ខ្មែរក្រោម ​ថា ​មានតែ​កម្លាំង​សាមគ្គី​ទើប​អាច​បញ្ឈប់​ការប្រមាថ​របស់​ជនជាតិ​យួន មក​លើ​ខ្មែរក្រោម​

ដោយ យាង សុធារិន្ទ

លេខាធិការ​ដ្ឋាន នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម និង​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម​នៅ កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដើម្បី​ថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​ព្រះសង្ឃ ពលរដ្ឋ ជាពិសេស​ស្រ្តី​ខ្មែរក្រោម នៅ​គ្រប់ទិសទី​ទូទាំង​ពិភពលោក​ដែល​បាន​ចេញ​មក​ប្រតិកម្ម ទាមទារ​ឱ្យ​លោកសង្ឃ​ជនជាតិ​យួន​មួយ​អង្គ​សុំទោស​ខ្មែរក្រោម​បានសម្រេច​ដូច​បំណង ។សេចក្តី​ថ្លែងការណ៍​នេះ​ក្រោយពី​លោកសង្ឃ​ជនជាតិ​យួន​ដែល​បាន​ច្រៀង​ចំរៀង​មើលងាយ​ស្រ្តី​ខ្មែរក្រោម​នៅក្នុង​ពេល​កំពុង​ទេសនា​បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ​នូវ​ទង្វើ​ដែល ខ្លួន​បាន​ធ្វើ​មិន​គួរគប្បី​ចំពោះ​ស្រ្តី​ខ្មែរក្រោម ។

លោកសង្ឃ​ជនជាតិ​យួន​​ឈ្មោះ Thich Phap Hoa ដែល​បាន​ច្រៀង​ចំរៀង​មើលងាយ​ស្រ្តី​ខ្មែរក្រោម ។ រូបៈ Internet
លោកសង្ឃ​ជនជាតិ​យួន​​ឈ្មោះ Thich Phap Hoa ដែល​បាន​ច្រៀង​ចំរៀង​មើលងាយ​ស្រ្តី​ខ្មែរក្រោម ។ រូបៈ Internet

«បើ​ខ្មែរក្រោម ​នៅ​គ្រប់ទិសទី​មិន​ពួតដៃ​សាមគ្គី​ការពារ​សិទ្ធិ​សេរីភាព តំលៃ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​នោះ​ទេ ម៉្លេះ​លោកសង្ឃ​វៀតណាម​អង្គ​នោះ​ ក៏​មិនបាន​ចេញមុខ​សុំទោស​ខ្មែរក្រោម ​ជា​សាធារណៈ​នោះ​ដែរ» ។ នេះ​ជា​ការ​លើកឡើង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់ លេខាធិការ​ដ្ឋាន នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម និង​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម ដែលបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ខែមករា ។

អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ បាន​រម្លឹក​ថា កាលពី​ពេល​ថ្មី​ៗ នេះ មាន​លោកសង្ឃ​ជនជាតិ​យួន​ ដែលគេ​ដឹង​ថា​កំពុង​រស់នៅ​ក្នុង​ប្រទេស​កាណាដា (Canada​) បាន​បង្ហោះ​វីដេអូ​ខ្លី​បមួយ​ នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ ដែល​វីដេអូ​នោះ​បង្ហាញ​អំពី​ការ​សម្តែង​ធម៌​ទេសនា​របស់​លោក​ទៅកាន់​ពុទ្ធបរិស័ទ​ជនជាតិ​យួន ។ ក្នុង​ពេល​ទេសនា លោកសង្ឃ​អង្គ​នោះ​ បាន​ច្រៀង​ចំរៀង​មួយ​បទ ​ដែល​មាន​អត្ថន័យ​ជា​ការ​មើលងាយមើលថោក​តំលៃ​ស្រ្តី​ខ្មែរក្រោម ដូចជា​ថា ​រៀបការ​ជាមួយ​ស្រ្តី​ខ្មែរក្រោម​មិន​ចាំបាច់​ចំណាយ​ប្រាក់ ឬស្រ្តី​ខ្មែរក្រោម​មាន​សម្បុរ​ខ្មៅ​ជាដើម ។ បើ​ទោះជា​ចំរៀង​នោះ​ មាន​អត្ថន័យ​ប្រមាថមើលងាយ​តំលៃ​ស្រ្តី​ខ្មែរក្រោម​ក៏ដោយ ក៏​ពុទ្ធបរិស័ទ​ជនជាតិ​វៀតណាម​ ដែល​កំពុង​អង្គុយ​ស្តាប់​នាំគ្នា​ទះដៃ​សើច​សប្បាយ​ហាក់ជា​ការ​ចំអក​ឡកឡាយ​បន្ថែម​ទៀត ​ទៅលើ​ស្រ្តី​ខ្មែរក្រោម ។ ​ពួក​គេ​ថា​ នៅក្នុង​អត្ថន័យ​បទចម្រៀង​នោះ លោកសង្ឃ​អង្គ​នោះ ក៏បាន​ប្រើពាក្យ​ថា Miên (មៀង​) ដែល​សំដៅ​ទៅលើ​ក្រុម​ជនជាតិ​ខ្មែរ​មួយ​ក្រុម​តូច​ នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម ។ ចំពោះ​និយមន័យ ពាក្យ​ថា Miên (មៀង​) ជនជាតិ​វៀតណាម តែង​សំដៅ​ទៅលើ​អម្បូរ​នៃ​ក្រុម​មនុស្ស​អវិជ្ជា ឬអម្បូរ​មនុស្ស​ដែល​អន់​បំផុត ។

ប្រធាន​លេខាធិការ​ដ្ឋាន នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម និង​ជានា​យក​ប្រតិបត្តិ​នៃ សមាគម​ខ្មែរ​កម្ពុជាក្រោម ​ដើម្បី​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍ លោក សឺន យឿង មានប្រសាសន៍ ថា អត្ថន័យ​នៃ​បទចំរៀង​នោះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តំលៃ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្រ្តី​ខ្មែរក្រោម ។

លោក​ប្រតិកម្ម​តប​ថា ៖ «យើង​មិន​សប្បាយចិត្ត​ចំពោះ​ទង្វើ​របស់​ព្រះសង្ឃ​វៀតណាម​មួយ​អង្គ នេះ​ជា​ខ្លាំង​ដែល​បាន​លើកឡើង​ពី​ពាក្យស្លោក​នេះ​មក​ឱ្យ​សាធារណៈ​ស្តាប់​ហាក់ដូចជា​មើល ងាយ​មើល​ថោក​មកដល់​ស្រ្តី​ខ្មែរ ហេតុនេះ​ហើយ​ក្នុងនាម​យើង​ជា​អង្គការ​សមាគម​ខ្មែរ​កម្ពុជា ក្រោម​យើង​មានការ​សោក​ស្តាយ​ចំពោះ​ពាក្យ​សម្តី​ទាំងអស់​នេះ​ខ្លាំង​ណាស់»

ក្រោយ​វីដេអូ​ខ្លី​បនោះ ​ត្រូវ​បាន​បង្ហោះ ខ្មែរក្រោម​នៅ​គ្រប់ទិសទី​បាន​ចេញ​មក​ប្រតិកម្ម ទាមទារ​ឱ្យ​លោកសង្ឃ​អង្គ​នោះ​ចេញមុខ​សុំទោស​ប្រជាពលរដ្ឋ ជាពិសេស​ស្ត្រី​ខ្មែរក្រោម ​ជា​សាធារណៈ ​ចំពោះ​ទង្វើ​ដែល​លោកសង្ឃ​អង្គ​នោះ ​ធ្វើ​មិន​គប្បី​ចំពោះ​ស្រ្តី​ខ្មែរក្រោម ។ នៅទីបំផុត លោកសង្ឃ​អង្គ​នោះ​ បាន​ចេញមុខ​សុំទោស​ខ្មែរក្រោម​ ជា​សាធារណៈ ប៉ុន្តែ​ ថា​ ចំរៀង​នោះ លោក​បាន​ច្រៀង​កាលពី ៦ ឆ្នាំមុន និង​ច្រៀង​តាម​ក្មេង ​ដែល​លោក​បានឮ​ច្រៀង​ជាច្រើន​ឆ្នាំ​មក​ហើយ ។ យ៉ាងណាក៏ដោយ ក្រោយពេល​វីដេអូ​ខ្លី​បនេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ មាន​ជនជាតិ​វៀតណាម​មួយចំនួន​ទៀត ​បាន​នាំគ្នា​ច្រៀង​ចំរៀង​នោះ ​រួច​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ​ដែល​ប្រការ​នេះ ​ខ្មែរក្រោម​មើលឃើញ​ ថា​ ពួក​គេ​មាន​ចេតនា​ចង់​បញ្ឈឺចិត្ត​ពលរដ្ឋខ្មែរ​ក្រោម ​បន្ត​ទៀត ។

លោក សឺន យឿង បាន​ទាមទារ​ឱ្យ​ជនជាតិ​យួន​បញ្ឈប់​នូវ​សកម្មភាព​ឬការប្រើ​ប្រាស់ ពាក្យពេចន៍​មើលងាយ​ពលរដ្ឋខ្មែរ​ក្រោម​បន្ត​ទៀត ។

លោក​សង្កត់ធ្ងន់​ថា ៖ «ក្នុងនាម​យើងខ្ញុំ​អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម ខ្ញុំ​សូម​ឱ្យ​បង​ប្អូន​វៀ​តណាម ​ក៏ដូចជា​ជនជាតិ​ដទៃ​ក៏ដោយ ខ្មែរក្រោម​ក៏ដោយ កុំឱ្យ​មាន​ប្រើ​នូវ​អំពើ​មិន​សមរម្យ​ ចំពោះជាតិ​សាស​ន៍​មួយ​ៗ ដូច​ព្រះសង្ឃ​វៀតណាម​អង្គ​នេះ ព្រោះថា ​យើង​មើលឃើញ​វា​មិនមែន​ជា​ការសមរម្យ ហើយ​ធ្វើ​ឱ្យ​មានការ​ខឹង​សម្បារ​ច្រើន​ពីសំណាក់​បងប្អូន ជាតិ​សាស​ន៍​ដទៃ​ៗ ទៀត ។ អ៊ីចឹង​ហើយ ​ក្នុងនាម​យើងខ្ញុំ ខ្ញុំ​សូម​អំពាវនាវ​ ជាពិសេស​ គឺ​បងប្អូន​វៀតណាម​ហ្នឹងហើយ​តែងតែ មាន​ពាក្យ​មិន​សមរម្យ​ដល់​បងប្អូន​ខ្មែរ​កម្ពុជាក្រោម​ ដូចជា​លោកសង្ឃ​វៀតណាម​មួយ​អង្គ​នេះទៀត»

លេខាធិការ​ដ្ឋាន នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម និង​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម យល់ឃើញ​ថា ក្នុងនាម​ជា​ព្រះសង្ឃ​ដែល​ពុទ្ធបរិស័ទ​ជនជាតិ​វៀតណាម ​ចាត់ទុកថា​ជា​អ្នកមាន ចំណេះដឹង អាច​សម្តែង​ធម៌​ទេសនា​ប្រៀនប្រដៅ​ពុទ្ធបរិស័ទ​បាន លោកសង្ឃ​អង្គ​នោះ មិន​គប្បី ច្រៀង​ចំរៀង​ដែល​ខ្លួន​យល់​ច្បាស់​ថា​ មាន​អត្ថន័យ​ប្រមាថមើលងាយ​ជាតិសាសន៍​ដទៃ​នោះ មក​ច្រៀង​លេងសើច​សប្បាយ​នោះ​ឡើយ ។ ទង្វើ​មិន​គប្បី​របស់​លោកសង្ឃ​អង្គ​នោះ ជា​ការ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ថា​ ជនជាតិ​វៀតណាម ​នៅតែ​បន្ត​ប្រមាថ​មើលងាយ​មក​លើ​ខ្មែរក្រោម បើ​ទោះជា​ខ្មែរក្រោម ​គឺជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ហើយ ដែល​សិទ្ធិ សេចក្តី​ថ្លៃថ្នូរ និង​តំលៃ​ជា​មនុស្សជាតិ​របស់​ខ្មែរក្រោម ​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ក្តី ។

លោក សឺន យឿង ប្រធាន​លេខាធិការ​ដ្ឋាន នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម
លោក សឺន យឿង ប្រធាន​លេខាធិការ​ដ្ឋាន នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម

អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម​ អះអាង​ថា​ខ្មែរក្រោម​ចង់​រស់នៅ​ ដោយមាន​សិទ្ធិ​សេរីភាព​ពេញលេញ សុខដុមរមនា និង​ការ អភិវឌ្ឍ ប៉ុន្តែ​ ដរាបណា​ខ្មែរក្រោម​ នៅតែ​បន្ត​ទទួលរង​នូវ​ការរំលោភ​បំពាន​សិទ្ធិ​សេរីភាព ការមើលងាយមើលថោក​ដល់​តំលៃ និង​សេចក្តី​ថ្លៃថ្នូរ​ជា​មនុស្សជាតិ​របស់​ខ្លួន​ ដែល​ធានា​ដោយ​អនុសញ្ញា និង​កតិក​សញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​នានា នោះ​ខ្មែរក្រោម​នឹង​នៅតែ​បន្ត​ចេញមុខ​ការពារ​សិទ្ធិ​សេរីភាព ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ជាដរាប ។

អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម ​ក៏បាន​ទទូច​ឱ្យ​ពលរដ្ឋខ្មែរ​ក្រោម​រួម​សាមគ្គី​គ្នា​ ដោយជឿជាក់ ​ថា​ មានតែ​កម្លាំង​សាមគ្គី​របស់​ខ្មែរក្រោម​ នៅ​គ្រប់ទិសទី​ប៉ុណ្ណោះ ទើប​ខ្មែរក្រោម​អាច​ទប់ស្កាត់ ឬបញ្ឈប់ ទង្វើ​រំលោភបំពាន និង​ការប្រមាថ​មើលងាយ​មក​លើ​ខ្មែរក្រោម ​នៅពេល​ខាងមុខ​ទៀត​បាន ។

លោក សឺន យឿង ប្រធាន​លេខាធិការ​ដ្ឋាន នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម បញ្ជាក់បន្ថែម​ថា ៖ «យើងខ្ញុំ​ក្នុងនាម​ជា​អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម យើង​មាន​សេចក្តី​មោទនភាព ចំពោះ​ការ​ប្រតិកម្ម​របស់​បងប្អូន​ខ្មែរក្រោម​យើង​គ្រប់ទិសទី​ទាំងអស់ ​ដែល​មានចិត្ត​ឈឺឆ្អាល​ ចំពោះ​ពាក្យ​សម្តី​ដ៏​មិន​សមរម្យ​នេះ ហើយក៏​បាន​ប្រតិកម្ម​ទូទាំង​ពិភពលោក​ ដើម្បី​ឱ្យ​ព្រះ​សង្ឃ​វៀ​តណាម​មួយ​អង្គ​នេះ​ សុំទោស​ជា​សាធារណៈ ហើយ​ខ្ញុំ​សង្ឃឹមថា​ ថ្ងៃក្រោយ​យើង​នឹង​រួបរួម​គ្នា​ដូច្នេះ ដើម្បី​កុំឱ្យ​ជាតិសាសន៍​ណាមួយ​មើលងាយ​មកដល់​ខ្មែរក្រោម​យើង​ ដូចជា​លោកសង្ឃ​វៀតណាម មួយ​អង្គ​នេះ​ទៀត ។ អ៊ីចឹង ក្នុងនាម​ខ្ញុំ​អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម ខ្ញុំ​សូមស្វាគមន៍​នូវ​ទង្វើ ដ៏​ល្អប្រពៃ​របស់​បងប្អូន​ខ្មែរ​កម្ពុជាក្រោម​ទាំងអស់​ ដែល​បាន​ចេះ​រួបរួម​ដូច​ក្នុង​ពេលនេះ»