ដោយ ស៊ឺន ចែងចើន
ពលរដ្ឋខ្មែរក្រោម ជាពិសេសក្រុមយុវជន ក្នុងពេលបច្ចុប្បន្ន បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ដែលមានតួនាទីជាប្រភពព័ត៌មានដ៏សំខាន់ សម្រាប់ទទទួលព័ត៌មានពាក់ព័ន្ធ នឹងរឿងរ៉ាវនៃទឹកដីកម្ពុជាក្រោម ។ ក្រុមយុវជនខ្មែរក្រោម ជាអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ព្រួយបារម្ភពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការចាប់ខ្លួនពីសំណាក់អាជ្ញាធរវៀតណាម ដោយសារតែពួកគេហ៊ានបញ្ចេញមតិពាកព័ន្ធ នឹងរឿងខ្មែរក្រោម នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ។ គិតចាប់តាំងពីថ្ងៃ ទី ៣ ខែកុម្ភះឆ្នាំ ២០២០ ដែលប្រទេសវៀតណាម បានដាក់ឲ្យប្រើប្រាស់ច្បាប់សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតរួចមក យុវជនខ្មែរក្រោមបីនាក់ហើយ ត្រូវអាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំងធ្វើការពិន័យជាប្រាក់ និងព្រមានចាប់ខ្លួនករណីបង្ហោះព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុក និងដាក់រូបកាន់ទុក្ខនៅលើប្រូហ្វាល (Profile) ជុំវិញខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម លើកទី ៧១ ឆ្នាំ កាលពីថ្ងៃទី ៤ មិថុនាកន្លងទៅ នៅលើហ្វេសប៊ុក ។ អាជ្ញាធរវៀតណាម ក៏ធ្លាប់បង្ខំឲ្យយុវជនខ្មែរក្រោម ចុះហត្ថលេខាឈប់ប្រើប្រាស់បណ្ដាញសង្គមរិះគន់រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ។

អាជ្ញាធរខេត្តឃ្លាំង ដែលវៀតណាមប្តូរឈ្មោះទៅ ខេត្តសុកត្រាំង (Sóc Trăng) នៅព្រឹកថ្ងៃទី ១៩ មិថុនា បានកោះហៅយុវជនខ្មែរក្រោមម្នាក់ ឲ្យចូលទៅបំភ្លឺ ជុំវិញការបង្ហោះសារ និងរូបភាពតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារទាក់ទងប្រវត្តិសាស្រ្តកម្ពុជាក្រោម ។
យុវជនខ្មែរក្រោមឈ្មោះ ឡឹម ណារិទ្ធ ដែលប្រើប្រាស់សិទ្ធិសេរីភាព និងជាសិទ្ធិមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការបញ្ចេញមតិទាក់ទង នឹងប្រវត្តិសាស្រ្តនៃទឹកដីកម្ពុជាក្រោម និងចែកចាយព័ត៌មាន ពីសកម្មភាពរបស់ខ្មែរក្រោម នៅក្រៅប្រទេស ឲ្យវិទ្យុសំឡេងកម្ពុជាក្រោម ដឹងថា លោកត្រូវបានអាជ្ញាធរវៀតណាម ធ្វើការដកហូតទូរសព្ទដៃមួយគ្រឿង លេខស៊ីមកាត និងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ។ យុវជនខ្មែរក្រោម រូបនេះ បន្ថែមថា អាជ្ញាធរវៀតណាម បានបង្ខំឲ្យលោកលុបរាល់ព័ត៌មាន ដែលលោកចែករំលែកបន្តពីវិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ទូរទស្សន៍ ព្រៃនគរ និងលុបនូវរូបសញ្ញាកាន់ទុក្ខ ដែលមានទង់ជាតិកម្ពុជាក្រោម ដោយសរសេរជាសារថា «ទិវាកាន់ទុក្ខជាតិខ្មែរ ៤ មិថុនា ១៩៤៩ យួនត្រួតត្រាកម្ពុជាក្រោម» ព្រមទាំងលុបវីដេអូបទចំរៀងជាតិនិយមខ្មែរក្រោម ដែលច្រៀងដោយ នាង ទូច ស៊ុននីច ចេញពីគណនីហ្វេសប៊ុករបស់លោកផង ។ លោកថា អាជ្ញាធរវៀតណាម បានថតយកព័ត៌មាន ដែលលោកបងង្ហោះនៅលើហ្វេសប៊ុក ហើយផ្តិចេញមកឲ្យលោកចុះហត្ថលេខាទទួលស្គាល់ថា ជាព័ត៌មាន ដែលលោកបង្ហោះ និងចែករំលែកទាក់ទង នឹងរឿងខ្មែរក្រោម គឺជាការពិត ។ បន្ថែមពីលើនេះ អាជ្ញាធរវៀតណាម ក៏បានព្រមានថា លោក នឹងត្រូវចាប់ខ្លួន ប្រសិនបើលោក នៅតែបន្តបង្ហោះសារ និងចែកចាយព័ត៌មានទាំងឡាយណា ដែលមានខ្លឹមសារពាក់ព័ន្ធ នឹងទឹកដីកម្ពុជាក្រោមទៀត ។
យុវជនខ្មែរក្រោម លោក ឡឹម ណារិទ្ធ ឲ្យដឹងទៀតថា នគរបាលខេត្តឃ្លាំង នឹងធ្វើការស៊ើបសួរលោកបន្ថែមទៀត នៅវេលាម៉ោង ៨ នាទីព្រឹក ថ្ងៃទី ២៦ ខែមិថុនា សប្តាហ៍ក្រោយ នៅការិយាល័យនគរបាលខេត្តឃ្លាំង ។ យុវជនខ្មែរក្រោមរូបនេះ បញ្ជាក់ថា លោក នឹងមិនទៅតាមការកោះហៅនោះទេ បើសិនជាអាជ្ញាធរមិនចេញលិខិតអញ្ជើញ ឬមិនដាក់មូលហេតុនៃការសាកសួរនោះ ឲ្យបានច្បាស់លាស់ ។
គួរជម្រាបជូនថា កាលពីថ្ងៃ ៤ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ ពលរដ្ឋខ្មែរក្រោម នៅជុំវិញពិភពលោក ប្រារព្ធខួប ៧១ ឆ្នាំ ថ្ងៃដែលបារាំងបានកាត់ដែនដីកម្ពុជាក្រោម ឲ្យទៅវៀតណាមធ្វើអាណានិគមបន្តលើប្រជាជាតិខ្មែរក្រោម ។ ចំណែកពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលមិនមានសិទ្ធិប្រារព្ធខួប ទិវា ៤ មិថុនា ដើម្បីរំឭកដល់ថ្ងៃដ៏ឈឺចាប់បំផុតររបស់ខ្លួន ដែលអាណានិគមនិយមបារាំង បានកាត់ដែនដីកម្ពុជាក្រោម និងវាសនារបស់ខ្លួន ផ្ទេរឲ្យទៅនៅក្រោមនឹមអាណានិគមថ្មីរបស់វៀតណាមនោះ ក៏បាននាំគ្នាចែករំលែកព័ត៌មានបន្តទាក់ទង នឹងព្រឹត្តិការណ៍នេះ ពីវិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ទូរទស្សន៍ ព្រៃនគរ វិទ្យុអាស៊ីសេរី (RFA Khmer) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA Khmer) ជាដើម ។ ប៉ុន្តែ ពួកគេត្រូវបានអាជ្ញាធរវៀតណាម ព្រមានចាប់ខ្លួន បើសិនជាពួកគេមិនព្រមលុបសារទាំងនោះចេញទេ ។ ក្រុមអាជ្ញាធចោទប្រកាន់ថា សកម្មភាពរបស់យុវជនខ្មែរក្រោម ដែលបង្ហោះសារពាក់ព័ន្ធ នឹងបញ្ហារបស់ខ្មែរក្រោម គឺជាទង្វើខុសច្បាប់ ហើយប្រឆាំង នឹងរដ្ឋាភិបាលវៀតណាម ។
ជារឿយៗ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម តែងតែត្រូវអាជ្ញាធរនៃអាណានិគមយួន កោះហៅទៅសួរចម្លើយជាបន្តបន្ទាប់ ដោយចោទពីបទ ប្រឆាំង នឹងរដ្ឋភិបាល ឬមានទំនាក់ទំនង នឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅក្រៅប្រទេស ។
ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលវៀតណាម ត្រូវបានគេមើលឃើញថា បានធ្វើការរឹតត្បិតយ៉ាងខ្លាំង ទៅលើសេរីភាពនៃការបញ្ចេញមតិ ការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែងចាប់ខ្លួនដាក់ពន្ធនាគារ ចំពោះពលរដ្ឋខ្មែរក្រោម រូបណាដែលហ៊ានបញ្ចេញមតិពាកព័ន្ធ នឹងរឿងខ្មែរក្រោម នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ។ វិធានការរបស់រដ្ឋាភិបាលយួន បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋខ្មែរក្រោម ។ ជាពិសេស ការទទួលព័ត៌មាន ពីវិទ្យុ «សំឡេងកម្ពុជាក្រោម» និងទូរទស្សន៍ ព្រៃនគរ ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក និងជាវិទ្យុ និងសារព័ត៌មាន ដើរតួនាទីសំខាន់ ក្នុងការពាំនាំដំណឹងជូនដល់ប្រជាជាតិខ្មែរក្រោមម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោម ដែលពួកគេមិនមានស្ថានប័នព័ត៌មានឯករាជ្យរបស់ខ្លួន និងមិនដែលបានទទួលព័ត៌មានពិតគ្រប់ជ្រុងជ្រោយឡើយ ។ ដោយសារតែ សព្វថ្ងៃ កំពុងរស់នៅក្រោមការត្រួតត្រាបែបអាណានិគម ពីសំណាក់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ។ បច្ចុប្បន្ន វៀតណាមជាប្រទេសប្រកាន់យករបបកុម្មុយនិស្ត រាល់ប្រព័ន្ធផ្សព្វផ្សាយជារបស់រដ្ឋ ហើយមិនមានស្ថាប័នព័ត៌មានឯកជនផ្សាយព័ត៌មានឯករាជ្យឡើយ ។ ការរឹត្បិតបែបនេះ ដោយសារតែរដ្ឋាភិបាលយួនព្រួយបារម្ភខ្លាចពលរដ្ឋខ្មែរ នៅកម្ពុជាក្រោម ដឹងពីការពិតថា កម្ពុជាក្រោម ជាទឹកដីរបស់ខ្មែរ ហើយត្រូវរដ្ឋាភិបាលអាណានិគមយួនយកទៅគ្រប់គ្រង កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ៕