ដោយ ស៊ឺន ចែងចើន
អាជ្ញាធរវៀតណាម នៅទីក្រុង ព្រៃនគរ នៅយប់ទី ៣០ កក្កដានេះ សម្រេចដោះលែងកម្មជនការពារសិទ្ធិពលរដ្ឋខ្មែរក្រោម ២ រូប ក្រោយឃុំខ្លួនសាកសួរចម្លើយជិត ១០ ម៉ោង ។ សកម្មជនខ្មែរក្រោមទាំងពីរនាក់ ចាត់ទុកការចាប់ឃុំខ្លួនពួកគាត់នោះ ថា ជារឿងអយុត្តិធម៌ និងជាការធ្វើទុក្ខបុកម្នេញផ្នែកបញ្ចេញមតិ ។

យុវជន យឿង ខាយ និង យុវជន ថាច់ កឿង ដែលតែងតែចេញមុខការពារសិទ្ធិការងារ និងសិទ្ធិមនុស្សរបស់ពលរដ្ឋខ្មែរក្រោម ត្រូវបាននគរបាលទីក្រុង ព្រៃនគរ ចាប់ខ្លួន នៅវេលាម៉ោងប្រមាណ ២ និង ៣០ នាទី ថ្ងៃទី ៣០ ខែកក្កដានេះ ។ ការចាប់ខ្លួន ធ្វើឡើង បន្ទាប់ពីអាជ្ញាធរវៀតណាម នៅខេត្តដូនណៃ និងទីក្រុង ព្រៃនគរ នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា បានដាក់កងកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដើម្បីរារាំងការជួបជុំរបស់ក្រុមយុវជនខ្មែរក្រោម ជាមួយមន្រ្តីអគ្គកុងស៊ុលសហរដ្ឋអាមេរិក ប្រចាំទីក្រុង ព្រៃនគរ ។
អាជ្ញាធរវៀតណាម បានព្យាយាមរារាំង និងរំខានបែបនេះ ស្របពេលដែលក្រុមយុវជនខ្មែរក្រោម កំពុងធ្វើការ នៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្ម មានជាអាទិ៍ ទីក្រុងព្រៃនគរ ខេត្តទួលតាមោក (Bình Dương) ខេត្តខេត្តចង្វាត្រពាំង (ដូនណៃ) និងខេត្តកំពង់គោ (Long An) គ្រោងប្រារព្ធកម្មវិធីជួបជុំសំណេះសំណាល សួរសុខទុក្ខគ្នា និងពិសាអាហារសាមគ្គី ដោយមានការចូលរួមពីមន្រ្តីអគ្គកុងស៊ុលសហរដ្ឋអាមេរិក ប្រចាំទីក្រុង ព្រៃនគរ (ហូ ជីមិញ) ផង នៅយប់ថ្ងៃទី ៣០ ខែកក្កដា ។
គួរជម្រាបជូនថា យុវជនទាំងពីររូពនេះ ធ្លាប់ត្រូវបានអាជ្ញាធរវៀតណាម គំរាមកំហែង ធ្វើទុក្ខបុកម្នេញ និងឃាត់ខ្លួនទៅសួរនាំជាបន្តបន្ទាប់ និងរងការពិន័យជាច្រើនរយដុល្លារ ដោយសារតែសកម្មភាពតស៊ូមតិរបស់ពួកគេ ៕