ដោយ ថា ថៃ | RFA Khmer
តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋវិចតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី (Australia) លើកឡើងថា រដ្ឋាភិបាលវៀតណាម កាន់តែបំបិទសិទ្ធិនិងធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង លើពលរដ្ឋខ្មែរក្រោម ។ ការលើកឡើងរបស់តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម បែបនេះ ធ្វើឡើងក្នុងឱកាស ដែលពួកគាត់ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី ១១ ខែធ្នូ ដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរក្រោម បានយល់ដឹង អំពីសិទ្ធិជាមូលដ្ឋានរបស់ខ្លួន និងទាមទារឲ្យរដ្ឋាភិបាល គោរពសិទ្ធិមនុស្ស ។
ពលរដ្ឋខ្មែរកម្ពុជាក្រោមដែលរស់នៅឯនាយសមុទ្រ នៅតែយកចិត្តទុកដាក់ចំពោះ ស្ថានភាពសិទ្ធិសេរីភាពរបស់ជនជាតិរបស់ខ្លួនដែលរស់នៅក្រោមការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញពីសំណាងអាជ្ញាធររដ្ឋាភិបាលវៀតណាម នៅដែនដីកម្ពុជាក្រោម ។ ខួប ៧៤ ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ សហគមន៍ខ្មែរក្រោមរស់នៅក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក និងអូស្ត្រាលីជាដើម នាំគ្នាប្រារព្ធទិវានេះជាបន្តបន្ទាប់ក្នុងគោលបំណងផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរក្រោម យល់ដឹងអំពីសិទ្ធិសំខាន់ៗរបស់ខ្លួន និងទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ។
ប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋវិចតូរីយ៉ា លោក លឹម ណារ៉ា ដែលរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី ១១ ខែធ្នូ មានប្រសាសន៍ថា សព្វថ្ងៃនេះ រដ្ឋាភិបាលវៀតណាម កាន់តែគាបសង្កត់ និងធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរលើពលរដ្ឋខ្មែរម្ចាស់ស្រុក ដែលតស៊ូទាមទារសិទ្ធិសេរីភាព ដីធ្លី និងការថែរក្សាប្រពៃណី វប្បធម៌ ជំនឿសាសនា ព្រមទាំងអក្សរខ្មែរជាដើម ។ លោកបន្តថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះ ជាសារបង្ហាញទៅរដ្ឋាភិបាលវៀតណាមថា ពលរដ្ឋខ្មែរនៅក្រៅប្រទេស នៅតែយកចិត្តទុកដាក់ចំពោះស្ថានភាពជាតិសាសន៍របស់ខ្លួននៅ ដែនដីកំណើត ហើយបន្តរួមគ្នាទាមទារសិទ្ធិសេរីភាពជាមូលដ្ឋានតទៅទៀត៖
«ខាងសាសនានេះ សព្វថ្ងៃវៀតណាម កំពុងតែលូកដៃយ៉ាងជ្រៅ ។ ទាល់តែមន្ត្រីសង្ឃយួនយល់ព្រមទើបយើងមានសិទ្ធិធ្វើបុណ្យ ធ្វើទានហើយគ្រប់បែបយ៉ាង ការសិក្សាភាសាអក្សរសាស្ត្រ ក៏វៀតណាមលូកដៃ ចូលជ្រៅដែររហូតដល់វប្បធម៌ក្បាច់រចនា ក៏វៀតណាមកំពុងតែជ្រៀតជ្រែកធ្វើឲ្យ យើងបាត់នូវអត្តសញ្ញាណរបស់ខ្លួនបន្តិចម្តងៗ ។ នេះជាការព្រួយបារម្ភរបស់ពួកយើង» ។
ជាមួយគ្នានេះ ប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសអូស្ត្រាលី និងញ៉ូហ្សេឡែន (New Zealand) ឬហៅថា ទ្វីបអូសេអានី លោក យ័ញ បូណាត លើកឡើងថា ប្រជាពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅឯដែនដីកម្ពុជាក្រោម មិនសូវបានយល់ដឹងអំពីសិទ្ធិរបស់ខ្លួននោះទេ ដោយសារពួកគាត់ រស់នៅក្រោមគំនាបរបស់វៀតណាមរាប់សិបឆ្នាំមកហើយ ។ លោក បញ្ជាក់ថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះ នឹងជួយបង្កើនការយល់ដឹងអំពីសិទ្ធិមនុស្សដល់ប្រជាពលរដ្ឋខ្មែរក្រោម៖
«នៅកម្ពុជាក្រោម គាត់មិនស្គាល់អ្វីជាសិទ្ធិមនុស្ស ទេ ដូច្នេះហើយទើបយើងចង់ចលនាឲ្យបានទូលំទូលាយផ្សព្វផ្សាយតាមបណ្តាញ សង្គម ដើម្បីឲ្យព័ត៌មាននេះជ្រួតជ្រាបដល់បងប្អូនយើងបានយល់ដឹងហើយប្រើប្រាស់នូវសិទ្ធិស្របច្បាប់របស់គាត់ដើម្បីទាមទារនូវសិទ្ធិមូលដ្ឋានក្នុងការរស់នៅ ។ សិទ្ធិនេះ វាមានតាំងពីកំណើតមក តែបើយើងមិនចេះប្រើប្រាស់ទេ អាជ្ញាធរគំរាម កំហែងយើងទៅ យើងចេះតែខ្លាច ដោយសារយើងមិនសូវយល់ដឹងពីសិទ្ធិ» ។
ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម នេះ ក៏មានការ ចូលរួមពីតំណាងអង្គការនានា តំណាងគណបក្សសង្គ្រោះជាតិ និងតំណាងសហគមន៍ខ្មែរមួយចំនួនទៀត ។
តំណាងរាស្ត្ររដ្ឋវិចតូរីយ៉ាដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង ថ្លែងគាំទ្រចំពោះការតស៊ូគ្រប់ឧបសគ្គដើម្បីទាមទារសិទ្ធិសេរីភាព និងការថែរក្សាប្រពៃណីវប្បធម៌ អត្តសញ្ញាណរបស់ពលរដ្ឋខ្មែរក្រោម ។ លោក ក៏បានចែក រំលែកថា មេដឹកនាំផ្ដាច់ការដូចជាលោក ហ៊ុន សែន ជាដើម តែងប្រើយុទ្ធសាស្ត្រ ឌីហ្វីដ (DIFID) ដែលមានន័យថា ការបំបែក (Divide) ធ្វើឲ្យឯកោ (Isolate) បញ្ចប់ (Finish) សមាហរណកម្ម (Integrate) អភិវឌ្ឍ (Develop) ដើម្បីកម្ទេចឬធ្វើឲ្យចុះខ្សោយនូវចលនាប្រជាធិបតេយ្យ ឬចលនាទាមទារសិទ្ធិសេរីភាព ដូច្នេះលោកយល់ថា ពលរដ្ឋខ្មែរក្រោម គួរតែរក្សាជំហររឹងមាំដើម្បីបំបែកយុទ្ធសាស្ត្រ ឌីហ្វីដរបស់មេដឹកនាំផ្ដាច់ការនោះវិញ៖
«ខ្ញុំជឿជាក់ថា មានតែបងប្អូនកម្ពុជាក្រោមទេដែលបានដឹងដែលបានឆ្លងកាត់នូវយុទ្ធសាស្ត្រឌីហ្វីដ ឬការបំបែកឲ្យយើងទៅជាចំរៀក ដូចជានៅកម្ពុជាក្រោមរូបមន្តឌីហ្វីដវាមានរូបមន្តយ៉ាងដូចម្តេច ជូនកាលក្នុងមួយ ភូមិ គេដឹងថា មានអ្នកតស៊ូពិតប្រាកដប៉ុន្មាននាក់ ជូនកាលគេយកតែអ្នកតស៊ូម្នាក់ទៅឲ្យកាន់តំណែងទៅ យើងចាប់ផ្តើមឈ្លោះគ្នាឯងតែម្តង ។ កន្លែងនេះ ក៏ជារូបមន្ត ឌីហ្វីដដែរនៅពេលយើងបំបែកខ្លួនឯង កម្ទេចខ្លួនឯងនៅពេលគ្រាន់តែគេឲ្យម្ខាងឲ្យសាច់ម្ខាងឲ្យឆ្អឹង» ។
ចំណែកប្រធានសាខាគណបក្សសង្គ្រោះជាតិប្រចាំរដ្ឋវិចតូរីយ៉ា លោក អ៊ិន ហេមរា វិញ លោកលើកឡើងថា ថ្វីដ្បិតតែអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨ ក្តី ក៏រដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលកម្ពុជា នៅតែបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដដែល ។ លោកជំរុញឲ្យពលរដ្ឋ ចេះប្រើប្រាស់សិទ្ធិនិងអំណាចរបស់ខ្លួន ដើម្បីធ្វើឲ្យការរស់នៅរបស់ខ្លួនមានភាពល្អប្រសើរឡើង ដូចជាការចេះរួមគ្នាតវ៉ាទាមទារដោយសន្តិវិធី និងការបោះឆ្នោតផ្លាស់ប្តូរមេដឹកនាំជាដើម៖
«ប្រជាពលរដ្ឋនីមួយៗមិនត្រឹមតែមានសិទ្ធិទេ ថែមទាំងមានអំណាចទៀត ។ យើងទទួលបានសិទ្ធិរបស់យើងតាំងពីកំណើតមក ។ បើយើងនិយាយពីនៅប្រទេសខ្មែរគឺសាមញ្ញទេ សម្រាប់ប្រជាពលរដ្ឋខ្មែរ ។ ឧទាហរណ៍ថា អ្វីដែលយើងអាចធ្វើបាន នៅថ្ងៃទី ២៣ ខែ ៧ ឆ្នាំ ២០២៣ ខាងមុខនេះយើងមានការបោះឆ្នោតជាតិ ដូច្នេះយើងត្រូវតែប្រើអំណាចនៃសន្លឹកឆ្នោត ។ ខ្ញុំជឿថា នៅកម្ពុជាក្រោម ក៏មិនសូវខុសគ្នាដែរ ដូច្នេះនៅពេលដែលគាត់ យល់ដឹងពីសិទ្ធិទៅ គាត់អាចទៅទាមទារពីអាជ្ញាធរនៅកម្ពុជាក្រោម» ។
សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺជាឯកសារដ៏សំខាន់មួយ ដែលប្រកាសអំពីសិទ្ធិដែលមិនអាចកាត់ផ្តាច់បានពីមនុស្សគ្រប់រូបដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ សាសនា ភេទ ភាសា នយោបាយ ឬមតិផ្សេងទៀត និងឋានៈទ្រព្យសម្បត្តិជាដើម ។
សហព័ន្ធខ្មែរកម្ពុជាឲ្យដឹងថា ដែនដីកម្ពុជាក្រោមមានខេត្តសរុបចំនួន ២១ ខេត្ត មានវត្តព្រះពុទ្ធសាសនាជិត ៥ រយ (៤៦១) វត្តមានព្រះសង្ឃជាង ១ ម៉ឺន ២ ពាន់ (១២.០០០) អង្គ និងមានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម រស់នៅជាង ៨ លាននាក់ ។ ពលរដ្ឋខ្មែរកម្ពុជាក្រោមអះអាងថា អាជ្ញាធរប្រទេសវៀតណាមថា បានព្យាយាមបំបាត់ពូជសាសន៍ខ្មែរកម្ពុជាក្រោម ដូចជាបំបាត់វប្បធម៌ ជំនឿសាសនា ការអប់រំ និងការរស់តាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរកម្ពុជាក្រោម ការបង្ក្រាបដោយហិង្សាផ្សេងៗចំពោះចលនារបស់ខ្មែរកម្ពុជាក្រោម ដែលហ៊ានចេញមុខងើបឡើងតវ៉ា៕





