ដោយ ស៊ឺន ចែងចើន| VOKK
នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៧ ព្រះសង្ឃវត្តមុនីរង្សីមេពាំង ឋិតនៅក្នុងភូមិមេពាំង ឃុំឬស្សីស្រុក ស្រុក កំពង់ស្ពាន ខេត្តព្រះត្រពាំង ត្រូវស្ត្រីជនជាតិយួនជាម្ចាស់ផ្ទះដែលមករស់នៅលើដីកំពុងមានជម្លោះ ជេរប្រ ទេចមាក់ងាយយ៉ាងខ្លាំង ។ ការដែលស្ត្រីយួនបានប្រតៃប្រតាប់ និងជេរប្រទេចព្រះសង្ឃនោះ ខណៈដែលព្រះ សង្ឃវត្តមុនីរង្សីមួយក្រុមបាននាំគ្នាទៅកាប់ឆ្ការនៅលើដីនោះ ដែលព្រះសង្ឃទាំងនោះចាត់ទុកថាជាដីរបស់វត្ត ឋិតនៅខាងក្រៅបរិវេណវត្ត សព្វថ្ងៃ ។ ព្រះសង្ឃអះអាងថា ជនជាតិយួនបានមករស់នៅលើដីវត្តដោយគ្មាន ការអនុញ្ញាតិពីវត្តឡើយ ។ ចំណែកខាងជនជាតិយួនវិញ បានអះអាងថា គេមិនព្រមចេញពីដីនោះទេ ដរាប ណាពួកគេនៅមិនទាន់មានដំណោះស្រាយជាសំណងពីរដ្ឋាភិបាល ។
យោងតាមវីដេអូឃ្លីបមួយដែលបានបង្ហោះដោយទំព័រ Facebook ឈ្មោះ “មាតុភូមិខ្មែរក្រោម” បង្ហាញឲ្យនូវ ទិដ្ឋភាពជម្លោះដីធ្លីរវាងវត្តមេពាំង និងគ្រួសារជនជាតិយួនមួយនេះ កាន់តែមានសភាពក្ដៅគគុក តែគេនៅ ទទួលបានដំណោះស្រាយសមរម្យណាមួយពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលយួននៅឡើយ ។ នៅក្នុង វីដេអូឃ្លីបដដែល គេឃើញព្រះសង្ឃវត្តមេពាំងមួយក្រុមបានកាន់កាំបិតមកកាប់ឆ្ការដើមឈើនៅក្បែរផ្ទះរបស់ ជនជាតិយួន ហើយគេឃើញស្ត្រីជនជាតិយួនបានចេញមកច្រានព្រះសង្ឃមិនឲ្យកាប់ឆ្ការលាយជាមួយពាក្យ សម្ដីប្រទេចជាភាសាយួនមាក់ងាយព្រះសង្ឃដោយប្រការផ្សេងៗ ។
ព្រះសង្ឃបាននិយាយទៅកាន់ស្ត្រីជនជាតិយួននោះថា បានមកនៅៗមិនចង់ចេញ ។ ចំណែកស្ត្រីជនជាតិ យួនបានសួររកប្លង់កម្មសិទ្ធិដីធ្លីពីព្រះសង្ឃ ហើយព្រះសង្ឃក៏បានសួររកប្លង់កម្មសិទ្ធិដីធ្លីពីស្ត្រីជនជាតិយួន នោះដែរ តែស្ត្រីជនជាតិយួននោះបានឆ្លើយថា គេមិនព្រមរើផ្ទះចេញទេ ដរាបណានៅមិនទាន់មានសម្រេច ពីរដ្ឋាភិបាលយួន ។
នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៦ អាជ្ញាធរយួនមួយក្រុមបាននាំគ្នាចូលទៅវត្តមុនីរង្សីមេពាំង ដោយមិនបាន ផ្ដល់ដំណឹងជាមុន ដើម្បីបង្ខំឲ្យព្រះសង្ឃនៅក្នុងវត្ត ចុះហត្ថលេខាលើលិខិតស្នាមកាត់ដីវត្តប្រគល់ទៅឲ្យជន ជាតិយួន ។ តែព្រះសង្ឃមិនព្រមចុះហត្ថលេខាលើលិខិតនោះឡើយ ។
ជម្លោះបញ្ហាដីធ្លីនៅក្នុងវត្តមេពាំងជាមួយនឹងជនជាតិយួននេះ បានអូសបន្លាយរ៉ាំរ៉ៃជាយូរមកហើយ តែរដ្ឋាភិ បាលយួនហាក់ដូចជាធ្វើព្រងើយចំពោះរឿងនេះ ហើយមិនព្រមដោះស្រាយឲ្យបានដាច់ស្រេចឡើយ ។ វិទ្យុ សំឡេងកម្ពុជាក្រោម នៅមិនទាន់អាចសុំការបំភ្លឺពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលយួន និងមន្ត្រីសង្ឃខ្មែរ ក្រោម នៅខេត្តព្រះត្រពាំង អំពីរឿងនោះនៅឡើយ ៕
សូមទស្សនាវីដេអូខាងក្រោម