ដោយ ស៊ឺន ចែងចើន
យុវជនខ្មែរក្រោមម្នាក់ នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា បានចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់តុអាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង ដើម្បីសាកសួរជុំវិញរឿងរ៉ាវយុវជនខ្មែរក្រោមរូបនោះ បញ្ចេញមតិតាមបណ្តាញសង្គម រិះគន់អាជ្ញាធរមិនចេញលិខិតធ្វើដំណើរ (លិខិតបើកផ្លូវ) ចេញចូល ដើម្បីបំពេញការងាររបស់ខ្លួន និងករណីអាជ្ញាធរមិនផ្តល់ប្រាក់ឧបត្ថម្ភ និងស្បៀងអាហារ ជូនគ្រួសារក្រីក្រ ដែលរដ្ឋាភិបាលវៀតណាម ដាក់ចេញដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ នៅអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ការចូលបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពី នៅយប់នាថ្ងៃទី ១៨ ខែកញ្ញា វេលាម៉ោងប្រមាណ ៨ កម្លាំងសមត្ថកិច្ចចម្រុះវៀតណាម ជាច្រើននាក់ បានចុះមកនាំខ្លួនដល់ក្នុងផ្ទះរបស់យុវជនខ្មែរក្រោមរូបនោះ ដើម្បីឲ្យចូលខ្លួនមកបំភ្លឺទាក់ទងនឹងករណីខាងលើ ប៉ុន្តែ ត្រូវបានយុវជនខ្មែរក្រោមរូបនោះបដិសេធ ដោយលើកឡើងថា គ្មានលិខិតអញ្ជើញ និងហួសម៉ោងរដ្ឋបាល ។

ថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ យុវជន យ៉ាញ់ មិញក្វាង ឲ្យដឹងថា អាជ្ញាធរវៀតណាមនៃខេត្តឃ្លាំង បានសម្រេចលើកពេលសួរចម្លើយលោក និងមិនទាន់កំណត់ពេលជាក់លាក់ឲ្យលោកទៅជួបម្តងទៀតនៅឡើយទេ ។ ការពន្យាពេលធ្វើការសាកសួរនេះ នៅពេលដែលលោកធ្វើដំណើរទៅសាលាឃុំ ហើយក៏មានអ្នកភូមិជាច្រើននាក់អមដំណើរទៅជាមួយលោកផង ដោយសារតែពួកគេបារម្ភខ្លាចអាជ្ញាធរចាប់ឃុំខ្លួនលោក ។ លោកថា ក្នុងពេលអ្នកភូមិលើកគ្នាទៅជាមួយលោក មកដល់សាលាឃុំ អាជ្ញាធរអនុញ្ញាតឲ្យលោកចូលទៅក្នុងបន្ទប់សួរចម្លើយតែម្នាក់ឯង ប៉ុន្តែ អ្នកភូមិទាមទារចូលទៅទាំងអស់គ្នា ដើម្បីឃ្លាំមើល រហូតដល់ឈានទំនាស់ពាក្យសម្តីរវាងពលរដ្ឋខ្មែរ និងអាជ្ញាធរយួន ហើយពួកគេក៏សម្រេកផ្អាកការសាកសួរលោកវិញ ។
គួរជម្រាបជូនថា យុវជន យ៉ាញ់ មិញក្វាង មានស្រុកកំណើត នៅភូមិស្រឡូង ឃុំជ្រោយទឹម ស្រុកបាយឆៅ នៃខេត្តឃ្លាំង កាលពីខែកក្កដា ឆ្នាំ ២០២០ ធា្លប់រងការគំរាមកំហែងចាប់ខ្លួនម្តងរួចមកហើយ ដោយអាជ្ញាធរវៀតណាម ចោទប្រកាន់លោកថា ជាជនក្បត់ជាតិ និងបង្ខំឲ្យចុះហត្ថលេខា ក្នុងលិខិតកំណត់ហេតុមួយ យល់ព្រមបញ្ឈប់ថតវីដេអូ រិះគន់រដ្ឋាភិបាលវៀតណាម ពីការរើសអើងជាតិសាសន៍ ពាក់ព័ន្ធ នឹងការបែងចែកជំនួយ នៅក្នុងរដូវកាលនៃវិបត្តិកូវីដ-១៩ តាមរយៈបណ្ដាញសង្គម និងផ្តល់ព័ត៌មានទៅខ្មែរក្រោម នៅក្រៅប្រទេស ពីភាពមិនប្រក្រតីរបស់អាជ្ញាធរមូលដ្ឋាន ដែលបានដើរស្រង់ស្ថិតិពលរដ្ឋរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីទទួលជំនួយពីរដ្ឋាភិបាល ។

ការកោះហៅទៅសួរចម្លើយអស់ជាច្រើនម៉ោងកាលណោះ គឺបន្ទាប់ពីលោកបានធ្វើការផ្សាយផ្ទាល់ (Live) នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីសម្ដែងពីការកើតទុក្ខមិនសុខចិត្ត ចំពោះអាជ្ញាធរមូលដ្ឋាន ដែលមានភាពខ្វះចន្លោះ ក្នុងការចុះចែកអំណោយ និងមានការរើសអើងរវាងពលរដ្ឋខ្មែរក្រោម និងពលរដ្ឋវៀតណាម ដោយលោកអះអាងថា គ្រួសារលោកពិតជាមានជីវភាពក្រីក្រ និងប្រជាពលរដ្ឋខ្មែរក្រោមដទៃទៀត រស់នៅក្នុងភូមិរបស់លោក កំពុងតែជួបប្រទះទុក្ខលំបាកយ៉ាងខ្លាំង តែមិនទទួលបានជំនួយ ពីអាជ្ញាធរវៀតណាមឡើយ ។ ពេលនោះ លោកចោទពួកអាជ្ញាធរមូលដ្ឋាន ថា បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ដោយចុះស្រង់យកតែឈ្មោះជនជាតិវៀតណាមប៉ុណ្ណោះ ចំណែកពលរដ្ឋខ្មែរក្រោម ដែលមានជីវភាពក្រីក្រដែរ បែរជាមិនមានឈ្មោះក្នុងបញ្ជី ដើម្បីទទួលបានជំនួយនោះទេ ។ ជុំវិញបញ្ហានេះ ក្រុមគ្រួសារខ្មែរក្រោម ក៏បាននាំគ្នាទៅធ្វើការតវ៉ា នៅឯសាលាស្រុកដែរ ។ ប៉ុន្តែ អាជ្ញាធរវៀតណាម បានឆ្លើយតបថា មូលហេតុ ដែលពលរដ្ឋខ្មែរក្រោមទាំងនោះ មិនទទួលបានជំនួយ ក៏ព្រោះតែពួកគេ បានរួចចាកផុតពីភាពក្រីក្រ ។ ចំណែកឯប័ណ្ណក្រីក្ររបស់ពួកគេ ដែលអាជ្ញាធរចេញឲ្យនោះ ក៏ត្រូវបានលុបចោលហើយដែរ ។
យុវជន យ៉ាញ់ មិញក្វាង ឲ្យដឹងថា លោកកំពុងព្រួយបារម្ភពីសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន ដោយសារតែសមត្ថកិច្ច បានចុះមកឃ្លាំមើលដល់ផ្ទះ និងការបំភិតបំភ័យ គំរាមកំហែង ចំពោះការចាប់ និងឃុំខ្លួនមកលើរូបលោក ។ យុវជនខ្មែរក្រោមរូបនេះ អំពាវនាវឱ្យអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស ជួយឃ្លាំមើលសន្តិសុខ ចំពោះរូបលោក និងអ្នកភូមិរបស់លោកទាំងមូលផង ។