មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច​ថា រដ្ឋាភិបាល​មិន​យោគយល់​ទទួល​ស្គាល់​ខ្មែរ​ក្រោម ដែល​មក​ពី​ទឹក​ដី​កំណើត ជា​ជន​ជាតិ​ខ្មែរ​ ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ

ដោយ យន់ សាមៀន | RFA Khmer

មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច​អះអាង ស្រដៀង​គ្នា​ថា អាជ្ញាធរ​មិន​អាច​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​ដល់​ខ្មែរ​ក្រោម ដែល​មាន​បំណង​ចង់​មក​រស់​នៅ​កម្ពុជា ដោយ​ស្វ័យប្រវត្តិ​នោះ​ទេ ។ ការ​លើក​ឡើង​នេះ​ ដោយសារ​តែ​សមាគម​ខ្មែរកម្ពុជា​ក្រោម ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​ដល់​ខ្មែរ​​​ក្រោម ដែល​កំពុង​រស់នៅ​កម្ពុជា​ ដើម្បី​ឲ្យ​ពួក​គេ​មាន​សិទ្ធិ​ស្រប​ច្បាប់ ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល ។ រូបៈ Screenshot
លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល ។ រូបៈ Screenshot

មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​អាស៊ី​សេរី​ ថា តាម​ច្បាប់​ពលរដ្ឋ​ខ្មែរ​ក្រោម ​ដែល​មក​រស់​នៅ​កម្ពុជា មិន​ស្រប​ច្បាប់​អាជ្ញាធរ​ខ្មែរ​អាច​ចាប់​បញ្ជូន​ទៅ​វៀតណាម​វិញ​បាន ។ លោក​ថា អាជ្ញាធរ​ខ្មែរ មានការ​អត់ធ្មត់​ទើប​មិន​ធ្វើ​តាម​ច្បាប់ ។ ការ​ព្រមាន​របស់​លោក ផៃ ស៊ីផាន នេះ លោក​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​សមាគម​ខ្មែរកម្ពុជាក្រោម ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ដែល​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​កម្ពុជា ។

មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ស្នើសុំ​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម ​នៅ​កម្ពុជា និង​ វៀតណាម​ ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​ការ​រំលោភ​បំពាន​ណា​មួយ ប្រសិន​បើ​មាន​ករណី​រំលោភ​បំពាន​ទាំង​នោះ​ កើត​ឡើង ៖

«អត្តសញ្ញាណប័ណ្ណ​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​ច្បាប់​អន្តោប្រវេសន៍ ។ គាត់​មិន​មែន​ជា​ជន​ជាតិ​ខ្មែរ​លើ​ទឹក​ដី​ខ្មែរ​ នៅ​ពេល​បច្ចុប្បន្ន​ណា ពី​ព្រោះ​យើង​អនុវត្ត​តាម​តែ​ច្បាប់​ទី​មួយ ។ គាត់​ចូល​មក​កម្ពុជា​អត់​មាន​ក្រដាស​ស្នាម ​យើង​ត្រូវ​បណ្ដេញ​ចេញ​វិញ»

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​អះអាង​ស្រដៀង​គ្នា​នេះ​ដែរ ។ លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ ថា ខ្មែរ​ក្រោម​ណា​ចង់​បានសញ្ជាតិ​ខ្មែរ ត្រូវ​តែ​គោរព​ច្បាប់​បាន​ច្បាប់​សញ្ជាតិ ។ លោក​ថា ខ្មែរ​ក្រោម​រស់​នៅ​លើ​ទឹក​ដី​កំណើត ជា​ជន​ជាតិ​វៀតណាម៖

«បើ​គាត់​មក​រស់​នៅ​កម្ពុជា គាត់​ត្រូវ​មាន​លិខិត​ស្នាម​អី​ត្រឹមត្រូវ មិន​មែន​ចេញ​ចូល​អី​តាម​អំពើ​ចិត្ត​នោះ​ទេ ។ បើ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ​បាន លុះ​ត្រា​តែ​មាន​អាសយដ្ឋាន​អចិន្ត្រៃយ៍ បើ​គាត់​គ្រាន់​តែ​ឆ្លង​ដែន​ពី​កម្ពុជា​ក្រោម ​មក​កម្ពុជា ទៅ​រក​អត្តសញ្ញាណប័ណ្ណ​ម្ដេច​កើត»

របាយការណ៍​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ផ្សាយ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា​មួយ​ចំនួន​ធំ ពុំ​ទាន់​មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​ស្រប​ច្បាប់ និង ​គ្មាន​អត្តសញ្ញាណ​​ប័ណ្ណ ដើម្បី​អាច​យក​ទៅ​ប្រើប្រាស់ ដើម្បី​ទទួល​បាន​សេវា​សុខភាព អប់រំ កម្មសិទ្ធិ​ដីធ្លី និង​លិខិត​ឆ្លង​ដែន​ជា​ដើម ។ ចំណែក​នៅ​ថ្នាក់​មូលដ្ឋាន​វិញ ខ្មែរ​ក្រោម​រង​ការ​រើសអើង​ ដោយសារ​តែពលរដ្ឋ​ខ្មែរ​គិត​ ថា ខ្មែរ​ក្រោម ​ជា​ជនជាតិ​វៀតណាម ។

អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ឆ្លើយ​តប​ទៅ​នឹង​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល និង​ បក្ស​ប្រជាជន​កម្ពុជា​វិញ ​ថា លោក​មិន​អាច​ទទួល​យក​ការ​លើក​ឡើង​របស់​មន្ត្រី​ទាំង​ពីរ​នាក់​នេះ​បាន​ទេ ។ លោក​ថា មន្ត្រី​ជាន់​ខ្ពស់​ទាំង​ពីរ​មាន​មតិ​ផ្ទុយ​ទៅ​នឹង​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែល​ធ្លាប់​លើក​ឡើង​ថា ខ្មែរ​ក្រោម​ណា ដែល​ជាន់​​ទឹក​ដី​ខ្មែរនឹង​ក្លាយ​ជា​ជន​ជាតិ​ខ្មែរ ជា​ស្វ័យប្រវត្តិ៖

«អ្វី​ដែល​គាត់​លើក​ឡើង​នេះ មិន​ឆ្លុះ​បញ្ចាំង​នឹង​ទៅ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ទេ ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​គាត់ មិន​មែន​ជា​ច្បាប់​ទេ»

លោក សឺន ជុំជួន អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍។ រូប៖ ហ្វេសប៊ុក KKKHRDA-Center ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០
លោក សឺន ជុំជួន អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍។ រូប៖ ហ្វេសប៊ុក KKKHRDA-Center ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ខ្មែរ និង​ បក្ស​កាន់​អំណាច មិន​ត្រឹម​តែ​អះអាង ​ថា នៅ​កម្ពុជា​គ្មាន​ការ​រំលោភ​សិទ្ធិ និង ​ការ​រើសអើង​ខ្មែរ​ក្រោម មន្ត្រី​ទាំង​ពីរ​នាក់​នេះ ក៏​ថែម​ទាំង​បាន​អះអាង​ ថា ខ្មែរ​ក្រោម​នៅ​វៀតណាម ក៏​មិន​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​វៀតណាម​ដែរ ។​ លោក ផៃ ស៊ីផាន ថា តំណាង​រាជរដ្ឋាភិបាល តែងតែស្នើសុំ​ឲ្យ​វៀតណាម ​អន្តរាគមន៍​ករណី​ដោះ​ស្រាយ​បញ្ហា​ខ្មែរ​ក្រោម ប៉ុន្តែ​ លោក​ថា រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ភាគី​ណា​មួយ​ញុះញង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មាន​បញ្ហា​នឹង​​រដ្ឋាភិបាល​វៀតណាម​ រឿង​ខ្មែរ​ក្រោម​នោះ​ទេ ។

សំដី​លោក ផៃ ស៊ីផាន នេះ មិន​ពិត​នោះ​ទេ ។ កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នឹង​កសិករ​ខ្មែរ​ក្រោម ៤ នាក់ ដែល​ត្រូវ​វៀតណាម​រឹបអូស​យក​ដី​ស្រែ​ទាំង​ខុស​ច្បាប់ ដោយ​គ្មាន​សំណង​នោះ ត្រូវ​បាន​តុលាការ​វៀតណាម កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ពី ៦ ខែ ទៅ ២ ឆ្នាំ​កន្លះ​ថែម​ទៀត ។ វៀតណាម​ ចោទ​កសិករ​ខ្មែរ​ក្រោម ​ទាំង​នោះ ​ថា ប្រឆាំង​អាជ្ញាធរ​សាធារណៈ ពេល​សមត្ថកិច្ច​វៀតណាម​ចុះ​ទៅ​រំលោភ​យក​ដី​ពួក​គេ ។ បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះ កំពុង​ស្វែង​រក​មេធាវី ដើម្បី​ប្ដឹង​ឧទ្ធរណ៍​ ដើម្បី​ចៀស​វាង​ជាប់​ពន្ធនាគារ ។ វៀតណាម​ មិន​ត្រឹម​តែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​កសិករ​ខ្មែរ​ក្រោម​នោះ​ទេ កាល​ពី​ពេល​ថ្មីៗ នេះ វៀតណាម​ ក៏​បាន​ផាក​ពិន័យ​យុវជន​ខ្មែរ​ក្រោម​ជា​ច្រើន​នាក់ រាប់​រយ​ដុល្លារ ​ដោយ​ចោទ​ប្រកាន់​ពួក​គេ​ ថា ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សាយ​ព័ត៌មាន​មិន​ពិត ។ កន្លង​មក​យុវជន​ខ្មែរ​ក្រោម​ បាន​ប្រើប្រាស់​បណ្ដាញ​សង្គមហ៊្វេសប៊ុក​ ដើម្បី​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​ទឹក​ដី​ខ្មែរ​ក្រោម និង ​រិះគន់​វៀតណាម​រឿង​ធ្វើទុក្ខ​បុក​ម្នេញ​ខ្មែរ​ក្រោម ។​ យុវជន​ខ្មែរ​ក្រោម​អះអាង ​ថា ពួក​គេ​គ្មាន​កំហុស ហើយ​ឲ្យ​មិន​បង់​ប្រាក់​ពិន័យ​ឲ្យ​វៀតណាម​ដែរ ។ ទោះ​បី​វៀតណាម​ បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរ​ក្រោម ​ក៏​ដោយ ក៏​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន អះអាង​ថា បញ្ហា​ដី​ធ្លី​តែង​តែ​កើត​មាន​ឡើង​ក្នុង​សង្គម ។ លោក​ថា កន្លង​មក​លោក​មិន​ឃើញ​ ថា ពលរដ្ឋ​ខ្មែរ​ក្រោម ​រង​ការ​រំលោភ​សិទ្ធិ​ពី​សំណាក់​វៀតណាម​នោះ​ទេ៖

«ខ្ញុំ​យល់​ថា បង​ប្អូន​មួយ​ចំនួន​ទេ ដែល​អាស៊ី​សេរី សម្ភាស​នោះ ធ្លាប់​ផ្សាយ​ថា មាន​ជម្លោះ​ដីធ្លី​នោះ វា​ជា​រឿង​ផ្ទៃក្នុង និង​បាតុភាព​អសកម្ម​ទេ មិន​មែន​បង​ប្អូន​ប៉ុន្មាន​លាន​នាក់​ហ្នឹង​សុទ្ធតែ​មាន​បញ្ហា​ទេ»

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​

ឆ្លើយ​តប​នឹង​ការ​ថ្លែង​ការពារ​រដ្ឋាភិបាល​វៀតណាម​របស់ លោក សុខ ឥសាន នេះ មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា លោក សុខ ឥសាន ការពារ​វៀតណាម ព្រោះ​គណបក្ស​កាន់​អំណាច​ជំពាក់គុណ​វៀតណាម ។ ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ស្នើសុំ​រដ្ឋាភិបាល​ខ្មែរ ​ថា ត្រូវ​យក​ចិត្ត​ទុក្ខ​ដាក់​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ដោយ​គ្មាន​ការ​រើសអើង៖

«ស្ថានភាព ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម ​គាត់​ជួប​ប្រទះ​បញ្ហា​នៅ​ទឹក​ដី​កម្ពុជា​ក្រោម ក្រោម​របប​អាណានិគម​វៀតណាម គាត់​បាន​រត់​ភៀស​ខ្លួន​ទៅ​រស់​នៅ​កម្ពុជា​ហ្នឹង គួរ​តែ​រដ្ឋាភិបាល​កម្ពុជា ជួយ​ជ្រោមជ្រែង និង​ ទទួល​ស្គាល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ហ្នឹង ជា​ពលរដ្ឋ​ខ្មែរ»

អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ក៏​មាន​សំណូមពរ​ស្រដៀង​គ្នា​នេះ​ដែរ គឺ​លោក​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​យន្តការ​សម​ស្រប​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ នៅ​កម្ពុជា​ អាច​ទទួល​សិទ្ធិ​រស់​នៅ​ស្រប​ច្បាប់​ ទៅ​ថ្ងៃ​អនាគត ៕