ដោយ យន់ សាមៀន | RFA Khmer
អាជ្ញាធរវៀតណាម ដោះលែងពលរដ្ឋខ្មែរក្រោមម្នាក់ ក្រោយឃុំខ្លួនលោកអស់រយៈពេល ៦ ខែ ដោយសារតែលោកប្រើប្រាស់សិទ្ធិសំដែងមតិតាមបណ្តាញសង្គម ទាមទារសិទ្ធិជនជាតិដើម ។ លោក ថាច់ រីន ដែលទើបចេញពីពន្ធនាគារ អះអាងថា លោកនឹងបន្តសកម្មភាពតស៊ូមតិដោយអហិង្សា ដើម្បីសិទ្ធិសេរីភាពខ្មែរក្រោម នៅលើទឹកដីកំណើត ។

លោក ថាច់ រីន ចាត់ទុកទង្វើអាជ្ញាធរ និងតុលាការវៀតណាម ដែលបានកាត់ទោសដាក់ពន្ធនាគារលោកអស់រយៈពេល ៦ ខែកន្លងមកនេះ ជាអំពើអយុត្តិធម៌ ។ ទោះបីជាយ៉ាងណា លោកនឹងបន្តសកម្មភាព ដើម្បីផ្សព្ធផ្សាយពីសិទ្ធិជនជាតិដើមតាមច្បាប់អន្តរជាតិ និងថែរក្សាវប្បធម៌ខ្មែរកម្ពុជាក្រោម ៖ «សព្វថ្ងៃនេះ ខ្លួនខ្ញុំជាខ្មែរ ខ្ញុំមិនចោលខ្មែរទេ ។ ខ្ញុំ ត្រូវតែស្ទុះស្ទា ដើម្បីឲ្យខ្មែរក្រោម បានយល់បានដឹង ។ ដើម្បីនឹងក្រោកឡើងធ្វើទាំងអស់គ្នា» ។
លោក ថាច់ រីន ត្រូវបានវៀតណាមដោះលែង កាលពីថ្ងៃទី ១៣ ខែមេសា ។ លោកត្រូវបានអាជ្ញាធរវៀតណាម ឃុំខ្លួនអស់រយៈពេលបីខែ ទើបបញ្ជូនលោកទៅកាត់ទោស ។ តុលាការសម្រេចឲ្យលោកជាប់ពន្ធនាគាររយៈពេល ៦ ខែ ពីបទធ្វើឲ្យប៉ះពាល់កិត្តិយសអតីតមេដឹកនាំវៀតណាម លោក ហូ ជី មិញ ដោយសារតែលោកចែករំលែក រូបលោក ហូ ជី មិញ តាមបណ្តាញសង្គម (Facebook) និងសរសេរបន្ថែមពាក្យថា នេះជាចោរ ។ វៀតណាម ក៏ចោទប្រកាន់ លោករឿងផ្សព្ធផ្សាយ ប្រវត្តិសាស្ត្រកម្ពុជាក្រោម និងចែករំលែកចំណេះដឹងផ្នែកសិទ្ធិជនជាតិដើម សិទ្ធិមនុស្ស និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ។ លោក ថាច់ រីន មុនពេលអាជ្ញាធរវៀតណាម ចាប់ខ្លួនលោក លោកតែងតែអានសៀវភៅ ស្តីពីគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម និងពាក់អាវមានអក្សរខ្មែរសរសេរថា វប្បធម៌រលត់ ជាតិរលាយ និងរូបដើមឈើទាល និងរូបវីរបុរសខ្មែរក្រោម ឧកញ្ញ៉ា សឺន កុយ ។
លោក ថាច់ រីន ថា លោកគ្មានចេតនាទៅរិះគន់មេដឹកនាំវៀតណាមនោះទេ ប៉ុន្តែ លោកគ្រាន់តែចង់ប្រាប់ទៅអាជ្ញាធរវៀតណាមបច្ចុប្បន្ន កុំឲ្យធ្វើទុក្ខបុកម្នេញខ្មែរក្រោម៖ «ខ្ញុំសរសេរហ្នឹង ខ្ញុំមិនចង់ប្រឆាំងពួកវាទេ ។ ខ្ញុំមិនថា តាហូ ជី មិញប្លន់ដីប្លន់ទឹកទេ ។ ប៉ុន្តែ ដាក់ចោរ ដើម្បីឲ្យវាធ្វើការងាររាល់ថ្ងៃឲ្យវាយល់ឃើញ ។ ងាប់ហើយមិនអាចមកលួចបានទេ» ។
លោក ថាច់ រីន មានវ័យ ៦១ ឆ្នាំ រស់នៅ ស្រុកថ្កូវ ខេត្តព្រះត្រពាំង ត្រូវអាជ្ញាធរវៀតណាម ចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ កាល ខែតុលា ឆ្នាំ ២០២១ ។ លោកថា រយៈពេល ៦ ខែ វៀតណាមអនុញ្ញាតឲ្យលោកក្រុមគ្រួសារតែមួយពេលគត់ ហើយមិនបានផ្តល់ដំណឹងដល់ក្រុមគ្រួសារលោក រហូតដល់លោកត្រូវបានវៀតណាមដោះលែង កាលពីថ្ងៃទី ១៣ ខែមេសា ។ ក្រុមគ្រួសារ លោក ថាច់ រីន ចាត់ទុកទង្វើរបស់វៀតណាមថា ជាអំពើអមនុស្សធម៌ ។ លោក ថាច់ រីន ក៏បានអំពាវនាវឲ្យខ្មែរក្រោម នៅទូទាំងពិភពលោក ជួយផ្សព្ធផ្សាយការតស៊ូមតិរបស់ពលរដ្ឋខ្មែរក្រោម នៅស្រុកកំណើត ដើម្បីឲ្យចលនានេះ អាចជោគជ័យទៅថ្ងៃអនាគត ។
ការដោះលែងលោក ថាច់ រីន នេះ ធ្វើឡើងស្របពេល ដែលអាជ្ញាធរវៀតណាម នៅខេត្តដូនណៃ បានចាប់ខ្លួនយុវជនខ្មែរក្រោមម្នាក់ទៀតឈ្មោះ លោក ចៅ លីណា អាយុ ៣៣ ឆ្នាំកាលពីថ្ងៃទី ១៣ ខែមេសា ។ លោក ចៅ លីណា ត្រូវបាននគរបាលវៀតណាម ចំនួន ២ នាក់ បានបង្ខំឲ្យលោកឡើងឡាន រួចដឹកចេញ ដោយពុំបានប្រាប់ពីមូលហេតុនៃការចាប់ខ្លួននេះឡើយ ។
លោក ចៅ លីណា តែងចូលរួមសកម្មភាពសង្គម ដោយចុះចែកអំណោយស្បៀងអាហារ ដល់កម្មករខ្មែរក្រោម ដែលប្រឈមការខ្វះខាតជីវភាព នៅក្នុងអំឡុងពេលកូវីដ-១៩ ។ កាលថ្ងៃទី ៨ ខែមីនា លោក បានផ្តួចផ្តើម និងរៀបចំទិវាសិទ្ធិនារីអន្តរជាតិ ជូនដល់កម្មការិនី ដែលកំពុងធ្វើការ នៅក្នុងខេត្តដូនណៃ ដោយពាក់អាវយឺតមានទង់ជាតិកម្ពុជាក្រោម អមដោយពាក្យថា «ខ្មែរក្រោម អបអរសាទរទោវានារីអន្តរជាតិ» ។ អាជ្ញាធរវៀតណាម បានដោះលែងលោក ចៅ លីណាឲ្យមានសេរីភាពឡើងវិញ ក្រោយអាជ្ញាធរបានឃុំខ្លួនលោក និងសាកសួរចម្លើយអស់រយៈពេល ៩ ម៉ោង ។ អាជ្ញាធរវៀតណាម ក៏បានបង្ខំឲ្យលោកចុះហត្ថលេខា ទទួលស្គាល់កំហុសរឿងពាក់អាវយឺត មានទង់ជាតិខ្មែរក្រោម ប៉ុន្តែ លោកបដិសេធមិនព្រមចុះហត្ថលេខា ។
ពាក់ព័ន្ធនឹងការចាប់ខ្មែរក្រោមដាក់ពន្ធនាគារ និងឃុំខ្លួននេះ ព្រះភិក្ខុ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី ១៨ ខែមេសាថា ទង្វើរបស់វៀតណាមកន្លងមក ធ្វើឡើងដើម្បីបំបាក់ស្មារតីខ្មែរកម្ពុជាក្រោម និងគំរាមកំហែងកុំឲ្យខ្មែរក្រោម ងើបឡើងតវ៉ាទាមទារសិទ្ធិជាម្ចាស់ស្រុក៖ «ចំពោះអាជ្ញាធរវៀតណាម ដែលចាប់ខ្លួនលោក ថាច់ រីនទៅឃុំអស់រយៈពេល ៦ ខែនោះ មិនឲ្យកូនចៅសួរសុខទុក្ខ បាត់ដំណឹងនោះ ជាទង្វើមួយផ្ទុយហ្នឹងច្បាប់ជាតិនិងអន្តរជាតិផង ។ អាជ្ញាធរវៀតណាម ធ្វើយ៉ាងណា ដើម្បីគំរាមកំហែង កុំឲ្យពលរដ្ឋខ្មែរក្រោមក្រោកឡើងតស៊ូ ផ្សព្ធផ្សាយប្រវត្តិសាស្រ្តពិតនៃទឹកដីកម្ពុជាក្រោម» ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរវៀតណាម បានចាប់ខ្លួនធ្វើទុក្ខបុកម្នេញខ្មែរក្រោមកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ។ វៀតណាម បានចាប់ខ្លួនកសិករនិងសកម្មជនខ្មែរក្រោម ដាក់ពន្ធនាគារ និងផាកពិន័យជាដើម ។ វៀតណាមដាក់ខ្មែរក្រោម ដាក់ពន្ធនាគារដោយសារតែពួកគេទាមទារសិទ្ធិដីធ្លី និងសិទ្ធិជាជនជាតិដើម ។ បច្ចុប្បន្នខ្មែរក្រោម មានចំនួនប្រមាណ ៧ លាននាក់ កំពុងរស់នៅក្នុងខេត្តចំនួន ២១ ជាស្រុកកំណើតរបស់ពួកគេ ។ មកទល់នឹងខែមិថុនាខាងមុខនេះ វៀតណាមបានគ្រប់គ្រងកម្ពុជាក្រោមទាំងខុសច្បាប់អស់រយៈពេល ៧៣ ឆ្នាំមកហើយ ៕