំងមាសកត់ត្រា» ឈប់ទទួលថវិកាឧបត្ថម្ភសម្រាប់ថ្លៃទិញ ទីស្នាក់ការ ស.ខ.ក. តទៅទៀត បន្ទាប់ពីសហព័ន្ធ បានរៃអង្គាសគ្រប់ចំនួន និងបានសងម្ចាស់កម្ចីចប់សព្វគ្រប់ហើយ ។ ព្រះតេជព្រះគុណ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមបរិច្ចាគថវិកា និងបានផ្តល់ជាប្រាក់កម្ចី ដល់សហព័ន្ធសម្រាប់ទិញ និងជួសជុលទីស្នាក់ការ ស.ខ.ក. រហូតសម្រេចជាស្ថាពរ ។

លោក ចៅ រៀប ប្រធានគណៈកម្មការបោះឆ្នោត បានប្រកាសបេក្ខជនដែលឈរឈ្មោះបោះឆ្នោតចំនួន ៨ រូប ដោយបានបង្ហាញមុខ ជាសាធារណៈ និងឡើងប្តេជ្ញាចិត្តក្នុងការដឹកនាំ ស.ខ.ក. ឆ្ពោះទៅសម្រេចគោលដៅនៃការសម្រេចវាសនាខ្លួនដោយខ្លួនឯង ។

បេក្ខជនទាំង ៨ រូប រួមមាន៖

១. លោក សឺន ហួ (អាមេរិក)

២. លោក ចៅ សេរី (អាមេរិក)

៣. លោក ត្រឹង សារ៉ុង (អ៊ីតាលី)

៤. លោក ម៉ៅ មុនី (អាមេរិក)

៥. អ្នកស្រី កៀង សុធី (អាមេរិក)

៦. លោក គឹម សិរ៉ា (កាណាដា)

៧. លោក ថាច់ សាម៉ន (អាមេរិក)

៨. លោក ថាច់ ប្រីជា គឿន (អាមេរិក)

សេចក្តីប្តេជ្ញាចិត្តរបស់បេក្ខជន និងលទ្ធផលនៃការបោះឆ្នោត៖

លោក សឺន ហួរ បានឡើងថ្លែងអំពីសេចក្តីប្តេជ្ញាចិត្តចំពោះគោលដៅដែល ស.ខ.ក. បានកំណត់ជាច្បាប់ ដោយបញ្ជាក់ថា សមាជិកទាំងអស់គ្នាត្រូវគោរព និងអនុវត្តតាមគោលការណ៍ ស.ខ.ក. ឱ្យបានមានប្រសិទ្ធភាពខ្ពស់បំផុត ។

លោក ចៅ សេរី បានថ្លែងអំពីការគោរព និងអនុវត្តតាមគោលការណ៍របស់ ស.ខ.ក. ព្រមទាំងការផ្សព្វផ្សាយឱ្យបានជ្រាបច្បាស់ដល់សាខា និងតំបន់នីមួយៗនៅជុំវិញពិភពលោក ។

លោក ត្រឹង សារ៉ុង បានថ្លែងអំពីការចូលបម្រើការងារក្នុង ស.ខ.ក. អស់រយៈពេលជាង ២០ ឆ្នាំ និងបទពិសោធន៍ក្នុងការជួយបំពេញការងាររបស់សហព័ន្ធ ព្រមទាំងការពង្រឹងការបណ្តុះបណ្តាលយុវជន ឱ្យយល់ដឹងអំពីសិទ្ធិមនុស្ស និងស្គាល់អត្តសញ្ញាណរបស់ខ្លួន ។

លោក ម៉ៅ មុនី បានថ្លែងអំពីការចូលរួមជួយ ស.ខ.ក. ដោយចាត់ទុកថា ជាមោទនភាពក្នុងនាមជាកូនខ្មែរក្រោមមួយរូប និងមានសេចក្តីរីករាយក្នុងការបម្រើ ស.ខ.ក. ដើម្បីបន្តទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ជូនពលរដ្ឋខ្មែរក្រោមនៅលើដែនដីកម្ពុជាក្រោម ។

អ្នកស្រី កៀង សុធី បានថ្លែងថា អ្នកស្រីបានចូលបម្រើការងារជាមួយ ស.ខ.ក. អស់រយៈពេលជាង ២៦ ឆ្នាំ ក្នុងការជួយជំរុញ និង បណ្តុះបណ្តាលយុវជននៅតាមបណ្តាប្រទេសនិងរដ្ឋនានា ដើម្បីបង្កើត ទំពាំងស្នងឫស្សីសម្រាប់អនាគតខ្មែរក្រោម ។

លោក គឹម សិរ៉ា បានសម្តែងទឹកចិត្តស្រឡាញ់ និងអាណិតពលរដ្ឋខ្មែរក្រោម ក្នុងនាមជាជនជាតិដើមខ្មែរក្រោមមួយរូប ព្រមទាំងសម្តែងការឈឺចាប់ និងមិនសុខចិត្តចំពោះការបៀតបៀន និងការរំលោភសិទ្ធិលើខ្មែរក្រោមជាជនជាតិដើម ដែលបានកើតមានតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ។

លោក ថាច់ សាម៉ន បានថ្លែងថា លោកបានចូលបម្រើការងារជាមួយ ស.ខ.ក. តាំងពីឆ្នាំ ២០០៧ រហូតមកដល់បច្ចុប្បន្ន ហើយបាន ប្តេជ្ញាចិត្តបន្តជួយការងារតទៅមុខទៀត ។

លោក ថាច់ ប្រីជា គឿន បានប្តេជ្ញាចិត្តអនុវត្តគោលការណ៍ចំនួន ៣ យ៉ាង៖

១. ធ្វើការជាក្រុមនៅក្នុង ស.ខ.ក. ក្នុងនោះ សាខា និងតំបន់ ជាដើម ។

២. ទប់ស្កាត់ការបំបាត់ពូជសាសន៍ ដែលលោកបានចាត់ទុកថា បណ្តាលមកពីរបបអាណានិគមយួន បាននិងកំពុងតែជិះជាន់លើសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ទាំងវិធីក្ដៅ និងត្រជាក់ ដែលហៅថា «រំលាយពូជសាសន៍ដោយមិនបង្ហូរឈាម» ។

៣. បន្តពង្រឹងគោលការណ៍ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» របស់ ស.ខ.ក. ដោយធ្វើការជាមួយថ្នាក់ដឹកនាំ ស.ខ.ក. ដើម្បី ចងក្រងជាសៀវភៅបង្កាន់ដៃ «ទស្សនវិស័យ» សម្រាប់ថ្នាក់ដឹកនាំ និងសមាជិក ស.ខ.ក. គ្រប់រូបយកទៅធ្វើជាគោលការណ៍រួមតែមួយ ក្នុងការ ផ្សព្វផ្សាយ និងអនុវត្តផែនការរបស់ ស.ខ.ក. ។

ការពិភាក្សាជាក្រុម និងទិសដៅការងារ៖

អង្គមហាសន្និបាតបានបែងចែកសមាជិកជាក្រុមចំនួន ៦ ក្រុម ក្រោមការដឹកនាំរបស់បណ្ឌិត Joshua Cooper ជាទីប្រឹក្សា ស.ខ.ក. ដើម្បីពិភាក្សា និងផ្តល់យោបល់អំពីការបណ្តុះបណ្តាលយុវជន និងសមាជិកពលរដ្ឋខ្មែរក្រោម ការជំរុញឱ្យមានការបើកសាលារៀនភាសាខ្មែរនៅតាមសាខា និងតំបន់នានា ព្រមទាំងការផ្សព្វផ្សាយអំពីប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរក្រោម ។

ជាពិសេស អង្គមហាសន្និបាតបានលើកឡើងអំពីការប្រើប្រាស់ពេលវេលាឱ្យមានតម្លៃ ដើម្បីចូលរួមការពារជាតិមាតុភូមិ និងទាមទារសិទ្ធិ និងសេរីភាពពលរដ្ឋនៅកម្ពុជាក្រោម ។

មហាសន្និបាតបានលើកឡើងថា ក្នុងមួយឆ្នាំទៅមួយឆ្នាំ សហព័ន្ធបានបន្តពង្រឹងការដឹកនាំ និងការពន្យល់ដល់ពលរដ្ឋខ្មែរក្រោមអំពីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ព្រមទាំងខិតខំធ្វើឱ្យអន្តរជាតិស្គាល់ ស.ខ.ក. និងស្គាល់អត្តសញ្ញាណ និងស្ថានភាពរបស់ខ្មែរក្រោមកាន់តែច្រើន តាមរយៈការដាក់ញត្តិទៅកាន់ អ.ស.ប. និងអង្គការផ្សេងៗ ដើម្បីលើកឡើងអំពីសិទ្ធិរបស់ជនជាតិដើមខ្មែរក្រោម ។

លទ្ធផលនៃការបោះឆ្នោត៖

អ្នកដែលបានចូលរួមមហាសន្និបាត បានបោះឆ្នោតដោយផ្ទាល់ និងអ្នកដែលមិនបានចូលរួមបោះតាម Online ដោយមនសិការជាតិ ដើម្បីជ្រើសរើស គណៈកម្មការនាយកថ្មី នៃ ស.ខ.ក. សម្រាប់ដឹកនាំបន្តនៅក្នុងអាណត្តិពី ឆ្នាំ ២០២៦ ដល់ ២០៣០ ។

សំឡេងឆ្នោតដែលបេក្ខជននីមួយៗបានទទួល រួមមាន៖

លោក សឺន ហួរ ៤៧ សំឡេង

លោក ចៅ សឺន ៤១ សំឡេង

លោក ម៉ៅ មុនី ៦៣ សំឡេង

អ្នកស្រី កៀង សុធី ៥៨ សំឡេង

លោក ត្រឹង សារ៉ុង ៥៣ សំឡេង

លោក គឹម សិរ៉ា ៤៤ សំឡេង

លោក ថាច់ សាម៉ន ៥៤ សំឡេង

លោក ថាច់ ប្រីជា គឿន ៥២ សំឡេង

បេក្ខជនទាំង ៨ រូប គ.ប.ស. ជ្រើសរើសយកតែ ៧ រូប ប៉ុណ្ណោះ ។ លោក ចៅ សឺន មិនបាននៅក្នុងជួរ គណៈកម្មការនាយក ទៀតទេ ដោយសារសំឡេងឆ្នោតតិចជាងគេ ។

បន្ទាប់ពីបានដឹងលទ្ធផលឆ្នោតហើយ គណៈកម្មការនាយកជាប់ឆ្នោតថ្មីទាំង ៧ រូប បានប្រជុំបិទទ្វារ ហើយសម្រេចជ្រើសតាំងថ្នាក់ដឹកនាំ ៤ អង្គ/រូបទៀត ឲ្យចូលជាគណៈកម្មការនាយក ក្នុងនោះ មាន ព្រះសង្ឃ ២ អង្គ ស្រ្តីម្នាក់ និងយុវជនម្នាក់ ។ ថ្នាក់ដឹកនាំដែលបានជ្រើសតាំងនោះ រួមមាន ព្រះតេជព្រះគុណ កាន សុផានណារិទ្ធ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា អ្នកស្រី សឺង ធី និត និង នាង ថាច់ វើជីញ៉ា ។

បន្ទាប់មកទៀត គណៈកម្មការនាយកទាំង ១១ រូបនេះ បានបន្តប្រជុំបិទទ្វារដើម្បីបែងចែកតួនាទី ។ ជាលទ្ធផល រចនាសម្ព័ន្ធថ្មី នៃ គណៈកម្មការនាយក ស.ខ.ក. សម្រាប់អាណត្តិឆ្នាំ ២០២៦ – ២០៣០ បានប្រសូតចេញជារូបរាង ដូចខាងក្រោម៖

១. លោក សឺន ហួរ ជាអធិបតី ស.ខ.ក.

២. លោក ម៉ៅ មុនី ប្រធានប្រតិបត្តិ

៣. អ្នកស្រី កៀង សុធី អនុប្រធានប្រតិបត្តិ

៤. លោក ត្រឹង សារ៉ុង ប្រធានសភាព្រឹទ្ធាចារ្យ

៥. លោក គឹម សិរ៉ាប្រធានសភាតំណាង

៦. លោក ថាច់ សាម៉ន ហេរញ្ញិក

៧. ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា លេខាធិការ

៨. ព្រះតេជព្រះគុណ កាន សុផានណារិទ្ធ ប្រធាន គ.ស.ស.ខ.ក.

៩. អ្នកស្រី សឺង ធីនិត ជាប្រធានគណៈកម្មការស្ត្រី

១០. លោក ថាច់ ប្រីជា គឿន ជាប្រធានគណៈកម្មការព័ត៌មាន

១១. នាងកញ្ញា ថាច់ វើជីញ៉ា ជាប្រធានគណៈកម្មការយុវជន

ការប្តេជ្ញាចិត្តរបស់គណៈកម្មការនាយកថ្មី៖

ពេលរសៀល ក្រោយពីបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីរួចហើយ គណៈកម្មការនាយកថ្មី អាណត្តិ ២០២៦–២០៣០ បានឈរនៅមុខរូបសំណាកវីរបុរសជាតិ លោកឧកញ៉ា សឺន គុយ ដែលតាំងនៅមុខ ទីស្នាក់ការ ស.ខ.ក. ដោយបានប្តេជ្ញាចិត្តបម្រើ ស.ខ.ក. រហូតដល់ទទួលបានជោគជ័យក្នុងការ សម្រេចវាសនាខ្លួនដោយខ្លួនឯង នៃ ប្រជាជាតិខ្មែរក្រោម ។

ពេលយប់ បន្ទាប់ពីកិច្ចអធិដ្ឋានប្ដេជ្ញាចិត្ត (ស្បថ) នៃ គណៈកម្មការនាយករួច អ្នកចូលរួមទាំងអស់បានចូលទីស្នាក់ការប្រជុំបន្តទៀត ដោយមានបើកវេទិកាចំហសម្រាប់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្របញ្ចេញមតិ ឬទស្សនៈផ្សេងៗ លើការតស៊ូរបស់ ស.ខ.ក. ។

ថ្ងៃអាទិត្យ ទី ១៩ ខែកក្កដា ឆ្នាំ២០២៦

ចាប់ពីម៉ោង ៩:០០ ព្រឹក

ការតែងតាំងឧត្ដមក្រុមប្រឹក្សា នៃ ស.ខ.ក. ៖

អង្គមហាសន្និបាតបានតែងតាំងព្រឹទ្ធាចារ្យ ចៅ រៀប ព្រឹទ្ធាចារ្យ សឺង សម្រេច និងបណ្ឌិត Joshua Cooper ជាទីប្រឹក្សានៅក្នុងឧត្ដមក្រុមប្រឹក្សា នៃ ស.ខ.ក. ។

បន្ទាប់មក គណៈកម្មការនីមួយៗនៃ ស.ខ.ក. ក៏បានជ្រើសតាំង ទីប្រឹក្សា ជំនួយការ និងអនុប្រធានទៅតាមតម្រូវការចាំបាច់ ។

លោក ចៅ សេរី ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សា និងលោក ថាច់ វិន ត្រូវបានតែងតាំងជាហេរញ្ញិករង ផ្នែកហេរញ្ញវត្ថុ ។

លោក គឹម សូនី ជាអនុប្រធានសភាព្រឹទ្ធាចារ្យ និង លោក ឡឹម ស៊ីវេត ជាអនុប្រធានសភាតំណាង ប្រចាំសហរដ្ឋអាមេរិក ។

ការរៀបចំបោះឆ្នោតតាមតំបន់ និងសាខា៖

លោក ម៉ៅ មុនី ជាប្រធានប្រតិបត្តិ ស.ខ.ក. បានជ្រើសរើស និងស្នើដល់ប្រធានតំបន់ និងប្រធានសាខាឱ្យរៀបចំការបោះឆ្នោតតាមតំបន់ ឬតាមសាខារៀងៗខ្លួនឡើងវិញ យ៉ាងយូរបំផុតក្នុងរយៈពេលបីខែខាងមុខ ដើម្បីបន្តការងារឆ្ពោះទៅមុខ ក្នុងការតស៊ូទាមទារសិទ្ធិ និងសេរីភាពជូនពលរដ្ឋដែនដីកម្ពុជាក្រោម ។

ប្រធានតំបន់ដែលបានប្រកាសតែងតាំងរួមមាន៖

លោក តាំង សារៈ ប្រទេសកម្ពុជា

លោក ថាច់ តង ភាគខាងលិចសហរដ្ឋអាមេរិក

លោក សឺន សារុម ភាគកណ្តាលសហរដ្ឋអាមេរិក

លោក យ័ញ តូន ភាគខាងកើតសហរដ្ឋអាមេរិក

លោក ត្រឹម បូវចូវ តំបន់ប្រចាំប្រទេសកាណាដា

លោក យ័ញ បូណាត តំបន់ប្រចាំទ្វីបអូស្ត្រាលី

លោក ឃួន ណាកា តំបន់ទ្វីបអឺរ៉ុប

ការតែងតាំងក្នុងការិយាល័យលេខាធិការ៖

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា លេខាធិការ ស.ខ.ក. បានប្រកាសតែងតាំង៖

ភិក្ខុ ថាច់ ធា អនុប្រធានលេខាធិការទីមួយ

ភិក្ខុ សឺន រ៉ីន អនុប្រធានលេខាធិការទីពីរ

ភិក្ខុ ថាច់ ខាយ ជំនួយការលេខាធិការ

ភិក្ខុ ថាច់ ស្នាល ជំនួយការលេខាធិការ

ភិក្ខុ ថាច់ តី ជំនួយការលេខាធិការ

ការតែងតាំងក្នុងគណៈកម្មការព័ត៌មាន៖

លោក ថាច់ ប្រីជា គឿន ប្រធានគណៈកម្មការព័ត៌មាន ស.ខ.ក. បានប្រកាសតែងតាំង៖

លោក ថាច់ វឿង អនុប្រធានទីមួយ

លោក សឺន ថាយ ធន អនុប្រធានទីពីរ

អ្នកស្រី នាង ណារី សហការីនៅសហរដ្ឋអាមេរិក

អ្នកស្រី ថាច់ សុជាតា សហការីនៅកាណាដា

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ឧត្ដមក្រុមប្រឹក្សា

ព្រឹទ្ធាចារ្យ សឺង សម្រេច ឧត្ដមក្រុមប្រឹក្សា

លោក តាំង សារៈ ឧត្ដមក្រុមប្រឹក្សា

គោលការណ៍ ១០ ចំណុច៖

បន្ទាប់ពីអង្គមហាសន្និបាតបានបញ្ចប់ទៅ នៅថ្ងៃទី ២០ ខែកក្កដា ស.ខ.ក. បានចេញ «សេចក្ដីប្រកាសក្រុងវ៉ាស៊ីងតោន ឌី.ស៊ី. ២០២៦» សម្រេចលើគោលការណ៍ ១០ ចំណុច ។ សេចក្ដីសម្រេចនេះកើតចេញពីការអនុម័តជាឯកច្ឆ័ន្ទដោយប្រតិភូ ស.ខ.ក. ដែលបានចូលរួមមហាសន្និបាត ។ គោលការណ៍នោះ រួមមាន៖

១. ពង្រឹងសាមគ្គីភាពជាសកល ។

២. បន្តការតស៊ូមតិដោយសន្តិវិធីលើឆាកអន្តរជាតិ ។

៣. ការពារសិទ្ធិមនុស្សជាមូលដ្ឋាន ។

៤. បន្តទាមទារឱ្យរបបយួនដោះលែងខ្មែរក្រោម ។

៥. ការពារអត្តសញ្ញាណជនជាតិដើម ។

៦. ផ្តល់សិទ្ធិអំណាចដល់ខ្មែរក្រោមគ្រប់រូប ។

៧. បណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន ។

៨. ពង្រីកភាពជាដៃគូអន្តរជាតិ ។

៩. ចូលរួមដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ។

១០. ពង្រឹង សហព័ន្ធខ្មែរកម្ពុជាក្រោម ឱ្យកាន់តែរឹងមាំ ។

អត្ថបទនេះ បានចុះផ្សាយលើ ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៥ ខែកញ្ញា ឆ្នាំ ២០២៦ ទំព័រ ១៦–២២