លោក​ លីវ​ នី​ ត្រូវ​អាជ្ញាធរ​យួន​ហៅ​ទៅ​សួរចម្លើយ​ពេញមួយថ្ងៃ​

ដោយ​ ថាច់​ ប្រីជា​ គឿន​

នៅ​ថ្ងៃទី​ ១៧​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ ភ្នាក់ងារនគរបាល​យួន​ នៅ​ស្រុក​ជ្រោយ​ញរ​ ខេត្ត​ឃ្លាំង​ បាន​កោះហៅ​ អតីត​ព្រះចៅ​អធិការ​វត្ត​សិរី​តា​សេក​ លោក​ លីវ​ នី​ ដែល​ធ្លាប់​ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ដាក់​ពន្ធនាគារ​ អស់​ ៤ ឆ្នាំ​ ហើយ​នោះ​ ទៅ​សួរចម្លើយ​ពេញមួយថ្ងៃ​ ចាប់ពី​ម៉ោង​ ៨ ព្រឹក​ ដល់​ ម៉ោង​ ៥ រសៀល​ ។

លោក លីវ នី (ខាងឆ្វេង) ក្រោយចេញពីពន្ធនាគារ ។
លោក លីវ នី (ខាងឆ្វេង) ក្រោយចេញពីពន្ធនាគារ ។

យោង​តាម​លិខិត​កោះហៅ​ លោក​ លីវ​ នី​ ចុះ​ថ្ងៃទី​ ១៤​ ខែឧសភា​ ឆ្នាំ​ ២០១៩​ អាជ្ញាធរ​យួន​បាន​បញ្ជាក់​មូលហេតុ​នៃ​ការ​ហៅ​សួរចម្លើយ​ “បញ្ហា​មួយចំនួន​ដែល​ជាប់​ទាក់ទិន​នឹង​សាមីខ្លួន​” ។

យើងខ្ញុំ​នៅ​មិនទាន់​ទាក់ទង​ លោក​ លីវ​ នី​ បាន​នៅឡើយ​ ដើម្បី​បញ្ជាក់​អំពី​ថា​តើ​អាជ្ញាធរ​យួន​បាន​ចោទសួរ​បញ្ហា​អ្វីខ្លះ​ទៅលើ​រូបលោក​ ។

លោក​ លីវ​ នី​ ជា​អតីត​ព្រះចៅ​អធិការ​វត្ត​សិរី​តា​សេក​ ឋិតនៅ​ក្នុង​ភូមិ​តា​សេក​ ស្រុក​ជ្រោយ​ញរ​ ខេត្ត​ឃ្លាំង​ ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក​ និង​ដាក់​ពន្ធ​ការ​ ៤ ឆ្នាំ​ កាលពី​ឆ្នាំ​ ២០១៣​ ពី​បទ​ មិនព្រម​ផ្សឹក​ព្រះសង្ឃ​នៅក្នុង​វត្ត​តាម​ការ​បញ្ជា​របស់​អាជ្ញាធរ​យួន​ ។ លោក​ លី​ នី​ បាន​ចេញពី​ពន្ធនាគារ​វិញ​ នៅ​ថ្ងៃទី​ ២១​ ខែឧសភា​ ឆ្នាំ​ ២០១៧​ ។ ក្រោយពី​ចេញពី​ពន្ធនាគារ​ លោក​ធ្លាប់​បាន​សុំ​សាងផ្នួស​ឡើងវិញ​ដែរ​ តែ​មិន​ត្រូវ​បាន​អាជ្ញាធរ​ វៀតណាម​អនុញ្ញាត​ឡើយ​  ហើយ​ត្រូវ​អាជ្ញាធរ​យួន​ហៅ​ទៅ​សួរចម្លើយ​ជាច្រើនលើក​ ៕