ដោយ ស៊ឺន ចែងចើន និងថាច់ ប្រីជា គឿន
អាជ្ញាធរវៀតណាម នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា សប្ដាហ៍នេះ បានចុះបិទទ្វាររបងចេញចូលផ្ទះរបស់ខ្មែរក្រោមមួយគ្រួសារ នៅក្នុងខេត្តព្រះត្រពាំង ដែលកំពុងមានជម្លោះដីធ្លីជាមួយ នឹងជនជាតិយួន ។ ការបិទទ្វាររបងចេញចូលផ្ទះនេះ បន្ទាប់ពីនាយកដ្ឋានអនុវត្តសាលដីការដ្ឋប្បវេណីខេត្តព្រះត្រពាំងរបស់រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី ៥ ខែវិច្ឆិកា បានកោះហៅក្រុមគ្រួសារជាពលរដ្ឋខ្មែរក្រោម ទៅចុះហត្ថលេខាទទួលស្គាល់ លើការអនុវត្តសាលក្រមជាស្ថាពររបស់តុលាការ តែគ្រួសារខ្មែរក្រោមបានបដិសេធសេចក្ដីសម្រេចរបស់តុលាការ ហើយលើកឡើងថា ទង្វើរបស់អាជ្ញាធរដែលសហការនឹងជនជាតិយួនោះ ជាការរំលោភបំពាន និងមាក់ងាយដល់ជនជាតិដើមខ្មែរក្រោមម្ចាស់ស្រុក ។ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងលើកយកបញ្ហានេះ រាយការណ៍ទៅអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ដើម្បីអន្តរាគមន៍ ទៅរដ្ឋាភិបាលវៀតណាមឲ្យឈប់រំលោភបំពានសិទ្ធិលើខ្មែរក្រោមម្ចាស់ស្រុក ។

គ្រួសារខ្មែរក្រោមមួយគ្រួសារ នៅភូមិចំការ សង្កាត់ទី ៩ ខណ្ឌទី ៩ ទីក្រុងព្រះត្រពាំង ខេត្តព្រះត្រពាំង បានឲ្យដឹងថា ចំណាត់ការរបស់តុលាការ ដែលកាត់ក្តីឲ្យពួកគេជាអ្នកចាញ់ ក្នុងសំណុំរឿងជម្លោះដីធ្លីជាមួយជនជាតិយួន និងជាអ្នកមានលុយមានអំណាចនោះ ជារឿងអយុត្តិធម៌បំផុត សម្រាប់គ្រួសារលោក ។
លោក គឹម សុខន តំណាងគ្រួសាររងគ្រោះដីធ្លី បានឲ្យដឹងថា កាលពីថ្ងៃទី ៥ ខែវិច្ឆិកា តុលាការយួន បានបង្ខំឲ្យគ្រួសារលោកឲ្យបង់ប្រាក់ចំនួន ១០ លានដុង ឬប្រហែល ៥០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីសងថ្លៃបង់សេវាទៅលើក្រុមមន្ត្រី ដែលចុះទៅអនុវត្តសាលដីការបស់តុលាការ ប្រសើនបើគ្រួសារលោក មិនព្រមចុះហត្ថលេខាទទួលស្គាល់ លើសេចក្តីសម្រេចរបស់តុលាការទេនោះ ។
លោក គឹម សុខន បានថ្លែងនៅក្នុងវីដេអូ និងបានបង្ហោះនៅលើគណនេយ្យ Facebook របស់ខ្លួននៅពេលពួកអាជ្ញាធរយួនមករៀបឥដ្ឋបិទទ្វាររបងផ្ទះរបស់លោកថា ទង្វើដែលតុលាការយួនកាត់ដីឲ្យជនជាតិយួនគ្នាគេនោះ គឺជាការម៉ាក់ងាយដល់ខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។

លោក ត្រឹង ម៉ាន់ រិន្ទ ជាប្រធានផែនការ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងថា សហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងសិក្សាលើករណីនេះ និងថា សហព័ន្ធនឹងរៀបចំធ្វើរបាយការណ៍ផ្ញើទៅ អង្គការអន្តរជាតិនានាឲ្យបានជ្រាបអំពីបញ្ហានេះ ដើម្បីទប់ស្កាត់ការរំលោភសិទ្ធិរបស់យួនលើខ្មែរក្រោមម្ចាស់ស្រុក ។
ជុំវិញករណីទំនាស់ដីធ្លី ដែលបានកើតឡើងរ៉ាំរ៉ៃជាមួយនឹងជនជាតិយួន អស់រយៈពេលយូរឆ្នាំមកហើយនោះ លោក គឹម សុខន ឲ្យដឹងថា គ្រួសារលោកត្រូវជនជាតិយួនម្នាក់ឈ្មោះ កៅ អាញ់ ឡៀក (Cao Anh Liệt) ដែលជាអ្នកមកតាំងទីលំនៅថ្មី ដោយទិញដីរបស់ពលរដ្ឋខ្មែរក្រោម នៅក្បែរផ្ទះរបស់លោក នៅឆ្នាំ ២០០៣ ។ ក្រោយមក លោក កៅ អាញ់ ឡៀក បានទន្ទ្រានដណ្ដើមយកដីធ្លីចិញ្ចើមថ្នល់នៅមុខផ្ទះរបស់លោក គឹម សុខន និងបានបិទផ្លូវមិនឲ្យគ្រួសារលោក គឹម សុខន ធ្វើដំណើរចេញចូលទៅផ្លូវសាធារណៈបាន ខណៈគ្រួសារលោកមានប័ណ្ណកាន់កាប់ដីធ្លី ឬប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ តាំងតែពីឆ្នាំ ១៩៧៩ មកម្ល៉េះ ។
ក្រោយទទួលរងនូវអំពើអយុត្តិធម៌ ក្រុមគ្រួសារខ្មែរក្រោមនោះ ក៏បានរប្តឹងផ្តល់ជនជាតិយួន ដែលរំលោភយកដីកម្មសិទ្ធិ ទៅកាន់តុលាការគ្រប់ជាន់ថ្នាក់ នៅខេត្តព្រះត្រពាំង រាប់តាំងពីតុលាការជាន់ទាប រហូតតុលាការជាន់ខ្ពស់ តែតុលាការ នៅតែកាត់ឲ្យគ្រួសារលោកចាញ់ក្តីជនជាតិយួនដដែល ។
បើតាមការលើកឡើងរបស់គ្រួសារជនរងគ្រោះ អះអាថា ការដោះស្រាយជម្លោះដីធ្លីកន្លងមក គ្មានលទ្ធផលសមរម្យណាមួយ ដែលពួកគេអាចទទួលយកបាននោះទេ ពោល គឺអាជ្ញាធរពាក់ព័ន្ធ តែងតែអូសបន្លាយពេលវេលា ប្រើល្បិចកល់គ្រប់សព្វបែបយ៉ាង និងលំអៀងទៅខាងជនជាតិយួន ដែលជាអ្នកមានអំណាចខាងទឹកលុយ ។ បន្ថែមពីលើនេះ តុលាការយួន នៅខត្តព្រះត្រពាំង ក៏បង្គាប់ឲ្យសងសំណងជំងឺចិត្ត ជិត ៩ លានដុង ទៅជនជាតិយួន ដែលរំលោភបំពានទ្រព្យសម្បត្តិដីធ្លីរបស់ពលរដ្ឋខ្មែរក្រោម និងប្រកាសសាលដីកាបិទផ្លូវប្តឹងតវ៉ាលើសំណុំរឿងដីធ្លីនេះទៀតផង ៕