រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃច័ន្ទ ទី ២៣ បាន ជំទាស់បេក្ខភាព សហព័ន្ធខ្មែរកម្ពុជាក្រោម ពិភព លោក ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃអង្គការសហប្រជាជាតិ (អ.ស.ប.) ។ សមាជិកនៃប្រឹក្សានេះ ភាគច្រើនបានបោះឆ្នោតគាំទ្រ ការជំទាស់ របស់រដ្ឋាភិបាលវៀតណាម ក្នុងការបោះឆ្នោតនៅ អង្គការសហប្រជាជាតិ កាលពីថ្ងៃច័ន្ទ ទី ២៣ ខែកក្កដា ។ លោក ថាច់ ង៉ុកថាច់ ប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម ពិភពលោក នៅថ្ងៃអង្គារ ទី ២៤ កក្កដា បានឲ្យដឹងថា សហព័ន្ធខ្មែរកម្ពុជាក្រោម ពិភពលោក មិនបានក្លាយជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិនៅឡើយទេ ដោយសារតែរដ្ឋាភិបាលវៀតណាម បានជំទាស់ ។
ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ កាលពីថ្ងៃច័ន្ទ ទី ២៣ បានបោះឆ្នោតសម្រេចលើពាក្យសុំរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិកក្រុមប្រឹក្សានេះ ។ លោក ថាច់ ង៉ុកថាច់ បន្តថា សហព័ន្ធខ្មែរកម្ពុជាក្រោម មិនបានទទួលការគាំទ្រភាគច្រើនពីប្រទេសនៃសមាជិកក្រុមប្រឹក្សានោះ ទេ ។ ប្រទេស ១៤ រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម ប៉ុន្តែប្រទេស ២៧ រួមមានវៀតណាម និងចិន ជំទាស់បេក្ខភាពនេះ ។
លោក ថាច់ ង៉ុកថាច់៖ «នៅក្នុងនេះយើងថា បរាជ័យក៏មិនអាចថាបានដែរ ពីព្រោះយើងខិតខំឲ្យប្រទេសមហាអំណាចទាំង ៣ គាំទ្រយើង ។ សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស គាំទ្រយើង» ។
តំណាងរដ្ឋាភិបាលវៀតណាម បានជំទាស់បេក្ខភាព សហព័ន្ធខ្មែរកម្ពុជាក្រោម ដោយលើកហេតុផលថា ខ្មែរកម្ពុជាក្រោមចង់បានឯករាជ្យពីវៀតណាម និងរើសអើងពូជសាសន៍ ដោយហៅជនជាតិវៀតណាមថា យួន ។
វចនានុក្រមខ្មែររបស់សម្ដេចសង្ឃ ជួន ណាត សរសេរថា យួនជាជាតិមនុស្សអ្នកដែន តុងក័ង, ដែនអណ្ណាម, ដែនកូស័ងស៊ីន : យួន តុងក័ង, យួនអណ្ណាម, យួនកូស័ងស៊ីន; ពាក្យសាមញ្ញច្រើនហៅយួនតុងក័ងថា យួនហាណូយ, ហៅយួនអណ្ណាមថា យួនហ្វេ, ហៅយួនកូស័ងស៊ីនថា យួនព្រៃនគរ ។
លិខិតរដ្ឋាភិបាលវៀតណាម តវ៉ាប្រឆាំងនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម របស់វៀតណាម សរសេរថា ការស្នើសុំឲ្យមានការផ្ដល់សិទ្ធិសេរីភាព និងយុត្តិធម៌ដល់ខ្មែរកម្ពុជាក្រោម ជាការរំលោភលើឯកភាពជាតិវៀតណាម ដែលមានជនជាតិភាគតិច ៥៤ ជនជាតិកំពុងរស់នៅ ។ លិខិតបន្តថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាស្ថាប័ននៅក្រៅប្រទេស មិនតំណាងឲ្យខ្មែរកម្ពុជាក្រោម ប៉ុន្តែចង់ប្រែក្លាយទឹកដីកម្ពុជាក្រោម ជាប្រទេសឯករាជ្យ ។
លោក ថាច់ ង៉ុកថាច់ បានបដិសេធការចោទប្រកាន់នេះ ។ លោកថា ពាក្យ «យួន» មិនមែនជាពាក្យរើសអើងឡើយ ហើយប្រវត្តិសាស្ត្របញ្ជាក់ថា ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរ ។ លោក ថាច់ ង៉ុកថាច់ បន្តថា សហព័ន្ធនឹងបន្តយុទ្ធនាការក្លាយជាសមាជិកក្រុមប្រឹក្សានៃអង្គការសហប្រជាជាតិនេះ ប៉ុន្តែសហព័ន្ធនឹងរង់ចាំរហូតដល់ ៣ ឆ្នាំទៅមុខទៀត ទើបអាចដាក់ពាក្យជាថ្មីម្តងទៀត៕ ប្រភពព័ត៌មានៈ វិទ្យុអាស៊ីសេរី





