តុលាការវៀតណាមបានប្រកាសផ្ដន្ទាទោសពលរដ្ឋខ្មែរក្រោមបីរូបឱ្យជាប់ពន្ធនាគារនៅក្នុងឆ្នាំ ២០២៦ ។ ស.ខ.ក. បានថ្កោលទោសសាលក្រមទាំងនេះ ដោយចាត់ទុកថាជាការបង្ក្រាបលើពលរដ្ឋខ្មែរក្រោម ដោយគ្រាន់តែពួកគាត់បញ្ចេញមតិ និងធ្វើការតស៊ូមតិដោយសន្តិវិធី ។
ដំបូង នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ អ្នកស្រី រដ្ឋ វ៉ារី (Thach Thi Hoa Ri) នៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ។ មុនពេលចាប់ខ្លួន អ្នកស្រីតែងតែចូលរួមសកម្មភាពតស៊ូមតិ ដើម្បីសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ក្នុងនោះ មានប្រារព្ធទិវានារីអន្តរជាតិ ការពារអត្តសញ្ញាណជនជាតិដើម និងថែរក្សាសិទ្ធិវប្បធម៌របស់ខ្មែរក្រោម ។
អ្នកស្រី រដ្ឋ វ៉ារី ត្រូវអាជ្ញាធររបបអាណានិគមយួនចាប់ខ្លួន នៅ ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។
បន្ទាប់មក នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ លោក ថាច់ ចិន្ត្រា (Thach Chanh Tra) នៅខេត្តព្រះត្រពាំង ត្រូវតុលាការប្រជាជនតំបន់ ទី ១៣ នៃខេត្តលង់ហោរ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ។ ការចោទប្រកាន់ពាក់ព័ន្ធនឹងវីដេអូការផ្សាយផ្ទាល់ និងសារលើបណ្ដាញសង្គមដែលលោកបានបញ្ចេញមតិអំពីបញ្ហារបស់ខ្មែរក្រោម និងបញ្ហាទំនាស់ដីធ្លី ដែលលោកចាត់ទុកថា ដីកេររបស់លោកត្រូវគេរឹបយក ។
លោក ថាច់ ចិន្ត្រា ត្រូវអាជ្ញាធររបបអាណានិគមយួនចាប់ខ្លួន នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ ។
ចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ អ្នកស្រី ចូវ ធី ទៀង (Chau Thi Thien) អាយុ ៧២ ឆ្នាំ នៅខេត្តឃ្លាំង ត្រូវតុលាការប្រជាជនតំបន់ទី ៦ នៅទីក្រុងព្រែកឫស្សី ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ ។ សំណុំរឿងនេះពាក់ព័ន្ធនឹងការបញ្ចេញមតិតាមហ្វេសប៊ុក ក្នុងឆ្នាំ ២០២៣ ដែលមានប្រភពចេញពីវិវាទដីធ្លី ។
អ្នកស្រី ចូវ ធី ទៀង ត្រូវអាជ្ញាធររបបអាណានិគមយួនចាប់ខ្លួន នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៦ ។
ករណីទាំងបីខាងលើ តុលាការយួនបានចោទប្រកាន់ពលរដ្ឋខ្មែរក្រោមថា បានបំពានមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម ស្ដីពីបទអ្វីដែលរបបយួនហៅថា «កេងចំណេញលើសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ….» ។
សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសេចក្ដីថ្លែងការណ៍ ចាត់ទុកមាត្រានេះថាមានខ្លឹមសារមិនច្បាស់លាស់ និងត្រូវបានប្រើដើម្បីដាក់ទោសអ្នកបញ្ចេញមតិដោយសន្តិវិធី ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានអំពាវនាវឱ្យដោះលែងអ្នកទាំងបីជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ព្រមទាំងបញ្ឈប់ការប្រើមាត្រា ៣៣១ ដើម្បីបង្ក្រាបសិទ្ធិសេរីភាពបញ្ចេញមតិ ។ សហព័ន្ធ ក៏បានស្នើ ឱ្យ អ.ស.ប. និងរដ្ឋាភិបាលដែលមានកិច្ចសន្ទនាសិទ្ធិមនុស្សជាមួយវៀតណាម លើកយកករណីទាំងនេះ និងជំរុញឱ្យមានការគោរពសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម ៕
អត្ថបទនេះ បានចុះផ្សាយលើ ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៥ ខែកញ្ញា ឆ្នាំ ២០២៦ ទំព័រ ១៣





