ដោយ ស៊ឺន ចែងចើន
អាជ្ញាធរមូលដ្ឋានវៀតណាម នៅខែត្រព្រះត្រពាំង កោះហៅជនជាតិដើមខ្មែរក្រោមម្នាក់ ឲ្យទៅបំភ្លឺ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ ដោយចោទថា ផ្សាយព័ត៌មានមិនពិត ។

យោងតាមតាមលិខិតកោះហៅ ចុះនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ បញ្ជាក់ថា លោក ថាច់ ថា ត្រូវចូលបំភ្លឺនៅការិយាល័យនគរបាលឃុំបង្រៃ នៃ អធិការដ្ឋានគរបាលស្រុកថ្កូវ ដោយជួបមន្រ្តីនគរបាល នៃ ស្នងការដ្ឋាននគរបាលខេត្តព្រះត្រពាំង ឈ្មោះ ត្រេវ (Trieu) និងឈ្មោះ ញ៉ាញ់ (Nhanh) ជាមន្រ្តីនគរបាល នៃ អធិការដ្ឋានគរបាលស្រុកថ្កូវ នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ ពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន និងផ្សាយដំណឹងក្លែងក្លាយ ។
លោក ថាច់ ថា ថ្លែងប្រាប់ សំឡេងកម្ពុជាក្រោម (VOKK) និង សារព័ត៌មាន ព្រៃនគរ ថា លោកនឹងចូលបំភ្លឺតាមការកោះហៅនេះ ព្រោះលោកចង់ដឹងថា អាជ្ញាធរវៀតណាម ចោទប្រកាន់លោកពីការផ្សាយព័ត៌មានមិនពិតនោះ តើជាព័ត៌មានអ្វីខ្លះ ។ លោក ថាច់ ថា អះអាងថា កន្លងមក លោកធ្លាប់ចូលរួមធ្វើជាវាគ្មិន ក្នុងកម្មវិធីផ្សាយ សំឡេងកម្ពុជាក្រោម (VOKK) នៅក្រៅប្រទេស គឺជាការផ្តល់ព័ត៌មានពិត ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស នៅដែនដីកម្ពុជាក្រោម ពីសំណាក់អាជ្ញាធរវៀតណាម ហើយលោកចែករំលែកតែព័ត៌មានទាំងឡាយណា ដែលជាសកម្មភាពតស៊ូមតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅលើឆាកអន្តរជាតិ ក្នុងការទាមទារសិទ្ធិជូនជនជាតិដើមខ្មែរក្រោមម្ចាស់ស្រុក តែប៉ុណ្ណោះ ។ លោកបញ្ជាក់ថា លោកមិនដែលបង្ហោះព័ត៌មានណាមួយ នៅលើបណ្តាញសង្គម ដែលនាំឲ្យខុសទៅនឹងច្បាប់ ក្នុងប្រទេសវៀតណាមឡើយ ។

ពាក់ព័ន្ធទៅនឹងលិខិតកោះហៅពេលនេះ សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម លើកឡើងថា ការកោះហៅលោក ថាច់ ថា ទៅសួរចម្លើយ នៅថ្ងៃស្អែកនេះ គឺអាជ្ញាធរវៀតណាម មានចេតនាចង់សងសឹក និងគំរាមកំហែង បំភិតបំភ័យមកលើ លោក ថាច់ ថា ដែលតែងចេញមុខការពារពលរដ្ឋខ្មែរក្រោម រងនូវភាពអយុត្តិធម៌ ពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរយួន ។ ជាពិសេស នៅពេលថ្មីៗ នេះ ក្រុមគ្រួសារលោក ថាច់ ថា បានផ្ដល់ទីតាំងរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ តែត្រូវបានអាជ្ញាធរវៀតណាម មករារាំងមិនឲ្យប្រារព្ធទិវានោះទេ ។ តែទោះជាយ៉ាងណា លោក ថាច់ ថា នៅតែអនុញ្ញាតឲ្យពលរដ្ឋខ្មែរក្រោម ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅគេហដ្ឋានបស់លោកដដែល រហូតដល់ចប់កម្មវិធី ព្រោះលោកយល់ថា បានធ្វើស្របតាមច្បាប់វៀតណាម ។
ដំណឹងចុងក្រោយ៖ អាជ្ញាធរវៀតណាម នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ បានអនុញ្ញាតឱ្យពលរដ្ឋខ្មែរក្រោមម្នាក់ គឺលោក ថាច់ ថា ត្រឡប់មកផ្ទះវិញ ក្រោយពីសាកសួរអស់ជាច្រើនម៉ោង ក្នុងបទចោទ ថា ផ្សាយព័ត៌មានមិនពិត និងនិយាយមួលបង្កាច់បង្ខូចកិត្តិយសប្រទេសវៀតណាម ។
លោក ថាច់ ថា ថ្លែងប្រាប់ សំឡេងកម្ពុជាក្រោម និងសារេព័ត៌មាន ព្រៃនគរ យ៉ាងខ្លី ថា អាជ្ញាធរគ្មានមូលដ្ឋានចោទប្រកាន់លោកនោះទេ ។ លោកបញ្ជាក់ថា «ត្រឡប់មកផ្ទះវិញ ប្រកបដោយសុខសុវត្ថិភាព ហើយការសួរដេញដោល នៅចំពោះមុខអាជ្ញាធរវៀតណាម គឺដំណើរការដោយរលូន»
សូមបញ្ជាក់ថា លោក ថាច់ ថា ជាពលរដ្ឋខ្មែរក្រោម នៅភូមិបន្ទាយក្រ ស្រុកថ្កូវ ខេត្តព្រះត្រពាំង ។ លោកតែងតែដឹកនាំពលរដ្ឋខ្មែរក្រោម ឲ្យមកជួបជុំគ្នានៅផ្ទះរបស់លោក ដើម្បីប្រារព្ធពិធីផ្សេងៗ ដូចជា ពិធីអបអរសាទរថ្ងៃអង្គការសហប្រជជាតិអនុម័តសេចក្ដីប្រកាស ស្ដីពីសិទ្ធិជនជាតិដើម (១៣ កញ្ញា) ទិវាសិទ្ធិមនុស្សអន្តរជាតិ (១០ ធ្នូ) និងចែកចែកសៀវភៅ «សិទ្ធិជនជាតិដើម» ទាំងពីរភាសា គឺភាសាខ្មែរ និងវៀតណាម ដល់ពលរដ្ឋខ្មែរក្រោមទូទៅ ដោយឥតគិតថ្លៃ ជាដើម