ដោយ ស៊ឺន ចែងចើន
ពលរដ្ឋខ្មែរក្រោមមួយគ្រួសារ នៅខេត្តព្រះត្រពាំង ដែលវៀតណាម ដាក់ឈ្មោះថ្មីថា ខេត្តត្រាវិញ ដែលមានបញ្ហាដីធ្លី កំពុងជួបបញ្ហាក្នុងការរស់នៅ ព្រោះតែឈ្មួញដីធ្លីមានអំណាចជាជនជាតិយួនម្នាក់ បានបិទទ្វាររបងចេញចូលលើដីមានជម្លោះ ដែលធ្វើឲ្យពលរដ្ឋខ្មែរក្រោមួយគ្រួសារនោះ មិនអាចធ្វើដំណើរចេញចូល ទៅកាន់ផ្លូវសាធារណៈបាន ។ ចំណែកអាជ្ញាធរ មិនបានរារាំងសកម្មភាពរបស់ក្រុមជនជាតិយួន ដែលរំលោភយកដីពលរដ្ឋខ្មែរក្រោមមួយគ្រួសារនោះឡើយ ។

អ្នកមានលុយ និងមានអំណាចជាជនជាតិយួនម្នាក់ នៅព្រឹកថ្ងៃទី ១២ ខែធ្នូ ម្សិលមិញនេះ ចុះមកបិទទ្វាររបងចេញចូលផ្ទះរបស់ខ្មែរក្រោមមួយគ្រួសារ នៅភូមិក្រសាំង អនុសង្កាត់ទី ៩ សង្កាត់ទី ៩ ទីក្រុងព្រះត្រពាំង ខេត្តព្រះត្រពាំង ដែលមានប័ណ្ណកាន់កាប់ដីធ្លី ឬប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ តាំងតែពីឆ្នាំ ១៩៧៩ ។ ឈ្មួញរកស៊ីដីរូបនោះ បានយកគ្រឿងចក្រកាយផ្ដាច់ផ្លូវ និងយកបង្គោលភ្លើងធំៗ ជាច្រើនដើម រួចធ្វើរបងបិទផ្លូវចេញចូលសាធារណៈ មិនឲ្យពលរដ្ឋខ្មែរក្រោមមួយគ្រួសារ ចេញចូលកន្លែងស្នាក់នៅ ។
យោងតាមវីដេអូផ្សាយផ្ទាល់ នៅលើគណនីហ្វេសប៊ុករបស់លោក គឹម សុខន (Soc Khone Kim) បានស្រែកថា គ្រួសារលោក ត្រូវជនជាតិយួនប្លន់យកដី និងធ្វើបាបពលរដ្ឋខ្មែរក្រោម ។ នៅក្នុងវីដេអូដដែល លោក គឹម សុខន បានអំពាវនាវឲ្យពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក ជួយអន្តរាគមន៍ដោយប្តឹងទៅអន្តរជាតិរកយុត្តិធម៌ ជូនពលរដ្ឋខ្មែរក្រោម ។
ថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម តាមទូរស័ព្ទ នៅថ្ងៃទី ១២ ខែធ្នូ លោក គឹម សុខន បានរៀបរាប់អំពីសកម្មភាពឈូសឆាយរបស់ឈ្មួញរកស៊ីដីធ្លី បានប្រើឥទ្ធិពលរបស់ខ្លួនបំពានមកលើពលរដ្ឋខ្មែរក្រោម ស្លូតត្រង់ ។ លោកថា នៅកន្លែងកើតហេតុនោះ អាជ្ញាធរមូលដ្ឋាន និងគរបាល បានចុះមកឃ្លាំមើលដោយផ្ទាល់ដែរ តែមិនបានដោះស្រាយបញ្ហានេះ ជូនគ្រួសារលោកនោះទេ ។
លោក គឹម សុខន បានឲ្យដឹងបន្ថែមទៀតថា ផ្លូវនេះ ជាផ្លូវចេញចូលដីផ្ទះរបស់លោកទៅកាន់ផ្លូវសាធារណៈ ដូច្នេះ ទោះជាកំពុងមានវិវាទដីធ្លីយ៉ាងណាក៏ដោយ ក៏តុលាការមិនត្រូវសម្រេចឲ្យបិទផ្លូវនេះដែរ ។ ពលរដ្ឋរូបនេះ ស្នើទៅអាជ្ញាធរខេត្ត ជួយអន្តរាគមន៍ឲ្យមានការបើកផ្លូវនេះឡើងវិញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា កន្ហងទៅនេះ អាជ្ញាធរវៀតណាម បានចុះបិទទ្វាររបងចេញចូលផ្ទះរបស់ពលរដ្ឋខ្មែរក្រោមមួយគ្រួសារនេះម្តងរួចហើយ តែក្រោយមក គ្រួសារខ្មែរក្រោមនោះ បានវាយកម្ទេចចោលវិញ ។ ការបិទទ្វាររបងចេញចូលផ្ទះនេះដែរ គឺធ្វើឡើងបន្ទាប់ពីនាយកដ្ឋានអនុវត្តសាលដីការដ្ឋប្បវេណីខេត្តព្រះត្រពាំង នៃរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី ៥ ខែវិច្ឆិកា បានកោះហៅក្រុមគ្រួសារជាពលរដ្ឋខ្មែរក្រោម ទៅចុះហត្ថលេខាទទួលស្គាល់ លើការអនុវត្តសាលក្រមជាស្ថាពររបស់តុលាការ តែគ្រួសារខ្មែរក្រោមបានបដិសេធសេចក្ដីសម្រេចរបស់តុលាការ ហើយលើកឡើងថា ទង្វើរបស់អាជ្ញាធរដែលសហការនឹងជនជាតិយួនោះ ជាការរំលោភបំពាន និងមាក់ងាយដល់ជនជាតិដើមខ្មែរក្រោមម្ចាស់ស្រុក ។
ចំណែក ឈ្មួញរកស៊ីដី ជនជាតិយួនឈ្មោះ កៅ អាញ់ ឡៀក (Cao Anh Liệt) ដែលជាអ្នកមកតាំងទីលំនៅថ្មី ដោយទិញដីរបស់ពលរដ្ឋខ្មែរក្រោម នៅក្បែរផ្ទះរបស់ជនរងគ្រោះដីធ្លី នៅឆ្នាំ ២០០៣ ។ ក្រោយមក លោក កៅ អាញ់ ឡៀក បានទន្ទ្រានដណ្ដើមយកដីធ្លីចិញ្ចើមថ្នល់នៅមុខផ្ទះរបស់ពលរដ្ឋខ្មែរក្រោមនោះ និងបានបិទផ្លូវមិនឲ្យធ្វើដំណើរចេញចូលទៅផ្លូវសាធារណៈ ។
ក្រោយទទួលរងនូវអំពើអយុត្តិធម៌ ក្រុមគ្រួសារខ្មែរក្រោមនោះ ក៏បានរប្តឹងផ្តល់ជនជាតិយួន ដែលរំលោភយកដីកម្មសិទ្ធិ ទៅកាន់តុលាការគ្រប់ជាន់ថ្នាក់ នៅខេត្តព្រះត្រពាំង រាប់តាំងពីតុលាការជាន់ទាប រហូតតុលាការជាន់ខ្ពស់ តែតុលាការ នៅតែកាត់ឲ្យគ្រួសារលោកចាញ់ក្តីជនជាតិយួនដដែល ។
បើតាមការលើកឡើងរបស់គ្រួសារជនរងគ្រោះ អះអាថា ការដោះស្រាយជម្លោះដីធ្លីកន្លងមក គ្មានលទ្ធផលសមរម្យណាមួយ ដែលពួកគេអាចទទួលយកបាននោះទេ ពោល គឺអាជ្ញាធរពាក់ព័ន្ធ តែងតែអូសបន្លាយពេលវេលា ប្រើល្បិចកល់គ្រប់សព្វបែបយ៉ាង និងលំអៀងទៅខាងជនជាតិយួន ដែលជាអ្នកមានអំណាចខាងទឹកលុយ ។ បន្ថែមពីលើនេះ តុលាការយួន នៅខត្តព្រះត្រពាំង ក៏បង្គាប់ឲ្យសងសំណងជំងឺចិត្ត ជិត ៩ លានដុង ទៅជនជាតិយួន ដែលរំលោភបំពានទ្រព្យសម្បត្តិដីធ្លីរបស់ពលរដ្ឋខ្មែរក្រោម និងប្រកាសសាលដីកាបិទផ្លូវប្តឹងតវ៉ាលើសំណុំរឿងដីធ្លីនេះទៀតផង ។
ទាក់ទង នឹងករណីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានលើកយកបញ្ហានេះ រាយការណ៍ទៅអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ដើម្បីអន្តរាគមន៍ ទៅរដ្ឋាភិបាលវៀតណាម ឲ្យឈប់រំលោភបំពានសិទ្ធិលើខ្មែរក្រោមម្ចាស់ស្រុក ៕