ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្តួចផ្តើមគំនិតបង្កើតទង់ជាតិខ្មែរកម្ពុជាក្រោម សម្រាប់ប្រើប្រាស់ជុំវិញពិភពលោក និងនៅលើដែនដីកម្ពុជាក្រោម ។ តើទង់ជាតិខ្មែរកម្ពុជាក្រោម មានអត្ថន័យ និងលក្ខណៈសំគាល់ដូចម្តេចដែរ? ។

ទង់ជាតិខ្មែរកម្ពុជាក្រោម បានជួយថែរក្សាអត្តសញ្ញាណខ្មែរក្រោម ដើម្បីសំគាល់ជាប្រជាជាតិមួយរស់នៅ នៅលើទឹកដីកម្ពុជាក្រោម ឲ្យបានគង់វង្ស នៅលើឆាកអន្តរជាតិ ។ អនុប្រធាននាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ប្រីជា គឿន លើកឡើងថា ខ្មែរក្រោមមិនប្រើប្រាស់ទង់ជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រោះខ្មែរក្រោមចង់ឲ្យគេស្គាល់និមិត្តរូបនៃអត្តសញ្ញាណខ្មែរកម្ពុជាក្រោម៖ «ជំហានដំបូងហ្នឹងគេយើងបង្កើតអត្តសញ្ញាណរបស់ខ្លួន ដើម្បីឲ្យពិភពលោកដឹងថា យើងមកពីទឹកដីកម្ពុជាក្រោម ។ ជាខ្មែរក្រោម នៅលើទឹកដីកម្ពុជាក្រោមហ្នឹង ដើម្បីឲ្យគេស្គាល់ ។ ឥឡូវនេះ ពិភពលោកកំពុងផ្តោតអារម្មណ៍ លើសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង តាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ។ ទៅអនាគតជាសិទ្ធិរបស់ខ្មែរក្រោម ថា តើអាចបង្កើតប្រទេស ឬសម្រេចវាសនាដោយខ្លួនឯងជាដើមហ្នឹង» ។
ទង់ជាតិកម្ពុជាក្រោម ត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោម ដាក់ឲ្យប្រើប្រាស់ កាលពីឆ្នាំ ១៩៩២ ក្នុងមហាសន្និបាតសកល នៅសហរដ្ឋអាមេរិក ។ ទង់ជាតិកម្ពុជាក្រោម មានបីឆ្នូត ដែលមានទំហំស្មើគ្នា និងមានបីព័ណ៌ផ្សេងៗ គ្នា គឺព័ណ៌ ខៀវ លឿង និងក្រហម ។ ឯកសាររបស់សហព័ន្ធខ្មែរកម្ពុជាក្រោម បញ្ជាក់ថា ឆ្នូតព័ណ៌ខៀវ នៅផ្នែកខាងលើ ជានិមិត្តរូបនៃសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ ឆ្នូតព័ណ៌លឿង នៅចំកណ្តាល ជានិមិត្តរូបនៃជាតិសាសន៍របស់ខ្មែរក្រោម និងឆ្នូតព័ណ៌ក្រហម នៅខាងក្រោម បង្ហាញពីវីរភាពអង់អាចក្លាហានរបស់វីរជនខ្មែរក្រោម ដែលហ៊ានបូជាជីវិតខ្លួនដើម្បីជាតិរស់ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បង្កើតទង់ជាតិខ្មែរកម្ពុជាក្រោមនេះ កើតចេញពីទង់ពុទ្ធសាសនា ដោយសារតែពលរដ្ឋខ្មែរក្រោម ជាអ្នកគោរពប្រតិបត្តិតាមពុទ្ធសាសនាថេរវាទ តាំងពីយូរលង់ណាស់មកហើយ ។
បច្ចុប្បន្ន សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងប្រើប្រាស់ទង់ជាតិកម្ពុជាក្រោម ជាសាធារណៈលើឆាកអន្តរជាតិ ដើម្បីសំគាល់ខ្មែរក្រោម ក្នុងយុទ្ធនាការស្វែងរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត ។ លោក ថាច់ ប្រីជា គឿន អំពាវនាវឲ្យខ្មែរក្រោម កំពុងរស់នៅលើទឹកដីកំណើត ប្រើប្រាស់ទង់ជាតិខ្មែរក្រោម ជាជាងប្រើប្រាស់ទង់ជាតិកម្ពុជា ឬវៀតណាម៖ «ប្រជាពលរដ្ឋខ្មែរក្រោម នៅតាមគេហដ្ឋាន នៅតាមវត្តអារាមអីហ្នឹង គួរតែលើកទង់ជាតិរបស់ខ្លួនឡើង មិនត្រូវខ្លាចរបបអាណានិគមយួនហ្នឹងមក រំលោភសិទ្ធិ ឬបំពានអ្វីមកលើយើងទេ ពីព្រោះអីជាអត្តសញ្ញាណរបស់យើង ចំណែកទង់របស់វៀតណាមហ្នឹង ជាទង់របស់បរទេសតែប៉ុណ្ណោះ ។ សូមអំពាវនាវលើកទង់ជាតិ នៅតាមផ្ទះតូចធំអីក៏ដោយ យើងអាចធ្វើបានតាមសេរីភាពរបស់យើង» ។
បច្ចុប្បន្នយុវជនខ្មែរកម្ពុជាក្រោម កំពុងផ្សព្ធផ្សាយណែនាំឲ្យពលរដ្ឋខ្មែរក្រោម ប្រើប្រាស់ទង់ជាតិខ្មែរក្រោម ទោះបីពួកគេអាចប្រឈមមុខនឹងការឃាត់ខ្លួនដាក់ពន្ធនាគារក៏ដោយ ។
យុវជនខ្មែរក្រោមលោក យឿង ខាយ ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ២៤ ខែមេសាថា កាលពីថ្មីៗ នេះ អាជ្ញាធរវៀតណាម បានគំរាមកំហែងលោក រឿងលោកផ្សព្ធផ្សាយរូបភាព មានទង់ជាតិកម្ពុជាក្រោម ។ វៀតណាម ចោទលោកថា ការប្រើប្រាស់ទង់ជាតិខ្មែរក្រោម ជាអំពើក្បត់ជាតិ និងចង់ផ្តួលរំលំរដ្ឋាភិបាលវៀតណាម៖ «ទង់ជាតិហ្នឹងជារបស់ខ្មែរក្រោម មិនមែនជារបស់សហព័ន្ធទេ ។ បើយើងថា ទង់ជាតិជារបស់សហព័ន្ធគេយកលេសថា យើងឃុបឃិតផ្តួលរំលំរដ្ឋាភិបាល (វៀតណាម) ក្បាត់ជាតិ និងបង្កអសន្តិសុខជាតិបង» ។
លោក យឿង ខាយ ត្រូវបានវៀតណាមឃាត់ខ្លួន ជាច្រើនលើកច្រើនសារមកហើយ ដោយសារតែលោក ហ៊ានបញ្ចេញមតិទាមទារសិទ្ធិជនជាតិដើម ។ លោកថា ខ្មែរក្រោមចាំបាច់ត្រូវតែមានទង់ជាតិមួយ សម្រាប់ប្រើប្រាស់ ដើម្បីសំគាល់ខ្មែរក្រោមនៅលើទឹកដីកំណើត៖ «បើបានហ្នឹងយើងស្រួលបង ។ យើងធ្វើម្ចាស់ការខ្លួនឯង ។ យើងជួញដូរខ្លួនឯង ស្រួលបង» ។
ទឹកដីខ្មែរកម្ពុជាក្រោម ត្រូវបានបារាំងកាត់ឲ្យវៀតណាមកាលពី ៧៣ ឆ្នាំមុន ។ បច្ចុប្បន្ន ខ្មែរក្រោមប្រមាណ ៧ លាននាក់កំពុងរស់នៅលើទឹកដីកំណើត ។ ពួកគេត្រូវបានអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញ ជារៀងរាល់ថ្ងៃ ។ ការធ្វើទុក្ខម្នេញទាំងនោះរួមមាន ការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិប្រតិបត្តិសាសនា សិទ្ធិដីធ្លី និងការលុបបំបាត់ប្រវត្តិសាស្រ្តខ្មែរ ។ ខ្មែរក្រោមជាច្រើននាក់ ត្រូវបានវៀតណាម ចាប់ដាក់ពន្ធនាគារ និងផាកពិន័យដោយសារតែ ការទាមទារចង់បានសិទ្ធិជាជនជាតិដើម និងដីធ្លីដើម្បីប្រកបរបរចិញ្ចឹមជីវិត ៕