ដោយ តាំង សារៈ
សាខា ស.ខ.ក. នៃរដ្ឋ Washington បានប្រារព្ធពិធីរំឭកខួប ២៥ ឆ្នាំ នៃ ស.ខ.ក. ត្រូវបានអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង ដែលហៅកាត់ថា UNPO ទទួលស្គាល់ជាសមាជិកពេញសិទ្ធិ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។
ពិធីនេះប្រារព្ធធ្វើឡើងនៅអគារ AMVET POST # ONE នាទីក្រុង TACOMA រដ្ឋ Washington សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦ ក្រោមការផ្ដើមរៀបចំដោយលោកព្រឹទ្ធាចារ្យ ចៅ រៀប ជាអតីតប្រធានសភាព្រឹទ្ធាចារ្យ នៃ ស.ខ.ក. លោក ឡឹម តែម ជាប្រធានសាខា ស.ខ.ក. រដ្ឋវ៉ាស៊ីងតោន និងលោក ចៅ សេរី ជាឧបការីលោកអធិបតីសហព័ន្ធ ដោយមានអ្នកគាំទ្រចូលរួមប្រមាណជាជាង ២០០ នាក់ ។
អង្គពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិតីពីសំណាក់ លោក Harry van Bommel ជាអតីតសមាជិករដ្ឋសភា នៃប្រទេស ហុល្លង់ លោក សឺន ហួរ ជាអធិបតី លោក ត្រឹង សារ៉ុង ជាប្រធានសភាព្រឹទ្ធាចារ្យ អញ្ជើញមកពីប្រទេសអ៊ីតាលី លោក ម៉ៅ មុនី ជាប្រធានប្រតិបត្តិ លោកស្រី កៀង សុធី ជាអនុប្រធានប្រតិបត្តិ នៃ ស.ខ.ក. លោក តាំង សារៈ ជាប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់កម្ពុជា មកពីព្រះរាជាណាចក្រកម្ពុជា និង លោក ថាច់ សាម៉ន ជាហេរញ្ញិក នៃ ស.ខ.ក. ផងដែរ ។
ក្រោយការគោរពទង់ជាតិ គោរពវិញ្ញាណក្ខន្ធ និងព្រះសង្ឃ ៥ ព្រះអង្គសូត្រស្វាធ្យាយជយបរិត្ត (ជយន្ដោ) ប្រសិទ្ធពរជ័យជូនអង្គពិធីរួចមក លោក សឺន ហួរ ជាអធិបតីសហព័ន្ធ បានថ្លែងសុន្ទរកថាបើកអង្គពិធីដោយបានប្រគេន និងជម្រាបព្រះសង្ឃ និងប្រជាពលរដ្ឋដែលវត្តមានក្នុងអង្គពិធីជាអាទិ៍ថា ចាប់តាំងពី ស.ខ.ក. បានចូលជាសមាជិក UNPO មក អង្គការនេះបានជួយធ្វើកិច្ចអន្តរាគមន៍អំពីបញ្ហាខ្មែរក្រោមលើរាល់បញ្ហាជាច្រើននៅលើឆាកអន្ដរជាតិ រហូតដល់ទទួលបានបទពិសោធន៍ដើម្បីទំនាក់ទំនងជាមួយអន្ដរជាតិ ធ្វើឲ្យអង្គការរដ្ឋាភិបាល និងជនជាតិជាច្រើននៅលើពិភពលោកបានស្គាល់ខ្មែរក្រោម និងជួយលើកិច្ចការជាច្រើនរបស់ខ្មែរក្រោម ។
ក្នុងឱកាសនោះដែរ លោក ម៉ៅ មុនី ប្រធានប្រតិបត្តិ និងអ្នកស្រី កៀង សុធី អនុប្រធានប្រតិបត្តិ ស.ខ.ក. បានជម្រាបជូនអង្គពិធីនូវសកម្មភាពដែលសហព័ន្ធបានធ្វើក្នុងអាណត្តិកន្លងមក ជាពិសេស គឺជាវបានទីស្នាក់ការ ស.ខ.ក. នៅរដ្ឋធានី Washington ឌីស៊ី ដែលធ្វើឲ្យ សហព័ន្ធខ្មែរកម្ពុជាក្រោម មានលំនឹងកាន់តែរឹងមាំ ដើម្បីធ្វើការបម្រើដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្នុងទឹកដីកម្ពុជាក្រោម និងនៅលើពិភពលោក ។ មួយវិញទៀត ទីស្នាក់ការរបស់ ស.ខ.ក. បានប្រតិស្ថាននៅចំកណ្ដាលបេះដូង នៃប្រទេសមហាអំណាចពិភពលោកយ៉ាងនេះ ធ្វើឲ្យខ្មែរក្រោមមានកិត្តិយស និងកិតិ្តស័ព្ទល្បីរន្ទឺ ទូទាំងពិភពលោកទាំងមូលដែលគេកាន់តែដឹង កាន់តែស្គាល់ថា ខ្មែរក្រោមជាអ្នកណា? រស់នៅទីណា? និងបានស្គាល់កាន់តែច្បាស់ នូវ វីរបុរសខ្មែរក្រោម គឺ ឧកញ៉ា សឺន គុយ ទៀតផង ។
នៅក្នុងឱកាសនោះ ក៏មានការប្រគល់នូវលិខិតតែងតាំងព្រឹទ្ធចារ្យ ចៅ រៀប អតីតប្រធានសភាព្រឹទ្ធចារ្យ នៃ ស.ខ.ក. ជាឧត្តមទីប្រឹក្សា ស.ខ.ក. និងលិខិតតែងតាំងលោក ចៅ សេរី អតីតហេរញ្ញិក ស.ខ.ក. ទៅជាឧបការីលោកអធិបតី ស.ខ.ក. ដោយលិខិតតែងតាំងនោះត្រូវបានប្រគល់ជូនដោយលោក សឺន ហួរ ជាអធិបតី ស.ខ.ក. ដោយ ផ្ទាល់ ។
ចុងបញ្ចប់នៃកម្មវិធី លោក ឡឹម តែម ប្រធានសាខា ស.ខ.ក. ប្រចាំរដ្ឋវ៉ាស៊ីងតោន បាននថ្លែងនូវសោមនស្សកថា និងអភយកថា ចំពោះគណៈអធិបតី ភ្ញៀវកិត្តិយស នឹងអ្នកចូលរួមទាំងអស់ដែល ញ៉ាំងឲ្យពិធីទាំងមូល បានប្រព្រឹត្តទៅដោយភាពឧឡាឫក្សអធិកអធមយ៉ាងក្រៃលែង ។
អង្គពិធីក៏មានពិធីជប់លៀងអាហារពេលរាត្រី និងពិធីរាំកម្សាន្ដផងដែរ ។
ពិធីនេះបានបញ្ចប់ទៅវិញនៅវេលាម៉ោង ២៤ យប់ក្នុងថ្ងៃនោះ ក្នុងបរិយាកាសសប្បាយរីករាយ និងមិត្តភាពយ៉ាងស្និទ្ធស្នាល ៕
អត្ថបទនេះ បានចុះផ្សាយលើ ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៥ ខែកញ្ញា ឆ្នាំ ២០២៦ ទំព័រ ១១–១២





