ទាញយកអត្ថបទនេះជា PDF
នៅថ្ងៃអាទិត្យ ទី ១៥ ខែមករា ឆ្នាំ ២០១៧ សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រកាសព័ត៌មានបន្ទាន់ មួយដកតួនាទី លោក ថាច់ ង៉ុក ថាច់ ពីប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដោយសារ លោក ថាច់ ង៉ុក ថាច់ បានបំពានលើក្រមប្រតិបត្តិ និងលក្ខន្តិកៈរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ជា បន្តបន្ទាប់ ។ ការដកតួនាទីរបស់ លោក ថាច់ ង៉ុក ថាច់ នេះ បានធ្វើឡើងនៅក្នុងសន្និបាតប្រចាំឆ្នាំ ២០១៦ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមដែលបានប្រារព្ធ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋ អាមេរិក រយៈពេល ៣ ថ្ងៃ គឺ នៅថ្ងៃទី ១៣, ១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ ។

ក្រោយពីការដកតួនាទី របស់ លោក ថាច់ ង៉ុក ថាច់ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលមិនបានជ្រាប ច្បាស់អំពីរឿងរ៉ាវផ្ទៃក្នុងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម មានការងឿងឆ្ងល់មិនដឹងថា ខាងណាខុស ខាងណាត្រូវ ។ តាមពិត យើងមិនចង់យករឿងនេះមកនិយាយហែកកេរ្តិ៍គ្នាជាសាធរណៈទេ តែ ដើម្បីបំបាត់ចម្ងល់ វិទ្យុ សំឡេងកម្ពុជាក្រោម បានប្រមូលភស្តុតាងនៃដំណើរដើមទងបញ្ហា មុនពេលដក លោក ថាច់ ង៉ុក ថាច់ មកចងក្រងជាអត្ថបទមួយ ដើម្បីបំភ្លឺដល់សាធារណជនបានជ្រាប ។
ការដកតួនាទីរបស់ លោក ថាច់ ង៉ុក ថាច់ នេះ ជាការអនុវត្តទៅតាមលក្ខន្តិកៈ និងក្រមប្រតិបត្តិ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម បន្ទាប់ពីគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម មិនទទួលបានជោគជ័យ និងលទ្ធផលផ្លែផ្កាណាមួយក្នុងការសម្របសម្រួលជាមួយនឹង លោក ថាច់ ង៉ុក ថាច់ ដោយសារ លោក ថាច់ ង៉ុក ថាច់ មិនព្រមចូលរួមប្រជុំនៅក្នុងអង្គប្រជុំ និងទូរសន្និបាត ដើម្បីដោះស្រាយបញ្ហាដែលមានចំពោះមុខ និងស្វែងរកផែនការបន្តទៅមុខទៀត សម្រាប់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ផ្ទុយពី គណៈកម្មការនាយក ដែលខិតខំអញ្ជើញ លោក ថាច់ ង៉ុក ថាច់ ជាច្រើន លើកច្រើនសា មកប្រជុំជជែកគ្នាដើម្បីស្វែងរកដំណោះស្រាយបញ្ហា លោក ថាច់ ង៉ុក ថាច់ ម្នាក់ឯង បែរជាលែងស្ដាប់មតិ និងហេតុផលផ្សេងៗ ដែលគណៈកម្មការនាយក បានផ្ដល់យោបល់ជូនគាត់ ហើយបានយកលេសផ្សេងៗ ចោទប្រកាន់គណៈកម្មការនាយសហព័ន្ធខ្មែរកម្ពុជាក្រោម កាន់តែខ្លាំងជាងមុន រួចផ្សព្វផ្សាយរឿងរ៉ាវផ្ទៃក្នុងចេញជាសាធារណៈ នៅតាមបណ្ដាញសង្គម Facebook និង អ៊ីមែលទៅ វិញ ។
ដោយការអត់ធ្មត់សម្របសម្រួលជាមួយនឹង លោក ថាច់ ង៉ុក ថាច់ អស់ជាច្រើនខែកន្លងមកមិន មានលទ្ធផល គណៈកម្មការនាយកបានពិនិត្យឡើងវិញនូវទង្វើ និងសកម្មភាពរបស់ លោក ថាច់ ង៉ុក ថាច់ ដែលបានប្រព្រឹត្តនាពេលកន្លងមក ឃើញថា លោក ថាច់ ង៉ុក ថាច់ បានបំពានលើក្រម ប្រតិបត្តិ ឬ ច្បាប់ផ្ទៃក្នុង (Code of Conduct) សម្រាប់គណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជា ក្រោមជាទម្ងន់ និង លោក ថាច់ ង៉ុក ថាច់ មិនព្រមធ្វើការជាមួយនឹងគណៈកម្មការនាយកនៃសហព័ន្ធខ្មែរ កម្ពុជាក្រោម ដើម្បីស្វែងភាពរីកចម្រើនដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រោះ លោក ថាច់ ង៉ុក ថាច់ មានបំណងចង់បង្កើតគណៈកម្មការអ្វីផ្សេងមួយទៀត ដែលផ្ទុយពីលក្ខន្តិកៈរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីបំរើមហិច្ឆិតាផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះ ។
ខាងក្រោមនេះជាចំណុចមួយចំនួន ដែលនាំឲ្យគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានបោះឆ្នោតសម្រេចដកតួនាទីរបស់ លោក ថាច់ ង៉ុក ថាច់ ចេញពីប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
ទី ១. បំពានលើក្រមប្រតិបត្តិ ឬ ច្បាប់ផ្ទៃក្នុងសម្រាប់ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម
នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦ នៅក្នុងមហាសន្និបាតសកល លើកទី ១០ នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម ដែលបានប្រព្រឹត្តទៅនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក សមាជិក គណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចំនួន ១៣ អង្គ និង រូប ក្នុងនោះមាន លោក ថាច់ ង៉ុក ថាច់ ផង បានធ្វើសច្ចាប្រណិធាន និងបានចុះហត្ថលេខាសន្យាថា នឹងគោរពតាម ក្រមប្រតិបត្តិ សម្រាប់គណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ ក្រមប្រតិបត្តនេះ សហព័ន្ធខ្មែរកម្ពុជា ក្រោម បានធ្វើឡើងដើម្បីទុកជាបន្ទាត់ឲ្យគណៈកម្មការនាយកទាំងអស់នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ជាថ្នាក់ដឹកនាំកំពូលយកទៅអនុវត្តតាមក្នុងគោលបំណងរក្សាសេចក្ដីថ្លៃថ្នូ និងលើកកម្ពស់ប្រសិទ្ធភាព នៃចលនាតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យមានស្ថេរភាព និងនិរន្តរភាពតទៅអនាគត ។
បន្ទាប់ពីបានចុះហេត្ថលេខាធ្វើសច្ចាប្រណិធានទទួលស្គាល់ក្រមប្រតិបត្តិរួចមក លោក ថាច់ ង៉ុក ថាច់ បានបំពានលើចំណុច “ការប្រើអាជ្ញា និង ការសម្ងាត់” នៃក្រមប្រតិបត្តិ ឬ ច្បាប់ផ្ទៃក្នុង នេះ ជាបន្តបន្ទាប់ ។
ក. ការប្រើអាជ្ញា
នៅក្នុងចំណុចមួយនៃ “ការប្រើអាជ្ញា” បានចែងថា គណៈកម្មការនាយកមិនត្រូវ “ទាក់ទាក់ទងជា មួយគណៈកម្មការសាខា ដើម្បីបានលុយកាក់សម្រាប់ធ្វើសកម្មភាព ដោយគ្មានការអនុញ្ញាតពី គណៈកម្មការនាយក” ឡើយ ប៉ុន្តែ លោក ថាច់ ង៉ុក ថាច់ បានទាក់ទងមិនឲ្យគណៈកម្មការសាខា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ញើថវិកាចូលសហព័ន្ធខ្មែរកម្ពុជាក្រោមរហូតដល់សហព័ន្ធខ្មែរកម្ពុជា ក្រោមអស់ថវិកាសម្រាប់ដំណើរការ ហើយឈានដល់ការសម្រេចបិទធនាគារ ។ ថវិកាជាឧបករណ៍ មួយសម្រាប់ទ្រទ្រង់ដល់សហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យមានដំណើរទៅមុខមិនអាចខ្វះបាន ប៉ុន្តែ លោក ថាច់ ង៉ុក ថាច់ ខ្លួនឯង បែរជារារាំងមិនឲ្យសមាជិក និងគណៈកម្មការសាខា និងតំបន់ផ្ញើថវិកាចូល ធនាគារសហព័ន្ធខ្មែរកម្ពុជាក្រោម ដោយមិនបានពិភាក្សាជាមួយ នឹងគណៈកម្មការនាយកឡើយ ។
ខាងក្រោមនេះ ជាសំឡេងរបស់ លោក ថាច់ ង៉ុក ថាច់ ដែលបានថ្លែងនៅក្នុងកម្មវិធីផ្សាយនៃ វិទ្យុខ្មែរ ពិភពលោក កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០១៧ អំពីរឿងដែលលោក បានទាក់ទងទៅគណៈកម្មការ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម មិនឲ្យផ្ញើថវិកាចូលធនាគាររបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ថាច់ ង៉ុក ថាច់ បានមានប្រសាសន៍ថា៖
“សហព័ន្ធ វាអស់លុយហើយ…នៅសល់តែលុយប្រហែលម៉ពាន់ ពីរពាន់ (១០០០$ ឬ ២០០០$) អ៊ីហ្នឹង មុននឹងបិទហ្នឹង ។ ព្រោះឥឡូវវាអត់មានរាស្ត្រណាផ្ញើហ្នឹង ព្រោះខ្ញុំគិតគម្រោងប៉ុន្មានឆ្នាំមក ដែរហើយ លុយសមាជិកខ្ញុំមិនឲ្យផ្ញើចូល បានមិនសូវសប្បាយជាមួយនឹងខ្ញុំ…ហ៊ឺ…ហ៊ឺ…ហ៊ឺ… យើង ដឹងដំណើរ សមាជិកកន្លែងនីមួយៗឲ្យទុកលុយរៀងៗខ្លួន ដាក់ចូលទៅវាមិនគង់ដដែល” ។
ខ. ការសម្ងាត់
នៅក្នុងចំណុចមួយនៃ “ការសម្ងាត់” បានចែងថា គណៈកម្មការនាយកមិនត្រូវ “បង្ហាញព័ត៌មាន សម្ងាត់យ៉ាងធ្វេសប្រហែសដោយគាប់ជួន ឬ តាមរយ:ការសន្ទនាជាសាធរណ:ដែលអាចនាំឲ្យឮខ្ចរ ខ្ចាយ ឬ នាំឲ្យមានការបកស្រាយខុស” ។ ផ្ទុយទៅវិញ លោក ថាច់ ង៉ុក ថាច់ បានទម្លាយព័ត៌មាន ផ្ទៃក្នុងចេញជាសាធារណៈនៅតាមបណ្ដាញសង្គម Facebook និងចម្លងជូនទៅតាមអ៊ីមែលដល់ សាធារណជន និងភាគីមួយទៀតដែលមិនមែនជាសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោមបានជ្រាបនូវ សារដែលសមាជិកគណៈកម្មការនាយកបានពិភាក្សាគ្នាតាមរយៈអ៊ីមែល ជាបន្តបន្ទាប់ ។
ទី ២. គ្មានបំណងធ្វើការបន្តជាមួយនឹងគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម
លោក ថាច់ ង៉ុក ថាច់ បានបដិសេធចូលរួមកិច្ចប្រជុំជាមួយនឹងសមាជិកគណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោមជាបន្តបន្ទាប់មក បន្ទាប់ពីសមាជិកនៃគណៈកម្មការនាយកបានបោះឆ្នោត ឲ្យលោកបន្តតួនាទីជាប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងមហាសន្និបាតសកល លើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានធ្វើនៅទីក្រុង San Jose រដ្ឋ California សហ រដ្ឋអាមេរិក កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦ កន្លងទៅនេះ ។
ខាងក្រោមនេះជាកាលបរិច្ឆទដែល លោក ថាច់ ង៉ុក ថាច់ បានបដិសេធចូលរួមអង្គប្រជុំ និងកិច្ច ប្រជុំទូរសន្និបាតតាមរយៈស្កៃភិ៍ (Skype) ជាមួយនឹងសមាជិកគណៈកម្មការនាយកនៃសហព័ន្ធខ្មែរ កម្ពុជាក្រោម ជាបន្តបន្ទាប់មក ដោយ លោក ថាច់ ង៉ុក ថាច់ លើកហេតុផលថា កិច្ចប្រជុំតាមរយៈ ស្កៃភិ៍ (Skype) មិនមានសុវត្ថិភាពក្នុងការរក្សាសម្ងាត់ ។
នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៦ គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម បានបើកកិច្ចប្រជុំ បិទទ្វារមួយ នាវត្តខ្មែរកម្ពុជាក្រោម នៅទីក្រុង Hamilton ខេត្ត Ontario ប្រទេសកាណាដា ផ្ដោត លើរបៀបវារៈសំខាន់ៗ ដូចជា៖
ទី ១៖ ពិភាក្សាអំពីអភិបាលកិច្ច, តួនាទី និងកាតព្វកិច្ចទទួលខុសត្រូវរបស់មេដឹកនាំ ។
ទី ២៖ ពិភាក្សាអំពីគោលដៅ និង គម្រោងផែនការ ដែលអាចអនុវត្តបានក្នុងរយៈពេលខ្លី, រយៈពេល មធ្យម និងរយៈពេលយូរអង្វែង ។
ទី ៣៖ ពិភាក្សាអំពីការធ្វើផែនការ និងការអនុវត្តលើផែនការហិរញ្ញវត្ថុ ។
ទី ៤៖ ពិភាក្សាអំពីគម្រោងធ្វើសន្និបាតប្រចាំឆ្នាំ ២០១៦ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋ អាមេរិក ។
កិច្ចប្រជុំនោះ គណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមទាំងអស់ បានធ្វើដំណើរពីសហរដ្ឋ អាមេរិក ទៅប្រទេសកាណាដា ជាទីដែលជិតផ្ទះរបស់ លោក ថាច់ ង៉ុក ថាច់ ដើម្បីសម្រួលដល់ លោក ថាច់ ង៉ុក ថាច់ បានចូលរួមប្រជុំ ប៉ុន្តែ លោក ថាច់ ង៉ុក ថាច់ បែរជាបដិសេធមិនចូលរួមប្រជុំ ដោយមិនបានបញ្ជាក់អំពីមូលហេតុ ។
បន្ទាប់មក នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៦ លោក ថាច់ វៀន ជាអធិបតី នៃសហព័ន្ធខ្មែរកម្ពុជា ក្រោម បានចេញលិខិតជាផ្លូវការមួយអញ្ជើញ លោក ថាច់ ង៉ុក ថាច់ ឲ្យចូលរួមប្រជុំទូរសន្និបាត តាមរយៈស្កៃភិ៍ (Skype) នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៦ ដើម្បីពិភាក្សាអំពី គម្រោងធ្វើសន្និបាត ប្រចាំឆ្នាំ ២០១៦ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក និងផែនការផ្សេងៗទៀត តែ លោក ថាច់ ង៉ុក ថាច់ បានបដិសេធមិនចូលប្រជុំជាបន្តបន្ទាប់ ដោយលោកលើកហេតុផលថា ប្រជុំតាម ស្កៃភិ៍ (Skype) មិនមានសុវត្ថិភាពក្នុងការរក្សាសម្ងាត់ ។ ទូរសន្និបាតនេះ បានធ្វើចំនួន ៥ លើក ហើយ លោក សឺន ហ៊ួរ ជាអគ្គលេខាធិការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ញើសេចក្ដី អញ្ជើញតាម រយៈអ៊ីមែលចំពោះ គណៈកម្មការនាយកទាំងអស់ឲ្យមកចូលរួមប្រជុំ តែ លោក ថាច់ ង៉ុក ថាច់ បានបដិសេធមិនព្រមចូលរួមប្រជុំគ្រប់ពេល ។
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការដឹកនាំដោយសំឡេងពីរភាគបី (២/៣) នៃគណៈ កម្មការនាយក និងការសម្រេចរបស់អធិបតី មានន័យថា រាល់គម្រោងការទាំងអស់ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោមគ្រោងនឹងធ្វើ ត្រូវមានការបោះឆ្នោតរកសំឡេងគាំទ្រពីគណៈកម្មការនាយកចំនួនពីរ ភាគបី (២/៣) ទើបអាចសម្រេចជាការបាន ប្រសិនបើមានករណីសំឡេងស្មើគ្នាវិញ អធិបតីជា អ្នកសម្រេច ។
ទូរសន្និបាតទាំង ៥ លើកនោះ រួមមាន៖
- លើកទី ១ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៦
- លើកទី ២ នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៦
- លើកទី ៣ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៦
- លើកទី ៤ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៦
- លើកទី ៥ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៦ ទូរសន្និបាត មានការចូលរួមពីគណៈកម្មការ នាយកទាំងអស់ចំនួន ១៣ អង្គ និងរូប និងទីប្រឹក្សា ២ រូបទៀត ចំណែក លោក ថាច់ ង៉ុក ថាច់ មិនព្រមចូលរួមប្រជុំ ។ នៅក្នុងទូរសន្និបាតលើកទី ៥ នោះ ដោយសង្កើតឃើញទង្វើ របស់ លោក ថាច់ ង៉ុក ថាច់ មិនព្រមចូលរួមពិភាក្សាជាមួយនឹងគណៈកម្មការនៃនាយក សហព័ន្ធខ្មែរកម្ពុជាក្រោម ទើបគណៈកម្មការនាយក និងទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម បានបោះឆ្នោតសម្រេចមិនចូលរួម សន្និបាតប្រចាំឆ្នាំ ២០១៦ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ដែលរៀបចំឡើងដោយ លោក ថាច់ ង៉ុក ថាច់ តែម្នាក់ឯង ដោយគ្មានការឯកភាពពីគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ហើយគណៈ កម្មការនាយក បានឯកភាពគ្នាសម្រេចរៀបចំ សន្និបាតប្រចាំឆ្នាំ ២០១៦ នា ថ្ងៃទី ១៣, ១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក វិញ ។
មូលហេតុដែល លោក ថាច់ ង៉ុក ថាច់ ចេះតែគេចវេះ មិនព្រមចូលរួមប្រជុំជាមួយនឹងគណៈកម្មការ នាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមនោះ ព្រោះ លោក ថាច់ ង៉ុក ថាច់ មានបំណងចង់បង្កើតគណៈ កម្មការថ្មីមួយនៅក្រៅច្បាប់ ដែលនឹងគ្រប់គ្រងដោយខ្លួនលោកផ្ទាល់ ក្នុងគោលបំណងផ្ដាច់ខ្លួនចេញ ពីគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម សព្វថ្ងៃ ។ សូមបញ្ជាក់ថា គណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម សព្វថ្ងៃ ជាគណៈកម្មការមួយកើតចេញពីការបោះឆ្នោតស្រពច្បាប់ នៅ ក្នុងមហាសន្និបាតសកល លើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានធ្វើនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក កាលពី ខែឧសភា ឆ្នាំ ២០១៦ កន្លងទៅនេះ ។
យោងតាមបទសម្ភាសន៍មួយ ដែល លោក ថាច់ ង៉ុក ថាច់ បាននិយាយជាមួយនឹង វិទ្យុខ្មែរពិភព លោក នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៧ កន្លងទៅនេះ លោក ថាច់ ង៉ុក ថាច់ បានបញ្ជាក់ថា លោកនឹងលាងនូវសមាជិកគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម សព្វថ្ងៃ ចោលទាំង អស់ ហើយលោកនឹងជ្រើសរើសយកមនុស្សថ្មីដែលមានសញ្ញាប័ត្រមកធ្វើការជាមួយនឹងលោកវិញ ដោយ លោក ថាច់ ង៉ុក ថាច់ ចោទគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម សព្វថ្ងៃថា ជា “កម្ទេចមនុស្ស” និង “គ្មានគោលការណ៍ច្បាស់លាស់” ។
លោក ថាច់ ង៉ុក ថាច់ បានមានប្រសាសន៍ថា៖
“វាគ្រប់ទាំងអស់ ។ មិនថាអង្គការខ្មែរក្រោម អង្គការខ្មែរទេ ចុះឡើង ចុះឡើង ម្នាក់ៗសុទ្ធតែយ៉ាប់ ។ ដល់អានោះឲ្យលុបបន្តិចបន្តួចមក៍ អានោះទិញអានេះ អានោះទិញអានោះទៅ វាគ្រោះថ្នាក់ ។ មនុស្សគ្មានជំហរ អាហ្នឹងទៅហើយអាហ្នឹង ។ វាអត់មាន Principle អ៊ីសោះ” ។
“បើស្ដារទាល់តែយើងយកសមាជិកហ្នឹងសង្កត់ ដើម្បីកុំឲ្យពួកហ្នឹងធ្វើតាមតែអំពើចិត្ត ។ សង្កត់ហ្នឹង ត្រូវតែគោរពឡើងវិញនូវអាវិន័យ អាព្យួរ អាណាខុសទាស់អ៊ីប៉ុន្មាន ទាល់តែនិយាយល្អិតបន្តិច ។ អាក្រោយហ្នឹងល្អវិញទេ…ហ៊ឺ…ហ៊ឺ…ហ៊ឺ…។ អាក្រោយហ្នឹង យើងអស់មានកម្ទេសមនុស្សហើយ យើងយក៍អ្នកមានចំណេះដឹងត្រឹមត្រូវ ហើយមានសញ្ញាបត្រ សញ្ញាអ៊ីត្រឹមត្រូវនៅបរទេស នៅ អាមេរិក នៅកាណាដា នៅអ៊ីហ្នឹងបណ្ដាយ ប្រើអ្នកមានសញ្ញាបត្រត្រឹមត្រូវបណ្ដោយ” ។
នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះ លោក ថាច់ ង៉ុក ថាច់ និងសាខាសហព័ន្ធខ្មែរកម្ពុជា ក្រោម ប្រចាំ ទីក្រុង Atlanta រដ្ឋ Georgia នឹងបើកកិច្ចប្រជុំមួយទៀត ដើម្បីបង្កើតអ្វីមួយដែល របៀបវារៈនៃកិច្ចប្រជុំនេះ បានបញ្ជាក់ថា ពួកគាត់នឹងបង្កើត “គណៈកម្មការបណ្ដោះអាសន្ន” មួយ ដើម្បីជួយដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
ទង្វើនេះបញ្ជាក់ឲ្យឃើញថា លោក ថាច់ ង៉ុក ថាច់ ធ្វើអ្វីតាមតែចិត្តខ្លួនម្នាក់ឯង ដោយមិនមានការ អនុម័តសំឡេងពីរភាគបី (២/៣) ពីគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម ស្របតាម លក្ខន្តិកៈ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមឡើយ ។ ដោយសារតែ លោក ថាច់ ង៉ុក ថាច់ ចង់ផ្ដាច់ខ្លួន ចេញយ៉ាងនេះហើយ ទើប គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម ខំប្រឹងអញ្ជើញលោក មកសម្របសម្រួលគ្នាយ៉ាងណាក៏ដោយ ក៏នៅតែគ្មានលទ្ធផលអ្វីដែរ ។
ទី ៣. លាបពណ៌ និងចោទគណៈកម្មការនាយកដោយគ្មានការពិត
សារអ៊ីមែលសម្ងាត់ដែលគណៈកម្មការនាយកជជែកគ្នា អំពីការងាររបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវ លោក ថាច់ ង៉ុក ថាច់ ចម្លងជូនទៅកាន់មនុស្សជាច្រើន និងភាគីផ្សេងទៀតដែលមិនមែន សមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោមភ្ជាប់ជាមួយនឹងពាក្យចោទប្រកាន់ផ្សេងៗ លើគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដូចជា ចោទ លោក ថាច់ វៀន ជាអធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម ជា ភូឈួយ គង់, ចោទ គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោមបានចុះចូលជាមួយនឹងយួន, និងបានចោទហិរញ្ញិក បានបិទធនគារសហព័ន្ធខ្មែរកម្ពុជាក្រោម ជាដើម ។
ការដែល លោក ថាច់ ង៉ុក ថាច់ បានចោទ លោក ថាច់ វៀន ជា ភូឈួយ គង់ និង ចោទគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោមបានចុះចូលជាមួយនឹងយួននោះ ដោយសារតែ លោក ថាច់ វៀន បានចុះឈ្មោះគាំទ្រលើញត្តិរួមមួយ ជាមួយនឹងអង្គការអន្តរជាតិចំនួន ៦១ អង្គការ ក្នុងនោះ មានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch), អង្គការលើកលែកទោសអន្តរជាតិ (Amnesty International), អង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH), អង្គការ Stefanus Alliance International រួមជាមួយ នឹងអង្គការសិទ្ធិមនុស្សយួន ដែលមានមូលដ្ឋាន នៅក្រៅប្រទេសមួយចំនួនផងដែរ ដើម្បីផ្ញើញត្តិទៅប្រធានរដ្ឋសភានៃរដ្ឋាភិបាលវៀតណាម ស្នើឲ្យធ្វើកំណែ ទម្រង់ច្បាប់ស្ដីពីការគោរពសាសនានៅក្នុងប្រទេសវៀតណាម តែប៉ុណ្ណោះ ដែលវាគ្មានខ្លឹមសារអ្វី មួយបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោមចុះចូលជាមួយនឹងយួនឡើយ ។ ចំពោះការបិទធនាគារ សហព័ន្ធខ្មែរកម្ពុជាក្រោមនោះ ដោយសារតែ លោក ថាច់ ង៉ុក ថាច់ ខ្លួនឯង បានប្រាប់ទៅសមាជិក និងគណៈកម្មការសាខា និងតំបន់នីមួយៗ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមមិន ឲ្យផ្ញើថវិកាចូលធនាគារ សហព័ន្ធខ្មែរក្រោមជាច្រើនឆ្នាំមកហើយ ដែលបានធ្វើឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោមអស់ថវិកា ហើយ ឈានដល់បិទធនាគារតែម្ដង ។
៤. ការបំពានលើលក្ខន្តិកៈសហព័ន្ធខ្មែរកម្ពុជាក្រោម
នៅក្នុងមាត្រាទី ៧ នៃលក្ខន្តិកៈរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ស្ដីពី “កិច្ចប្រជុំ” ត្រង់កថាខណ្ឌ ទី ១ (៧.០១) ចែងថា៖“កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការនាយកត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ។ ពេល វេលា និង ទីកន្លែងកំណត់ដោយគណៈកម្មការនាយក ។ កិច្ចប្រជុំប្រចាំឆ្នាំ ត្រូវមានរបាយការណ៍ ពី អធិបតី ប្រធានសភាព្រឹទ្ធាចារ្យ សភាតំណាង ប្រធានប្រតិបត្តិ ហិរញ្ញិក ស្ថាប័នសារព័ត៌មាន និង ថ្នាក់ដឹកនាំគណៈកម្មការផ្សេងៗ ដែលតម្រូវឲ្យបង្ហាញពីសកម្មភាព បើមានការចាំបាច់ក៏ត្រូវរាយ ការណ៍ផងដែរ ។ កិច្ចប្រជុំដទៃទៀតរបស់គណៈកម្មការនាយក ត្រូវបានកោះហៅ ដោយសមាជិក សមាជិកា គណៈកម្មការនាយក តាមការស្នើសុំមានចំនួន ពីរភាគបី (២/៣) ក្រោយពីនោះ ២០ ថ្ងៃ អគ្គលេខាធិការត្រូវបើកកិច្ចប្រជុំ” ។ ត្រង់កថាខណ្ឌទី ២ (៧.០២) ស្ដីពី “ទីកន្លែងប្រជុំ” ចែងថា៖ “កិច្ចប្រជុំទាំងអស់របស់គណៈកម្មការនាយក ត្រូវធ្វើឡើងនៅកន្លែងដែលកំណត់ដោយ អធិបតី ឬ ដោយគណៈកម្មការនាយក ឬតាមសេចក្តីបញ្ជាក់ ក្នុងពាក្យស្នើសុំ” ។
នៅថ្ងៃទី ១៦,១៧ និង ១៨ ខែធ្នូ ឆ្នាំ ២០១៦ លោក ថាច់ ង៉ុក ថាច់ បានធ្វើសន្និបាត ប្រចាំ ២០១៦ ដោយខ្លួនឯង នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ដោយមិនមានការឯកភាព ឬ អនុម័តពីអធិបតី ឬ គណៈកម្មការនាយនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ឡើយ ។ ម្យ៉ាងទៀត គណៈ កម្មការនាយក បានអញ្ជើញ លោក ថាច់ ង៉ុក ថាច់ ចូលរួមប្រជុំ និង ធ្វើទូរសន្និបាតជាច្រើនលើក ដើម្បីពិភាក្សាអំពីរបៀបវារៈ នៃសន្និបាតប្រចាំឆ្នាំ ២០១៦ ដែល លោក ថាច់ ង៉ុក ថាច់ គ្រោងនឹង រៀបចំនៅ ទីក្រុង Atlanta រដ្ឋ Georgia ថា តើត្រូវធ្វើយ៉ាងណាខ្លះ តែ លោក ថាច់ ង៉ុក ថាច់ នៅតែ មិនព្រមចូលរួមប្រជុំជាមួយនឹងគណៈកម្មការនាយក ឡើយ ។
៥. អនុវត្តតាមច្បាប់ដក លោក ថាច់ ង៉ុក ថាច់ ចេញពីប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម
ទោះបី សមាជិកគណៈកម្មការនាយកម្នាក់ៗខំប្រឹងសម្របសម្រួលជាមួយនឹង លោក ថាច់ ង៉ុក ថាច់ ដោយធ្វើការអញ្ជើញលោកតាមរយៈលិខិតជាផ្លូវការផង តាមរយៈទូរស័ព្ទជាលក្ខណៈគ្រួសារផង តែគ្មានលទ្ធផលអ្វីសោះ ។ ជាក់ស្ដែង លោក ថាច់ វៀន ជាអធិបតី និង ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាន បានចេញលិខិតជាផ្លូវការអញ្ជើញ លោក ថាច់ ង៉ុក ថាច់ មកចូលប្រជុំទូរសន្និបាត និង លោក ថាច់ សេ ប្រធានសភាតំណាង, លោក ចៅ រៀប ប្រធានសភា ព្រឹទ្ធាចារ្យ, លោក សឺង សម្រេច ទីប្រឹក្សា, ប្រធានតំបន់, ប្រធានសាខា និង សមាជិក សមាជិកា មួយចំនួនទៀត នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានទូរស័ព្ទផ្ទាល់ទៅ លោក ថាច់ ង៉ុក ថាច់ ដើម្បីសុំឲ្យលោកចូលប្រជុំពិភាក្សាដោះស្រាយបញ្ហាផ្ទៃក្នុង និងផែនការមួយចំនួនជាមួយនឹងគណៈកម្មការ នាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម តែគ្មានលទ្ធផលអ្វីសោះឡើយ ។
ដោយសង្កេតឃើញគ្រប់ទង្វើទាំងអស់របស់ លោក ថាច់ ង៉ុក ថាច់ ដូចបានជម្រាបមកខាងលើ លោក ថាច់ វៀន ជាអធិបតីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញលិខិតជាផ្លូវការមួយច្បាប់ ចុះថ្ងៃ ទី ១៩ ខែធ្នូ ឆ្នាំ ២០១៦ អញ្ជើញ លោក ថាច់ ង៉ុក ថាច់ មកចូលរួមសន្និបាត ឆ្នាំ ២០១៦ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានរៀបចំនៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នៅថ្ងៃទី ១៣,១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ ដើម្បីឲ្យ លោក ថាច់ ង៉ុក ថាច់ ទៅស្ដាប់ នូវការបកស្រាយបញ្ហាផ្សេងៗពីគណៈកម្មការនាយក ដែលលោកបានចោទ និងឲ្យ លោក ថាច់ ង៉ុក ថាច់ ទៅបកស្រាយរាល់បញ្ហារបស់លោកដែលបានចោទទៅគណៈកម្មការនាយក ចំពោះមុខសមា ជិកសហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្នុងអង្គសន្និបាត តែ លោក ថាច់ ង៉ុក ថាច់ មិនព្រមចូលរួមប្រជុំ តាមការអញ្ជើញឡើយ ។
បន្ទាប់ពី គណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានព្យាយាមសម្របសម្រួលអស់ជា ច្រើនខែជាមួយនឹង លោក ថាច់ ង៉ុក ថាច់ មិនទទួលបានលទ្ធផល ហើយ លោក ថាច់ ង៉ុក ថាច់ នៅតែជ្រើសរើសយកវិធីវាយប្រហារគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម និងទម្លាយសារ សន្ទនាសម្រាប់គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោមជាសាធារណៈ នៅតាមបណ្ដាញ សង្គម Facebook និង អ៊ីមែល នោះ ទើបនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៧ គណៈកម្មការ នាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមបានបោះឆ្នោតសំឡេងពីរភាគបី (២/៣) ស្របទៅតាមលក្ខន្តិកៈ របស់សហព័ន្ធខ្មែរកម្ពុជាក្រោមដកតួនាទីរបស់ លោក ថាច់ ង៉ុក ថាច់ ចេញពីប្រធានប្រតិបត្តិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីអង្គការសហព័ន្ធខ្មែរកម្ពុជាក្រោម មានដំណើរការតទៅមុខទៀត ។
៦. លក្ខន្តិកៈរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសគណៈកម្មការ នាយក និងការដកដំណែង
នៅក្នុងមាត្រា ៣ នៃលក្ខន្តិកៈរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមស្ដីពី គណៈកម្មការនាយក ត្រង់កថា ខណ្ឌទី ៤ (៣.០៤) ចែងអំពី ការបោះឆ្នោត និង អាណត្តិកាល របស់គណៈកម្មការនាយក ថា ការ បោះឆ្នោត និងអាណត្តិកាលរបស់គណៈកម្មការនាយក ត្រូវបានបោះឆ្នោតជ្រើសរើសនៅក្នុងកិច្ចប្រ ជុំពេញអង្គ ហើយត្រូវបំរើការក្នុង ១ អាណត្តិ ៤ ឆ្នាំ ។ ប៉ុន្តែ បើគណៈកម្មការថ្មីជ្រើសរើសពុំទាន់ បាននោះ គណៈកម្មការចាស់ត្រូវតែបន្តរហូតដល់ពេលបោះឆ្នោតជ្រើស រើសគណៈកម្មការនាយកថ្មី ។ ការបោះឆ្នោតត្រូវធ្វើឡើងតាមរបៀបលើកដៃ ឬក៏បោះឆ្នោតដោយសម្ងាត់ យោងទៅតាមភាគច្រើនរបស់អ្នកមានសិទ្ធិបោះឆ្នោត ។
នៅក្នុងមាត្រាទី ៣ កថាខណ្ឌទី ៥ (៣.០៥) ស្ដីពី គណៈកម្មការនាយក បានបញ្ជាក់ថា គណៈកម្មការនាយក គឺជាបេក្ខជនដែលបានជាប់ឆ្នោត ដោយសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម បោះឆ្នោតជូន នៅក្នុងមហាសន្និបាតសកល នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលធ្វើរៀងរាល់ ៤ ឆ្នាំម្ដង ។ បន្ទាប់ពីសមាជិកបោះឆ្នោតជ្រើសបានគណៈកម្មការនាយករួចហើយ គណៈកម្មការនាយកទាំងអស់ ត្រូវតែប្រជុំគ្នាមកបោះឆ្នោតគ្នាឯងម្ដងទៀត ដើម្បីជ្រើសរើសតួនាទីនីមួយៗរបស់គណៈកម្មការនាយក ម្នាក់ៗ តាមរបៀប YES / NO ។ ឧទារហរណ៍ ដូចជាការជ្រើសរើសតួនាទី អធិបតី, ប្រធានប្រតិបត្តិ, ប្រធានសហភាតំណាង, ប្រធានសភាព្រឹទ្ធាចារ្យ, អគ្គលេខាធិការ ជាដើម ។ ប្រសិនបើ គណៈកម្មការនាយករូបណាម្នាក់បានទទួលសំឡេងគាំទ្រ “YES” ច្រើនជាងគេពីសមាជិកគណៈ កម្មការនាយកដទៃទៀតឲ្យធ្វើតួនាទីអ្វីមួយ តួនាទីនោះ ត្រូវបានទៅគណៈកម្មការនាយករូបនោះ ។ ដូចជានៅក្នុងអាណត្តិនេះ លោក ថាច់ វៀន បានសមាជិកគណៈកម្មការនាយកបោះឆ្នោតបោះឆ្នោតឲ្យធ្វើជាអធិបតី, លោក ថាច់ ង៉ុក ថាច់ ធ្វើជាប្រធាន ជាដើម ។
យោងតាមមាត្រា ៣ ត្រង់កថាខណ្ឌទី ២ (៣.០២) ស្ដីពី សមាជិកគណៈកម្មការនាយក បានបញ្ជាក់ ថា៖ “សមាជិកគណៈកម្មការនាយកមាន ១៣ អង្គ និង រូប ក្នុងនោះ មានការជ្រើសតាំងព្រះសង្ឃ ២ អង្គ និងស្រ្តីម្នាក់ (តាមការសម្រច ចុះថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៤ នៃសមាជិកគណៈកម្មការនាយក ដែលគ្រប់កូរុម” ។
យោងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសជ្រើសគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម សម្រាប់អាណត្តិកាល ២០១៦-២០២០ មានគណៈកម្មការនាយកទាំងអស់ ចំនួន ១៤ អង្គ និង រូប ក្នុងនោះ ៖
ក. គណៈកម្មការនាយកដែលបានជាប់ឆ្នោត មានចំនួន ៩ រូប គឺ៖
ទី ១ លោក ថាច់ វៀន ជាអធិបតី ។
ទី ២ លោក ចៅ រៀប ជាប្រធានសភាព្រឹទ្ធាចារ្យ ។
ទី ៣ លោក ថាច់ សេ ជាប្រធានសភាតំណាង ។
ទី ៤ លោក ថាច់ ង៉ុក ថាច់ ជាប្រធានប្រតិបត្តិ ។
ទី ៥ លោក ប្រាក់ សិរីវុធ ជាអនុប្រធានទី ១ ។
ទី ៦ លោក ម៉ៅ មុនី ជាអនុប្រធានទី ២ ។
ទី ៧ លោក ត្រឹង ម៉ាន់រិន្ទ ជានាយកផែនការ ។
ទី ៨ លោក សឺន ហ៊ួរ ជាអគ្គលេខាធិការ ។
ទី ៩ លោក ត្រឹង យ៉ាប ជានាយករដ្ឋបាល ។
ខ. គណៈកម្មការនាយកជ្រើសតាំង ដោយគណៈកម្មការនាយកជាប់ឆ្នោតមាន ៤ អង្គនិងរូប គឺ៖
ទី ១០ លោក ចៅ សេរី ជាអគ្គហិរញ្ញិក ។
ទី ១១ អ្នកស្រី សឺង ធីនិត ជានាយកគណៈកម្មការស្ត្រី ។
ទី ១២ អ្នកស្រី កៀង សុធី ជាប្រធានគណៈកម្មាធិការយុវជន ។
ទី ១៣ ព្រះតេជព្រះគុណ ថាច់ ទ្រឿង ធីធីធម្មោ ជាប្រធានគណៈកម្មការសាសនាអន្តរជាតិ ។
ទី ១៤ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ជាប្រធាននាយកដ្ឋានព័ត៌មាន ។

យោងតាមមាត្រា ៣ ត្រង់កថាខណ្ឌទី ៣ (៣.០៧) ស្ដីពី ការដកហូតដំណែង បានបញ្ជាក់ថា៖ “គណៈកម្មការនាយកអាចបោះឆ្នោតដោយមានសំឡេងពីភាគបី (២/៣) ក្នុងការសម្រចចិត្ដដកហូត សមាជិក សមាជិកា ណាម្នាក់ ដែលមានសកម្មភាពមិនត្រឹមត្រូវចំពោះសហព័ន្ធ ឬ ដោយមូលហេតុ ផ្សេងទៀត ។ ប៉ុន្តែ សមាជិក សមាជិកា ត្រូវទទួលពាក្យព្រមានជាផ្លូវការជាលាយលក្ខណ៍អក្សរ មុនពេលត្រូវដកហូតដំណែង ។”
ធម្មតា ប្រទេសនីមួយៗតែងមានច្បាប់ គ្រួសារនីមួយៗតែងមានវិន័យ និងអង្គការនីមួយៗតែងមាន លក្ខន្តិកៈនិងច្បាប់ផ្ទៃក្នុងសម្រាប់ថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួនអនុវត្តតាម ។ ដើម្បីប្រទេសជាតិ នីមួយៗ គ្រួសារនីមួយៗ និងអង្គការ ឬ សង្គមនីមួយៗ បានគង់វង្ស និងមានភាពរីកចម្រើនរុងរឿងពី ជំនាន់មួយទៅជំនាន់មួយនោះ ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសមាជិក នៃប្រទេស គ្រួសារ និង អង្គការទាំងនោះ ត្រូវយកច្បាប់ជាធំទាំងអស់គ្នា ។ ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋ និងសមាជិក គោរពចំពោះតែបុគ្គលណាម្នាក់ ហើយនាំគ្នាប្រគល់វាសនាប្រទេសជាតិ ឬអង្គការរបស់ខ្លួនទៅឲ្យ បុគ្គលនោះមកដឹកនាំផ្ដាច់មុខម្នាក់ឯងទេ ទីបំផុត ប្រទេសជាតិ និងអង្គការរបស់ខ្លួនក៏ត្រូវរលាយទៅ តាមបុគ្គលម្នាក់នោះដែរ ព្រោះថា មនុស្សម្នាក់ៗ មិនមែននៅរស់ជាអមតៈឡើយ ។
ដោយសារតែ លោក ថាច់ ង៉ុក ថាច់ បានបំពានលើក្រមប្រតិបត្តិ ឬ ច្បាប់ផ្ទៃក្នុងសម្រាប់គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោមជាបន្តបន្ទាប់ ហើយ លោក ថាច់ ង៉ុក ថាច់ បែកគំនិត ចង់បង្កើតគណៈ កម្មការថ្មីរបស់ខ្លួន ដោយគ្មានការសម្រេចពីគណៈកម្មការនាយសហព័ន្ធខ្មែរកម្ពុជា ក្រោម ដូចបានរៀបរាប់មកខាងលើ ទើបគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម អនុវត្តតាម លក្ខន្តិកៈ និងក្រមប្រតិបត្តិ ឬ ច្បាប់ផ្ទៃក្នុងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម បោះឆ្នោតសម្រេចដក តួនាទី របស់ លោក ថាច់ ង៉ុក ថាច់ ពីប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមជាស្ថាពរ ដើម្បី ពង្រឹងអង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យមានស្ថេរភាពក្នុងការតស៊ូមតិ ជម្រុញឲ្យរដ្ឋាភិបាលយួន គោរពសិទ្ធិខ្មែរក្រោម ក្នុងនាមជាជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ ៕
…………………………………..
សូមមើលព័ត៌មាន និង ឯកសារភ្ជាប់មកជាមួយ
- កំណត់ហេតុទូរសន្និបាតសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៦
- លិខិតរបស់ លោក សឺន ហ៊ួរ ចុះថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៦ អញ្ជើញចូលរួមកិច្ចប្រជុំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេស កាណាដា ថ្ងៃទី ៣ និង ៤ ខែកញ្ញា ឆ្នាំ ២០១៦
- លិខិតរបស់ លោក ថាច់ វៀន ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៦ អញ្ជើញ លោក ថាច់ ង៉ុក ថាច់ ចូលរួមទូរសន្និបាត តាមរយៈស្កៃភិ៍ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៦
- លិខិតរបស់ លោក ថាច់ វៀន ចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៦ អញ្ជើញ លោក ថាច់ ង៉ុក ថាច់ ចូលរួមសន្និបាត ប្រឆ្នាំ ២០១៦ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក
- លិខិតរបស់ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ចុះថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៦ ផ្ញើចំពោះ លោក ថាច់ ង៉ុក ថាច់ សុំឲ្យចូលរួមតុមូល ដើម្បីដោះស្រាយបន្ទាន់អំពីបញ្ហាផ្ទៃក្នុងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម
- បទសម្ភាសន៍ លោក ថាច់ ង៉ុក ថាច់ ជាមួយនឹងវិទ្យុខ្មែរពិភពលោក ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៦
- សេចក្ដីប្រកាសព័ត៌មានបន្ទាន់របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដកតួនាទីរបស់ លោក ថាច់ ង៉ុក ថាច់ ពីប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៧
- កំណត់ហេតុ ថ្ងៃទី ៣ នៃ មហាសន្និបាតសកល លើកទី ១០ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦
- លក្ខន្តិកៈរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានប្រកាសឲ្យប្រើជាផ្លូវការ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០០៦
- ក្រមប្រតិបត្តិ ឬ ច្បាប់ផ្ទៃក្នុងសម្រាប់គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម ទទួលស្គាល់ពីគណៈកម្មការនាយក ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦
- វិដេអូ លោក សឺង ហួរ ជាអគ្គលេខាធិការសហព័ន្ធខ្មែរកម្ពុជា ប្រកាសដកតួនាទី លោក ថាច់ ង៉ុក ថាច់
- វីដេអូ បណ្ឌិត Cooper ជាទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម បំភ្លឺអំពីការចុះឈ្មោះគាំទ្រលើញត្តិរួម
- លិខិតផ្សេងៗទៀត…..