វត្តបិដកត្យារាម ក្នុងស្រុក មានអាយុកាល ១៣៧៥ ឆ្នាំ

ដោយ ថាច់ ប្រីជា គឿន

វត្តបិដកត្យារាម ក្នុងស្រុក ឋិតនៅក្នុងភូមិក្នុងស្រុក ឃុំហ្វាឡើយ ស្រុកកំពុងធំ ខេត្តព្រះត្រពាំង (Ấp Qui Nông, Xã Hoà Lợi, Huyện Châu Thành, Tỉnh Trà Vinh) បានស្ថាបនាឡើងក្នុងរាជ្យ ព្រះបាទភវវរ្ម័នទី ២ ប្រមាណ ព. ស. ១១៨៤ គ. ស. ៦៤១ ដោយស្នាព្រះហស្ថរបស់ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម ព្រឹក្ស ។ គិតមកដល់ឆ្នាំ ពុទ្ធសករាជ ២៥៦០ គ្រឹស្តសករាជ ២០១៦ វត្តនេះ មានអាយុកាល ១៣៧៥ ឆ្នាំហើយ ។

ព្រះវិហារវត្តបិដកត្យារាម ក្នងស្រុក ។ រូបថត៖ គេហទំព័រ Blog វត្តបិដកត្យារាម ក្នុងស្រុក
ព្រះវិហារវត្តបិដកត្យារាម ក្នងស្រុក ។ រូបថត៖ គេហទំព័រ Blog វត្តបិដកត្យារាម ក្នុងស្រុក

អំពីឈ្មោះវត្ត៖

ចាប់ពីពេលកកើតវត្តរហូរមកដល់សព្វថ្ងៃ វត្តបានប្ដូរឈ្មោះចំនួន ៣ ដង ។ លើកដំបូង ពេលចាប់ផ្ដើមកកើត វត្តភ្លាម ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម ព្រឹក្ស បានដាក់ឈ្មោះថា “វត្តក្នុង” ។ ក្រោយមក ព្រះតេជ ព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម រត្ន បានបំផ្លាស់ពី “វត្តក្នុង” មកជា “វត្តរតនារាម ក្នុងស្រុក” វិញ ។ លុះចំណេរកាលតមក នៅក្នុង ព. ស . ២៤៤០ គ. ស. ១៨៩៦ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម អម ព្រះអង្គមានភាពស្ទាត់ជំនាញផ្នែកខាងព្រះត្រៃបិដក ទើបព្រះអង្គបានប្ដូរឈ្មោះពី “វត្តរតនារាម ក្នុងស្រុក” ទៅជា “វត្តបិដកត្យារាម ក្នុងស្រុក” ជាប់រហូតមកដល់សព្វថ្ងៃនេះ ។

វត្តបិដកត្យារាម ក្នុងស្រុក ហៅ វត្តក្នុងស្រុក មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ ៥៣ ឆៀងទៅទិសអាគ្នេយ៍ នៃ ខេត្តព្រះត្រពាំង ដោយមានផ្ទៃដីភូមិរាងបួនជ្រុងស្មើ និងមានរបងឥដ្ឋព័ទ្ធជុំវិញ ខ្លោងទ្វារចូលទាំង ពីរផ្លូវសងខាង ។ នៅត្រង់ពីខាងលិចមានព្រះពុទ្ធបដិមា ទ្រង់សឹងសម្រាកព្រះឥរិយាបថ បែរព្រះភ័ក្ត្រទៅទិស ខាងលិច ព្រះកេសទៅទិស ខាងជើង ។ វត្តមានព្រះវិហារដែលបានកសាងប្រមាណ ៣០០ ឆ្នាំ មកហើយ ។ ខាងកើត មានព្រះចេតីយ៍មួយធំខ្ពស់ស្កឹមស្កៃ កំពស់ជាង ២៥ ម៉ែត្រ និងមានកុដិសាលាធំៗព័ទ្ធជុំវិញ ព្រះ វិហារ ទៀតផង ។

នៅក្នុងបរិវេណវត្ត មានសួនច្បារ ដែលមានផ្កាជាច្រើនប្រភេទ ដូចជា ភ្ញី រាត្រី សារិកា ចម្ប៉ា ចម្ប៉ី ក្ដាំងងា  និងមានដើមឈើធំៗជាច្រើន ដូចជា ដើមពោធិ៍  ជ្រៃ  គគីរ ស្នាយ និង ឈើទាលជាដើម ដាំដុះជាជួរៗយ៉ាងមានរបៀបធ្វើឲ្យមណ្ឌលវត្តមានម្លប់ត្រឈឹងត្រឈៃគួរជាទីជ្រះថ្លា និងស្ងប់រម្ងាប់ ។

ខ្លោងទ្វារវត្តបិដកត្យារាម ក្នងស្រុក ។ រូបថត៖ គេហទំព័រ Blog វត្តបិដកត្យារាម ក្នុងស្រុក
ខ្លោងទ្វារវត្តបិដកត្យារាម ក្នងស្រុក ។ រូបថត៖ គេហទំព័រ Blog វត្តបិដកត្យារាម ក្នុងស្រុក

មុនពេលកកើតវត្តបិដកត្យារាម ក្នុងស្រុក ទីតាំងវត្តនេះ គឺជាព្រៃមានផ្នោរខ្សាច់ទួលខ្ពស់ កណ្ដាលវែង ខាងកើត និងខាងលិចជាទំនាប ដុះសុទ្ធតែដើមស្មាច់ និងឈើព្រៃផ្សេងៗជាច្រើន ញៀតស្បាត ដុះហ៊ុំជុំជិត រកផ្ទៃដីទំនេរធ្វើចំការច្បារដំណាំអ្វីពុំមានឡើយ មិនត្រឹមតែប៉ុណ្ណោះ នៅមានសត្វសាហាវរស់នៅជាច្រើន ទៀត ផង ។ ក្រោយមក ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម ព្រឹក្ស មានព្រះជន្មាយុប្រមាណជាង ៣៥ ព្រះវស្សាប៉ុណ្ណោះ គង់នៅវត្តសិរីសាគរ ខេត្តកំពង់ឫស្សី (យួនហៅថា ខេត្តបេនត្រែ) បានភៀសព្រះកាយ មកនៅខេត្តព្រះត្រពាំង ហើយបានបបួលឧបាសក ឧបាសិកា ចាស់ក្មេង ព្រមទាំងព្រះសង្ឃកាប់ខ្លាឆ្ការព្រៃដើម្បីកសាងវត្តនៅចំកណ្ដាលព្រៃគង់នៅរហូតមក ។ ដោយសារវត្តនៅក្នុងព្រៃ ទើបបានដាក់ឈ្មោះ ថា  “វត្តក្នុង”  ឬ “វត្តក្នុងស្រុក” ដល់សព្វថ្ងៃនេះ ។

សព្វថ្ងៃ  ចំណុះជើងវត្តក្នុងស្រុក មានវេន ឬ ភូមិទាំងអស់ ១៨ ភូមិ គឺ៖

១. ភូមិព្រែកអំពូ
២. ភូមិទល់អង្គរ
៣. ភូមិតាមែក
៤. ភូមិតាវ៉ង់
៥. ភូមិដំបូក
៦. ភូមិតាផាក
៧. ភូមិលិចវត្ត
៨. ភូមិត្បូងវត្ត
៩. ភូមិតាប៉ុក
១០. ភូមិដើមអំពិល
១១. ភូមិតាឈុន
១២. ភូមិកំពង់ព្រីង
១៣. ភូមិចុងបណ្ដាជើង
១៤. ភូមិចុងបណ្ដាត្បូង
១៥. ភូមិព្រែកឆាង
១៦. ភូមិតាវ៉ង់ទួល
១៧. ភូមិតាឈុនទួល
១៨. ភូមិចុងបណ្ដាទួល ហៅ ភូមិចាកតាកែវ

អំពីចៅអធិការវត្ត៖

ចាប់តាំងពីកកើតវត្តមកដល់ពេលបច្ចុប្បន្ន ឆ្នាំ ២០១៧ វត្តបានឆ្លងកាត់ព្រះចៅអធិការ និងព្រះឧបជ្ឈាយ៍ ១១ ជំនាន់ គឺ៖

ជំនាន់ទី ១៖ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម ព្រឹក្ស និង គណៈកម្មការដឹកនាំពុទ្ធបរិស័ទ កសាងវត្ត (ក្នុង) មុនដំបូងបង្អស់នៅ ព. ស. ១១៨៤ – គ.ស. ៦៤១ ។ ព្រះអង្គបានសុគត ។ បន្ទាប់មក អង្គជាពហូសូត្រ ទ្រង់បានទទួលគ្រប់គ្រងតំណែងជាចៅអធិការវត្តមក ។

ជំនាន់ទី ២៖ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម ជ័យ បានទទួលតំណែងនៅ     ព. ស. ១៩២១ គ. ស. ១៣៧៨ ។ ព្រះអង្គបានអនិច្ចធម្ម នា ព. ស. ២០២២ គ. ស. ១៤៧៨ ។ ព្រះអង្គគ្រប់គ្រងវត្តបាន ១០១ វស្សា ។

ជំនាន់ទី ៣៖ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម ទេព ព្រះអង្គជាព្រះពហុស្សូត បានការស្របមតិគ្នាពីគណៈកម្មការតែងតាំងព្រះអង្គជាព្រះចៅអធិការគ្រប់គ្រងវត្ត នៅ ព. ស. ២០២៣ គ. ស. ១៤៧៩ លុះមកដល់ ព.ស. ២១១៣   គ. ស. ១៥៧០ ព្រះអង្គក៏ទ្រង់សុគតទៅ ។ ព្រះអង្គគ្រប់គ្រងវត្តបាន ៩០ វស្សា ។

ជំនាន់ទី ៤៖ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម គុយ ព្រះអង្គបានទទួលតំណែងនៅ ព.ស. ២១១៤ គ.ស. ១៥៧១ លុះមកដល់ ព.ស. ២២០៧ គ.ស. ១៦៦៤ ព្រះអង្គក៏ទទួលអនិច្ចធម្មទៅ ។ ព្រះអង្គគ្រប់គ្រងវត្តបាន ៩៣ វស្សា ។

ជំនាន់ទី ៥៖ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម ទិត្យ បានទទួលតំណែងជាចៅអធិការ នៅ ព. ស. ២២០៨ គ.ស. ១៦៦៤ រហូតមកដល់ ព.ស. ២៣០៤ គ. ស.១៧៦០ ព្រះអង្គក៏សុគតទៅ ។ ព្រះអង្គគ្រប់គ្រងវត្តបាន ៩៦ វស្សា ។

ជំនាន់ទី ៦៖ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម រតន៍ បានទទួលតំណែងជាចៅអធិការវត្ត នៅ ព. ស. ២៣១៥ គ. ស. ១៧៧២ ហើយព្រះអង្គបានផ្លាស់នាមវត្តក្នុងទៅជា “រតនារាម (ក្នុងស្រុក)”  វិញ ។ ព្រះអង្គទទួលអនិច្ចធម្មនៅ ព. ស. ២៤៣៩           គ. ស. ១៨៩៦ ។ ព្រះអង្គគ្រប់គ្រងវត្តបាន ១២៤ វស្សា ។ ព្រះឧបជ្ឈាយ៍អង្គនេះមានព្រះជន្មវែងជាងគេ ។

ជំនាន់ទី ៧៖ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម អម បានទទួលតំណែងនៅ      ព. ស. ២៤៤០ គ. ស. ១៨៩៧      ។ ព្រះអង្គបានដឹកនាំពុទ្ធបរិស័ទកសាងវត្ត ដូចជា កសាង សាលាទាន ជួសជុលព្រះវិហារ និង សាងចេតិយ៍ធំខាងកើតព្រះវិហារ សព្វថ្ងៃ ។ ព្រះអង្គកំពូលនៃអ្នកខាងព្រះត្រៃបិដក  ទើបព្រះអង្គបានផ្លាស់នាមវត្តពី “រតនារាម” មកជា “ បិដកត្យារាម” វិញរហូតមកដល់សព្វថ្ងៃនេះ ។ ព្រះអង្គអនិច្ចធម្មនៅ ព. ស. ២៤៦៩ គ. ស. ១៩២៦ ។         ព្រះអង្គគ្រប់គ្រងវត្តបាន ២៩ វស្សា ។

ជំនាន់ទី ៨៖ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម ឡង់ ទទួលតំណែងគ្រប់គ្រងវត្ត នៅ ព. ស. ២៤៧១ គ. ស. ១៩២៧ ។ ព្រះអង្គបានអនិច្ចធម្ម នៅ ព. ស. ២៤៨៥          គ. ស. ១៩៤១ ។ ព្រះអង្គគ្រប់គ្រងបាន ១៤ វស្សា ។

ជំនាន់ទី ៩៖ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍  ព្រះនាម សឺន អុំ ទទួលតំណែង ព. ស. ២៤៨៦ គ.ស. ១៩៤៣ ។ ស្នាព្រះហស្ថរបស់ព្រះអង្គមាន ទិញដីទុកក្នុងវត្ត, ធ្វើរបងដែកជំវិញ, ទ្វារខាងជើង, ត្បូង និងសាលាធម្មសភា  ជាដើម ។  ព្រះអង្គសុគត នៅ                 ព. ស. ២៥១៥ គ. ស. ១៩៧២ ។ ព្រះអង្គគ្រប់គ្រងវត្ត បាន ២៩ វស្សា ។

ជំនាន់ទី ១០៖ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម អៀង (ហៅ កៀង) ព្រះ    ឧបជ្ឈាយ៍អង្គនេះទទួលតំណែង នៅ ព. ស. ២៥១៦ គ. ស. ១៩៧២ ។ ស្នាព្រះហស្ថរបស់ព្រះអង្គរួមមាន ដឹកនាំពុទ្ធបរិស័ទធ្វើ សាលាវែង មួយខ្នងខាងត្បូងព្រះវិហារ ប្រមាណ ១៥ ល្វែង ,ជួសជុលសាលាបាលីរង, កសាងរោងម៉ាស៊ីន, ឈាបនដ្ឋាន          គ. ស. ១៩៧៥ ។ ព្រះឧបជ្ឈាយ៍ព្រះអង្គនេះ ព្រះអង្គមានក្រិត្យក្រំស្អាតស្អំល្អណាស់ ។ លុះមកដល់ថ្ងៃសៅរ៍ ៩ កើត ខែ ភទ្របទ ឆ្នាំ ឆ្លូវ ព. ស. ២៥២៩ ត្រូវនិងថ្ងៃទី ២៤ ខែ សីហា គ. ស. ១៩៨៥  វេលាម៉ោង ១២ ថ្ងៃត្រង់ ព្រះអង្គក៏បានទទួលអនិច្ចធម្ម ។ ព្រះអង្គគ្រប់គ្រងវត្តបាន ១៣ វស្សា ។

ជំនាន់ទី ១១៖ ព្រះតេជព្រះគុណ ចន្ទត្ថេរោ ថាច់ សុភា ទទួលតំណែងជាព្រះចៅអធិការវត្ត នៅ ព.ស. ២៥២៩ គ.ស. ១៩៨៥ រហូតមកដល់សព្វថ្ងៃ ។ តាំងពីពេលគ្រប់គ្រប់គ្រងវត្តមក ព្រះតេជព្រះគុណ បានជួសជុល កុដិរត នៅក្នុង ព. ស. ២៥៣០ គ. ស. ១៩៨៦, ធ្វើអាងទឹក,ជួសជុលព្រះវិហារ, ក្រាលថ្មផ្កាលើបល្ល័ងព្រះ, បិទទឹកមាសព្រះជីវ៍ទាំង ២ អង្គឡើងវិញ នៅ ព. ស. ២៥៣៤ គ. ស. ១៩៩០, សាលាមគ្គិដ្ឋាន មាន ៣ ល្វែង កំពស់ ២ ជាន់ ក្នុង ព. ស. ២៥៣៦ គ.ស. ១៩៩២, ទិញដីបញ្ចូលថែមបាន ១ ហិតា, សាលាឆទាន ១     ខ្នង, សាលាពុទ្ធសាសនាសិក្សា ២ ជាន់, ឋានធំ ៨ កន្លែង, ទីសួនច្បារក្នុងបរិវេណវត្ត ។ ដូចជាព្រះតេជព្រះគុណជំនាន់មុនៗដែរ ព្រះតេជព្រះគុណ ថាច់ សុភា បានដឹកនាំពុទ្ធបរិស័ទថែរក្សាការពារខឿនវប្បធម៌ ទំនៀមទម្លាប់ អក្សរសាស្រ្តជាតិ និងពុទ្ធសាសនាខ្មែរ ជាដើម មិនឲ្យសាបសូន្យ តាមរយៈការបំបួសកុលបុត្រខ្មែរនៅក្នុងចំណុះជើងវត្តឲ្យមានឱកាសបានសិក្សារៀនសូត្រអក្សរជាតិខ្មែរ និងគម្ពីរធម៌អាថ៌នៅក្នុងពុទ្ធសាសនា  ទេសនាអប់រំពុទ្ធបរិស័ទឲ្យស្គាល់សីលធម៌ជាតិ និងបើកសាលាពុទ្ធក សិក្សារៀងរាល់ឆ្នាំ តាមការចាត់តាំងរបស់គណៈសង្ឃស្រុក និងខេត្ត ដើម្បីផ្ដល់ឱកាស ដល់ព្រះសង្ឃកូនស្រុក និងព្រះសង្ឃនានាវត្តបានសិក្សា រៀងរាល់ឆ្នាំ ។

គណៈកម្មការវត្ត ក្រោមការគ្រប់គ្រងរបស់ ព្រះតេជព្រះគុណ ថាច់ សុភា រួមមាន៖

១. អធិបតី   លោកតា សឺន បេ
២) អធិបតីរង លោកតា  សឺន ភឿន
៣) ហេរញ្ញិក លោកតា  នាម ខៀន
៤) លេខាធិការវត្ត ព្រះតេជព្រះគុណ វិរិយបណ្ឌិតោ សឺន ហ្វើង ។

ពេលគណៈកម្មការវត្តទាំង ៣ រូប ខាងលើ បានអនិច្ចកម្មទៅ  នៅថ្ងៃ ២ កើត ខែអស្សុជ ឆ្នាំ វក ព. ស. ២៥៤៨ គ. ស. ២០០៤ វេនទាំង ១៥ នៃវត្ត ដែលមានសមាជិកចំនួន ៥៦ នាក់ ស្របមតិគ្នាមួយនឹងព្រះសង្ឃ ៩០ អង្គ បានតែងតាំង  គណៈកម្មការ ៣ រូបថ្មីទៀត រួមមាន៖

១) អធិបតី   លោកតា ថាច់ កឿង (ហៅ ឥន្ទ)
២) អធិបតីរង លោកតា ថាច់ ហន្ត (ហៅ សឿង)
៣) ហេរិញ្ញិក លោកតា ថាច់ ចឿន
៤) លេខាធិការវត្ត ព្រះតេជព្រះគុណ វិរិយបណ្ឌិតោ សឺន ហ្វើង នៅដដែល ។

សូមបញ្ជក់ថា ចេតិយ៍ធំ ដែលបានកសាង នា ព. ស. ២៤៥១ គ. ស. ១៩០៨ សម័យព្រះឧបជ្ឈាយ៍ ព្រះនាម សឺន អម   បានជួសជុលឡើងវិញ នា ព. ស. ២៥៤០ គ. ស. ១៩៩៦ សម័យ ព្រះចៅធិការ ព្រះនាម ចន្ទត្ថេរោ ថាច់ សុភា ក្រោមការឧបត្ថម្ភរបស់   ឧបាសិកា ថាច់ ធី រែក ។ សាលាឆទាន កសាងឡើង នា ព. ស. ២៥៤០ គ. ស. ១៩៩៦ ។ សាលាពុទ្ធិកសិក្សា កសាង នា ព. ស. ២៥៤៣ គ. ស. ២០០០ ក្រោមការឧបត្ថម្ភរបស់គ្រួសារ មហា សឺន តូ និង ភរិយា គឹម ធី សេរី ។ ជួសជុលព្រះវិហារឡើងវិញ នៅថ្ងៃអាទិត្យ ១ កើត ខែផល្គុន ឆ្នាំ ខាល ទោស័ក ព. ស. ២៥៥៤ គ.ស. ២០១១  ៕

សូមបញ្ជាក់ថា នៅខេត្តព្រះត្រពាំង មានវត្តខ្មែរទាំងអស់ចំនួន ១៤៣ វត្ត ក្នុងនោះ  ក្រៅពីវត្តបិដកត្យារាម ក្នុងស្រុក ដែលមានអាយុកាល ១៣៧៥  ឆ្នាំ មានវត្តសម្បូររង្សី បានកកើតឡើងក្នុងគ្រឹស្តសករាជ ៣៧៣ បើគិតមកដល់ ២០១៦ នេះ មានអាយុ ១៦៤៣ ឆ្នាំ ៕

………………………..

ឯកសារយោង៖

  • គេហទំព័រ  Blog វត្តបិដកត្យារាម ក្នុងស្រុក
  • បញ្ជីវេនវត្តបិដកត្យារាម ក្នុងស្រុក
  • សៀវភៅ ប្រវត្តិ វត្តបិដកត្យារាម ក្នុងស្រុក