ដោយ គឹម សាវតា
ខណៈដែលពលរដ្ឋខ្មែរក្រោម កំពុងរងគ្រោះដោយសារការបែងចែកជំនួយមិនស្មើភាពគ្នា ក្នុងអំឡុងពេលបិទខ្ទប់ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នៅដែនដីកម្ពុជាក្រោម អ្នកតស៊ូមតិ ដើម្បីសេរីភាពរបស់ខ្មែរក្រោម មួយចំនួន ដែលកំពុងរស់នៅដែនដីកម្ពុជាក្រោម អះអាងថា ខ្លួនកំពុងរងគ្រោះបន្ថែមទៀត ព្រោះត្រូវរងការគំរាមកំហែងដោយការគាបសង្កត់ទាំងការស្នាក់នៅ និងមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត ។

បន្ទាប់ពីដែនដីកម្ពុជាក្រោម ត្រូវបានរាតត្បាតដោយជំងឺកូវីដ-១៩ រោងចក្រសហគ្រាសមួយចំនួន នៅដែនដីសណ្ដទន្លេមេគង្គមួយនេះ បានផ្អាកដំណើរការ និងតំបន់មួយចំនួនត្រូវបានបិទខ្ទប់ ស្របពេលជាមួយគ្នានេះ សកម្មជន ដែលបានធ្វើការផ្នែកសិទ្ធិមនុស្ស នៅដែនដីកម្ពុជាក្រោម អះអាងថា អាជ្ញាធរ និងសមត្ថកិច្ចវៀតណាម ក៏បានឆ្លៀតឱកាសគាបសង្កត់ពួកគេផងដែរ។
លោក យ៉ាញ ម៉ិញក្វាង គឺជាសកម្មជនមួយរូប រស់នៅក្នុងខេត្តឃ្លាំង ដែលតែងតែផ្សព្វផ្សាយសេចក្តីប្រកាស ស្តីអំពីសិទ្ធិមនុស្ស និងព័ត៌មានផ្សេងៗ អំពីទុក្ខលំបាករបស់ខ្មែរក្រោម តាមបណ្ដាញសង្គម ។ លោកបានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា ក្រោយពីអាជ្ញាធរវៀតណាមរឹតបណ្ដឹងការធ្វើដំណើរ លោកបានទៅស្នើសុំលិខិតធ្វើដំណើរពីអាជ្ញាធរ ដើម្បីចេញទៅធ្វើការងាររកប្រាក់ចិញ្ចឹមជីវិត ព្រោះលោកមិនមានការងារធ្វើបីខែមកហើយ ប៉ុន្តែ អាជ្ញាធរបានបង្ខំឲ្យលោកលុបអ្វី ដែលលោកបានចែករំលែក នៅក្នុងបណ្ដាញសង្គមឲ្យអស់ ដោយអះអាងថា ប្រសិនបើលោកទុកអ្វី ដែលលោកបានចែករំលែកនោះ អាជ្ញាធរនឹង មិនចេញលិខិតឲ្យបានធ្វើដំណើរទៅប្រកបកិច្ចការអ្វីនោះទេ។ ក្រៅពីនេះ អាជ្ញាធរក៏បានទៅប្រាប់ម្ចាស់កន្លែង ដែលលោកធ្លាប់ធ្វើការមិនឲ្យទទទួលលោកធ្វើការទៀតនោះដែរ ប្រសិនបើលោកមិនលុបព័ត៌មាន ឬវីដេអូ ដែលោកបានចចែករំលែកក្នុងបណ្ដាញសង្គមហ្វេសប៊ុក ។
លោក យឿង ម៉ិញក្វាង «វាធ្វើអីខ្ញុំមិនបាន វាទៅកន្លែងម្ចាស់ខ្ញុំ វាថាឥឡូវហៅម្ចាស់ខ្ញុំ ឲ្យខ្ញុំដោះចោលក្នុងហ្វេសប៊ុក ដែលខ្ញុំដាក់ឡើងហ្នឹងទៅ ហើយបានគេស្រណុកជួលខ្ញុំទៅធ្វើការ ហើយបើមិនអញ្ចឹងខ្លាចពួកអាមេភូមិនៅទីនេះ (កន្លែងដែលលោកធ្វើការ) វាទៅរករឿងដល់ម្ចាស់ខ្ញុំទៀត» ។
លោកឲ្យដឹងទៀតថា កន្លងមកអាជ្ញាធរបានកោះហៅទៅសាកសួរ និងឃាត់រូបលោកទុកផងដែរ ទាក់ទងនឹងការចែករំលែកនេះ ។
ស្ត្រីម្នាក់ទៀត ដែលអះអាងថាត្រូវបានអាជ្ញាធរគាបសង្កត់ដែរនោះ គឺ អ្នកស្រី សុង ចិន្តា រស់នៅក្នុងខេត្ត លុងហោរ ទីដែលមានរឿងចំរូងចំរ៉ាស់ករណីសង់សាលាឆទាន កាលពីប៉ុន្មានខែមុន ។ អ្នកស្រី បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា អ្នកស្រីបានជួលផ្ទះគេដើម្បីស្នាក់នៅធ្វើការនៅទីក្រុងព្រៃនគរ ប៉ុន្តែ ក្រោយពីជំងឺកូវីដរាតត្បាតខ្លាំង អ្នកដែលរស់នៅក្នុងក្រុងព្រៃនគរ គឺត្រូវបិទខ្ទប់ មិនអាចទៅប្រកបរបរចិញ្ចឹមជីវិតអ្វីបាននោះទេ ។ អ្នកស្រីបន្ថែមថា ក្រៅពីស្នាក់នៅផ្ទះជួលដោយមិនមានការងារចិញ្ចឹមជីវិតហើយនោះ អាជ្ញាធរបានប្រាប់ទៅម្ចាស់ផ្ទះ ដែលអ្នកស្រីជួលនោះ មិនឲ្យអ្នកស្រីស្នាក់នៅទៀតផងដោយចោទថា អ្នកស្រីជាជនបះបោរ ។
អ្នកស្រី សុង ចិន្ដា «ដល់ពេលហ្នឹងខ្ញុំក៏ត្រូវបាត់បងការងារ ហើយខ្ញុំក៏គិតទៅក៏ជួបការលំបាកដែរ យើងក៏ទៅផ្ទះមិនទាន់បាន យើងជាប្រជាជនហ្នឹងខុសអ្វី រដ្ឋាភិបាលវៀតណាមអាចធ្វើក្រដាសបញ្ចូនយើងទៅភូមិ ស្រុក ហើយគេអញ្ជើញយើង ហើយដល់រដ្ឋាភិបាលវៀតណាមគេធ្វើការ គេមិនឲ្យខ្ញុំដឹងទេ មិនឲ្យអ្នកដឹងទាំងអស់» ។
បើតាម អ្នកស្រី សុង ចិន្ដា អាជ្ញាធរ មានការរើសអើងជាមួយអ្នកស្រី គឺដោយសារអ្នកស្រីជួយជ្រុំជ្រែងរឿងសង់សាលាឆទាន នៅក្នុងភូមិកន្រែង ក្នុងខេត្តលុងហោរ ដែលជាស្រុកកំណើត ។
លោក បណ្ឌិត ស៊ឺន ជុំជួន អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា មើលឃើញថា ការដែលអាជ្ញាធរវៀតណាមរារាំង ធ្វើទុក្ខបុកម្នេញមកលើសកម្មជនខ្មែរក្រោម ដែលតែងតែផ្សព្វផ្សាយពីសិទ្ធិមនុស្ស និងអ្វីដែលពលរដ្ឋខ្មែរក្រោម ត្រូវមាននោះ គឺជារឿងធម្មតាទៅហើយ ប៉ុន្តែ ការយកការយកលេសរឿងកូវីដ-១៩ នេះគឺមិនសមហេតុផលនោះឡើយ ។ លោកបន្តថា ប្រសិនបើអាជ្ញាធរវៀតណាម នៅតែបន្តប្រើយុទ្ធសាស៍បែបនេះទៀ តគឺវៀតណាមមិនមានអ្វីចំណេញនោះទេ ។
លោក ស៊ឺន ជុំជួន «វាមិនមានអ្វីជាផលប្រយោជន៍សម្រាប់វៀតណាម គិតថាជាការរឿងមួយ ដែលអះអាងទៅលើផ្លូវច្បាប់រិតត្បិតរបស់ខ្លួននោះទេ ។ អំណះអំណាងទៅលើផ្លូវច្បាប់របស់ខ្លួន គឺផ្ទុយនឹងគោលការណ៍សិទ្ធិមនុស្សបានចែង» ។
បើទោះជាប្រឈមជាមួយការគំរាមកំហែង ការបំភិតបំភ័យ និងគាបសង្កត់ក្តី ប៉ុន្តែ ពលរដ្ឋខ្មែរក្រោម ដែលរស់នៅដែនដីកម្ពុជាក្រោមកាន់តែច្រើនឡើង បានហ៊ានចេញមុខផ្សព្វផ្សាយអំពីសិទ្ធិរបស់ខ្លួន ក្នុងមួយរយៈកាលចុងក្រោយនេះ ។ ហើយស្ថាប័នអន្តរជាតិ ក៏បានទទួលស្គាល់ និងជំរុញឲ្យវៀតណាម គោរពសិទ្ធិខ្មែរកម្ពុជាក្រោម ក្នុងនាមជាជនជាតិដើមផងដែរ ៕