ដោយ យាង សុធារិន្ទ
រដ្ឋាភិបាលនៃបក្សកុម្មុយនិស្តវៀតណាម បានសន្យាថា នឹងឆ្លើយតបទៅកាន់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ចំពោះករណី ដែលអាជ្ញាធរវៀតណាម ខេត្តដូនណៃ បានធ្វើទុក្ខម្នេញលើយុវជនខ្មែរក្រោម យឿង ខាយ កាលពីពាក់កណ្តាលខែមេសា ឆ្នាំ ២០២១ ដែលអង្គការសហប្រជាជាតិ ចាត់ទុកថា ជាការរំលោភបំពានសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ។ ថ្ងៃផុតកំណត់នៃការឆ្លើយតបរបស់រដ្ឋាភិបាលវៀតណាម គឺនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ ក្រោយពីវៀតណាម បានស្នើសុំអង្គការសហប្រជាជាតិពន្យាពេលឆ្លើយតបចំនួន ៣០ ថ្ងៃ បន្ថែមទៀត ។

មែនទែនទៅរដ្ឋាភិបាលវៀតណាម ត្រូវឆ្លើយតប ចំពោះអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ តាំងពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ មកម៉្លេះ ប៉ុន្តែ ពួកគេបានស្នើសុំពន្យាពេលឆ្លើយតបចំនួន ៣០ ថ្ងៃបន្ថែមទៀត ដូច្នេះ វាមានន័យថា វៀតណាមត្រូវឆ្លើយតបឱ្យបានមុនថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ ដែលជាថ្ងៃផុតកំណត់វៀតណាម បានសន្យា ។
សូមរំលឹកថា កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ អ្នករាយការណ៍ពិសេសអង្គការសហប្រជា ជាតិចំនួន ៤ រូប ដែលរួមមាន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពី «បញ្ហាជនជាតិភាគតិច» លោក Fernand de Varennes អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពី «ការលើកកំពស់ និងការពារសិទ្ធិសេរីភាពសម្តែងមតិ និងទស្សនៈ» អ្នកស្រី Irene Khan អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពី «ស្ថានភាពអ្នកការពារសិទ្ធិមនុស្ស» អ្នកស្រី Mary Lawlor និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពី «សិទ្ធិជនជាតិដើម» លោក José Francisco Cali Tzay បានចេញលិខិតរួមគ្នាមួយស្នើឱ្យរដ្ឋាភិបាលវៀតណាម បកស្រាយអំពីការធ្វើទុក្ខបុកម្នេញទៅលើយុវជនខ្មែរក្រោម យឿង ខាយ ដែលបានថតចំលងសៀវភៅ ស្តីពី «សិទ្ធិជនជាតិដើមអង្គការសហប្រជាជាតិ» ដើម្បីចែកចាយបន្តទៅឱ្យពលរដ្ឋខ្មែរ នៅដែនដីកម្ពុជាក្រោម ។
ការទាមទារឱ្យមានការពន្យល់នេះ ក្រោយពីសមត្ថកិច្ចវៀតណាម នៅខេត្តដូនណៃ សហការជាមួយសមត្ថកិច្ចខេត្តឃ្លាំងជាង ១០០ នាក់ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ មួយថ្ងៃមុន ពិធីបុណ្យចូលឆ្នាំខ្មែរ បានមកឡោមព័ទ្ធ និងធាក់ទ្វារទម្លុះសោរសម្រុកចូលផ្ទះជួលយុវជនខ្មែរក្រោម យឿង ខាយ ដើម្បីរុករកសៀវភៅសេចក្តីប្រកាសអង្គការសហប្រជាជាតិ ស្តីពី «សិទ្ធិជនជាតិដើម» ។ អាជ្ញាធរបានរឹបអូសសៀវភៅសិទ្ធិជនជាតិដើមជាង ១០០ ក្បាល ដោយចោទប្រកាន់យុវជន យឿង ខាយ ថា បានបោះពុម្ពចំលងសៀវភៅសិទ្ធិជនជាតិដើម អង្គការសហប្រជាជាតិ ដោយមិនបានបង់ពន្ធឱ្យរដ្ឋវៀតណាម ។ អាជ្ញាធរវៀតណាម ក៏បាន បញ្ជូនខ្លួន យុវជន យឿង ខាយ ទៅសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកអស់រយៈពេលប្រហែល ១២ ម៉ោង ថែមទៀត មុននឹងត្រូវបានដោះលែងឱ្យត្រឡប់មកផ្ទះវិញ ។ នៅអធិការដ្ឋាននគរបាលស្រុក យុវជនរូបនេះ ត្រូវបានអាជ្ញាធរចោមរោមបណ្តាក់គ្នាសួរចំលើយ និងបានប្រើពាក្យពេចន៍គំរាមកំហែងហិង្សាផងដែរ ។
នៅក្នុងលិខិតចំនួន ៥ ទំព័រផ្ញើទៅកាន់ស្ថានបេសកកម្មអចិន្រ្តៃយ៍ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ប្រចាំការិយាល័យអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស បានរៀបរាប់អំពីរឿងរ៉ាវ ដែលបានកើតឡើង ចំពោះយុវជន យឿង ខាយ ដោយបញ្ជាក់ថា យុវជនរូបនេះ គឺជាអ្នកការ ពារសិទ្ធិមនុស្សខ្មែរក្រោម ដែលបានសកម្ម នៅក្នុងការងារសិទ្ធិរបស់ខ្មែរក្រោម ។ ពួកគេ បានបញ្ចាក់ប្រាប់រដ្ឋាភិបាលវៀតណាម បន្ថែមថា ខ្មែរក្រោម គឺជាជនជាតិដើមភាគតិច ដែលមានជាតិសាសន៍ សាសនា និងភាសាផ្ទាល់ខ្លួន គឺភាសាខ្មែរ ។
ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សទាំងអស់នេះ បានលើកឡើងក្នុងខ្លឹមសារដើមថា «ពួកយើង សម្តែងការបារម្ភ អំពីរបាយការណ៍នៃការគំរាមកំហែង ហើយដែលការគំរាមកំហែងទំាងអស់នេះ អាចជាប់ទាក់ទងនឹងកិច្ចប្រឹងប្រែងរបស់គាត់ (យុវជន យឿង ខាយ) ក្នុងការផ្សព្វផ្សាឯកសារ អង្គការសហប្រជាជាតិ ជាពិសេស គឺការលើកកំពស់ និងការបកប្រែសេចក្កីប្រកាសអង្គការ សហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNDRIP) ហើយវាប្រហែលជាមានផលប៉ះពាល់ទៅលើ ការសំដែងមតិរបស់ជនទាំងឡាយ រួមមានទាំងអ្នកការពារសិទ្ធិមនុស្ស ដែលពួកគេលើកឡើង ឱ្យមានការយកចិត្តទុកដាក់ អំពីបញ្ហាសិទ្ធិជនជាតិដើម និងជនជាតិភាគតិច នៅក្នុងប្រទេសវៀតណាម» ។

ក្រុមអ្នកជំនាញសិទ្ធិមនុស្ស បានទទូចឱ្យរដ្ឋាភិបាលវៀតណាម ឆ្លើយបំភ្លឺនូវចំណុចមួយចំនួន រួមមាន ទី ១ ផ្តល់នូវព័ត៌មាន ឬយោបល់បន្ថែមទៀត ឆ្លើយតបចំពោះការចោទប្រកាន់លើរដ្ឋាភិបាលវៀតណាម ទី ២ ពន្យល់អំពីមូលដ្ឋានច្បាប់ និងការពិត ចំពោះការចាប់ខ្លួន យុវជន យឿង ខាយ ហើយថា តើការចាប់ខ្លួននេះ ធ្វើឡើងស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់រដ្ឋាភិបាលវៀតណាម ក្រោមកតិកាសញ្ញាអន្តរជាតិ ស្តីពី «សិទ្ធិពលរដ្ឋ និងនយោបាយ» ឬយ៉ាងណា ទី ៣ បង្ហាញអំពីវិធានការ ដែលត្រូវបានអនុវត្ត ដោយរដ្ឋាភិបាលវៀតណាម ដើម្បីធានា ចំពោះអ្នកការពារសិទ្ធិមនុស្ស ជាពិសេសអ្នកតស៊ូមតិ និងអ្នកធ្វើការ ដើម្បីការពារសិទ្ធិជនជាតិដើម និងជនជាតិភាគតិច ថា ពួកគេអាចអនុវត្តការងារស្របច្បាប់ នៅក្នុងបរិស្ថានប្រកបដោយសុវត្ថិភាព និងអំណោយផល ដោយគ្មានការភ័យខ្លាច ការកាត់ទោស ការយាយី និងអំពើហិង្សា និងដោយមានការគោរពពេញលេញនូវសិទ្ធិពលរដ្ឋ និងនយោបាយរបស់ពួកគេ ទី ៤ ផ្តល់ព័ត៌មានលំអិតអំពីការចាត់វិធានការនានា ដើម្បីធានាថា អ្នកការពារសិទ្ធិមនុស្ស និងតួអង្គសង្គមស៊ីវិល នៅក្នុងប្រទេសវៀតណាម ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ មិនស្ថិតនៅក្នុងសកម្មភាពបំភិតបំភ័យ ឬការសងសឹក ដោយសារការចូលរួម របស់ពួកគេក្នុងការលើកកំពស់ និងផ្សព្វផ្សាយឯកសារអង្គការសហប្រជាជាតិ និងទី ៥ បង្ហាញ អំពីវិធានការ ដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាលវៀតណាម ដើម្បីធានាការពារ និងលើកកំពស់សិទ្ធិរបស់ជនជាតិដើម និងជនជាតិភាគតិច ក្នុងការប្រកាន់យកទស្សនៈ ដោយមិនមានការជ្រៀតជ្រែក និងរីករាយក្នុងការអនុវត្តសិទ្ធិសេរីភាពសំដែងមតិ ទាំងសេរីភាពក្នុងការនិយាយ ការសរសេរ ការបោះពុម្ព សិល្បៈ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដែលជាជំរើសរបស់ពួកគេ ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានទុករយៈពេល ៦០ ថ្ងៃដើម្បីឱ្យរដ្ឋាភិបាលវៀតណាមឆ្លើយតប ចំពោះបញ្ហាទំាងអស់នេះ និងមិនបានបញ្ចេញលិខិតរួមនេះ ជាសាធារណៈនោះទេ ។ ប៉ុន្តែ បើមិនមានការឆ្លើយតបក្នុងរយៈពេល ៦០ ថ្ងៃនោះទេ ពួកគេនឹងបញ្ចេញលិខិត នេះ និងការឆ្លើយតបផ្សេងៗ ទៀតរបស់រដ្ឋាភិបាលវៀតណាម ជាសាធារណៈ នៅលើគេហទំព័រ ហើយឯកសារទាំងអស់នេះ ក៏នឹងត្រូវដាក់បញ្ចូលទៅក្នុងរបាយការណ៍បង្ហាញជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ ។
អ្នករាយការណ៍ពិសេសទទូចដែរថា ក្នុងអំឡុងពេលរង់ចាំការឆ្លើយតប រដ្ឋាភិបាលវៀតណាម ត្រូវចាត់វិធានការចាំបាច់បញ្ឈប់រាល់ការរំលោភបំពាន និងបង្ការកុំឱ្យមានការរំលោភបំពាន កើតឡើងជាថ្មី ។ ពួកគេបញ្ជាក់ថា ក្នុងករណីរកឃើញថា ពិតជាមានការរំលោភបំពាន ដូចការចោទប្រកាន់មែននោះ រដ្ឋាភិបាលវៀតណាម ត្រូវធានាថា អ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវ ចំពោះការរំលោភបំពាននេះ ។

ទោះជាយ៉ាងណា រដ្ឋាភិបាលវៀតណាម មិនបានឆ្លើយតបក្នុងរយៈពេល ៦០ ថ្ងៃដូចការកំណត់ នោះទេ ប៉ុន្តែ បានស្នើសុំពន្យាពេលចំនួន ៣០ ថ្ងៃបន្ថែម ដើម្បីឆ្លើយតប ។ ទោះជាយ៉ាងណា តំណាងវៀតណាម មិនបានបញ្ជាក់ប្រាប់អំពីមូលហេតុនៃការស្នើសុំពន្យាពេលនោះឡើយ ។
ប្រធានផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ាន់រិន្ទ យល់ថា រដ្ឋាភិបាលវៀតណាម បានធ្វើខុសចំពោះខ្មែរក្រោម ហើយមិនដឹងថា ត្រូវឆ្លើយជាមួយអង្គការសហប្រជាជាតិបែបណាឱ្យបានល្អ ទើបភាគីវៀតណាម មិនអាចឆ្លើយតបតាមកាលកំណត់ ហើយត្រូវសុំពន្យាពេលឆ្លើយបន្ថែមទៀត ។
ករណីបង្រ្កាបលើយុវជន យឿង ខាយ គ្រាន់តែជាករណីមួយ ក្នុងចំណោមករណីរំលោភសិទ្ធិមនុស្សជាច្រើនផ្សេងទៀត នៅកម្ពុជាក្រោម ។
ទោះជាយ៉ាងណាក៏ដោយ ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ទៀ ថេន ប្រកាសថា សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបន្តផ្សព្វផ្សាយ អំពី «សិទ្ធិជនជាតិដើម» និងច្បាប់សិទ្ធិមនុស្សអន្តរជាតិនានាដល់យុវជន និង ពលរដ្ឋខ្មែរក្រោម ដើម្បីខ្មែរក្រោម ធ្វើការតស៊ូមតិការពារសិទ្ធិ សេរីភាពរបស់ខ្លួនក្នុងនាមជាជនជាតិដើមម្ចាស់ស្រុក ស្របទៅតាមកិច្ចការពាររបស់អង្គការសហប្រជាជាតិ ។