ដោយ ស៊ឺន ចែងចើន
សមត្ថកិច្ចវៀតណាម នៅខេត្តក្រមួនស កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ បានចុះអនុវត្តសាលដីកាតុលាការសំណុំរឿងវិវាទដីធ្លីរបស់តុលាការថ្នាក់ខេត្ត ចេញកាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ ដែលសម្រេចឲ្យកសិករខ្មែរក្រោម ២ រូប ជាប់ពន្ធនាគារចន្លោះពី ៩ ខែ ទៅ ២ ឆ្នាំ ពីបទ «ប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ» ។

អាជ្ញាធរវៀតណាម ចុះអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការខេត្តក្រមួនស ដែលផ្ដន្ទាទោសទៅលើពលរដ្ឋខ្មែរក្រោម ទាំងពីរនោះ គឺលោក តៀន ដាម ជាប់ពន្ធនាគារ ២ ឆ្នាំ និងលោក តៀន ណាម ផ្ដន្ទាទោស ៩ ខែ ។
កសិករខ្មែរក្រោម ទាំងពីររូបខាងលើ កំពុងជាប់ឃុំជាង ១ ខែហើយ ប៉ុន្តែ ដំណឹងស្តីពីការចាប់ឃុំឃាំងរបស់ពួកគេ ទើបតែលេចឮឡើង ក្នុងពេលដែលប្រជាកសិករខ្មែរក្រោម ប្រឈមមុខដាក់គ្នាជាមួយប៉ូលិសវៀតណាម ដែលពួកគាត់ព្យាយាមនាំគ្នាចូលទៅសាបព្រោះផលស្រូវ នៅតំបន់មានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ នៅក្នុងខេត្តមួយនេះ ។
ជុំវិញការចាប់ឃុំខ្លួនកសិករខ្មែរក្រោម ទាំងពីររូបខាងលើនេះ សាច់ញាតិរបស់ជនរងគ្រោះ បានបញ្ជាក់ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ បន្ថែមយ៉ាងដូច្នេះថា ៖
គួររំលឹកថា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ខេត្តក្រមួនស រួមមាន ប៉ូលិស ទាហាន ដែលប្រដាប់ដោយអាវុធប្រមាណជាង ១០០ នាក់ បានចុះទៅរឹបអូសយកដីជាង ៣.០០០ ហិកតា ធ្វើជាកម្មសិទ្ធិរបស់រដ្ឋពីពលរដ្ឋខ្មែរក្រោមចំនួន ១៤៥ គ្រួសារ ដែលកំពុងប្រើប្រាស់ដីកេរ ដែលដូនតារបស់ពួកគាត់បានបន្សល់ទុកឱ្យ ។ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរក្រោម បានធ្វើការជំទាស់រហូតផ្ទុះជាអំពើហិង្សា បណ្ដាលឲ្យពលរដ្ឋខ្មែរក្រោមជាង ១០ នាក់រងបួសធ្ងន់ និងស្រាល ។
ក្រោយហេតុការណ៍ប៉ះទង្គិចគ្នានោះ នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាមស្រុក យ៉ាង ថាញ់ ខេត្តក្រមួនស បានឃាត់ខ្លួនលោក ហ្វិន វ៉ាំងឌែប និងបានឃុំខ្លួនលោកក្នុងពន្ធនាគារអស់រយៈពេលជាង ៣ ខែ រហូតដល់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២០ ទើបអនុញ្ញាតឲ្យលោក នៅក្រៅឃុំបណ្ដោះអាសន្ន ។
បន្ទាប់មក នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាម បានកសាងសំណុំរឿងបញ្ជូនខ្លួនលោក ហ្វិន វ៉ាំងឌែប និងកសិករខ្មែរក្រោម ៣ រូបទៀត គឺលោក តៀន ដាម តៀន ណាម និងលោកយាយ ធី ភិច ទៅកាន់តុលាការវៀតណាមស្រុក យ៉ាង ថាញ់ ខេត្តក្រមួនស ដោយ បានចោទប្រកាន់ពួកគាត់ទាំង ៤ នាក់ពីបទ «ប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ» ។
ក្រោយមកទៀត នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២០ តុលាការស្រុក យ៉ាង ថាញ់ បានបើកសវនាការ ជំនុំជម្រះ រួចបានប្រកាសសាលក្រមផ្តន្ទាទោសកសិករខ្មែរក្រោមទាំង ៤ រូប ឲ្យជាប់ពន្ធនាគារ ចាប់ពី ១ ឆ្នាំ ទៅ ២ ឆ្នាំកន្លះ ក្នុងនោះ លោក ហ្វិន វ៉ាំងឌែប ត្រូវតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ២ ឆ្នាំ កន្លះ លោក តៀន ដាម អាយុ ២៨ ឆ្នាំ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ ៣ ខែ លោក តៀន ណាម អាយុ ២៨ ឆ្នាំ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១ ឆ្នាំ និងលោក យាយ ធី ភិច អាយុ ៧១ ឆ្នាំ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១ ឆ្នាំ ប៉ុន្តែ ពួកគាត់ត្រូវបានដាក់ឱ្យស្ថិតក្នុងការព្យួរទោសមានលក្ខខណ្ឌ ។
ដោយមិនអាចទទួលយកបាននូវការកាត់ក្តីដោយអយុត្តិធម៌នេះ ពួកគាត់បានប្តឹងទាស់ ការសម្រេចរបស់តុលាការស្រុក យ៉ាង ថាញ់ ទៅកាន់តុលាការខេត្តក្រមួនសជាបន្តទៀត ។
ទោះជាយ៉ាងណា ក្នុងសវនាការនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ តុលាការខេត្តក្រមួនស បានសម្រេចតម្កល់សាលដីកាផ្ដន្ទាទោសរបស់តុលាការថ្នាក់ស្រុក លើកសិករខ្មែរក្រោម ៣ រូប ទុកជាបានការដដែល ប៉ុន្តែ បានសម្រាលទោស លោក ហ្វិន វ៉ាំងឌែប ដែលត្រូវតុលាការស្រុក យ៉ាង ថាញ់ កាត់ទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ មកជាប់ ២ ឆ្នាំ ។ លោក តៀន ដាម ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ ៣ ខែ មកនៅ ២ ឆ្នាំ និងលោក តៀន ណាម ផ្ដន្ទាទោស ១ ឆ្នាំ មកនៅ ៩ ខែវិញ ។
គិតមកដល់ពេលនេះ តុលាការវៀតណាម នៅខេត្តក្រមួន បានចាប់កសិករខ្មែរក្រោម ដាក់ពន្ធនាគារ ៣ រូបរួចមកមកហើយ ដោយក្នុងនោះ លោក ហ្វិន វ៉ាំងឌែប ចាប់ឃុំខ្លួន នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ ខណៈលោក លោក តៀន ដាម និងលោក តៀន ណាម ចាប់ឃុំខ្លួន នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ ។ ចំណែក យាយ ធី ភិច អាយុ ៧១ ឆ្នាំ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១ ឆ្នាំ ប៉ុន្តែ ដាក់ឱ្យស្ថិតនៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន ។
គួរបញ្ជាក់ថា ក្រៅពីកសិករខ្មែរក្រោម ទាំង ៤ នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ខាងលើ នៅមានពលរដ្ឋខ្មែរក្រោមជាប់ពាក់ព័ន្ធចំនួន ២៣ នាក់ផ្សេងទៀត ក៏ត្រូវបានអាជ្ញាធរវៀតណាម សម្រេចដាក់ពិន័យរដ្ឋបាល ដោយពិន័យជាប្រាក់ក្នុងម្នាក់ៗ ចាប់ពី ៣ លានដុងទៅ ៤ លាន ដុង ឬស្មើនឹង ១៥០ ទៅ ២០០ ដុល្លារអាមេរិក ៕