ដោយ យាង សុធារិន្ទ
អាជ្ញាធរវៀតណាម នៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ បានចុះរឹបអូសយកអាវយឺតពីម្ចាស់ផ្ទះបោះពុម្ពលើអាវយឺត ដែលជាពលរដ្ឋខ្មែរក្រោម ស្ថិតនៅភូមិ ២ ឃុំឫស្សីស្រុក ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ដោយអាជ្ញាធរអះអាងថា នៅលើអាវយឺតទាំងនោះមានសរសេរអក្សរ «ខ្មែរក្រោម» ។

ប្រតិបត្តិការចុះរឹបអូសយកនេះ បានកើតឡើងប្រមាណ ១ ម៉ោង ក្រោយពីម្ចាស់ផ្ទះបោះពុម្ព បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននូវអាវយឺត ដែលខ្លួនបានបោះពុម្ពរួច និង មានសរសេរអក្សរនៅខាងមុខអាវថា «ខ្មែរក្រោមអបអរទិវានារីអន្តរជាតិ» ។ ការបង្ហោះនេះ ម្ចាស់ផ្ទះបោះពុម្ពមានចេតនាផ្សព្វផ្សាយពាណិជ្ជកម្មអំពីហាងរបស់ខ្លួនផង និងបង្ហាញពី គុណភាពនៃការបោះពុម្ពរបស់ខ្លួនដើម្បីទាក់ទាញអតិថិជនផង ។ តែផ្ទុយទៅវិញ ត្រូវ អាជ្ញាធរវៀតណាមចុះទៅរឹបអូស និងកោះហៅទៅណែនាំនៅអធិការដ្ឋាននគរបាលស្រុក ថែមទៀត ។
ពលរដ្ឋខ្មែរក្រោមឈ្មោះ ថាច់ សាង បច្ចុប្បន្នរស់នៅក្នុងឃុំឫស្សីស្រុក ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ត្រូវបានអាជ្ញាធរមូលដ្ឋានវៀតណាមនៅរសៀលថ្ងៃទី ៥ ខែមីនា យកលិខិត មកកោះហៅឱ្យទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ស្ពាន ដើម្បីសួរនាំក្រោយពី លោកបាន បោះពុម្ពលើអាវយឺតតាមការកុម្ម៉ង់របស់អតិថិជនពាក់ព័ន្ធទៅនឹងការចូលរួមរបស់ ខ្មែរក្រោមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ។
ប៉ុន្តែ លិខិតកោះហៅនោះ ត្រូវបានអាជ្ញាធរឃុំយកត្រឡប់ទៅវិញ ដោយហេតុថា លោក ថាច់ សាង ស្នើសុំការពន្យល់ពីអាជ្ញាធរមូលដ្ឋាននូវមូលហេតុនៃការកោះហៅរូបលោក ប៉ុន្តែ មិនត្រូវបានអាជ្ញាធរបកស្រាយ ទើបលោក ថាច់ សាង ក៏សម្រេចថាមិនទទួលយកលិខិត កោះហៅនោះដែរ បើវាមិនមានហេតុផលសមរម្យនោះ ។ នេះបើតាមការអះអាងរបស់លោក ថាច់ សាង ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ ក្រោយពីអាជ្ញាធរចាក ចេញពីផ្ទះរបស់លោកបានបន្តិច ។
លោក ថាច់ សាង ៖ «ស្រាប់តែខ្ញុំសម្ភាសចប់ភ្លាមគេមកដល់ផ្ទះភ្លាមតែម្តង ដល់ខ្ញុំសួរអំពីមូលហេតុ ដល់នគរបាលឃុំ ថាហេតុអ្វីកោះហៅខ្ញុំ គេថាគេមិនដឹង ខ្ញុំក៏មិនយក ។ គេថាតើខ្ញុំទទួលឬទេ បើមិនទទួលគេទៅវិញ ? ខ្ញុំថា មិនមែនខ្ញុំមិនទទួលទេ ប៉ុន្តែខ្ញុំចង់ដឹងមូលហេតុ រួចគេខឹងនឹងខ្ញុំ គេក៏ទៅវិញទៅ» ។
ក្នុងពេល ដែលអាជ្ញាធរមូលដ្ឋានយកលិខិតមកកោះហៅនោះ លោក ថាច់ សាង ក៏បានផ្សាយ ផ្ទាល់នៅលើហ្វេសប៊ុករបស់លោកផងដែរ ។
តាមសំឡេងនៅក្នុងកិច្ចសន្ទនា ក្នុងចំណោមអាជ្ញាធរ ដែលមកនោះក៏មានខ្មែរក្រោម ជាអ្នកបំរើ ការងារឱ្យរដ្ឋការវៀតណាមដែរ ប៉ុន្តែអ្នករដ្ឋការខ្មែរក្រោមនោះមិនព្រមនិយាយភាសាខ្មែរ ជាមួយលោក ថាច់ សាង ដែលជាខ្មែរដូចគ្នានោះទេ បើទោះជាលោក ថាច់ សាង ស្នើរូប គេឱ្យនិយាយភាសាខ្មែរក្តី ។ ផ្ទុយទៅវិញ ពួកគេបានបង្ខំឱ្យ លោក ថាច់ សាង បិទទូរស័ព្ទ និងមិនព្រមពន្យល់ពីមូលហេតុនៃការកោះហៅតាមការស្នើសុំ របស់លោក ថាច់ សាង នោះឡើយ ។
មុននឹងអាជ្ញាធរមូលដ្ឋានឃុំយកលិខិតមកកោះហៅលោក ថាច់ សាង នគរបាលស្រុកចំនួន ៤ រូបបានមកដល់ផ្ទះរបស់លោក ថាច់ សាង ម្តងរួចហើយ កាលពីព្រឹកថ្ងៃទី៤ ខែមីនា ដើម្បីសួរ នាំលោកអំពីការបោះពុម្ពអាវយឺត ។
នគរបាលចង់ដឹងពីមូលហេតុដែលលោក ថាច់ សាង បោះពុម្ពអាវយឺតដែលមានសរសេរអក្សរ «ខ្មែរក្រោមអបអរទិវាសិទ្ធិនារីអន្តរជាតិ» ហើយដែលលោក ថាច់ សាង បានបង្ហោះនៅលើ ហ្វេសប៊ុករបស់ខ្លួន ។
លោក ថាច់ សាង បានឆ្លើយតបថា លោកគ្រាន់តែជាអ្នករកស៊ីបោះពុម្ពលើអាវយឺត ដូច្នេះ លោកត្រូវធ្វើតាមការចង់បានរបស់អតិថិជន ។ រាល់ការប្រើប្រាស់ពាក្យពេចន៍ ឬខ្លឹមសារ នៅលើអាវយឺតបែបណានោះ វាជាការរចនារបស់អតិថិជន ។ លោកបញ្ជាក់ថា មូល ហេតុដែលលោកបង្ហោះអាវយឺតដែលបោះពុម្ពរួចនៅលើហ្វេសប៊ុក លោកគ្រាន់តែចង់ផ្សាយ ពាណិជ្ជកម្មអំពីសេវាកម្មរបស់ខ្លួនប៉ុណ្ណោះ ។
អាជ្ញាធរបានប្រាប់លោក ថាច់ សាង ថា បញ្ហាគឺនៅត្រង់ការប្រើពាក្យ «ខ្មែរក្រោម» នៅលើអាវ យឺត ដែលអាជ្ញាធរវៀតណាមមិនអនុញ្ញាតឱ្យប្រើពាក្យនេះឡើយ ព្រោះវាបង្ហាញពីការប្រកាន់ និងការរើសអើងគ្នា ។ យ៉ាងនេះក្តី លោក ថាច់ សាង នៅតែបញ្ជាក់ថា លោកគ្រាន់តែធ្វើតាម ការចង់បានរបស់អតិថិជនប៉ុណ្ណោះ ។
លោក ថាច់ សាង ៖ «ខ្ញុំសួរមូលហេតុមិនស្របច្បាប់ មិនស្របកន្លែងណា ហើយបានបងនគរបាលម្នាក់ គាត់និយាយថាមិនស្របច្បាប់ត្រង់ចំណុចថា ខ្មែរក្រោមអបអរសាទរទិវាអន្តរជាតិ ថ្ងៃ ៨ ខែ ៣ មិនស្របច្បាប់ពាក្យថា ខ្មែរក្រោម ។ ខ្ញុំសួរថាមិនស្របពាក្យថាខ្មែរក្រោមត្រង់អត្ថន័យម៉េច ? នគរបាលបកស្រាយថា ដាក់ពាក្យខ្មែរក្រោមអ៊ីចឹងប្រៀបបានដូចចែកវណ្ណៈខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្តាល ។ ខ្ញុំនិយាយថា រឿងចែកវណ្ណៈ មិនចែកវណ្ណៈ ខ្ញុំមិនដឹងទេ សំខាន់នៅលើអ្នកមក ដាក់ ខ្ញុំធ្វើតាមសំណូមពរគេ» ។
ពួកនគរបាលក៏បានជជីកសួរលោក ថាច់ សាង រកលេខទូរស័ព្ទអ្នកដាក់អាវឱ្យលោកបោះពុម្ព ប៉ុន្តែលោក ថាច់ សាង ឆ្លើយថាលោកមិនស្គាល់លេខទូរស័ព្ទរបស់អតិថិជននោះឡើយ ព្រោះគេទាក់ទងមកលោកតាមហ្វេសប៊ុកដែលស្គាល់តៗគ្នា ។
ក្រោយនគរបាលសាកសួររួច លោក ថាច់ សាង ក៏បានលានគរបាលទៅធ្វើការងារនៅខាង ក្រៅ ។ ស្រាប់តែពេលត្រឡប់មកផ្ទះវិញនៅពេលរសៀលថ្ងៃដដែលនោះ ឳពុកម្តាយលោក បានប្រាប់ថា នគរបាលបានចាប់យកអាវដែលលោកបានបោះពុម្ពចំនួន ១៨ អាវ ដែលធ្វើឱ្យ លោក ថាច់ សាង មានការហួសចិត្តយ៉ាងខ្លាំង ។
នគរបាលថែមទាំងព្រមានឳពុកម្តាយលោក ថាច់ សាង ទៀតថា ពួកគេនឹងកោះហៅលោក ថាច់ សាង ទៅធ្វើការអប់រំនៅអធិការដ្ឋាននគរបាលស្រុកថែមទៀត ។
លោក ថាច់ សាង ៖ «ស្រាប់តែមកដល់ផ្ទះភ្លាមឮសូរញោមនិយាយថា គេយកហើយ ខ្ញុំជាអ្នកស៊ីឈ្នួល ហើយដល់ពេលអស់លោក អស់អ្នក ដូចជាខាងបងៗនគរបាលយក ខ្ញុំមានអីអោយគេ ។ បើដូច ជាបងៗចង់យក ជួបខ្ញុំផ្តាល់ បើដូចជាខ្ញុំមិនឱ្យបងៗថាខ្ញុំលាក់បាំង ឬដោយសាររឿងអ្វីមួយ អាហ្នឹងខ្ញុំមិននៅស្រាប់តែបងៗធ្វើក្រដាសឱ្យញោមខ្ញុំ ញោមខ្ញុំមានដឹងអីឯណា គាត់ចាស់ៗគាត់ មានដឹងអី បើចង់ធ្វើការអីចាំជួបខ្ញុំផ្ទាល់ទៅ ខ្ញុំជាអ្នកធ្វើ គេដាក់ឱ្យខ្ញុំធ្វើ ។ សង្ឃឹមថាបងៗខាង នគរបាលពិចារណាតើខ្ញុំនិយាយត្រូវ ឬខុស ? » ។
ក្រោយមានហេតុការណ៍រឹបអូសយកអាវយឺតនេះ លោក ថាច់ សាង បានផ្សាយផ្ទាល់នៅលើ ហ្វេសប៊ុករបស់លោកដើម្បីបកស្រាយអំពីភាពត្រឹមត្រូវរបស់លោក និងការមិនសុខចិត្តដែល អាជ្ញាធរមកយកអាវដែលលោកបានបោះពុម្ពអោយភ្ញៀវ ទាំងដែលលោកមិនបាននៅក្នុងផ្ទះ ផងនោះ ។
លោក ថាច់ សាង ចាត់ទុកទង្វើរឹបអូសរបស់សមត្ថកិច្ចវៀតណាមថាជាអំពើលួចទ្រព្យសម្បតិ្ត របស់លោក ព្រោះថាលោកបានចំណាយប្រាក់ដើម្បីទិញអាវយឺតមកធ្វើឱ្យគេ ហើយប្រាក់ក៏ មិនទាន់ទទួលបានពីអតិថិជននៅឡើយ ស្រាប់តែសមត្ថកិច្ចមករឹបអូសយកអាវដូច្នេះ ។
មិនយូរប៉ុន្មានក្រោយពីលោកបង្ហោះវីដេអូ នគរបាលស្រុកបានទូរស័ព្ទមកគំរាមលោកឱ្យលុប វីដេអូឃ្លិបចេញពីហ្វេសប៊ុករបស់លោក តែលោក ថាច់ សាង បដិសេធមិនធ្វើតាមនគរបាល ឡើយ ។ ទើបបន្ទាប់មក អាជ្ញាធរមូលដ្ឋានយកលិខិតមកកោះហៅលោកឱ្យទៅកាន់អធិការ ដ្ឋាននគរបាលស្រុកតែម្តង ។
លោក ថាច់ សាង មានអាយុ ៣៦ ឆ្នាំ ធ្លាប់បានបួសរៀនអស់រយៈពេលជាង ១០ ឆ្នាំ នៅវត្ត វេឡុវ័ន ឬវត្តឫស្សីស្រុក ក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។ បច្ចុប្បន្នលោកប្រកប អាជីវកម្មបោះពុម្ពលើអាវយឺត ធ្វើសំបុត្របុណ្យ សំបុត្រអាពាហ៍ពិពាហ៍ ថតរូប និងវីដេអូ នៅតាមពិធីបុណ្យទាននានា ។ លោកបញ្ជាក់ថា ក្នុងនាមលោកជាអ្នករកស៊ី លោកតែង ធ្វើតាមការតម្រូវរបស់អតិថិជន ហើយលោកក៏មិនបានធ្វើអ្វីអោយខុសទៅនឹងច្បាប់នៅក្នុង ប្រទេសវៀតណាមនោះដែរ ។
ទោះជាយ៉ាងណា លោក ថាច់ សាង ហាក់មានការបារម្ភពីអាជីវកម្មរបស់លោក ។ ម្យ៉ាងទៀត លោកក៏មានការបារម្ភពីសុខសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះនៅមិនទាន់ដឹងថា សមត្ថកិច្ចវៀតណាម នឹងមានវិធានការអ្វីខ្លះមកលើរូបលោកនៅឡើយ ។
លោក ថាច់ សាង ៖ «ខ្ញុំមានការព្រួយបារម្ភ ទី១ គឺព្រួយពីអាជីពការរស់នៅចិញ្ចឹមជីវភាពសង្គមគ្រួសារ គឺបារម្ភថា បើកាលណាយើងមានរឿងរ៉ាវហើយ តែងតែមានអតិថិជន តែងតែមានការខ្លាចថា យើងមានពាក់ព័ន្ធ គេខ្លាចគេមិនមកធ្វើ បាត់ភ្ញៀវ បាត់អីចឹង ខ្ញុំព្រួយបារម្ភខាងហ្នឹង ។ ម្យ៉ាងទៀត ខ្ញុំជាងថតកាមេរ៉ានៅស្រុកនេះ ស្រុកនោះ ខ្លាចក្រែងគេយល់ច្រលំ ។ ខ្ញុំក៏បារម្ភដែរ កាលដែលគេមករឹបយកអាវហើយ ខ្ញុំមិនបាននៅផ្ទះ ហើយក៏គេផ្តាំញោមខ្ញុំថា ថ្ងៃណាមួយគេ អញ្ជើញខ្ញុំទៅប៉ុស្តិ៍ប៉ូលីសដើម្បីចាត់វិធានការណែនាំខ្ញុំ ។ ខ្ញុំមិនមានខុសអ្វីមួយ ក៏ប៉ុន្តែហៅខ្ញុំ ទៅដើម្បីចាត់វិធានការបែបណានោះ គេមានផ្តាំញោមស្រី ញោមប្រុស ខ្ញុំអ៊ីចឹង» ។
ទាក់ទងនឹងករណីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ កាលពីថ្ងៃទី៤ ខែមីនា ថ្កោលទោសសកម្មភាពរបស់ សមត្ថកិច្ច និងអាជ្ញាធរវៀតណាម ដែលរឹបអូសយកអាវយឺតខ្មែរក្រោមបោះពុម្ពដើម្បីអបអរទិវា សិទ្ធិនារីអន្តរជាតិ ។
សហព័ន្ធខ្មែរកម្ពុជាក្រោមបានអំពាវនាវឱ្យសហគមន៍អន្តរជាតិជំរុញទៅកាន់រដ្ឋាភិបាលវៀតណាមអនុញ្ញាតឱ្យខ្មែរក្រោមមានសិទ្ធិសេរីភាពក្នុងការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិដោយគ្មាន ការភ័យខ្លាច និងការបំភិតបំភ័យ ។ ក្នុងពេលជាមួយគ្នា ក៏ទាមទារឱ្យអាជ្ញាធរវៀតណាម ប្រគល់អាវយឺតដែលរឹបអូសឱ្យពលរដ្ឋខ្មែរក្រោមវិញ ដើម្បីឱ្យពួកគេចូលរួមប្រារព្ធទិវាសិទ្ធិនារី អន្តរជាតិ នៅថ្ងៃទី ៨ មីនា ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានរម្លឹកផងដែរថា នៅក្នុងកិច្ចប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ការបរទេសវៀតណាម លោក ហ្វាម បិញ មិញ (Pham Binh Minh) បានប្រកាសថាប្រទេស វៀតណាមក្នុងនាមជារដ្ឋសមាជិកអាស៊ាន នឹងក្លាយខ្លួនជាសមាជិក នៃក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិ សម្រាប់រយៈពេលពីឆ្នាំ ២០២៣ ដល់ ឆ្នាំ ២០២៥ ។
សហព័ន្ធខ្មែរកម្ពុជាក្រោម យល់ឃើញថា ប្រសិនបើប្រទេសវៀតណាមពិតជាមានការប្តេជ្ញា ចិត្តខ្ពស់ក្នុងការលើកកំពស់ការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួន ដូច្នេះ រដ្ឋាភិបាល វៀតណាមត្រូវតែចេញមុខថ្កោលទោសនូវសកម្មភាពគំរាមកំហែង បំភិតបំភ័យ របស់អាជ្ញាធរ មូលដ្ឋានវៀតណាមនៅស្រុកកំពង់ស្ពានមកលើប្រជាពលរដ្ឋខ្មែរក្រោមនៅពេលនេះ ៕