រដ្ឋាភិបាលវៀតណាម ឆ្លើយតបចំពោះអង្គការសហប្រជាជាតិ ករណីធ្វើទុក្ខបុកម្នេញយុវជន ខ្មែរក្រោម យឿង ខាយ

​រដ្ឋាភិបាល​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​បាន​ឆ្លើយតប​ទៅកាន់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ​កាលពី​ថ្ងៃ​ទី​ ​២​០​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​១​ ​ចំពោះ​ករណី​ ​ដែល​អាជ្ញាធរ​វៀតណាម​ ​ខេត្ត​ដូន​ណៃ ​បាន​ធ្វើ​ទុក្ខម្នេញ​លើ​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​កាលពី​ពាក់កណ្តាល​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​ដែល​អង្គការសហប្រជាជាតិ​ ​ចាត់ទុកថា​ ​ជា​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​ជនជាតិ​ដើម​ ​។​ ​

ខាងក្រោម​នេះ​ ​ជា​សេចក្តីបកប្រែ​ទាំងស្រុង​ ដោយ​លោក​ ​ទៀ​ ថេ​ន​ ​ទីប្រឹក្សា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ស្តីពី​រដ្ឋាភិបាលវៀតណាម ឆ្លើយតបចំពោះអង្គការសហប្រជាជាតិ ករណីធ្វើទុក្ខបុកម្នេញយុវជនខ្មែរក្រោម យឿង ខាយ ៖

​ស្ថាន​បេសកកម្ម​អ​ចិន្ត្រៃយ៍
​នៃ​ ​សាធារណរដ្ឋ​ ​សង្គមនិយម​ ​វៀតណាម​
​ប្រចាំ​ការិយាល័យ​ ​អ​.​ស​.​ប ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​
និង​អង្គការ​អន្តរជាតិ​ ​មិនមែន​រដ្ឋាភិបាល​ ​ផ្សេងៗ​ ​នៅ​ក្រុង​ហ្សឺណែវ​

លេខៈ ​១​៤​៣​/​V​N​M​.​២​១​
​ហ្សឺណែវ​, ​ថ្ងៃ​ទី​២​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​

​ស្ថាន​បេសកកម្ម​អ​ចិន្រ្តៃយ៍ ​នៃ​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម ​ប្រចាំ​កា​រិ​យា​ល័​យ​ ​អ​.​ស​.​ប ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​អង្គការ​អន្តរជាតិ​មិនមែន​រដ្ឋាភិបាល​ផ្សេងៗ​ នៅ​ក្រុង​ហ្សឺណែវ​ សូម​សំដែង​នូវ​សេចក្តីសរសើរ​រាប់អាន​ជម្រាប​ជូន​ ​សាខា​នីតិវិធី​ពិសេស​ ​នៃ​ឧត្តមស្នងការ​ ​អ​.​ស​.​ប​ ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ ​។​ ​តប​តាម​សេចក្តី​ នៅ​ក្នុង​លិខិត​ លេខៈ ​១​២​៦​/​V​N​M​/​២​១​ ​ចុះ​ថ្ងៃ​ទី ​១​៧​ ​ខែ​សីហា​ ​ឆ្នាំ ​២​០​២​១​ ​ដែល​បាន​ស្នើសុំ​ព​ន្យា​ពេល ​៣​០​ ថ្ងៃ​ ​នៃ​ការកំណត់​ឲ្យ​ផ្តល់​ការ​ឆ្លើយតប​ទៅ​នឹង​សំបុត្រ​រួមគ្នា​ ​មកពី​សាខា​នីតិវិធី​ពិសេស​ ​ចុះ​ថ្ងៃ​ទី​ ២​២​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១ លិខិត​យោង​លេខៈ ​A​L​ ​V​N​M​ ​៣​/​២​០​២​១ ​ករណី​ (​លោក​) យឿ​ង​ ខា​យ ស្ថាន​បេសកកម្ម​អ​ចិន្ត្រៃយ៍របស់​វៀតណាម​ ​មាន​កិត្តិយស​សូម​បញ្ជូន​ការ​ឆ្លើយតប​នេះ​ របស់​វៀតណាម ជូន​សាខា​នីតិវិធី​ពិសេស​ ​នៃ​ឧត្តមស្នងការ​ ​អ​.​ស​.​ប​ ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ ​។​

​ជាថ្មី​ម្តងទៀត ស្ថាន​បេសកកម្ម​សក​កម្ម​អ​ចិន្ត្រៃយ៍ ​នៃ​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម​ ​ប្រចាំ​ការិយាល័យ​ ​អ​.​ស​.​ប អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​អង្គការ​អន្តរជាតិ​មិនមែន​រដ្ឋាភិបាល​ផ្សេងៗ​ ​នៅ​ហ្សឺណែវ​ សូម​សំដែង​នូវ​សេចក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​ជូន​ ​សាខា​នីតិវិធី​ពិសេស​ ​នៃ​ឧត្តមស្នងការ​ ​អ​.​ស​.​ប​ ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ ​។​

​ចម្លើយ​របស់​រដ្ឋ​វៀតណាម​ ​មកកាន់​លិខិត​រួមគ្នា​ ​របស់​សាខា​នីតិវិធី​ពិសេស​ ​ករណី​ (​លោក​) យឿ​ង​ ខា​យ​ ​។​ ​ឯកសារ​យោង​ ​៖​ ​A​L​ ​V​N​M​ 3/2021 (​date​ 22 ​June​ 2021) ​

១​) (​លោក​) យឿ​ង​ ខា​យ​ ​កើត​នៅ​ថ្ងៃ​ទី ​…(បិទបាំង​)… នៃ​ក្រុម​ជន​ជាតិខ្មែរ​ ​បាន​ចុះបញ្ជី​អាសយដ្ឋាន​របស់​គាត់​នៅ​ ​…(បិទបាំង​)… ​ហើយ​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ ​…(បិទបាំង​)… ។​

២​) ​វៀតណាម​ ​គឺជា​ប្រទេស​មួយ​ ដែល​រួម​មាន​ក្រុម​ជនជាតិ​ទាំងអស់​ចំនួន ​៥​៤ នៅ​ក្នុង​នោះ ​ជនជាតិ​ ​គិញ​ ​មាន​ប្រជាជន​ភាគច្រើន​ (​៨​០​%) ​ក្រុម​ជនជាតិ​នានា ​ក្រៅពី​នេះ​ ត្រូវ​បាន​គេ​ហៅថា​ ​«​ជនជាតិ​ភាគតិច​ ​»​ ​។​ ​ក្នុងចំណោម​ជនជាតិ​ទាំងអស់​រួម​ទាំង​ជនជាតិ​គិញ​ ​គឺ​ត្រូវ​បាន​ទទួល​សមភាព ដូចគ្នា​ ​។​ ​បុគ្គលិកលក្ខណៈ​ប្លែក​គ្នា​នៃ​ក្រុម​ប្រជាជាតិ​ទាំងនោះ​ គឺ​ ​ភាសា​ ​ទំនៀមទម្លាប់​ ​និង​ប្រពៃណី​ ​។​ ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ​ ​ក្រុម​ជនជាតិ​ទាំងឡាយ​នៃ​វៀតណាម​ ​មាន​សាមគ្គីភាព​ ​និង​ប្រពៃណី​អភិវឌ្ឍន៍​ជាមួយគ្នា​ ​និង​ចូលរួម​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​ ​និង​ការពារប្រទេស​ ​។​ ​ហេតុដូច្នេះ​ សញ្ញាណ​នៃ​ ​«​ក្រុម​ជនជាតិ​ដើម​ភាគតិច​​»​ ​និង​សិទ្ធិ​របស់​ជនជាតិ​ដើម​ ​មិនកើត​មាន​ទេ​ ​ហើយក៏​មិន​សមស្រប​ទៅ​នឹង​សភាព​លក្ខណៈ​របស់​ក្រុម​ជនជាតិ​ទាំងអស់​ នៅ​វៀតណាម​ដែរ​ ​។​

៣​) ​ការឃោសនា​ អំពី​ឧបករណ៍​ ​និង​អនុសញ្ញា​ទាំងឡាយ​ ស្តីពី​សិទ្ធិមនុស្ស​ មិន​ត្រូវ​បាន​ហាមឃាត់​ឡើយ​ នៅ​ក្នុង​ប្រទេស​វៀតណាម​ ​។​ ក្ន​ង​ការ​អនុវត្ត​ជាក់ស្តែង​ប្រទេស​វៀតណាម​ ​បាន ​និង​កំពុង​អនុវត្តន៍​កម្មវិធី​ ​និង​គម្រោង​ជាច្រើន​ ​ដែល​ផ្សព្វផ្សាយ​ អំពី​ឧបករណ៍​ ​និង​អនុសញ្ញា​ទាំងនេះ​ ​ក្នុង​គោលបំណង​បង្កើន​ការយល់​ដឹង​របស់​ប្រជាជន​ ​អំពី​ការ​ទទួល​បាន​សិទ្ធិមនុស្ស​ ​។​ ​ទោះជាយ៉ាងណា​ ​ច្បាប់​វៀតណាម​ ​ហាម​ដាច់ខាត​ការ​រំលោភបំពាន​លើ​ការឃោសនា​ ​អំពី​ឧបករណ៍​ ​និង​អនុសញ្ញា​ ​ស្តីពី​សិទ្ធិមនុស្ស​ ​ដើម្បី​បង្ខូច​សណ្តាប់ធ្នាប់​ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ស្តីពី​គោល​នយោបាយ​លើក​ក​ម្ពស់ ​និង​ការពារ​សិទ្ធិមនុស្ស​របស់​វៀតណាម​ ​ដើម្បី​សាបព្រោះ​ការ​បំបែកបំបាក់​ ​និង​បំ​ផ្លា​យ​ឯកភាពជាតិ​ ​។​

៤​) ​អំពី​ករណី​លោក​ យឿ​ង​ ខា​យ​ ​អាជ្ញាធរ​សណ្តាប់ធ្នាប់​ ​បាន​រក​ឃើញ​ថា​ ​ពលរដ្ឋ​ម្នាក់​នេះ​ ​បាន​បង្ហោះ​ ​និង​ចែករំលែក​អត្ថបទ​ជាច្រើន​ ​នៅ​ក្នុង​អ៊ី​ន​ធើ​រ​ណែ​ត បំភ្លៃ​ប្រវត្តិ​- ​សាស្ត្រ​របស់​ជនជាតិ​ភាគតិច​ខ្មែរ​ ​និង​វៀតណាម​ខាងត្បូង​ ​បាន​ធ្វើ​ការឃោសនា​សម្រាប់​ការ​បង្កើត​នូវ​ ​«​រដ្ឋ​ខ្មែរ​កម្ពុជាក្រោម​​»​ ​នៅ​លើទឹក​ដី​ប្រទេស​វៀតណាម​ ​។​ ​ហើយ​លោក​ យឿ​ង​ ខា​យ​ ​ក៏មាន​ទំនាក់ទំនង​ដ៏​ស្មុគ​ស្មាញ​ជាច្រើន​ ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​នានា​នៅ​ឯ​បរទេស​ ​។​ ​អង្គការ​ទាំងនេះ​តែងតែ​ធ្វើសកម្មភាព​ជ្រុល​និយម​ ​ញុះញង់​ជនជាតិ​ភាគតិច​ ​ឲ្យ​មានការ​ស្អប់ខ្ពើម​ ​បង្ក​ការ​បែកបាក់​សាមគ្គីភាព​ជាតិ​ ញុះញង់​បំបែកបំបាក់​ ​និង​ការ​ធ្វើ​ស្វ័យភាព​ ព្រមទាំង​គម្រាម​កំហែង​ដល់​សន្តិសុខ​ជាតិ ឯកភាពជាតិ​ ​និង​បូរណភាពទឹកដី​របស់​ប្រទេស​វៀតណាម​ ​។​

៥​) ​អង្គការ​ទាំងឡាយ​ខាងលើ​នេះ​ ​តែងតែ​រំលោភបំពាន​ក្នុង​ការឃោសនា ​អំពី​ ​«​សេចក្តីប្រកាសរបស់​អង្គ​សហប្រជាជាតិ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​»​ ​ហើយ​មាន​រួមបញ្ចូល​ទាំង​ការឃោសនា​ ​និង​ការ​បកស្រាយ​ខុស​អំពី​ខ្លឹមសារ​ ​និង​ស្មារតី​នៃ​ ​សេចក្តីប្រកាស​ ​ដោយមាន​ ​«​សិទ្ធិ​សម្រេច​វាសនា​ដោយខ្លួនឯង​របស់​ជនជាតិ​ដើម​ខ្មែរ​»​ ​នៅ​ក្នុង​ប្រទេស​វៀតណាម ប្រវត្តិសាស្ត្រ​ ​វៀតណាម​ខាងត្បូង​ ដោយ​លើក​ហេតុផល​ថា​ ​តំបន់​នេះ​គឺជា​កម្ម​សិទ្ថី​របស់​ជន​ជាតិខ្មែរ​ ហើយ​ផ្តើម​ពី​ចំណុច​នោះ​ ​ក៏មាន​ផែនការ​ដើម្បី​ធ្វើសកម្មភាព​ជា​ទ្រង់ទ្រាយ​ធំដុំ​ ដូច​បាន​រាយការណ៍​ខាងលើ​ ​។​

៦​) ​នៅ​ថ្ងៃ​ទី ​១​៣​ ​ខែ​មេសា​ ​ឆ្នាំ ​២​០​២​១​ ​អាជ្ញាធរ​មានសមត្ថកិច្ច​របស់​វៀតណាម ​បាន​ធ្វើការ​ត្រួតពិនិត្យ​រដ្ឋបាល​ នៅ​ឯ​គេហដ្ឋាន​របស់ ​(​លោក​) យឿ​ង​ ខា​យ​ ​។​ ​ក្នុង​ព្រឹត្តិការណ៍​នេះ​ សមត្ថកិច្ច​បាន​រក​ឃើញ​សំណេរ​ចម្លង​បកប្រែ​អំពី​ ​«​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​​»​ ​ចំនួន​ ១​០​២​ ច្បាប់ និង​ឯកសារ​នានា​ ដែល​សរសេរ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​​វៀតណាម ​ភាគ​ខាងត្បូង​ ​គម្រោង​ស្នើការ​ធ្វើ​ ​«​សិទ្ធិ​ស្វ័យ​សម្រេច​ ​វាសនា​ដោយខ្លួនឯង​ ​របស់​ជនជាតិ​ដើម​ ​»​ ​។​ ​នៅ​ក្នុង​កំឡុង​ពេល​សួរនាំ​ (​លោក​) យឿ​ង​ ខា​យ​ ​មិនបាន​សហការ​ ​ឬ​ផ្តល់​ព័ត៌មាន​ ​អំពី​ប្រភព​ដើម​ស្រប​ច្បាប់​នៃ​ឯកសារ​ទាំងនេះ​ទេ​ ​។​ ​ដូច្នេះ​ សមត្ថកិច្ច​ជំនាញ​បាន​អញ្ជើញ ​(​លោក​) យឿ​ង​ ខា​យ​ ​មក​ប៉ុស្តិ៍​នគរបាល​ ដើម្បី​ធ្វើការ​បំភ្លឺ​ (​លិខិត​អញ្ជើញ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​លោក​ យឿ​ង​ ខា​យ​) ​។​

៧​) ​នៅ​ឯ​ទីស្នាក់ការ​ប៉ូលីស​ (​លោក​) យឿ​ង​ ខា​យ​ ​បាន​សារភាព​ថា​ ​គាត់​ត្រូវ​បាន​ផ្តល់​ជូន​នូវ​សេចក្តីចម្លង​ ចំនួន​ ១​២​០ ​ច្បាប់​ ​អំពី​ ​«​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​​»​ ​ហើយ​នេះ ​គឺជា​គោលបំណង​បង្កើត​ឲ្យ​មានអំពើ​បែងចែក​ការ​ឯកភាពជាតិ​ ​។​ ​ក្នុងពេលជាមួយគ្នា​នេះ​ដែរ គាត់​មិនបាន​បញ្ជាក់​ អំពី​ភាព​ស្រប​ច្បាប់​ក្នុង​ការ​បោះពុម្ព​ឯកសារ​ខាងលើ​នេះ​ទេ​ ​។​ ​សកម្មភាព​របស់​គាត់ ​គឺជា​ការ​បំពាន​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​របស់​វៀតណាម ក្នុង​វិ​ស័​យ​សារ​ព័ត៌មាន​ ​និង​កិច្ចការ​បោះពុម្ពផ្សាយ​ ​។​ ​អាជ្ញាធរ​ ​មានសមត្ថកិច្ច​សម្រេច​ចិត្ត​រឹបអូស​យក​ឯកសារ​ខាងលើ​ ​ហើយ​បាន​ព្រមាន ​(​លោក​) យឿ​ង​ ខា​យ​ ​ហាម​ឲ្យ​ឈប់​បន្ត​ធ្វើសកម្មភាព​ ដែល​ប្រឆាំង​នឹង​គោល​នយោបាយ​​របស់​វៀ​ត​ណាម​ ​ស្តីពី​ការ​រួបរួម​ ​និង​អភិវឌ្ឍន៍​ជនជាតិ​ភាគតិច​ ​។​ ​នៅ​វេលា​ម៉ោង​ ​១​១​ : 00 ​ថ្ងៃ​ទី​១​៤​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​អាជ្ញាធរ​សមត្ថកិច្ច​បាន​ប្រគល់​សង​ (​លោក​) យឿ​ង​ ខា​យ​ ​វិញ​នូវ​ម៉ាស៊ីន​ កុ​ម​ព្យុ​ទ័​រ​ ​និង​ទូរស័ព្ទ ​ប៉ូលីស​មិនបាន​គម្រាម​កំហែង​ ​ប្រើ​កម្លាំង​តប​ទៅលើ​ យឿ​ង​ ខា​យ​ ​ដូច​ការចោទប្រកាន់ ​ដែល​មាននៅ​ក្នុង​លិខិត​រួមគ្នា​នោះ​ទេ​ ​៕​