ព្រះសង្ឃខ្មែរក្រោម សរសេរ​សៀវភៅ​ផ្តល់​ចំណេះ​ដឹង​ដល់​ខ្មែរ​ក្រោម ដើម្បី​ទាមទារ ​«សិទ្ធិ​សម្រេច​វាសនា​ខ្លួនដោយ​ខ្លួន​ឯង»

ដោយ យន់ សាមៀន | RFA Khmer
និពន្ធនាយក សរព័ត៌មាន ព្រៃនគរ និងជាអនុប្រធាននាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ទើប​បញ្ចាប់​សរសេរ​សៀវភៅ​មួយ​ក្បាល មាន​ចំណង​ជើង​ថា «ពន្លឺ​សិទ្ធិ​សម្រេច​វាសនា​ខ្លួនដោយខ្លួនឯង» ។ សៀវភៅ​នេះ បង្ហាញ​ពី​របៀប​នៃ​ការ​ទាមទារ សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួន​ឯង ប្រវត្តិ​នៃ​ដែន​ដី​កម្ពុជា​ក្រោម និង​អត្ថបទ​ផ្សេងៗ ដើម្បី​ដាស់​ស្មារតី​ពលរដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ​របស់​ខ្លួន ក្នុង​នាម​ជា​ជន​ជាតិ​ដើម ។ សៀវភៅ​នេះ ​ក៏​ជា​ឧបករណ៍​មួយ​ជួយ​យុទ្ធនាការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​ទាមទារ សិទ្ធិ​ស្វ័យ​សម្រេច​ចិត្ត​ ដោយ​ខ្លួន​ឯង ​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ពី​រដ្ឋាភិបាល​វៀតណាម ។
ព្រះភិក្ខុ ថាច់ ប្រីជា គឿន អ្នក​និពន្ធ​សៀវភៅ និង​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ រូប៖ សហព័ន្ធ​ខ្មែរកម្ពុជាក្រោម
ព្រះភិក្ខុ ថាច់ ប្រីជា គឿន អ្នក​និពន្ធ​សៀវភៅ និង​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ រូប៖ សហព័ន្ធ​ខ្មែរកម្ពុជាក្រោម
អ្នក​និពន្ធ​សៀវភៅ ព្រះភិក្ខុ ថាច់ ប្រីជា គឿន គ្រោង​នឹង​បោះពុម្ព​សៀវភៅ​នេះ ចំនួន ១ ពាន់​ក្បាល ហើយ​ព្រះអង្គនឹង​ចែក​ជូន​សៀវភៅ​នេះ​ ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ នៅ​ស្រុក​កំណើត​ និង​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ ។ ព្រះភិក្ខុ ថាច់ ប្រីជា គឿន មាន​ថេរ​ដីកា​ថា ព្រះអង្គ​និពន្ធ​សៀវភៅ​នេះ​ឡើង ដើម្បី​នាំ​យក​ពន្លឺ​នៃ​សិទ្ធិ​សម្រេចវាសនាខ្លួនដោយខ្លួនឯង ទៅ​ផ្សព្វផ្សាយ​បំភ្លឺ​ពលរដ្ឋ​នៅ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម​ រាប់​លាន​នាក់ ដែល​កំពុង​រស់​នៅ​ក្នុង​គុក​ឥត​ជញ្ជាំង​របស់​រដ្ឋាភិបាល​វៀតណាម ។ ព្រះអង្គ​បន្ត​ទៀត​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​នឹង​ទទួល​បាន​ចំណេះ​​ដឹង​គ្រប់គ្រាន់ ដើម្បី​ស្វែង​រក​ការ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត ពេល​អាន​សៀវភៅ​នេះ​ចប់៖ «អាត្មា​គិត​ថា ពលរដ្ឋ​ខ្មែរ​ក្រោម គាត់​មាន​គំនិត​ស្រឡាញ់​ជាតិ ចេះ​ការពារ​ជាតិ ចេះ​ប្រើប្រាស់​សិទ្ធិ និង​ចេះ​ប្ដឹង​ទៅ​រដ្ឋាភិបាល​យួន ដើម្បី​អនុវត្ត​សិទ្ធិ​សម្រេច​វាសនាខ្លួន​ដោយ​ខ្លួន​ឯង ។ អាត្មា​គិត​ថា សៀវភៅ​នេះ ជា​ពន្លឺ​មួយ​សម្រាប់​ផ្តល់​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម ដែល​កំពុង​រស់​នៅ​ទី​ងងឹត ដែល​គ្រប់គ្រង​ដោយ​របប​អាណានិគម​យួន ហើយ​ក៏​ជា​ផ្លូវ​មួយ និង​ជា​គម្ពីរ​មួយ សម្រាប់​ឲ្យ​ខ្មែរ​ក្រោម ​ធ្វើ​ដំណើរ​ចាប់​ពី​ពេល​នេះ​ត​ទៅ» ។
ព្រះភិក្ខុ ថាច់ ប្រីជា គឿន បាន​ប្រើប្រាស់​រយៈ​មួយ​ឆ្នាំ​សរសេរ និង​ឈាន​ទៅ​បោះពុម្ព​ជូន​ពលរដ្ឋ​នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ​នេះ ។ សៀវភៅ «ពន្លឺ​សិទ្ធិ​សម្រេច​វាសនាខ្លួនដោយខ្លួនឯង» មាន ២២០ ទំព័រ និង​ចែក​ចេញ​ជា​បី​វគ្គ ។ វគ្គ​ទី​មួយ និយាយ​អំពី​សិទ្ធិ​សម្រេច​វាសនា​ខ្លួនដោយ​ខ្លួន​ឯង ទី​ពីរ​និយាយ​អំពី ប្រវត្តិ​នៃ​ដែន​ដី​កម្ពុជាក្រោម តាំង​ពី​ដើម​រហូត​ដល់​សម័យ​បច្ចុប្បន្ន និង​វគ្គ​ចុងក្រោយ ជា​ការ​ប្រមូល​ផ្តុំ​ឯកសារ ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រកាសែត និង​គេហទំព័រ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ។
សៀវភៅ «ពន្លឺ​សិទ្ធិ​សម្រេច​វាសនា​ខ្លួនដោយខ្លួនឯង» មិន​មែន​ជា​សៀវភៅ​លើក​ដំបូង​របស់​ព្រះភិក្ខុ ថាច់ ប្រីជា គឿន ទេ ។ កាល​ពី​ឆ្នាំ ២០២០ ព្រះអង្គ​ក៏​បាន​និពន្ធ​សៀវភៅ​កំណាព្យ ដែល​មាន​ចំណង​ជើង​ថា «ខ្លួន​ទីពឹង​ខ្លួន» ។ ព្រះអង្គ​បាន​បោះ​ពុម្ព​សៀវភៅ​កំណាព្យ​ចំនួន មួយ​ពាន់​ក្បាល ដើម្បី​ចែក​ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម និង​តម្កល់​ទុក​នៅ​តាម​បណ្ណាល័យ និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ នៅ​កម្ពុជា ​ដើម្បី​ទុក​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​រំលឹក​ឡើង​វិញ ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម​ មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ។
ព្រះ​ភិក្ខុ ថាច់ ប្រីជា គឿន សព្វថ្ងៃ​គង់​នៅ​វត្ត​ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ (San Jose) រដ្ឋ​កាលីហ្វ័រញ៉ា (California) ។ ព្រះអង្គ​ជា​និពន្ធ​នាយក​ សារ​ព័ត៌មាន​ ព្រៃ​នគរ និង​ជា​អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ព្រះ​អង្គ ជា​កូន​កសិករ​ខ្មែរ​ក្រោម ប្រសូត​កាល​ពី​ឆ្នាំ ១៩៨១ នៅ​ខេត្ត​ព្រះ​ត្រពាំង ។ ព្រះអង្គ​ចាប់​ផ្ដើម​បួស​ជា​សង្ឃ កាល​ពី​ឆ្នាំ ១៩៩៧ រហូត​ក្លាយ​ជា​គ្រូ​បង្រៀន​ភាសា​បាលី នៅ​វត្ត​ចម្ប៉ា​បុរី ។ ព្រះ​អង្គ​បាន​ភៀស​ព្រះ​កាយ​ពី​ស្រុក​កំណើត​មក​កម្ពុជា ដោយ​សារ​តែ អាជ្ញាធរ​វៀតណាម​ តាម​ចាប់​ព្រះ​កាយ ដោយ​ចោទ​ប្រកាន់​ពី​បទ ឃោសនា​ប្រឆាំង​រដ្ឋ​កុម្មុយនិស្ត​វៀតណាម ។ ពេល​មក​ដល់​កម្ពុជា ព្រះ​ភិក្ខុ ថាច់ ប្រីជា គឿន បាន​បង្កើត សារព័ត៌មាន ព្រៃ​នគរ ហើយ​សរសេរ​អត្ថបទ​រិះគន់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជាក្រោម ទើប​បណ្ដាល​ឲ្យ​អាជ្ញាធរ​វៀតណាម និង​ខ្មែរ​តាម​ចាប់​ព្រះ​កាយ រហូតដល់​ព្រះអង្គ​រត់​មក​គង់​នៅ​សហរដ្ឋ​អាមេរិក មក​ទល់​សព្វ​ថ្ងៃ​នេះ ។
សៀវភៅ «ពន្លឺ​សិទ្ធិ​សម្រេច​វាសនា​ខ្លួនដោយខ្លួនឯង» ក៏​នឹង​ក្លាយ​ជា​ឧបករណ៍​មួយ ដើម្បី​ជា​ជំនួយ​ដល់​យុទ្ធនាការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទាមទារ​សិទ្ធិ​ស្វ័យ​​សម្រេច​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ​ពី​វៀតណាម​ដែរ ។ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​ភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា សៀវភៅ «ពន្លឺ​សិទ្ធិ​សម្រេចវាសនា​ខ្លួនដោយខ្លួនឯង» នឹង​រឹតតែ​ធ្វើ​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ងាយ​ស្រួល​ធ្វើ​យុទ្ធនាការ​ នៅ​ឆាក​អន្តរជាតិ និង​ក្នុង​ស្រុក ដើម្បី​ទាមទារ​សិទ្ធិ​ជា​ជន​ជាតិ​ដើម​កំណើត​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម៖ «សៀវភៅ​នេះ​ បាន​ពន្យល់​យ៉ាង​លំអិត​អំពី​សិទ្ធិ​ស្វ័យ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង ទាក់ទង​នឹង​ច្បាប់​អន្តរជាតិ និង​ប្រវត្តិសាស្ត្រ នៃ​ទឹក​ដី​កម្ពុជា​ក្រោម ដូច្នោះ​ហើយ​ ពេល​បាន​បោះ​ពុម្ព​ផ្សព្វផ្សាយ​ហើយ គឺ​បាន​ផ្តល់​ពន្លឺ​សេរីភាព​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​តែ​រស់​នៅ​ក្រោម​អាណានិគម​មួយ​ហ្នឹង បាន​សិក្សា​បន្ថែម​ទៀត ដើម្បី​ឲ្យ​យល់​ច្បាស់​ ពី​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង» ។
អាណានិគម​បារាំង​ បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ ទៅ​ឱ្យ​វៀតណាម​ ត្រួតត្រា​ទាំង​ខុសច្បាប់ ​កាលពី​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ១៩៤៩ ​។ វៀតណាម​ បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ​ដើម្បី​បំបាត់​វប្បធម៌ អត្តសញ្ញាណ សាសនា និង​ទំនៀមទម្លាប់​ខ្មែរ​ក្រោម​ចាប់​តាំង​ពី​បាន​សិទ្ធិ​គ្រប់គ្រង​ពី​បារាំង​មក ។ មកទល់​ថ្ងៃ​ទី ២៣ មិថុនា ឆ្នាំ ២០២០ ខ្មែរ​ក្រោម​បាន​បាត់បង់​ទឹក​ដី​រយៈ​ពេល ៧១ ឆ្នាំ​មក​ហើយ ។ ព្រះភិក្ខុ ថាច់ ប្រីជា គឿន មាន​ថេរ​ដីកា​ថា ទោះ​បី​ពលរដ្ឋ​ខ្មែរ​ក្រោម​​​ ត្រូវការ​ប្រើ​ប្រាស់​រយៈ​ពេល​វែង​ក្នុង​ការ​តស៊ូ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ ទៅ​ថ្ងៃ​អនាគត ប៉ុន្តែ​ប្រសិន​បើ​ខ្មែរ​ក្រោម​ភាគ​ច្រើន​យល់​ដឹង​ពី​វិធី​នៃ​ការ​តស៊ូ​ទាមទារ សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង​នោះ ខ្មែរ​ក្រោម​នឹង​ទទួល​បាន​ជ័យជំនៈ​ជា​មិន​ខាន ៕