ដោយ ស៊ឺន ចែងចើន
ស្របពេល ពលរដ្ឋខ្មែរក្រោម នៅជុំវិញពិភពលោក ប្រារព្ធខួប ៧១ ឆ្នាំ ជាថ្ងៃដែលអាណានិគមនិយមបារាំង បានកាត់ទឹកដីកម្ពុជាក្រោម ទៅឲ្យប្រទេសវៀតណាមគ្រប់គ្រងបន្ត ដើម្បីបង្ហាញពីការឈឺចាប់ និងចងចាំថ្ងៃជាប្រវត្តិសាស្ត្រមួយនេះ ។ ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលមិនមានសិទ្ធិប្រារព្ធខួប ទិវា ៤ មិថុនា ដើម្បីរំឭកដល់ថ្ងៃប្រវត្តិសាស្ត្រជាតិរបស់ខ្លួននោះ បាននាំគ្នាប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយប្ដូររូបលើប្រូហ្វាល (Profile) របស់ខ្លួន នូវរូបសញ្ញាកាន់ទុក្ខជារូបទង់ជាតិកម្ពុជាក្រោម ដោយសរសេរជាសារថា «ទិវាកាន់ទុក្ខជាតិខ្មែរ ៤ មិថុនា ១៩៤៩ យួនត្រួតត្រាកម្ពុជាក្រោម» ។ ប៉ុន្តែ ត្រូវបានអាជ្ញាធរវៀតណាម ព្រមានឲ្យលុបចេញ ដោយចោទពួកគេថា ធ្វើសកម្មភាពប្រឆាំង នឹងរដ្ឋាភិបាលវៀតណាម ។

យុវជនខ្មែរក្រោមម្នាក់ ឈ្មោះ ថាច់ ថុង នៅភូមិកញ្ចោងកំពង់លាវ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង (Phú Cần, Tiểu Cần, Trà Vinh) ឲ្យវិទ្យុសំឡេងកម្ពុជាក្រោម ដឹងថា កាលពីថ្ងៃទី ៤ មិថុនា គ្រួសារលោក បានទូរស័ព្ទមកប្រាប់លោក ខណៈលោកកំពុងបំពេញការងារ នៅខេត្តដូនណៃ (Đồng Nai) ឬខ្មែរក្រោម ហៅថា ខេត្តវាលប្រើស ថា អាជ្ញាធរមូលដ្ឋាននៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បានគំរាមគ្រួសាររបស់លោក ដោយបង្ខំឲ្យទាក់ទងទៅលោក ដើម្បីលុបរូបសញ្ញាកាន់ទុក្ខ ដែលមានរូបទង់ជាតិកម្ពុជាក្រោម ចេញពីប្រូហ្វាល (Profile) ហ្វេសប៊ុករបស់ខ្លួនជាបន្ទាន់ បើពុំនោះទេ ពួកគេ នឹងស្នើទៅក្រុមនគរបាល នៅខេត្តដូនណៃ ទៅចាប់ខ្លួនលោក ដល់ទីកន្លែង ដែលលោកកំពុងធ្វើការជាពុំខានឡើយ ។
យុវជនរូបនេះ កត់សម្គាល់ថា នាពេលកន្លងមកអាជ្ញាធរវៀតណាម តែងតាមដានគ្រប់សកម្មភាពរបស់លោក ព្រោះជាញឹកញាប់លោកតែងតែបញ្ចេញមតិ នៅលើបណ្ដាញសង្គម និងចែករំលែកសារក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយបានចែករំលែកព័ត៌មានបន្ត អំពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលចុះផ្សាយនៅលើសារព័ត៌មានព្រៃនគរ វិទ្យុសំឡេងកម្ពុជាក្រោម និងវិទ្យុបរទេសមាន វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ជាដើម ។ ហើយនៅពេលថ្មីៗ លោកបានចែករំលែកវីដេអូផ្សាយផ្ទាល់តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ក្នុងពិធីរំឭកខួប ៧១ ឆ្នាំ នៃទិវា ៤ មិថុនា កម្ពុជាក្រោម ស្ថិតក្រោមការត្រួតត្រារបស់វៀតណាម ដែលប្រារព្វឡើង ដោយអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅរាជធានីភ្នំពេញ ។
យុវជន ថាច់ ថុង មានការបារម្ភថា នគរបាលមូលដ្ឋាន នៅស្រុកកំណើតរបស់លោក កំពុងប្រមូលឯកសារ និងភស្តុតាង ដើម្បីកសាងសំណុំរឿងចាប់ខ្លួនលោក ដោយពួកគេចាត់ទុកថា សកម្មភាពរបស់លោក ជាទង្វើខុសច្បាប់របស់ប្រទេសវៀតណាម ។
ករណីគំរាម យុវជន ថាច់ ថុង មិនមែនជាករណីលើកទីមួយនោះទេ ។ នៅពេលថ្មីនេះ អាជ្ញាធរវៀតណាម ធ្លាប់បង្ខំឲ្យយុវជនខ្មែរក្រោម ជាច្រើនរូប ចុះហត្ថលេខា ឈប់ប្រើប្រាស់បណ្ដាញសង្គម រិះគន់រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម មិនមានសិទ្ធិប្រារព្ធខួប ទិវា ៤ មិថុនា ដើម្បីរំឭកដល់ថ្ងៃដ៏ឈឺចាប់បំផុតររបស់ខ្លួន ដែលអាណានិគមនិយមបារាំង បានកាត់ដែនដីកម្ពុជាក្រោម និងវាសនារបស់ខ្លួន ផ្ទេរឲ្យទៅនៅក្រោមនឹមអាណានិគមថ្មីរបស់វៀតណាមនោះឡើយ ។ ទិវានេះ ប្រារព្ធបានតែពលរដ្ឋខ្មែរក្រោម នៅក្រៅប្រទេសតែប៉ណ្ណោះ ៕