ដោយ ស៊ឺន ចែងចើន
រយៈពេល ២ ខែដើមឆ្នាំ ២០២៣ នេះ យ៉ាងហោចណាស់សកម្មជនសិទ្ធិមនុស្ស និងសិទ្ធិការងារ ព្រមទាំងពលរដ្ឋខ្មែរក្រោម ចំនួន ៦ នាក់រងការចាប់ខ្លួន កោះហៅទៅគំរាម និងចោទប្រកាន់ ពីសំណាក់អាជ្ញាធរវៀតណាម ពាក់ព័ន្ធនឹងសកម្មភាពតស៊ូមតិទាមទារសិទ្ធិជនជាតិដើមរបស់ពួកគេ ។
សំឡេងកម្ពុជាក្រោម (VOKK) និងសារព័ត៌មាន ព្រៃនគរ ធ្លាប់ធ្វើសេចក្តីរាយការណ៍មកថា រយៈពេលណពីរខែដើមឆ្នាំ ២០២៣ នេះ យ៉ាងហោចណាស់ អាជ្ញាធរវៀតណាម បានចាប់ខ្លួន និងចោទប្រកាន់លើក្រុមសកម្មជនខ្មែរក្រោម ៦ នាក់ ។ សកម្មជន ដែលរងការកោះហៅទៅសួរចម្លើយ និងចោទប្រកាន់ទាំងនោះ រួមមាន យុវជន ត្រេវ ស៊ីវ (Triệu Siêu) ត្រូវអាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង ពិន័យលុយចំនួនទឹកប្រាក់ ៧ លានកន្លះ (ដុង) ឬប្រមាណ ៣២០ ដុល្លារ ពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានរឿងខ្មែរក្រោម នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ។ អាជ្ញាធរវៀតណាម ចោទប្រកាន់ យុវជនខ្មែរក្រោមរូបនោះ ថា «កេងចំណេញលើសិទ្ធិសេរីភាព និងបំពានលើផលប្រយោជន៍របស់រដ្ឋ» ។ ចំណែក យុវជន យ័ញ ម៉ិញក្វាង ត្រូវបានអាជ្ញាធរយួន នៅខេត្តឃ្លាំងដដែល កោះហៅទៅគំរាមកំហែងមិនឲ្យនិយាយពាក់ព័ន្ធនឹងរឿងសិទ្ធិជនជាតិដើមខ្មែរក្រោម និងផ្សព្វផ្សាយឯកសារច្បាប់អន្តរជាតិ ស្ដីពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ ព្រមទាំងមិនឲ្យពាក់អាវយឺត ដែលមានរូបសញ្ញាទង់ជាតិ និងផែនទីកម្ពុជាក្រោម ។ រីឯករណីយុវជន យ័ញ សេត ដែលសកម្មខាងផ្សព្វផ្សាយវប្បធម៌ និងលើកស្ទួយអភិរក្សសិល្បៈវប្បធម៌ខ្មែរក្រោម ទៅដល់សាធារណជន ឲ្យបានស្គាល់ពីខ្មែរក្រោមម្ចាស់ស្រុក ត្រូវអាជ្ញាធរវៀតណាម បង្ខំឲ្យផ្ដិតមេដៃធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពទាំងឡាយណា ដែលទាក់ទងនឹងការតស៊ូមតិទាមទារសិទ្ធិជនជាតិដើម ដើម្បីជាថ្នូរបានដោះលែងមានសេរីភាពវិញ ។ ដោយឡែកករណីថ្មីមួយទៀត នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំងដដែល ក៏បានកោះហៅពលរដ្ឋខ្មែរក្រោម គឺលោក ឡឹម វង្ស ទៅសាកសួរ និងគំរាមកំហែងចាប់ខ្លួន បើលោកនៅតែបន្តចែកចាយអាវយឺត ដែលមានរូបសញ្ញាទង់ជាតិ និងផែនទីកម្ពុជាក្រោម ដល់ពលរដ្ឋខ្មែរក្រោម ដទៃទៀត ។
ពាក់ព័ន្ធនឹងការរឹតត្បិត ការគំរាមកំហែង ការចាប់ខ្លួន និងការបន្តធ្វើទុក្ខបុកម្នេញ មកលើយុវជនខ្មែរក្រោមនេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ ដោយថ្កោលទោស ចំពោះអាជ្ញាធរយួន ដែលបានធ្វើទារុណកម្មមកលើសកម្មជនអហិង្សារបស់ខ្មែរក្រោម ខណៈប្រទេសកុម្មុនិស្តមួយនេះ សព្វថ្ងៃជាសមាជិក នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ។ តាមរយៈសេចក្តីថ្លែងការណ៍នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានអំពាវនាវទៅដល់សហគមន៍អន្តរជាតិ ឲ្យស្នើទៅរបបអាណានិគមយួន ត្រូវគោរពសិទ្ធិជាមូលដ្ឋានរបស់ខ្មែរក្រោម ដូចជា រដ្ឋាភិបាលវៀតណាម ត្រូវរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងនាមជាសមាជិក នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធិភាពយ៉ាងពិតប្រាកដនូវអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពិការប្រឆាំង និងការធ្វើទារុណកម្ម និងការប្រព្រឹត្តិមកលើខ្លួន ឬទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាបផ្សេងទៀត ដើម្បីបញ្ឈប់ការធ្វើទារុណកម្មលើសកម្មជនខ្មែរក្រោម ដូចជា ករណីយុវជន ត្រេវ ស៊ីវ ជាដើម ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើទៅទៅរដ្ឋាភបាលវៀតណាម ឲ្យទម្លាក់ចោលការចោទប្រកាន់ទៅលើពលរដ្ឋខ្មែរក្រោម និងត្រូវដោះលែង លោក ត្រេវ ស៊ីវ ជាបន្ទាន់ ហើយឈប់កោះហៅសកម្មជនខ្មែរក្រោម ទៅជួបនគរបាលទៀត ព្រោះពួកគេត្រូវតែមានសិទ្ធិក្នុងការនិយាយ ចែករំលែក និងបញ្ចេញមតិរនបស់ខ្លួន ដោយសេរី នៅលើបណ្តាញសង្គម ដូចដែលមានចែងនៅក្នុងសន្ធិសញ្ញា ដែលវៀតណម បានចុះហត្ថលេខាជាមួយអង្គការសហប្រជាជាតិ ។
ទោះបីជាមានការអំពាវនាវ ពីសហព័ន្ធខ្មែរកម្ពុជាក្រោមក៏ដោយ រដ្ឋាភិបាលវៀតណាម នៅតែបន្តបើយុទ្ធនាការ សងសឹកទៅលើក្រុមយុវជនខ្មែរក្រោមដដែល ។ ជាក់ស្តែង ករណីដាច់ដោយឡែកមួយទៀត នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ អាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង បានកោះហៅ យុវជន ថាច់ បុត្រតៀង ជាពលរដ្ឋខ្មែរក្រោម ឲ្យចូលខ្លួនទៅបំភ្លឺអស់រយៈពេលជាច្រើនម៉ោង ទើបអនុញ្ញាតឲ្យត្រឡប់មកផ្ទះវិញ ។ អាជ្ញាធរយួន បង្ខំឲ្យពលរដ្ឋខ្មែរក្រោមរូបនោះ ដោះអាវយឺត ដែលមានរូបទង់ជាតិ និងផែនទីទឹកដីកម្ពុជាក្រោមចេញ ដោយគំរាមថា បើហ៊ានបន្តពាក់អាវយឺតនេះទៀត ពួកគេ នឹងចោទប្រកាន់ ពីបទ «ក្បត់ជាតិ» និងមានចំណាត់ការតាមច្បាប់ផ្លូវច្បាប់ ដោយផ្តន្ទាទោសដាក់ពន្ធនាគារទៀតផង ។
នៅមិនទាន់ចប់នៅឡើយទេ ជុំវិញករណីនេះ អាជ្ញាធរវៀតណាម ក្នុងខេត្តព្រះត្រពាំងដដែល ក៏បានចេញលិខិតកោះហៅសកម្មជនខ្មែរក្រោមម្នាក់ទៀត គឺ លោក ថាច់ ថា ឲ្យទៅជួបក្រុមនគរបាលយួន នៅព្រឹកថ្ងៃ ២៣ ខែកុម្ភៈ ស្អែកនេះ ដើម្បីសួរនាំពាក់ព័ន្ធនឹងការធ្វើដំណើររបស់លោកមកកាន់ប្រទសកម្ពុជា ដើម្បីព្យាបាលជំងឺ ។ លោក ថាច់ ថា ក៏ធ្លាប់ត្រូវអាជ្ញាធរវៀតណាម ចោទប្រកាន់ម្តងរួចមក ពីបទផ្សាយព័ត៌មានមិនពិត ។ អាជ្ញាធរលើកឡើងថា កន្លងមក លោក ថាច់ ថា បានចូលរួមធ្វើជាវាគ្មិន ក្នុងកម្មវិធីផ្សាយ សំឡេងកម្ពុជាក្រោម (VOKK) នៅក្រៅប្រទេស ហើយផ្តល់ព័ត៌មានពិត ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស នៅដែនដីកម្ពុជាក្រោម ។
វិទ្យុអាស៊ីសេរី ផ្សាយជាខេមរភាសា បានដកស្រង់របាយការណ៍សិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ និងក្រសួងការបរទេសអាមេរិកថា រដ្ឋាភិបាលវៀតណាម បន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ។ កាលពីឆ្នាំ ២០២២ កន្លងទៅ អាជ្ញាធរវៀតណាម រងការចោទប្រកាន់ពីការចាប់ចងមនុស្សដោយខុសច្បាប់ និងសម្លាប់មនុស្សយ៉ាងអនាធិបតេយ្យ ការធ្វើទារុណកម្ម បង្កអំពើឃោរឃៅ និងអមនុស្សធម៌ ។ ទោះបី រដ្ឋាភិបាលវៀតណាម ម្ដងម្កាលដាក់ទោសមន្ត្រី ដែលរំលោភសិទ្ធិមនុស្ស និងអ្នកប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែ មន្ត្រីប៉ូលិស និងមន្ត្រីមានអំណាចនូវតែអាចគេចផុត ពីសំណាញ់ច្បាប់ដោយសារតែអំពើនិទ្ទណ្ឌភាព ៕