ថ្នាក់ដឹកនាំ​ខ្មែរក្រោម ផ្ញើលិខិត​រំលែក​ទុក្ខ​ ចំពោះ​មរណភាព​ឪពុក លោក ថាច់ សេដ្ឋា​

ដោយ ស៊ឺន ចែងចើន

​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថ្នាក់ដឹកនាំ​នៃ​អង្គការ សង្គម​ស៊ីវិល​ខ្មែរ​កម្ពុជា​ក្រោម និង​ក្រុម​អតីត​មេដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ជូន លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ចំពោះ​មរណភាព​របស់​ឪពុក​របស់លោក ។ នេះ​បើ​យោងតាម​សារលិខិត​ដាច់ដោយឡែក​ពីគ្នា ដែល​ក្រុម​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​បង្ហោះ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ ។​

​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម គោរពវិញ្ញាណក្ខន្ធ ឪពុករបស់លោក ​ព្រឹទ្ធាចារ្យ ថាច់ អឿង ។ រូបៈ ហ្វេសប៊ុក Thach Setha
​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម គោរពវិញ្ញាណក្ខន្ធ ឪពុករបស់លោក ​ព្រឹទ្ធាចារ្យ ថាច់ អឿង ។ រូបៈ ហ្វេសប៊ុក Thach Setha

​ឪពុក​របស់លោក ថាច់ សេដ្ឋា គឺ​ព្រឹទ្ធាចារ្យ ថាច់ អឿង បានទទួល​មរណភាព​ដោយសារ​ជរាពាធ​ក្នុង​អាយុ ៨៣ ឆ្នាំ ​នៅ​ព្រឹក​ថ្ងៃទី ១០ ខែវិច្ឆិកា​ ។ សព​របស់​ឧបាសក ថាច់ អឿង តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ព្រះពុទ្ធសាសនា នៅ​ភូមិ​អញ្ចាញ់ ឃុំ​តា​សឹក ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម ។​

​យោងតាម​សារលិខិត​របស់លោក តាំង សារៈ តំណាង​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា បាន​សម្តែង​នូវ «​សេចក្តី​ក្រៀមក្រំ​» និង​ចូលរួម​រំលែក​ទុក្ខសោក ជាមួយ​លោក ថាច់ សេដ្ឋា និង​ក្រុមគ្រួសារ​ទាំង​អស់នៃ​សព ដោយ​សេចក្តី​សង្វេគ​ក្រៃលែង ។​

​ក្នុង​លិខិត​ដដែល លោក តាំង សារៈ បាន​សរសេរ​តាម​ខ្លឹមសារ​ដើម​ថា «​យើងខ្ញុំ មាន​សេចក្តីសោកស្តាយ និង​រន្ធត់​ជា​ពន់ពេក ដោយ​ទទួលបាន​ព័ត៌មាន​ថា លោក​ឧបាសក ថាច់ អឿង ដែល​ត្រូវជា​ឪពុក​របស់លោក បានទទួល​មរណភាព​» ។ នៅក្នុង​សារលិខិត​រំលែក​ទុក្ខ​របស់​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បញ្ចប់​ដោយ​ការ​ឧទ្ទិស​បួងសួង សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ ព្រឹទ្ធាចារ្យ ថាច់ អឿង បានធ្វើ​ដំណើរ​ទៅ​សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​ចំណែក ថ្នាក់ដឹកនាំ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជាច្រើន​ទៀត ដែល​នៅតាម​ប្រទេស​មួយចំនួន ដូចជា នៅ​ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក និង​នូ​វែ​ល​ហ្សេ​ឡង​ដ៍ ជាដើម ក៏បាន​ផ្ញើលិខិត​រំលែក​ទុក្ខ​ជូន លោក ថាច់ សេដ្ឋា និង​ក្រុមគ្រួសារ​នៃ​សព ចំពោះ​មរណភាព​ឪពុក​ជាទី​ស្រឡាញ់​របស់ខ្លួន​ផងដែរ ។​

​នៅក្នុង​សារលិខិត​របស់​មេដឹកនាំ​ស្ថាប័ន​ខ្មែរ​កម្ពុជា​ក្រោម ដែល​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​សារព័ត៌មាន ព្រៃនគរ ទទួលបាន នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា នេះ រួមមាន លោក សឺ​ន យឿ​ង ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ប្រធាន​ប្រតិបត្តិ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក ប៊ុន មុនី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ចៅ រេ​ន ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម និង​សមាគម​ខ្មែរក្រោម ទីក្រុង​អក​ឡិន​ដ៍ នូ​វែ​ល​ហ្សេ​ឡង​ដ៍ ។ ចំពោះ​ខ្លឹមសារ​របស់​សារលិខិត ចូលរួម​រំលែក​មរណ​ទុក្ខ​ទាំងអស់ គឺមាន​អត្ថន័យ​ប្រហាក់ប្រហែលគ្នា ដោយ​ពួកគេ​លើកឡើង ជុំវិញ​ការសម្តែង​នូវ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ សោកស្តាយ អាឡោះអាល័យ ចំពោះ​ការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​នៃ​ក្រុមគ្រួសារ​សព ។​

​ក្រៅពីនេះ នៅមាន​ក្រុម​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​បក្សប្រឆាំង ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស បាន​ផ្ញើ​ជា​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​សោកសៅ និង​ក្រៀមក្រំ ជូន​ចំពោះ​លោក ថាច់ សេដ្ឋា និង​ភរិយា ដែលមាន​ឪពុក​ជាទី​ស្រឡាញ់​របស់លោក គឺព្រឹទ្ធាចារ្យ ថាច់ អឿង បានទទួល​មរណភាព កាលពីពេល​ថ្មីៗ នេះ ។ ក្រុម​អតីត​មេដឹកនាំ​គណបក្សប្រឆាំង មានដូចជា លោក សម រង្ស៊ី ប្រធានស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថា​វរិ​ន្ទ្រ និង​លោក ឡុង រី ជា​អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។​

​លោក សម រង្ស៊ី បាន​សរសេរ នៅក្នុង​សារលិខិត​រំលែក​ទុក្ខ​របស់លោក​ផ្ញើជូន​លោក ថាច់ សេដ្ឋា និង​ភរិយា ថា «​មរណភាព​របស់​ឧបាសក ថាច់ អឿង គឺជា​ការបាត់បង់​ឪពុក និង​ជីតា ជាទីគោរព​ស្រឡាញ់​បំផុត និង​ប្រកបដោយ​ព្រហ្ម​វិហារធម៌ ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​កូនចៅ​ទាំងអស់ ដោយ​គ​ន្ល​ង់​ធម៌​» ។​

ពីធីបុណ្យសព ​​ព្រឹទ្ធាចារ្យ ថាច់ អឿង នៅទឹកដីកម្ពុជាក្រោម ។ រូបៈ Facebook
ពីធីបុណ្យសព ​​ព្រឹទ្ធាចារ្យ ថាច់ អឿង នៅទឹកដីកម្ពុជាក្រោម ។ រូបៈ Facebook

​គួរ​ជម្រាបជូន​ថា លោក​ព្រឹទ្ធាចារ្យ ថាច់ អឿង កាលពី​លោក​នៅមាន​ជីវិត គឺជា​ប្រធាន​គណៈកម្មកា​វត្ត​គោបាល​និគ្រោធ (​ផ្នោ​ព្រាល​) ឋិ​ន​នៅ​ភូមិ​អញ្ចាញ់ ឃុំ​តា​សឹក ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ដែនដី​កម្ពុជា​ក្រោម ។ លោក​ព្រឹទ្ធាចារ្យ​រូបនេះ បាន​ចំណាយពេល​ស្ទើរតែ​ពេញ​មួយជីវិត​របស់លោក ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​រក្សា​មរតក​អក្សរសាស្ត្រ អត្តសញ្ញាណ ​វប្បធម៌ និងពុទ្ធសាសនា នៅ​កម្ពុជា​ក្រោម ។ បន្ថែម​ពីលើ​នេះ លោក​ព្រឹទ្ធាចារ្យ ថាច់ អឿង ក៏​ជា​អ្នកចូលរួម​យ៉ាងសកម្ម​នៅក្នុង​វិស័យ​អប់រំ ដោយ​លោក​ជា​អ្នក​បង្ហាត់បង្រៀន​ភាសា​ខ្មែរ និង​ភាសាបាលី​ដល់​កូនចៅ​ខ្មែរក្រោម​ជំនាន់​ក្រោយ រហូតដល់​មាន​អ្នកខ្លះ ក្លាយខ្លួនជា​ស្សិត​បញ្ញវ័ន្ត មន្ត្រីរាជការ​តូចធំ គឺ​សុទ្ធតែ​បានទទួល​ការបណ្តុះបណ្តាល ពី​រូប​លោក​ព្រឹទ្ធាចារ្យ ថាច់ អឿង ។ លើសពីនេះ ក្នុង​តួរ​នាទី​ជា​ញោមវត្ត ព្រឹទ្ធាចារ្យ ថាច់ អឿង បាន​ចូលរួម​កសាង​នូវ​សេនា​សានៈ​ក្នុង​ទី​អារាម​របស់​វត្ត​ផ្នោ​ព្រាល មាន​ជាអាទិ៍ ខ្លោង​ទា្វរ របង វិហារ ចេតិយ កុដិ សាលា​ធម្មសភា សាលាឆទាន ។​ល​។​

​លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ទទួលដំណឹង ពី​មរណភាព លោក​ព្រឹទ្ធាចារ្យ ថាច់ អឿង មាន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ នៅតាម​វត្ត​អារាម​នានា ក្នុង​ខេត្ត​ព្រះ​ត្រពាំង ជាពិសេស​សិស្សគណ​រប​ស់លោក​ព្រឹទ្ធាចារ្យ បាន​និមន្ត​មក​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ លោក​ព្រឹទ្ធាចារ្យ ថាច់ អឿង ផងដែរ ។

​សូមបញ្ជាក់ថា លោក​ថាច់ សេដ្ឋា កើត​នៅ​ឆ្នាំ ១៩៥៣ នៅ​ភូមិ​អញ្ចាញ់ ឃុំ​តា​សឹក ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ទឹកដី​កម្ពុជា​ក្រោម ។ តាំងពី​នៅ​វ័យ​កុមារ​មក នៅពេល​លោកធំ​ដឹងក្តី​បន្តិច លោក​បាន​ចូលរួម​ក្នុង​ចលនា​តស៊ូរ​របស់​ខ្មែរក្រោម ​ដើម្បី​ការពារ និង​រក្សា​អត្តសញ្ញាណ​ជាតិ ការគោរព​ព្រះពុទ្ធសាសនា រក្សា​វប្បធម៌ ភាសា និង​អក្សរសាស្ត្រ​ខ្មែរ ជាដើម ។ នៅ​ឆ្នាំ ១៩៨៤ រដ្ឋាភិបាល​នៃ​បក្សកុម្មុយនិស្ត​វៀតណាម បាន​បើក​យុទ្ធនា​ការ​​តាមចាប់​ជន​ស្នេហា​ជាតិខ្មែរ​ក្រោម ដែល​ប្រឆាំង នឹង​របប​ខ្លួន ក្នុងនោះ លោក និង​វីរជន​ខ្មែរ​ស្នេហា​ជាតិ​ជាច្រើន​នាក់​ផ្សេងទៀត បាន​រត់គេច​ពី​ការ​តាម​ចាប់ខ្លួន​របស់​វៀតណាម ឡើងមក​ប្រទេស​កម្ពុជា ។​

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​សារ​នៅ​មុខ​ស្ថានទូត​វៀតណាម កាលពីឆ្នាំ​ ២០១៤ ក្នុងយុទ្ធនាការ​​តវ៉ា​រឿង​ប្រវត្តិ​សាស្ត្រ​ខ្មែរ​កម្ពុជាក្រោម ។ រូបៈ Internet
ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​សារ​នៅ​មុខ​ស្ថានទូត​វៀតណាម កាលពីឆ្នាំ​ ២០១៤ ក្នុងយុទ្ធនាការ​​តវ៉ា​រឿង​ប្រវត្តិ​សាស្ត្រ​ខ្មែរ​កម្ពុជាក្រោម ។ រូបៈ Internet

នៅលើ​ទឹកដីកម្ពុជា ​លោក​បាន​ចូលប្រឡូក​ក្នុង​សកម្មភាព​នយោបាយ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ផ្តើមចេញពី​គណបក្ស​របស់​លោកតា ​ស៊ឺន​ សាន នៅ​ឆ្នាំ ១៩៨៨ ។ ក្រៅពីនេះ អ្នកនយោបាយ​កំណើត​ខ្មែរក្រោម​រូបនេះ ក៏​ធ្លាប់ជា​គ្រូបង្រៀន និង​ជា​អ្ន​កាសែត ហើយ​បច្ចុប្បន្ន លោក​ជានា​យក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ។​

​ខ្សែជីវិត​នយោបាយ​រប​ស់លោក គឺ​រួមរស់​តែ​ជាមួយ​គណបក្សប្រឆាំងរ​ហូត​មក ដោយនៅ​ក្នុ​នោះ លោក​ក៏​ជា​បុគ្គល​ម្នាក់ ដែល​បាន​ចូលរួម​បង្កើត​គណបក្សប្រឆាំងផង នោះ​គឺ​គណបក្ស​ជាតិខ្មែរ​ ក្នុង​ឆ្នាំ ១៩៩៥ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្រៃ្ត​យ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ ដោយ​អំណាចតុលាការ​ កាលពី​ឆ្នាំ ២០១៧ ។ លោក ថាច់ សេដ្ឋា ដែល​ធ្លាប់ជា​សមាជិក​ព្រឹទ្ធសភា នៅ​ឆ្នាំ ១៩៩៩ ផង​នោះ ក៏​ស្ថិតនៅ​ក្នុងចំណោម​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨ រូប ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ រយៈពេល ៥ ឆ្នាំ​ផងដែរ ។ បើទោះជា​បែបនេះ​ក្តី លោក​ថាច់ សេដ្ឋា ដែលមាន​ដើមកំណើត​កើតជា​ខ្មែរក្រោម រូបនេះ នៅតែ​បន្តធ្វើ​សកម្មភាព ក្នុងនាម​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដដែល ។ លោក ថាច់ សេដ្ឋា ដែលមាន​វ័យ ៦៧ ឆ្នាំ ថា លោក នឹង​បណ្តុះ​អ្នក​បន្តវេន​ពី​លោក ដើម្បី​បន្ត​បេសកកម្ម​ដឹកនាំ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​លោក​បង្កើត តាំងពី​ឆ្នាំ ២០០០ មក ៕