ដោយ ថាច់ ប្រីជា គឿន
នៅថ្ងៃសៅរ៍ ទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ សប្ដាហ៍នេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក បានធ្វើសិក្ខាសាលា ស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ។ សិក្ខាសាលានេះ ធ្វើនៅវត្តខេមររង្សី មាន បណ្ឌិត Joshua Cooper ជាទីប្រឹក្សា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ជាវាគ្មិន ធ្វើការបកស្រាយអំពីសារៈសំខាន់ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ លើជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដើម្បីឲ្យសមាជិក និងអ្នកគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោម បានជ្រាប ។

គណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចូលរួមនៅក្នុង សិក្ខាសាលានេះ រួមមាន លោក ម៉ៅ មុនី ជាអនុប្រធាន និង ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាន នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ក្រៅពីនេះ មាន លោក ថាច់ តង ជាប្រធានតំបន់ខាងលិចសហរដ្ឋអាមេរិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និង ថ្នាក់ដឹកនាំ នៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រួមមាន លោក ថាច់ ជូន ជាប្រធាន លោក ចន្ទ សុផាត ជាអនុប្រធាន លោក ឡឹម ស៊ីវេត ជាហេរញ្ញិក ។

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) គឺជាគោលដៅទាំងឡាយដែលទាក់ទង នឹងការអភិវឌ្ឍន៍អន្តរជាតិនាពេលអនាគត ។ គោលដៅទាំងនេះ ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ ហើយត្រូវបានផ្សព្វផ្សាយជាគោលដៅសាកល សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ គោលដៅទាំងនេះ បានជំនួស គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដែលបានផុតកំណត់នៅចុងឆ្នាំ ២០១៥ ។ SGD ចាប់អនុវត្តពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០ ។ មានគោលដៅសំខាន់ៗ ចំនួន ១៧ និងទិសដៅជាក់លាក់ចំនួន ១៦៩ ។ គោលដៅធំៗ ទាំង ១៧ រួមមាន គ្មានភាពក្រីក្រ, គ្មានស្រេកឃ្លាន, សុខភាពល្អ, ការអប់រំ, សមភាពយេនឌ័រ , ទឹកស្អាត និង អនាម័យ, ថាមពល, ការងារ និង សេដ្ឋកិច្ចល្អ , នវានុវត្តន៍ និង ហេដ្ឋារចនាសម្ព័ន្ធល្អ, កាត់បន្ថយវិសមភាព, ទីក្រុង និង សហគមន៍ប្រកបដោយចីរភាព, ការប្រើប្រាស់ធនធានប្រកបដោយការទទួលខុសត្រូវ, វិធានការចំពោះអាកាសធាតុ, មហាសមុទ្រប្រកបដោយចីរភាព, ការប្រើប្រើដីប្រកបដោយចីរភាព សន្តិភាព និង យុត្តិធម៌, ដៃគូសម្រាប់អភិវឌ្ឍន៍ប្រកបដោយចីរភាព ។