ដោយ យន់ សាមៀន | RFA Khmer
តំណាងរដ្ឋាភិបាលវៀតណាមបានបរាជ័យស្នើឲ្យសមាជិកវេទិកាអចិន្ត្រៃយ៍ ស្ដីពីបញ្ហាជនជាតិដើមរបស់អង្គការសហប្រជាជាតិបណ្ដេញតំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ចេញពីកិច្ចប្រជុំនៅបុរីញូវយ៉ក (New York) ។ វេទិកាអចិន្ត្រៃយ៍ស្ដីពីបញ្ហាជនជាតិដើមឆ្នាំនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៨ មេសា ដោយផ្ដោតលើប្រធានបទ «ពលរដ្ឋជនជាតិដើម សុខភាពមនុស្ស ផែនដី និងបរិស្ថាន ដោយផ្អែកលើសិទ្ធិមនុស្សជាបំណង» ។
តំណាងរដ្ឋាភិបាលវៀតណាម បានចោទប្រកាន់ សហព័ន្ធខ្មែរកម្ពុជាក្រោម ថា បានធ្វើរបាយការណ៍ប្រឌិតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលវៀតណាម និងគ្មានសិទ្ធិធ្វើជាតំណាងពលរដ្ឋខ្មែរក្រោមដែលវៀតណាមចាត់ទុកថា ជាជនជាតិភាគតិចឡើយ ។
តំណាងរដ្ឋាភិបាលវៀតណាម «សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រើប្រាស់វេទិកានេះដើម្បីបម្រើនយោបាយរបស់ពួកគេ ហើយមានចេតនាដើម្បីបំបែកបំបាក់ជនជាតិភាគតិចនៅវៀតណាម បំផ្លាញការឯកភាពជាតិ និងសន្តិភាព ។ ទង្វើទាំងនេះ គឺមិនអាចទទួលយកបានទេ ហើយមិនគួរអនុញ្ញាតឲ្យមានវត្តមានក្នុងវេទិកានេះ» ។
តំណាងរដ្ឋាភិបាលវៀតណាម ដែលមិនបានបង្ហាញឈ្មោះបានថ្លែងក្នុងកិច្ចប្រជុំថា វៀតណាមជំទាស់នឹងវត្តមានរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម និងស្នើឲ្យវេទិកាបញ្ចប់វត្តមានរបស់សហព័ន្ធដើម្បីកុំឲ្យមានការបំពានដល់អធិបតេយ្យភាព និងបូរណភាពវៀតណាម ។
«វៀតណាមជាប្រទេសដែលមាន ជនជាតិភាគតិចដល់ទៅ ៥៤ ដែលពួកគេរីករាយរស់នៅជាមួយគ្នាដោយសេចក្ដីសុខ និងសន្តិភាពជាយូរយារណាស់មកហើយ និងមានការលើកកម្ពស់សិទ្ធិជនភាគតិច រួមទាំងពលរដ្ឋខ្មែរផងដែរ ។ នេះជាអាទិភាពរបស់វៀតណាម» ។
ឆ្លើយតបនឹងសំណើរបស់វៀតណាម សមាជិកវេទិកាអចិន្ត្រៃយ៍ ស្តីពីបញ្ហាជនជាតិដើម បានថ្លែងការពារវត្តមានរបស់តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចូលរួមវេទិកាជនជាតិដើម ដើម្បីបញ្ចេញរបាយការណ៍រំលោភសិទ្ធិមនុស្ស សិទ្ធិជនជាតិដើម និងសាសនាខ្មែរកម្ពុជាក្រោម ។ អ្នកស្រី ថូវី សូដាស ហ្គេន (Tove Søvndahl Gant) សមាជិកវេទិកាអចិន្ត្រៃយ៍ ស្ដីពីបញ្ហាជនជាតិដើមថ្លែងថា ការចោទប្រកាន់របស់វៀតណាម ទៅលើ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលការពារសិទ្ធិមនុស្សជនជាតិដើមខ្មែរក្រោម ជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ ។
អ្នកស្រី ថូវី សូដាស ហ្គេន ៖ «ខ្ញុំសូមរំលឹកដល់ប្រតិភូវៀតណាមថា វេទិកានេះ បានបង្កើតឡើងដើម្បីឲ្យមានការចូលរួមពីសមាជិកឯករាជ្យដើម្បីផ្ដល់យោបល់ដល់អង្គការសហប្រជាជាតិ និងប្រទេសជាសមាជិកជុំវិញបញ្ហាជនជាតិដើម ។ រាល់បំណងណាដែលចង់រឹតត្បិតការចូលរួមតំណាងជនជាតិដើម និងសិទ្ធិដើម្បីបង្ហាញសេចក្ដីថ្លែងការណ៍ដោយសេរីរួមទាំង ការបង្ហាញយោបល់ នយោបាយ ទស្សនៈ វាការធ្វើផ្ទុយនឹងអាណត្តិរបស់វេទិកានេះ និងផ្ទុយពីគោលការណ៍សិទ្ធិមនុស្សនិងការបញ្ចេញមតិ» ។
អ្នកស្រីបន្តថា វេទិការីករាយនឹងធ្វើការងារនឹងរដ្ឋាភិបាលវៀតណាម ដើម្បីលើកកម្ពស់សិទ្ធិជនជាតិដើម ដែលវៀតណាមចាត់ទុកថា ជាជនជាតិភាគតិច ។
វេទិកាអចិន្ត្រៃយ៍ ស្តីពីបញ្ហាជនជាតិដើមជាស្ថាប័នផ្ដល់ប្រឹក្សាទៅឲ្យក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០០០ ដែលមានអាណត្តិពិនិត្យបញ្ហាប្រឈមរបស់ជនជាតិដើម ទាក់ទងនឹងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម វប្បធម៌ អប់រំ សុខភាព និងសិទ្ធិមនុស្ស ។ វេទិកានេះ ជាកន្លែងសំខាន់ ដើម្បីជម្រាបលើកឡើងឲ្យមានការដឹងលឺ និងការតស៊ូមតិនឹងអាជ្ញាធររដ្ឋាភិបាល ឲ្យមានការចាប់អារម្មណ៍ដើម្បីដោះស្រាយបញ្ហាដើរថយក្រោយ និងការអនុវត្តជាវិជ្ជមានជុំវិញសិទ្ធិជនជាតិដើមស្ត្រីកុមារ និងយុវជន ។
ពាក់ព័ន្ធនឹងសំណើរបស់វៀតណាមឲ្យមានសមាជិកវេទិកាបណ្ដេញ សហព័ន្ធខ្មែរកម្ពុជាក្រោម ចេញពីអង្គប្រជុំនេះ អនុប្រធានប្រតិបត្តិសហព័ន្ធលោក ម៉ៅ មុនី ដែលដឹកនាំប្រតិភូខ្មែរក្រោមទៅចូលរួមកិច្ចប្រជុំមានប្រសាសន៍ថា សហព័ន្ធទទួលបានជោគជ័យ ដែលសមាជិកវេទិកាស្តីពីជនជាតិដើម មិនបណ្ដេញសហព័ន្ធចេញ ហើយថែមទាំងអនុញ្ញាតឲ្យតំណាងខ្មែរកម្ពុជាក្រោម ថ្លែងការណ៍ និងដាក់សំណើទៅរដ្ឋាភិបាលវៀតណាមឲ្យដោះស្រាយបញ្ហារំលោភសិទ្ធិជនជាតិរបស់វៀតណាមសព្វថ្ងៃ ។
លោក ម៉ៅ មុនី ៖ «គោលដៅរបស់សហព័ន្ធយើងចង់ថា កន្លែងនេះជាកន្លែងប្រជុំរបស់ជនជាតិដើម គេបញ្ជាក់ថា យើងជាជនជាតិដើមទើបគេឲ្យយើងចូល ។ វៀតណាមខំចោទយើងយ៉ាងម្ដេចក៏មិនបានដេញយើងបានដែរ» ។
ក្នុងកិច្ចប្រជុំនៃវេទិកាអចិន្ត្រៃយ៍ ស្ដីពីបញ្ហាជនជាតិដើម តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម កញ្ញា ម៉ៅ សុគន្ធា និង ហង្ស អ៊ីមេលី បានស្នើឲ្យវេទិកាចាប់អារម្មណ៍លើទង្វើរបស់វៀតណាម ដែលបានចាប់បង្ខំឲ្យខ្មែរក្រោមឲ្យសារភាពទោសដែលពួកគេមិនបានប្រព្រឹត្ត និងចាប់ឃុំឃាំង ពួកគេ ដោយសារតែពួកគេបានចែកចាយឯកសារសេចក្ដីប្រកាសសកលស្ដីពីជនជាតិដើម របស់អង្គការសហប្រជាជាតិ និងការប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយពីប្រវត្តិសាស្ត្រខ្មែរក្រោម ។ យ៉ាងហោច ក៏មានយុវជនខ្មែរក្រោមដប់រូបត្រូវបានវៀតណាម ហៅទៅឃុំខ្លួនអស់រយៈពេលច្រើនម៉ោង អ្នកខ្លះដល់ ២៤ ម៉ោង ។ កញ្ញា ហង្ស អ៊ីមេលី បញ្ជាក់ថា ស្ថានភាពរំលោភសិទ្ធិមនុស្ស ខ្មែរក្រោមកាន់ឲ្យធ្វើឲ្យមានការព្រួយបារម្ភ ដោយសារតែ វៀតណាមបានក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស សម្រាប់រយៈពេលបីឆ្នាំ ។ កញ្ញាស្នើសុំឲ្យកិច្ចអន្តរាគមន៍ឲ្យវៀតណាម គោរពសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរក្រោម និងបញ្ឈប់កោះហៅយុវជនខ្មែរក្រោមទៅសួរចម្លើយរឿងប្រារព្ធទិវាសិទ្ធិនារីជាដើម ។ អនុប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ៅ មុនី រំពឹងថា សមាជិកវេទិកាអចិន្ត្រៃយ៍ ស្តីពីបញ្ហាជនជាតិដើមរបស់អង្គការសហប្រជាជាតិនឹងយកសំណូមពរ និងក្ដីបារម្ភរបស់ពលរដ្ឋខ្មែរក្រោម ទៅជម្រាបជូនកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅចុងឆ្នាំ ២០២៣ នេះ៕





